Saturday, April 11, 2009

សិស្ស​វិទ្យាល័យបារាំង​នៅ​ភ្នំពេញ​តវ៉ា​​ប្រឆាំង​នឹងការ​បណ្តេញ​ចេញ​លើ​គ្រួសារ​កម្ពុជា

សិស្ស​វិទ្យាល័យបារាំង​នៅ​ភ្នំពេញ​តវ៉ា​​ប្រឆាំង​នឹងការ​បណ្តេញ​ចេញ​លើ​គ្រួសារ​កម្ពុជា

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៩ មេសា ២០០៩៖ សិស្ស​វិទ្យាល័យ​ទាមទារ​អោយ​មាន​សំណង «សមស្រប​​» សម្រាប់​គ្រួសារ​ដែល​រស់​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ René Descartes និង​ដែល​កំពុង​ស្ថិតនៅក្នុង​​ការ​គំរាម​កំហែង​បណ្តេញ​ចេញ​
នៅ ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ មេសា សិស្ស​វិទ្យាល័យ​កម្ពុជា​និង​បារាំង​ប្រមាណជាង​៣០​នាក់ នៃ​វិទ្យាល័យ René Descartes នា​ទីក្រុង​ភ្នំពេញ បាន​ធ្វើ​ការ​តវ៉ា​ជា​លើក​ទី​១ ដោយ​​អហិង្សា​​ ដើម្បី​​ទាម​ទារ​សិទ្ធិ​​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ ដែល​​ស្ថិត​នៅក្នុង​ការ​គំរាម​កំហែង​​បណ្តេញ​​ចេញ​ពីអគារ​មួយ​ខ្នង ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​វិទ្យាល័យ​នេះ។​ សិស្សានុ​សិស្ស​​​ទាំង​​​នេះ​បានវាយ​ស្គរ និង​លើ​ក​បដា ដែលសរសេរ​ពីបាវចនារបស់​សាធារណៈបារាំង​ថា​ «សេរីភាព សមភាព និង​ភាតរភាព» ដោយសុំអោយ​មាន«ការ​បិទ​ផ្លូវ​គម​នាគមន៍»។ គោល​​បំណង​របស់ពួកគេ គឺ​បង្ហាញ​ការ​សាមគ្គី​ភាព​ ជាមួយ​គ្រួសារ​ទាំងនេះ ដើម្បី​អោយ​ពួកគេ​ទទួល​​បាន​សំណង​​ដ៏សមរម្យ​មួយ​ ជា​ថ្នូរ​នឹងការ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​ និង​ដើម្បី​ជៀស​​វាង​ការ​​បណ្តេញ​ដោយ​​ហិង្សា ដូច​ករណី​ផ្សេង​ទៀត ដែល​ធ្លាប់​បាន​កើត​មានរួច​ហើយ​​នៅ​ប្រទេស​កម្ពុជា​ ទាក់ទង​នឹង​​ទំនាស់​ប្រភេទ​នេះ​។​

បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​៣៧គ្រួសារ​កំពុង​ស្នាក់នៅ​ក្នុង​អគារ​មួយខ្នង ស្ថិតនៅ​បរិវេណ​វិទ្យាល័យ René Descartes ស្ថិតនៅ​កណ្តាល​រាជធានីភ្នំពេញ ដែល​កាល​ពីមុន អគារ​នេះ​ជា​ទីតាំង​​របស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​​អាជ្ញាធរ​ប្រគល់​​​អោយ​ទៅ​​ក្រុម​ប្រឹក្សា​ទទួល ​បន្ទុក​គ្រប់​គ្រង​វិទ្យាល័យ René Descartes ​ ជាថ្នូរ​នឹង​ការ​ផ្តល់​ហិរញ្ញប្ប​ទាន​​​សម្រាប់​​សាង់​សង់អគារ​ថ្មី​មួយ នៅសង្កាត់​ស្ទឹងមាន​ជ័យ។​

គ្រួសារ​កម្ពុជាទាំងនោះ​រស់​​នៅ​ ជាន់ផ្ទាល់ដី និង​ជាន់​ចុង​ក្រោយ ចំណែកជាន់ទី​១ ទី២ និង​ទី​៣ ត្រូវ​បាន​បិទ ដើម្បី​​ធ្វើការ​ជួស​ជុល​ឡើងវិញ ដោយ​ទីចាត់ការ​វិទ្យាល័យ ព្រោះ​​សព្វ​ថ្ងៃនេះ ទីចាត់​ការ​ត្រូវការ​ទីតាំង​ទាំង​នេះ។

នា​ពេល​ ថ្មីៗ​នេះ អាជ្ញាធ​ខ័ណ្ឌដង្កោ និង​សាលាក្រុង​ភ្នំពេញ​បាន​​រម្លឹក​ប្រាប់​​អ្នក​រស់​នៅ​​ទីនោះ​ថា​ពួកគេ​ ត្រូវបាន​ប្រាប់​ជាមុន​រួច​ហើយ អំពីដំណឹង​ចាកចេញពីកន្លែង​នេះ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។ អាជ្ញាធរ​បានអះអាង​ថា​ពួកគេ​បានមក​តាំង​ទីលំនៅ​បែប​អនាធិបតេយ្យ​ខុស​ច្បាប់​ ​នៅ​ទីនេះ​។​ ប៉ុន្តែ លោក​​សាន លឹមស្រ៊ាង ប្រជាពលរដ្ឋ​រស់នៅជាន់​ទី៤​បាន​បដិសេធ​ទៅនឹង​ការ​លើក​ឡើង​នេះ ដោយ​អះអាង​ថា «យើង​បាន​មក​រស់នៅ​ទីនេះ​ តាំង​ពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ​។ នៅសម័យ​នោះ អាជ្ញាធរ​កម្ពុជា​បាន​ចេញ​សៀវភៅ​​សំគាល់​គ្រួសារ​អោយ​យើង នៅ​ឆ្នាំ​១៩៨៥ ហើយ​នៅ​ឆ្នាំ​២០០០ យើង​បានទទួល​សៀវភៅ​ស្នាក់នៅ​»​។ អតីត​មន្រ្តី​ធនាគារ​ជាតិ​នៃ​កម្ពុជា​រូបនេះ​ប្រកែកមិនព្រមចាកចេញ ដោយ​វាយតម្លៃថា​ប្រាក់សំណង​ដែល​អាជ្ញាធរ​បានស្នើ «ចំនួន​ពី​៥​ពាន់ទៅ​១ម៉ឺនដុល្លារ» មិន​គ្រប់​គ្រាន់​ដើម្បី​តាំង​ទីលំនៅ​ថ្មី​ និង​មិនអាច​ទិញ​ដី រឺ​ផ្ទះ​​សមរម្យមួយ​​នៅ​ក្នុង​​ទីក្រុង​ភ្នំពេញ​នោះទេ។

លោក​សុខ ពេញ​វុធ​ អភិបាល​រង​ខ័ណ្ឌដូន​ពេញ​ ទទួល​បន្ទុក​សំណុំរឿង​នេះ បាន​​​ប្រាប់​កាសែត តាម​ទូរស័ព្ទ​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​មាន​បំណងប្រើ​ហិង្សា​​បណ្តេញ​ប្រជា​ពលរដ្ឋ​ ទាំងនេះ​នោះទេ​។​ បើ​តាម​ប្រសាសន៍​របស់​លោក​អភិបាលរង ពួកសិស្ស​ទាំងនេះ [ ដែលបាន​ធ្វើបាតុកម្ម ដោយ​ខ្លាច​កើត​មាន​ព្រឹត្តិការណ៍​​ដូច​គ្នា​ទៅនឹង​អ្នក​ភូមិ​រស់​នៅ​តំបន់​ ដី​ក្រហម ដែលត្រូវ​បាន​បណ្តេញ​យ៉ាង​​ហិង្សា ដោយ​​​ក្រុម​ហ៊ុនឯក​ជន​មួយ​ ដោយមានការ​ឯកភាព​ពីអាជ្ញាធរ​ភ្នំពេញ]​ ​«មិន​​យល់​ស្ថានការណ៍​ច្បាស់លាស់នោះទេ» ។ លោក​បាន​ពន្យល់​​បន្ថែម​ថា «មិនមាន​គម្រោង​បណ្តេញ​ណាទាល់​តែ​សោះ​​។ យើង​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ​​​ដោយ​សន្តិវិធី​។ គ្រួសារ​ជិត​ពាក់​កណ្តាល​ ស្មើ​នឹង​១៣គ្រួសារ [៣៧គ្រួសារ​បន្ត​រស់​​នៅ​ក្នុង​អគារ] បាន​យល់ព្រម​​សំណើចាកចេញ​របស់​យើង ជាថ្នូរនឹងថវិកា​ និង​ដី​ទំហំ​៤គុណ​៨​ម៉ែត្រ នៅ​សង្កាត់​បឹង​ទំពុន នា​ខ័ណ្ឌ​មានជ័យ។ ប្រជាពលរដ្ឋ​៦ គ្រួសារ​ផ្សេង​ទៀត​កំពុង​​រៀបចំ​រើលំនៅដ្ឋាន​»។

No comments:

Post a Comment