Sunday, April 12, 2009

នាយករដ្ឋមន្ត្រីរិះគន់ ការជួលឲ្យអ្នកដទៃសរសេរនិក្ខេបបទ បណ្ឌិត

នាយករដ្ឋមន្ត្រីរិះគន់ ការជួលឲ្យអ្នកដទៃសរសេរនិក្ខេបបទ បណ្ឌិត អនុបណ្ឌិត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចំណុចសួរចំពោះគុណភាពឧត្ដមសិក្សានៅកម្ពុជា ដោយកត់សម្គាល់ថា ការទទួលបានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិតនៅកម្ពុជា ហាក់ដូច
ជាងាយស្រួលពេក និងថាគ្មានប្រទេសណាសម្បូរអនុបណ្ឌិត និងបណ្ឌិតដូចនៅស្រុកខ្មែរទេ។
នាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់លោកក្នុងការអភិវឌ្ឍន៍
ការអប់រំនៅកម្ពុជានៅគ្រប់កម្រិត។ សំណួរសង្ស័យខាងលើនេះ អាចចាត់ទុកថា ជាការ
សម្ដែងនូវការបម្រើលមើលជាសាធារណៈលើកដំបូងហើយអំពីគុណភាពឧត្ដមសិក្សាកម្ពុជា។
សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងឱកាសបិទសន្និបាតក្រសួងអប់រំយុវជន និងកីឡា កាលពីល្ងាចថ្ងៃទី១៨ ខែមីនា២០០៩។ សម្ដេចតេជោបានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជាអ្នកទទួលសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិត ហាក់ដូចជាស្រួលពេកហើយព្រោះពេលខ្លះមនុស្សម្នាក់នោះឃើញរាល់តែថ្ងៃ មិនដែលឃើញទៅរៀនសោះ ស្រាប់តែថ្ងៃទទួលសញ្ញាប័ត្រឃើញឡើងមកទទួលយកសញ្ញាប័ត្របណ្ឌិតតែម្ដង។ បញ្ហានេះវាបានធ្វើឲ្យខូចគុណភាពនៃសញ្ញាប័ត្ររបស់គេឯងអស់ សម្ដេចបានបន្តថា តាម
ករស៊ើបដឹងគឺមានទាំងជួលគេឲ្យសរសេរនិក្ខេបបទឲ្យទៀត ហើយអ្នកខ្លះជាអនុបណ្ឌិតបណ្ឌិត មិនទាំងចេះប្រើកុំព្យូទ័រផង។ សម្ដេចបានបន្តទៀតថា លោកនឹងឈប់រើសមនុស្សចូលធ្វើការតាមសញ្ញាប័ត្រទៀតហើយ រាល់ការរើសមនុស្សចូលធ្វើការចាំបាច់ត្រូវបង្ហាញសមត្ថភាពជាមុនសិន ហើយទាំងស្ថាប័នរដ្ឋ និង
ឯកជនចាំបាច់ត្រូវធ្វើការប្រឡងជ្រើសរើសមុនយកអ្នកណាម្នាក់ចូលធ្វើការងារ សម្ដេចបានបន្តថា អ្នកខ្លះគ្រាន់តែសរសេរលិខិតស្នាមមកក៏មិនចេះផង គ្រាន់តែមើលដឹងដល់សមត្ថភាព។
សម្ដេចតេជោបានបន្តថា បច្ចុប្បន្នគ្មានប្រទេសណាសម្បូរអនុបណ្ឌិត និងបណ្ឌិតដូចស្រុកខ្មែរទេ វាច្រើនពេកហើយប្រទេសគូវែតថ្នាក់បរិញ្ញាបត្រក្នុងមួយឆ្នាំជាប់បានតែ២៥នាក់ប៉ុណ្ណោះ។ ចំណែកនៅកម្ពុជា ថ្នាក់អនុបណ្ឌិត និងបណ្ឌិតមួយឆ្នាំៗចេញរាប់ពាន់នាក់ ប៉ុន្តែតើ
គុណភាពមានកម្រិតណា គឺមិនទាន់ច្បាស់ទេ។ សម្ដេចបានបន្តថា លោកអាចទទួលយកបាន ប្រសិនជាក្នុងចំណោម១០នាក់មានម្នាក់អាចប្រើការបាននោះ តែក៏មិនពេញចិត្តចំពោះលទ្ធផលដ៏ទាបនេះដែរ។ អ្នកខ្លះសុទ្ធតែបរិញ្ញាបត្របណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ ដល់ពេលសួរថា តើប្រទេសដៃគូអាស៊ានមានប៉ុន្មាន អត់ដឹងផង តើយើងអាចយកទៅប្រើបានទេ។
បើតាមរបាយការណ៍របស់ក្រសួងអប់រំយុវជនកីឡាបានឲ្យដឹងថា គ្រឹះស្ថានឧត្ដមសិក្សា
ទាំងរដ្ឋ និងឯកជនបច្ចុប្បន្នមានចំនួន៧៧កន្លែង ហើយមាននិស្សិតកំពុងសិក្សាសរុប១៣៧.៤០០នាក់ក្នុងនោះថ្នាក់បណ្ឌិតចំនួន៨៦២នាក់ ថ្នាក់អនុបណ្ឌិតមានចំនួន ១១.៦៨១នាក់ បរិញ្ញាបត្រ ១១០.០០០នាក់ និងបរិញ្ញាបត្ររងចំនួន១៤.៨៥៧នាក់។
លោក រីឆាត ប្រាយដល តំណាងមន្ត្រីអង្គការយូនីសេហ្វបានធ្វើការកត់សម្គាល់ថា វិស័យអប់រំកម្ពុជាពិតជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប៉ុន្តែគុណភាពនៅតែជាបញ្ហាចម្បងមួយដែលត្រូវតែយកចិត្តទុកដាក់។
សម្ដេចបានបន្តថា នៅក្នុងឋានៈជាសមាជិករបស់អាស៊ាន យើងត្រូវរៀបចំអនុវត្តនូវបណ្ដាយន្តការអាស៊ានហើយបន្ទាប់ពីធម្មនុញ្ញអាស៊ានចូលជាធរមាន។ បញ្ហានេះមិនមែនលេងសើចទេ ធនធានមនុស្សរបស់យើងត្រូវមានកម្រិតប្រហាក់ប្រហែលជាមួយប្រទេសក្នុងអាស៊ានដទៃទៀត ឧទាហរណ៍មានការងារត្រូវចរចាអ្វីមួយនៅក្នុងអាស៊ានហើយប្រសិនបើមនុស្សរបស់កម្ពុជាមិនចេះ
អ្វីផងនោះតើធ្វើម៉េច? នេះជាបញ្ហាដ៏អាម៉ាស់មួយ ដែលត្រូវយកចិត្តទុកដាក់លើបញ្ហាបណ្ដុះបណ្ដាលគុណភាពនៅឧត្ដមសិក្សា៕

No comments:

Post a Comment