Wednesday, April 29, 2009

២០០៨កម្ពុជា ជំពាក់លុយធនាគារអភិវឌ្ឍន៍អាស៊ី ជាង៥០លានដុល្លារ

២០០៨កម្ពុជា ជំពាក់លុយធនាគារអភិវឌ្ឍន៍អាស៊ី ជាង៥០លានដុល្លារ
របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា នៅក្នុងមួយឆ្នាំ២០០៨នេះ កម្ពុជាជំពាក់លុយធនាគារអភិវឌ្ឍន៍អាស៊ីរហូតដល់ទៅ៥៣,៨លាន ដុល្លារ។
របាយការណ៍មួយដែលធនាគារនេះបានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធ អ៊ីនធឺណិតនៅក្នុងអំឡុងពេលចូលឆ្នាំបានឲ្យដឹងថា នៅក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០កម្ពុជា គឺជាប្រទេសមួយដែលបានទទួលប្រាក់កម្ចីពីធនាគារនេះ។
បណ្ដាប្រទេសដែលជាសមាជិកអាស៊ានមាន កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម សាំងហ្គាពួរ និងភូមា។
របាយការណ៍នោះបានឲ្យដឹងថា មានតែប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាមទេ ដែលបានជំពាក់ធនាគារនេះនៅក្នុងឆ្នាំ២០០៨ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំនួនទឹកប្រាក់ដែលកម្ពុជាជំពាក់ ធនាគារនេះ គឺមានមិនច្រើនដូចជាគេទេ។
របាយការណ៍នោះបានឲ្យដឹងថា កម្ពុជាជំពាក់ធនាគារនោះត្រឹមតែ ៥៣,៨លានដុល្លារទេ ខណៈដែលវៀតណាមជំពាក់ចំនួន៧៨៩,៧លានដុល្លារ ហ្វីលីពីនចំនួន៩៤០លានដុល្លារ ហើយឥណ្ឌូណេស៊ីជំពាក់រហូតដល់ទៅ ១.០៨៥លានដុល្លារនោះ។
ក្រៅពីគម្រោងដែលកម្ពុជាបានជំពាក់ ធនាគារនេះក៏បានគាំទ្រដល់គម្រោងជំនួយឥតសំណងមួយចំនួនទៀតដែលមាន ទឹកប្រាក់សរុបប្រមាណជាជាង៣៦លានដុល្លារ។ គម្រោងទាំងនោះមានគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិតាមដងផ្លូវចំនួន ៤,៨លានដុល្លារ គម្រោងគាំទ្រផ្នែកសុខភាពចំនួន១,៨លានដុល្លារ គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កម្មវិធីអភិវឌ្ឍន៍ជនបទ ចំនួន៦,៧លានដុល្លារ គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់គម្រោងអភិវឌ្ឍន៍ជនបទ ចំនួន៤,១លានដុល្លារ គម្រោងជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ចំនួន១៧,៥លានដុល្លារ និងគម្រោងលើកកម្ពស់ស្តង់ដារអនាម័យចំនួន២លានដុល្លារ។
ចាប់តាំងពីឆ្នាំ១៩៩២មកកម្ពុជាបានជំពាក់ធនាគារនេះប្រមាណជា ១.០០០លានដុល្លារហើយ។
យោងទៅតាមឯកសារមួយរបស់ធនាគារដដែលនេះបានឲ្យដឹងថា មកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ កម្ពុជាបានជំពាក់លុយចំនួនប្រមាណជា ៩៤៧,៣៤លាន ដូច្នេះបើបូកនឹងទឹកប្រាក់ជំពាក់នាឆ្នាំ២០០៨នេះទៀតនោះ គឺមានចំនួនរហូតដល់ទៅ ១.០០១លានដុល្លារ។
គិតមកដល់ពេលនេះនៅក្នុងចំណោមប្រទេសអាស៊ានទាំងអស់ប្រទេសដែល ជំពាក់ធនាគារនេះតិចជាងគេ គឺសាំងហ្គាពួរ ដោយប្រទេសនេះជំពាក់ប្រមាណតែ ១៨១លានដុល្លារតែប៉ុណ្ណោះ។ បន្ទាប់មកប្រទេសភូមានៅក្នុងរង្វង់ទឹកប្រាក់៥៣០លានដុល្លារ កម្ពុជាជំពាក់ ១.០០១លានដុល្លារ។ ឡាវជំពាក់ ១.២១១លានដុល្លារ។ ម៉ាឡេស៊ីជំពាក់ចំនួន ១.៩៩៧លានដុល្លារ។ ថៃជំពាក់ចំនួន៥.៣៨៨លានដុល្លារ។ វៀតណាមជំពាក់ចំនួន៦.២៩៤លានដុល្លារ។ ហ្វីលីពីនជំពាក់ចំនួន១០.៧៧២លានដុល្លារ ហើយប្រទេសឥណ្ឌូណេស៊ីជំពាក់រហូតដល់ទៅ២៣.៥២៣លានដុល្លារឯណោះ។ ហើយដែលមិនជំពាក់សោះនោះគឺប្រទេសប្រ៊ុយណេ៕

សម្ដែងរបាំសម័យទំនើបនៅមហោស្របចេនឡាដោយឥតគិតថ្លៃ

សម្ដែងរបាំសម័យទំនើបនៅមហោស្របចេនឡាដោយឥតគិតថ្លៃ
ភ្នំពេញ៖ ក្រុមសិល្បៈ "ក្រុមត្រីវិស័យ " ដែលបង្កើតឡើងដោយនិស្សិត សកលវិទ្យាល័យ វិចិត្រសិល្បៈ និងធ្វើការសម្ដែងរបាំ "សម័យទំនើប ឬរបាំសហសម័យ" នៅរោងមហោស្រពចេនឡា នាថ្ងៃ២៤និង២៥មេសា២០០៩វេលាម៉ោង៧យប់។
ការសម្ដែងរបាំសហសម័យដែលច្នៃចេញពីរបាំក្បាច់បុរាណខ្មែរនេះ មិនមានលក់សំបុត្រទេ គឺសាធារណជនទូទៅអាចចូលទស្សនាដោយសេរី ហើយមជ្ឈមណ្ឌលវប្បធម៌បារាំងជាអ្នករៀបចំឱ្យមានការសម្ដែងសិល្បៈដ៏ មានសារៈសំខាន់នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មជ្ឈមណ្ឌលវប្បធម៌បារាំងបានឱ្យដឹងថា របាំសម័យទំនើប ឬរបាំសហសម័យនេះ គឺជារបាំថ្មីមួយបែបដែលច្នៃប្រឌិតចេញពីរបាំក្បាច់បុរាណខ្មែរ តែនៅរក្សាទម្រង់ដើមដដែល។
ការសម្ដែងនេះជាស្នាដៃរបស់ក្រុមត្រីវិស័យសិល្បៈ។ ក្រុមនេះបង្កើតឡើងនៅថ្ងៃ១សីហាឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមពីសិល្បករ សិល្បការនី៩នាក់ (ក្រោយមកឡើងដល់១១នាក់) ដែលសុទ្ធតែបានបញ្ចប់ការសិក្សារបស់ខ្លួនពីសាលាមធ្យមសិក្សាជាតិ សិល្បៈ និងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃនេះមានសមាជិកមួយចំនួននៃក្រុមនេះជាសាស្ត្រាចារ្យផ្នែក របាំនៅសាលាមធ្យមសិល្បៈ ខណៈខ្លះទៀតជាអ្នកសម្ដែងអាជីពនៅនាយកដ្ឋានសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ចាប់តាំងពីឆ្នាំ២០០៦មកដល់បច្ចុប្បន្ន ក្រុមត្រីវិស័យបានបង្កើតបានរបាំសហសម័យ៣ទម្រង់។
ការបង្កើតក្រុមត្រីវិស័យសិល្បៈនេះមានគោលបំណងលើកស្ទួយវិស័យ វប្បធម៌ជាតិ រក្សារបាំខ្មែរឱ្យគង់វង្សស្ថិតស្ថេរនិងរីកចម្រើន ស្វែងយល់ពីទម្រង់របាំសហសម័យ លើកតម្កើងសមត្ថភាពនិងតម្លៃសិល្បករចែករំលែកបទពិសោធន៍ចំណេះដឹង ព្រមទាំងរួមចំណែកក្នុងការបណ្ដុះបណ្ដាលវិស័យសិល្បៈរបាំ។
ក្នុងចំណោមសមាជិកស្ថាបនិកនៃក្រុមត្រីវិស័យនេះរួមមាន សិល្បការិនី ជុំវណ្ណសូដាជីវី ជ័យ ច័ន្ទកិត្យា ហែម លីនដា និងសិល្បករ ផុន សុភាព ហង្ស បូរិន ដែលអ្នកទាំងអស់សុទ្ធតែមានបទពិសោធន៍ច្រើនផ្នែកសិល្បៈ។


សហភាពអឺរ៉ុបផ្ដល់ជំនួយ៤លានអឺរ៉ូដើម្បីកម្មវិធី

សហភាពអឺរ៉ុបផ្ដល់ជំនួយ៤លានអឺរ៉ូដើម្បីកម្មវិធីសន្តិសុខស្បៀងនៅកម្ពុជា
ភ្នំពេញ៖ គណៈកម្មការសហគមន៍អឺរ៉ុបបានគ្រោងទឹកប្រាក់ចំនួន៤លានអឺរ៉ូ (ប្រមាណជាង៥,១១លានដុល្លារអាមេរិច) ដើម្បីផ្ដល់ជាហិរញ្ញប្បទានដល់គម្រោងរបស់សង្គមស៊ីវិលដែលរួមចំណែក ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ដែលទាក់ទងនឹងភាពក្រី ក្រនិងភាព អត់ឃ្លាននៅកម្ពុជា ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី២០ខែមេសានេះបានឱ្យដឹង ថា គម្រោងនានាដែលមានសិទ្ធិទួលមូលនិធិនេះត្រូវគាំទ្រដល់សន្តិសុខ ស្បៀងសម្រាប់ក្រុមអ្នកងាយរងគ្រោះជាងគេដែលរស់នៅជនបទ និងទីប្រជុំជននៃប្រទេសកម្ពុជា។
លោករ៉ាហ្វែល ដូចៅ ម៉ូរ៉េនណូ (Rafeal Dochao Moreno) ភារធារីនៃ ប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មការសហគមន៍អឺរ៉ុបមានបំណងគាំទ្រដល់សេដ្ឋកិច្ចប្រឹងប្រែង សម្រាប់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះខ្លាំងជាងគេដោយសារវិបត្តិ ពិភពលោក។ នេះជាមូលហេតុដែលយើងផ្ដល់ហិរញ្ញប្បទានដល់សំណើគម្រោងល្អជាងគេ ដែលអាចដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ និងជនកម្ពុជាដែលពុំមានសន្តិសុខស្បៀង ជាពិសេសគម្រោងដែលអាចធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានចំពោះ ការរស់នៅរបស់ប្រជាកសិករទាំងនោះ។
លោកបានអះអាងថា កម្មវិធីនេះនឹងបានជាប្រយោជន៍សម្រាប់អ្នករស់នៅក្នុងខេត្តដែល មានអសន្តិសុខស្បៀងខ្លាំងជាងគេដូចជាខេត្ត ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ។ល។
ប្រកាសព័ត៌មានរបស់សហគមន៍អឺរ៉ុបក៏បានបញ្ជាក់ឱ្យដឹងថា ពិធីផ្ដល់ព័ត៌មានស្ដីពីការប្រកាសទទួលសំណើនិងធ្វើឡើងនៅម៉ោង៨ ព្រឹកនាថ្ងៃទី២២ខែមេសា នៅសណ្ឋាគារ កាំបូឌីយ៉ាណា ហើយឱសានវាទ សម្រាប់ការទទួលសំណើគឺបញ្ចប់នៅរសៀលម៉ោង៤នាថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០០៩។
សហគមន៍អឺរ៉ុបក៏បានបញ្ជាក់ឱ្យដឹងពីលក្ខខណ្ឌផងដែរថា បេក្ខភាពដែលមានសិទ្ធិទទួលមូលនិធិនេះត្រូវតែជានីតិបុគ្គលដែលជា អង្គការមិនមែនរដ្ឋាភិបាល ដែលមិនស្វែងរកផលចំណេញ និងមានបទពិសោធន៍ការងារយ៉ាងហោចណាស់រយះពេល៣ឆ្នាំលើការងារ សន្តិសុខស្បៀងនៅប្រទេសកំពុងអភិវឌ្ឍន៍ និងទទួលខុសត្រូវដោយផ្ទាល់លើការចាត់ចែង និងគ្រប់គ្រងសកម្មភាព ជាមួយដៃគូរបស់ខ្លួន មិនមែនគ្រាន់តែដើរតួនាទីជាអន្តរការីឡើយ។

Monday, April 13, 2009

ប្រទេសកម្ពុជាបានប្រែក្លាយទឹកត្នោតអោយទៅជាស្រាវីស្គី

ភ្នំពេញ​: ប្រទេស​កម្ពុជា​បាន​ប្រែក្លាយ​ទឹកត្នោត​អោយទៅជា​ស្រា​វី​ស្គី ដើម្បី​លក់​នៅ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ។ នេះ​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​បាន​ផលិត​ស្រា​វី​ស្គី​ចេញពី​ទឹកត្នោត ដោយ​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាជន​ដែល​រស់នៅ​តំបន់​ជនបទ ។ នេះ​បើ​យោង​តាម​អគ្គនាយក​ក្រុមហ៊ុន​ខន់​ហ្វី​រែល (Confirel) ដែលជា​ក្រុមហ៊ុន​វិនិយោគ​ត្នោត ដែល​បាន​លក់ និង​នាំចេញ​ផលិតផល​ត្នោត ពិសេស​ស្ករត្នោត និង​ស្រា​ទឹកត្នោត​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។​

​ លោក ហៃ លី​អ៊ាង អគ្គនាយក​នៃ​ក្រុមហ៊ុន​ខន់​ហ្វី​រែល និង​ក្រុមហ៊ុន​ផលិត​ឱសថ PPM បាន​ប្រកាស​អំពី​ការ​ចេញ​ផលិតផល​ស្រា​វី​ស្គី​ទឹកត្នោត ឈ្មោះ ហ្សា​យ៉ា (Jaya) ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា បន្ទាប់ពី​លោក​បាន​ចូលគាល់​ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម​សីហមុនី នៅ​ព្រះបរមរាជវាំង កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០០៩ ។ លោក​អគ្គនាយក បាន​និយាយថា ក្រុមហ៊ុន​ខន់​ហ្វី​រែល ចាប់ផ្តើម​ចេញ​លក់​ស្រា​វី​ស្គី​ធ្វើ​អំពី​ទឹកត្នោត​នេះ បន្ទាប់​ពី​ផលិតផល​ធ្វើ​ពី​ទឹកត្នោត​ជាច្រើន​មុខ​ទៀត​ដូចជា ស្រា​ទឹកត្នោត ទឹកខ្មេះ​ធ្វើ​ពី​ទឹកត្នោត ស្ករត្នោត និង​តំណាប់​ធ្វើ​ពី​ស្ករត្នោត បាន​ទទួល​ជោគជ័យ នៅក្នុង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ។ លោក​និយាយ​បន្ថែមទៀតថា ស្រា​វី​ស្គី ហ្សា​យ៉ា នេះ​មាន​ជាតិ​អាល់កុល ៤០ ភាគរយ ។ ដូច្នេះ​ក្រុមហ៊ុន​បាន​ផលិត​ទឹកត្នោតជូរ​ដប​ឈ្មោះ ទឹកត្នោត “’ ពិសេស​” ” ដើម្បី​លាយ​ជាមួយ​ស្រា វី​ស្គី​ហ្សា​យ៉ានេះ ។ នៅពេលដែល​យើង​យក​ស្រា​វី​ស្គី​នេះ​លាយ​ជាមួយ​ទឹកត្នោត ’ ពិសេស ”” វា​នឹង​ធ្វើអោយ​ស្រា​វី​ស្គី​ហ្សា​យ៉ានេះ មានឱជារស់​ឆ្ងាញ់ និង​ប្លែក ។ ដោយ​លាយ​ជាមួយ​ទឹកត្នោតជូរ ’ “​ពិសេស​” ” ដែល​អាច​ទុក​បាន​រហូត​ដល់​រយៈពេល​បី​ឆ្នាំ
ស្រា​វី​ស្គី ហ្សា​យ៉ា អាច​ផឹក បាន​ទាំង​បុរស និង​ស្ត្រី ។ លោក​បាន​និយាយទៀតថា លោក​សង្ឃឹមថា ស្រា​វី​ស្គី​ទឹកត្នោត នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា និង​ជនបរទេស ដូចជា ផលិតផល​ត្នោត ផ្សេងៗ​ទៀត ដែល​ផលិត​ដោយ​ក្រុមហ៊ុន ខន់​ហ្វី​រែល​ដែរ ។​

​ លោក ហៃ លី​អ៊ាង បាន​ចូល​គាល់​ព្រះមហាក្សត្រ នា​ព្រឹក​ថ្ងៃ​សៅរ៍ ដើម្បី​ថ្វាយព្រះពរ​ដល់​ព្រះអង្គ នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​រាយការណ៍​ថ្វាយ​ព្រះអង្គ​អំពី​សកម្មភាព​ក្រុមហ៊ុន​ខន់​ហ្វី​រែល និង​ក្រុម​ហ្វ៊ុន​ថ្នាំ PPM ។ លោក​បាន​និយាយថា ព្រះមហាក្សត្រ​មាន​ព្រះទ័យ​ចាប់អារម្មណ៍​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ។ ប៉ុន្តែ​លោក​បាន​ទូលថ្វាយ​ព្រះអង្គ​ថា​ក្រុមហ៊ុន​ខន់​ហ្វី​រែល ដែល​ធ្វើ​ផលិតផល​ត្នោត និង​ក្រុមហ៊ុន​ឱសថ PPM ដែល​ផលិត​ថ្នាំ​លក់​នៅ​ក្នុង និង​ក្រៅប្រទេស​នោះ​មិន​មាន​ផលប៉ះពាល់ ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​នោះឡើយ ។ លោក​បាន​និយាយទៀតថា ការលក់​ផលិតផល​ត្នោត របស់​ក្រុមហ៊ុន​ខន់​ហ្វី​រែល និង​ផលិតផល​ថ្នាំ របស់​ក្រុមហ៊ុន PPM នៅតែ​បន្ត​កើន​ឡើង​ដោយសារ តែ​ក្រុមហ៊ុន​មាន​បណ្តាញ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អតិថិជន​ទាំង​ក្នុង និង​ក្រៅប្រទេស ។​

​ គួរបញ្ជាក់​ថា ផលិតផល​ត្នោត​របស់​ក្រុមហ៊ុន​ខន់​ហ្វី​រែល​រួម​មាន​ស្រា​ទឹកត្នោត​ជាច្រើន​ប្រភេទ ស្ករត្នោត ទឹក​ខ្មេះ ធ្វើ​ពី​ទឹកត្នោត និង​តំណាប់​ដែល​ធ្វើ​ពី​ស្ករត្នោត ។ តាមរយៈ​ការវិនិយោគ​ទៅលើ​ត្នោត​ក្រុមហ៊ុន​នេះ បាន​បង្កើត​ការងារ និង​ប្រាក់​ចំណូល​ជូន​ដល់​ប្រជាជន​ដែល​រស់នៅ​ជនបទ ៕

ភ្នំពេញគណៈប្រតិភូជាន់ខ្ពស់កម្ពុជា

គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​វិលត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​ហើយ កាលពី​វេលា​ម៉ោង ១៧ និង ៤៥ នាទី ថ្ងៃ​សៅរ៍ ទី​១១ មេសា ។
​ដំណើរ​វិល​ត្រឡប់​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយ​ដៃគូ ៦ ប្រទេស​ផ្សេង​ទៀត គឺធ្វើឡើង មុន​ការកំណត់ ។ តាម​ការកំណត់​សម្តេចនាយក​រដ្ឋមន្ត្រី ត្រូវ​វិល​ត្រឡប់​ពី​ទីក្រុង​ប៉ា​តាយ៉ា​ប្រទេស​ថៃ មកកាន់​មាតុប្រទេស​វិញ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១២ មេសា បន្ទាប់ពី​កិច្ចប្រជុំ​បិទ​បញ្ចប់ ។​

​ ​ក៏​ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយ​ប្រទេស​ជា​ដៃគូ ដែល​ថៃ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ មេសា នៅ​ទីក្រុង​ឆ្នេរសមុទ្រ ប៉ា​តា​យ៉ា មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ទេ ។ នេះ​ក៏​ដោយសារ​តែ​ក្រុមបាតុករ​អាវ​ក្រហម​ថៃ​រាប់ម៉ឺន​នាក់ ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន បាន​ធ្វើ​ការឡោមព័ទ្ធ និង​ចូល​អុកឡុក​រំខាន​កិច្ចប្រជុំ ។​
​ ​ចុះ​ពីលើ​យន្តហោះ​ភ្លាម លោក ស្រ៊ី ថាមរុង្គ ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បាន​អមដំណើរ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា នៅ​ព្រឹក​ម៉ិញ​នេះ ( ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ មេសា ) សភាពការណ៍​នៅ​កន្លែង​ប្រជុំ​កំពូល​អាស៊ាន គឺ​ក្រុមបាតុករ​អាវ​ក្រហម ដែល​ប្រឆាំង​រដ្ឋាភិបាល​ថៃ បានធ្វើ​សកម្មភាព ដើម្បី​រាំងខ្ទប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ប្រទេស​ជា​ដៃគូ ។ ក្រុមបាតុករ​អាវ​ក្រហម​ថៃ បាន​ធ្វើ​ការឡោមព័ទ្ធ​កន្លែង​ប្រជុំ តាំង​ពី​ម្សិលម៉ិញ ( ថ្ងៃ​សុក្រ ទី​១០ មេសា ) ។
​ ​លោក ស្រ៊ី ថាមរុង្គ បាន​បន្ថែមថា នៅ​ព្រឹក​នេះ ( ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ មេសា ) គណៈប្រតិភូ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន រួមមាន ប្រទេស​ចិន ជា​ដើម​នោះ គឺ​មិន​អាច​ចូល​មក​កន្លែង​ប្រជុំ​បាន ។ ដូច្នេះ ដោយសារ​តែ​ដៃគូ​អាស៊ាន មិន​អាច​ប្រជុំបាន នាំ​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ ចេះ​តែ​ពន្យារៗ រហូត​ដល់​អស់ម៉ោង ។ ទី​បំផុត​ទៅ ក្រុមបាតុករ​ថៃ ដែល​ប្រឆាំង​រដ្ឋាភិបាល បាន​គ្រប់គ្រង​សភាពការណ៍ នាំឲ្យ​មាន​ការប្រទ្រូស​ប្រទ្រា​ស់​ខ្លាំង​នៅ​កន្លែង​ប្រជុំ ។ ចំណែក​កិច្ចប្រជុំ ក៏​ត្រូវ​បាន​សម្រេច​ផ្អាក​ការប្រជុំ ។ គណៈប្រតិភូ​កម្ពុជា រួម​នឹង​គណៈ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ ៦ ប្រទេស​ផ្សេង​ទៀត រួមមាន ប្រទេស​ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី កូរ៉េ និង​នូវែល​ហ្សឺ​ឡង់ ត្រូវបាន​ជម្លៀសចេញ​ភ្លាមៗ ពី​កន្លែង​ប្រជុំ​ក្នុង​ទីក្រុង​ប៉ា​តា​យ៉ា ។​
​ ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ ដែល​គ្រោង​មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ មេសា បាន​ត្រូវ​លោក ស្រ៊ី ថាមរុង្គ គូសបញ្ជាក់ថា កម្ពុជា​មិន​ទាន់​ដឹងថា នាយករដ្ឋមន្ត្រី​ថៃ​មក ឬ​មិន​មក​កម្ពុជា​ទេ ដោយ​រង់ចាំ​ការបញ្ជាក់​ពី​ក្រសួង​ការបរទេស ៕

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រីគ្លីនតុន

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោកស្រី គ្លី​ន​តុ​ន (Clinton) បាន​សំដែង​នូវ​ការអបអរសាទរ និង​ជូនពរ​ដល់​ប្រជាជន​កម្ពុជា នៅក្នុង​ឱកាស​ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ។​
​ លោកស្រី គ្លី​ន​តុ​ន (Clinton) សម្តែង​នូវ​ការអបអរ និង​ជូនពរ​នេះ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ការផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១១ ខែ​មេសា ឆ្នាំ ២០០៩ ។​
​ លោកស្រី គ្លី​ន​តុ​ន (Clinton) បាន​មានប្រសាសន៍​ក្នុង​សារ​ជូនពរ​នោះ​ថា ក្នុងនាម​ប្រជាជន​អាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សាទរ ជូន​ដល់​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខែ្មរ ។​
​ ឆ្នាំ​កន្លង​ទៅ​បាន​បង្ហាញ​អោយឃើញ​នូវ​ភាព​ចំរើន​ជឿនលឿន​ដ៏​សំខាន់ នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ ដែល​ក្នុងនោះ​មាន​ដំណើរ​ទស្សនកិច្ច​ម​នុស្ស​ធម៌ របស់​នាវា​យោធា​សហរដ្ឋអាមេរិក កិច្ចព្រមព្រៀង​ថ្មីៗ ដើម្បី​អនុវត្ត​កម្មវិធី​ជំនួយ ក្នុង​ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច និង​និតិរដ្ឋ និង​វត្តមាន​របស់​ក្រុម​អ្នកស្ម័គ្រចិត្ត Peace Corps នៅតាម​បណ្តា​ខេត្ត​ចំនួន ១១ ក្នុងប្រទេស​កម្ពុជា ។​
​ ខ្ញុំ​ទន្ទឹងរង់ចាំ​ដោយ​ក្តី​រីករាយ​នា​ឆ្នាំ​ខាង​មុខ ក្នុងពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ ផ្តល់​ឳ​កាស​កាន់តែ​ប្រសើរ​ខ្លាំង​ឡើង​ថែម​ទៀត ក្នុង​ការពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​ធ្វើការ​រួមគ្នា ដោយ​ឈរ​លើ​ផលប្រយោជន៍​ទៅវិញទៅមក ។ យើង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការបេ្តជ្ញាចិត្ត របស់​ប្រទេស​កម្ពុជា ក្នុង​ការជំរុញ​ការអភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​សង្គម ។​
​ ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខែ្មរ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប អោយ​ជួប​ប្រទះ​តែ​សនិ្តភាព វិបុល​សុខ និង​ពរ​គ្រប់​ប្រការ​កុំបី​អាក់ខាន​ឡើយ ៕

យុវជនញៀនថ្នាំកំពុងផ្តាច់សារធាតុញៀននៅក្នុងទីបញ្ជាការដ្ឋាន

យុវជន​ញៀន​ថ្នាំ​កំពុង​ផ្តាច់​សារ​ធាតុ​ញៀន​នៅក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ​
​បន្ទាយមានជ័យ: ក្នុង​ការបំពេញ​ការងា​រ​ដំបូង​របស់​ខ្លួន លោកនាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រឆាំង​គ្រឿងញៀន​ចាប់អារម្មណ៍​ថា ការយកចិត្តទុកដាក់​ពី​រឿង​គ្រឿងញៀន​នៅ​តិចជាង​អេដស៍ ។ ហេតុនេះ​គេ​ត្រូវ​រួមគ្នា​ដោះស្រាយ ឲ្យបាន​ល្អ​បើ​ពុំនោះ​ទេ វា​នឹង​ជះឥទ្ធិពល​អាក្រក់​បំផុត ។

​លោកនាយឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និយាយ​ក្នុង​ពេល​សួរសុខទុក្ខ​យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន​នៅ​ទីបញ្ជាការដ្ឋាន និង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទា​យ​មានជ័យ​កាលពី​ថ្ងៃ​ទី ១១ មេសា​ថា: ការឃោសនា និង​ចលនា ​ដើម្បី​ប្រឆាំង​ប្រយុទ្ធ​នឹង​គ្រឿងញៀន​នៅ​តិច​ជាង​អេដស៍​នៅឡើយ ។ ហេតុនេះ​មាន​ការងារ​ជា​ច្រើន​ត្រូវធ្វើ និង​ដើរ​ទន្ទឹម​គ្នា​ដូចជា ការអប់រំ បង្ការ​ និង​ផ្សព្វផ្សាយ​ទប់​
​ស្កាត់ និង​បង្ក្រាប​ត្រូវតែ​ខ្លាំងក្លា​ទាំង​ចិត្តសាស្ត្រ​រូប​សាស្ត្រ ។ ដូចជា​នៅ​បន្ទាយមានជ័យ​ត្រូវ​ប្រកាស​សាល​ក​វិទ្យាល័យ​ មានន័យថា​ ជា កន្លែង​គ្មាន​គ្រឿងញៀន​ដំបូង​គេ ។​
​ ​វិធានការ​បន្តបន្ទាប់​គឺ ការ​បន្សាប​ដែល​គ្រប់​ស្ថាប័ន អង្គភាព អ្នកពាក់ព័ន្ធ រហូត​ដល់​ដៃគូ​អង្គការ សហគមន៍ ក្រៅ​រដ្ឋាភិបាល​ត្រូវ​រួម​គ្នា​ជួយ ។ ត្រូវ​បណ្តុះបណ្តាល​មុខរបរ​ជាក់ស្តែ​ងដល់​ជន​បំពានគ្រឿងញៀន​ដែល​អ្នក​អប់រំ​បន្សាប ។ ត្រូវ​រក​ការងារ​ឲ្យ​ពួកគេ​ធ្វើ ពេល​ពួកគេ​ជាសះស្បើយ ដើម្បី​កុំ​ឲ្យ​វិល​ត្រឡប់​មក​ញៀន​វិញ ។
​ ​លោក​ឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ថ​បន្ទាយមានជ័យ​និយាយថា: ក្រៅពី​កិច្ច​ការ​ទប់ស្កាត់ បង្ក្រាប់​បទល្មើស ឧក្រិដ្ឋ​ធំៗ និង​ធានា​នៅ​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ខេត្ត កង​រាជ​អាវុធ​ហត្ថខេ​ត្ត​បន្ទាយមានជ័យ​បាន​បន្ថែម​ការ​ងារ​មនុស្ស​ធ​ម៌សំខាន់​មួយទៀត គឺ​ទទួល​គ្រប់គ្រង​និង​អប់រំ​កែប្រែ​ផ្តាច់​សារធាតុ​ញៀន​ដល់​យុវជន​ញៀន​
​ថ្នាំញៀន ។ នោះ​ជា​ការឆ្លើយតប​នូវ សំណូមពរ​របស់​អាណា​ព្យាបាល មាតា​បិតា​របស់​យុវជន ពី​សង្គម​និង​ការចង្អុលបង្ហាញ​ផ្ទាល់​ពី​ឧត្តមសេនីយ៍ សៅ សុខ ។
​ ​លោក​ឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង និយាយថា: ដោយ​គិត​ពី​ដំណើរការ​ឆ្នាំ ២០០២ មក​ អង្គភាព​នេះ​ទទួល​យុវជន​ញៀន​ថ្នាំ​ចំនួន ១៣០៦ នាក់​ ក្នុងនោះ​បាន​សះស្បើយ និង​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ចំនួន ១២០២ នាក់ ​និង​កំពុង​រស់នៅ ១០៤ នាក់​ទៀត​ត្រូវ​កែប្រែ​បន្ត ។
​ ​លោកនាយឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​អរគុណ​ដល់​អង្គភាព​អាវុធ​ហ​ត្ថខេ​ត្ត និង អ្នកពាក់ព័ន្ធ​ដែល​បង្កើត​កន្លែង​អប់រំ​និង​បន្សាប​សា​រធាតុ​ញៀន​នេះ ក្នុងនោះ​ក៏​អរគុណ​រាជរដ្ឋាភិបាល ពិសេស​លោក​ជំទាវ ​ប៊ុន រ៉ានី ​ហ៊ុន សែន ដែល​ខ្វល់ខ្វាយ​ខ្លាំង​ពី​រឿងនេះ រហូត​រៃអង្គាស​ថវិកា​សាងសង​អាគារ​ស្នាក់នៅ ​និង​ឧបត្ថម្ភ​ប្រចាំខែ​ដល់​យុវជន​កែប្រែ ។ លោក​ហៅ​កិច្ចការ​នេះ​ថា ជា​បេសកកម្ម​មួយ​ដែល​ជា​ផ្នែក ទប់ស្កាត់ កាត់បន្ថយ​នូវ​បទល្មើស បទឧក្រិដ្ឋ​ផ្សេងៗ​ពី​ឥទ្ធិពល​គ្រឿងញៀន ។ នេះ​ជា​ការកសាង​សង្គម​ស្អាត​ល្អ និង​កាន់តែ​ល្អ​របស់​សម្តេចនាយ​រដ្ឋមន្ត្រី ។​
​ ​លោក​និយាយថា: “​ខ្ញុំ​មាន​កំហុស​ដោយ​ពុំ​ធ្លាប់​មក​ចូល​ទី​អប់រំ​កែប្រែ​របស់​ក្មួយៗ តែ​ឥឡូវ​ខ្ញុំ​មក​ក្នុង​កិច្ចការ​ថ្មី​របស់​ខ្ញុំ​ដែល​នឹង​ខំប្រឹង​ជួយ​ប្រទេស ” ។ ក្នុង​ឱកាស​នេះ លោកនាយឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ផ្តល់​នូវ ​កំព្យូទ័រ ៥ គ្រឿង មី​ ១៨​កេះ ថវិកា ២ លាន​រៀល​ ទឹកត្រី​ទឹក​សា​អ៊ីវ សា​ប៊ូ ដល់​កម្ម​អប់រំ​វិធី​កែប្រែ​យុវជន​ញៀន​ថ្នាំញៀន​នៅ​អាវុធ​ហត្ថ​បន្ទាយមានជ័យ និង​ផ្តល់​ដូចគ្នា​នេះ​ដល់​មណ្ឌល​ជីវិត​ថ្មី អប់រំ​កែប្រែ​សា​ធាតុ​ញៀន​នៅ​ភ្នំ​បាក់​របស់​ប៉ូលិស និង​សង្គមកិច្ច​ខេត្ត ៕















Sunday, April 12, 2009

ញើស​អាច​បញ្ជាក់​អំពី​ជំងឺ

ញើស​អាច​បញ្ជាក់​អំពី​ជំងឺ

ក្នុង​ផ្នែក​​វេជ្ជសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​ ញើស​របស់​មនុស្ស​យើង​ម្នាក់ៗ​អាច​បញ្ជាក់​ប្រាប់​ពី​រោគ​ដូច​ខាង​ក្រោម។

១- រោគ​ដែល​ធ្វើ​​ឲ្យ​ញើស​ចេញ​មិន​ច្រើន​​

តានតឹង​អារម្មណ៍

ពេល​មាន​អារម្មណ៍​តាន​តឹង​ ញើស​ចេញ​មក​ច្រើន​ក្នុង​បរិវេណ​បាតដៃ​ បាត​ជើង ក្លៀក​ និង​ថ្ងាស។
ក្រៅ​ពី​នេះ​ អាការ​ដែល​កើត​ចេញ​ពី​ការ​តានតឹង​អារម្មណ៍​មាន​មួយ​ចំនួន​ទៀត​ ដូចជា​ ជីពចរលោត
លឿន​ ញ័រ​ដើម​ទ្រូង​ និង​ញ័រ​ដៃ​ជើង​​ជា​ដើម។

ក្រពេញ​ទីរ៉ូអ៊ីដ​ (Thyroid) មាន​ជាតិ​ពុល​ ឬ​ពកក​

បើ​កើត​អាការ​នេះ​ ញើស​តែង​បែក​ចេញ​សព្វ​រាង​កាយ​ ជា​ពិសេស​នៅ​បរិវេណ​បាត​ដៃ​ទាំង​សងខាង​ ព្រម​ទាំង​មាន​អាការ​ឆាប់​តប់​ប្រមល់​ ញ័រ​ដៃ​ ឆាប់​ភ័យ​ ស្រក​ទម្ងន់​ ភ្នែក​លៀន​ សក់​ជ្រុះ​ ឆាប់​ហត់​ ញ័រទ្រូង​ និង​ស្រេក​ទឹក​ញឹកញាប់។

រោគ​របេង​

បែក​ញើស​ជោក​សព្វ​រាង​កាយ​នៅ​ពេល​យប់​ កើត​គ្រុន​ និង​ក្អក​រ៉ាំរ៉ៃ។

ទឹក​នោម​ផ្អែម​

បែកញើស​ជ្រាប​សព្វ​រាង​កាយ​ ជា​ពិសេស​​បាត់​ដៃ​បាត​ជើង​ ញ័រ​ទ្រូង​ ហត់​ដង្ហក់​ និង​មាន​អាការ​ធេងធោង​ដូច​ខ្យល់​ចាប់។

រោគ​បេះដូង​

បែក​ញើស​ និង​​ញ័រ​ទ្រូង​​ ហត់​ដង្ហក់​ខណៈ​ហាត់ប្រាណ​ ហើយ​បើ​សិន​មាន​អាការ​ណែន​ត្រង់​បំពង់​ក​ ដើម​ទ្រូង​ និង​​បែក​ញើស​តាម​ម្រាមដៃ​ម្រាមជើង​រៀងរាល់​ពេល​ហាត់​ប្រាណ​ផង​ និង​កើត​រោគ​បេះដូង​ធ្ងន់ធ្ងរ។

ជិត​អស់​រដូវ​ខែ​

ដោយសារ​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​ភេទ​ស្ត្រី​ម្យ៉ាង​ឈ្មោះ​ ប្រូចេស្ដឺរ៉ូន​ (Progesterone) តិច​ ទើប​ស្ត្រី​ដែល​ជិត​អស់​រដូវ​មាន​ញើស​​ចេញ​ក្នុង​ពេល​យប់​ច្រើន។

២- អាការ​រោគ​ដែល​ធ្វើ​​ឲ្យ​ញើស​ចេញ​តិច​

ក្រុម​មនុស្ស​ដែល​ចេញ​ញើស​តិច​ជាង​ធម្មតា ​​គឺ​ដោយសារ​ក្រពេញ​ញើស​ធ្វើ​ការងារ​ពុំ​ពេញ​លក្ខណៈ។ អាការ​បែប​នេះ​បង្ក​ឲ្យ​កើត​អាការ​ក្ដៅ​ក្នុង​រាងកាយ​ខ្លាំង​ ហើយ​អាច​បណ្ដាល​​​ឲ្យ​កើត​រោគ​តាម​មក​ជាមួយ​ដូចជា៖

រោគ​សើ​ស្បែក​

អាច​កើត​រោគ​ចែង​ថ្ងៃ​ កន្ទួល​ របក​ស្បែក​ ស្បែក​ស្ងួត​​គគ្រើម​​ ជា​ដើម។ អាការ​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​ក្រពេញ​ញើស​ក្រោម​ស្បែក​ត្រូវ​គាប​សង្កត់​​រហូត​​មិន​អាច​បញ្ចេញ​​ញើស​បាន​តាម​ប្រក្រតី​ ធ្វើ​ឲ្យ​​កើត​អាការ​កកស្ទះ​រន្ធ​នោម​ហើយ​បណ្ដាល​ឲ្យ​កើត​អាការ​ទាំង​នេះ​ឡើង។

រោគ​ប្រកាំង​

កើត​ឡើង​នៅ​លើ​ក្រុម​មនុស្ស​មាន​អារម្មណ៍​តាន​តឹង​​ជា​ប្រចាំ​ ជីព​ចរលោត​លឿន​ខុស​ប្រក្រតី​ នាំ​​ឲ្យ​​មាន​ការ​ប្រើប្រាស់​ថាមពល​ច្រើន​ធម្មតា។ ប្រសិន​បើ​បើ​រាង​កាយ​បាន​ទទួល​កម្ដៅ​ខ្លាំង​ផ្នែក​ខាង​ក្រៅ​​ខ្លួន​ ប៉ុន្តែ​​គ្មាន​បែក​ញើស​ចេញ​អាច​នាំ​ឲ្យ​ញ័រ​ទ្រូង​ ដេក​មិន​លក់​ កើត​អាការ​ឈឺ​ក្បាល​ខ្លាំង​រហូត​ដល់​កើត​រោគ​ប្រកាំង​៕

នាយករដ្ឋមន្ត្រីរិះគន់ ការជួលឲ្យអ្នកដទៃសរសេរនិក្ខេបបទ បណ្ឌិត

នាយករដ្ឋមន្ត្រីរិះគន់ ការជួលឲ្យអ្នកដទៃសរសេរនិក្ខេបបទ បណ្ឌិត អនុបណ្ឌិត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចំណុចសួរចំពោះគុណភាពឧត្ដមសិក្សានៅកម្ពុជា ដោយកត់សម្គាល់ថា ការទទួលបានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិតនៅកម្ពុជា ហាក់ដូច
ជាងាយស្រួលពេក និងថាគ្មានប្រទេសណាសម្បូរអនុបណ្ឌិត និងបណ្ឌិតដូចនៅស្រុកខ្មែរទេ។
នាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់លោកក្នុងការអភិវឌ្ឍន៍
ការអប់រំនៅកម្ពុជានៅគ្រប់កម្រិត។ សំណួរសង្ស័យខាងលើនេះ អាចចាត់ទុកថា ជាការ
សម្ដែងនូវការបម្រើលមើលជាសាធារណៈលើកដំបូងហើយអំពីគុណភាពឧត្ដមសិក្សាកម្ពុជា។
សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងឱកាសបិទសន្និបាតក្រសួងអប់រំយុវជន និងកីឡា កាលពីល្ងាចថ្ងៃទី១៨ ខែមីនា២០០៩។ សម្ដេចតេជោបានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជាអ្នកទទួលសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិត ហាក់ដូចជាស្រួលពេកហើយព្រោះពេលខ្លះមនុស្សម្នាក់នោះឃើញរាល់តែថ្ងៃ មិនដែលឃើញទៅរៀនសោះ ស្រាប់តែថ្ងៃទទួលសញ្ញាប័ត្រឃើញឡើងមកទទួលយកសញ្ញាប័ត្របណ្ឌិតតែម្ដង។ បញ្ហានេះវាបានធ្វើឲ្យខូចគុណភាពនៃសញ្ញាប័ត្ររបស់គេឯងអស់ សម្ដេចបានបន្តថា តាម
ករស៊ើបដឹងគឺមានទាំងជួលគេឲ្យសរសេរនិក្ខេបបទឲ្យទៀត ហើយអ្នកខ្លះជាអនុបណ្ឌិតបណ្ឌិត មិនទាំងចេះប្រើកុំព្យូទ័រផង។ សម្ដេចបានបន្តទៀតថា លោកនឹងឈប់រើសមនុស្សចូលធ្វើការតាមសញ្ញាប័ត្រទៀតហើយ រាល់ការរើសមនុស្សចូលធ្វើការចាំបាច់ត្រូវបង្ហាញសមត្ថភាពជាមុនសិន ហើយទាំងស្ថាប័នរដ្ឋ និង
ឯកជនចាំបាច់ត្រូវធ្វើការប្រឡងជ្រើសរើសមុនយកអ្នកណាម្នាក់ចូលធ្វើការងារ សម្ដេចបានបន្តថា អ្នកខ្លះគ្រាន់តែសរសេរលិខិតស្នាមមកក៏មិនចេះផង គ្រាន់តែមើលដឹងដល់សមត្ថភាព។
សម្ដេចតេជោបានបន្តថា បច្ចុប្បន្នគ្មានប្រទេសណាសម្បូរអនុបណ្ឌិត និងបណ្ឌិតដូចស្រុកខ្មែរទេ វាច្រើនពេកហើយប្រទេសគូវែតថ្នាក់បរិញ្ញាបត្រក្នុងមួយឆ្នាំជាប់បានតែ២៥នាក់ប៉ុណ្ណោះ។ ចំណែកនៅកម្ពុជា ថ្នាក់អនុបណ្ឌិត និងបណ្ឌិតមួយឆ្នាំៗចេញរាប់ពាន់នាក់ ប៉ុន្តែតើ
គុណភាពមានកម្រិតណា គឺមិនទាន់ច្បាស់ទេ។ សម្ដេចបានបន្តថា លោកអាចទទួលយកបាន ប្រសិនជាក្នុងចំណោម១០នាក់មានម្នាក់អាចប្រើការបាននោះ តែក៏មិនពេញចិត្តចំពោះលទ្ធផលដ៏ទាបនេះដែរ។ អ្នកខ្លះសុទ្ធតែបរិញ្ញាបត្របណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ ដល់ពេលសួរថា តើប្រទេសដៃគូអាស៊ានមានប៉ុន្មាន អត់ដឹងផង តើយើងអាចយកទៅប្រើបានទេ។
បើតាមរបាយការណ៍របស់ក្រសួងអប់រំយុវជនកីឡាបានឲ្យដឹងថា គ្រឹះស្ថានឧត្ដមសិក្សា
ទាំងរដ្ឋ និងឯកជនបច្ចុប្បន្នមានចំនួន៧៧កន្លែង ហើយមាននិស្សិតកំពុងសិក្សាសរុប១៣៧.៤០០នាក់ក្នុងនោះថ្នាក់បណ្ឌិតចំនួន៨៦២នាក់ ថ្នាក់អនុបណ្ឌិតមានចំនួន ១១.៦៨១នាក់ បរិញ្ញាបត្រ ១១០.០០០នាក់ និងបរិញ្ញាបត្ររងចំនួន១៤.៨៥៧នាក់។
លោក រីឆាត ប្រាយដល តំណាងមន្ត្រីអង្គការយូនីសេហ្វបានធ្វើការកត់សម្គាល់ថា វិស័យអប់រំកម្ពុជាពិតជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប៉ុន្តែគុណភាពនៅតែជាបញ្ហាចម្បងមួយដែលត្រូវតែយកចិត្តទុកដាក់។
សម្ដេចបានបន្តថា នៅក្នុងឋានៈជាសមាជិករបស់អាស៊ាន យើងត្រូវរៀបចំអនុវត្តនូវបណ្ដាយន្តការអាស៊ានហើយបន្ទាប់ពីធម្មនុញ្ញអាស៊ានចូលជាធរមាន។ បញ្ហានេះមិនមែនលេងសើចទេ ធនធានមនុស្សរបស់យើងត្រូវមានកម្រិតប្រហាក់ប្រហែលជាមួយប្រទេសក្នុងអាស៊ានដទៃទៀត ឧទាហរណ៍មានការងារត្រូវចរចាអ្វីមួយនៅក្នុងអាស៊ានហើយប្រសិនបើមនុស្សរបស់កម្ពុជាមិនចេះ
អ្វីផងនោះតើធ្វើម៉េច? នេះជាបញ្ហាដ៏អាម៉ាស់មួយ ដែលត្រូវយកចិត្តទុកដាក់លើបញ្ហាបណ្ដុះបណ្ដាលគុណភាពនៅឧត្ដមសិក្សា៕

Saturday, April 11, 2009

សិស្ស​វិទ្យាល័យបារាំង​នៅ​ភ្នំពេញ​តវ៉ា​​ប្រឆាំង​នឹងការ​បណ្តេញ​ចេញ​លើ​គ្រួសារ​កម្ពុជា

សិស្ស​វិទ្យាល័យបារាំង​នៅ​ភ្នំពេញ​តវ៉ា​​ប្រឆាំង​នឹងការ​បណ្តេញ​ចេញ​លើ​គ្រួសារ​កម្ពុជា

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៩ មេសា ២០០៩៖ សិស្ស​វិទ្យាល័យ​ទាមទារ​អោយ​មាន​សំណង «សមស្រប​​» សម្រាប់​គ្រួសារ​ដែល​រស់​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ René Descartes និង​ដែល​កំពុង​ស្ថិតនៅក្នុង​​ការ​គំរាម​កំហែង​បណ្តេញ​ចេញ​
នៅ ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ មេសា សិស្ស​វិទ្យាល័យ​កម្ពុជា​និង​បារាំង​ប្រមាណជាង​៣០​នាក់ នៃ​វិទ្យាល័យ René Descartes នា​ទីក្រុង​ភ្នំពេញ បាន​ធ្វើ​ការ​តវ៉ា​ជា​លើក​ទី​១ ដោយ​​អហិង្សា​​ ដើម្បី​​ទាម​ទារ​សិទ្ធិ​​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ ដែល​​ស្ថិត​នៅក្នុង​ការ​គំរាម​កំហែង​​បណ្តេញ​​ចេញ​ពីអគារ​មួយ​ខ្នង ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​វិទ្យាល័យ​នេះ។​ សិស្សានុ​សិស្ស​​​ទាំង​​​នេះ​បានវាយ​ស្គរ និង​លើ​ក​បដា ដែលសរសេរ​ពីបាវចនារបស់​សាធារណៈបារាំង​ថា​ «សេរីភាព សមភាព និង​ភាតរភាព» ដោយសុំអោយ​មាន«ការ​បិទ​ផ្លូវ​គម​នាគមន៍»។ គោល​​បំណង​របស់ពួកគេ គឺ​បង្ហាញ​ការ​សាមគ្គី​ភាព​ ជាមួយ​គ្រួសារ​ទាំងនេះ ដើម្បី​អោយ​ពួកគេ​ទទួល​​បាន​សំណង​​ដ៏សមរម្យ​មួយ​ ជា​ថ្នូរ​នឹងការ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​ និង​ដើម្បី​ជៀស​​វាង​ការ​​បណ្តេញ​ដោយ​​ហិង្សា ដូច​ករណី​ផ្សេង​ទៀត ដែល​ធ្លាប់​បាន​កើត​មានរួច​ហើយ​​នៅ​ប្រទេស​កម្ពុជា​ ទាក់ទង​នឹង​​ទំនាស់​ប្រភេទ​នេះ​។​

បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​៣៧គ្រួសារ​កំពុង​ស្នាក់នៅ​ក្នុង​អគារ​មួយខ្នង ស្ថិតនៅ​បរិវេណ​វិទ្យាល័យ René Descartes ស្ថិតនៅ​កណ្តាល​រាជធានីភ្នំពេញ ដែល​កាល​ពីមុន អគារ​នេះ​ជា​ទីតាំង​​របស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​​អាជ្ញាធរ​ប្រគល់​​​អោយ​ទៅ​​ក្រុម​ប្រឹក្សា​ទទួល ​បន្ទុក​គ្រប់​គ្រង​វិទ្យាល័យ René Descartes ​ ជាថ្នូរ​នឹង​ការ​ផ្តល់​ហិរញ្ញប្ប​ទាន​​​សម្រាប់​​សាង់​សង់អគារ​ថ្មី​មួយ នៅសង្កាត់​ស្ទឹងមាន​ជ័យ។​

គ្រួសារ​កម្ពុជាទាំងនោះ​រស់​​នៅ​ ជាន់ផ្ទាល់ដី និង​ជាន់​ចុង​ក្រោយ ចំណែកជាន់ទី​១ ទី២ និង​ទី​៣ ត្រូវ​បាន​បិទ ដើម្បី​​ធ្វើការ​ជួស​ជុល​ឡើងវិញ ដោយ​ទីចាត់ការ​វិទ្យាល័យ ព្រោះ​​សព្វ​ថ្ងៃនេះ ទីចាត់​ការ​ត្រូវការ​ទីតាំង​ទាំង​នេះ។

នា​ពេល​ ថ្មីៗ​នេះ អាជ្ញាធ​ខ័ណ្ឌដង្កោ និង​សាលាក្រុង​ភ្នំពេញ​បាន​​រម្លឹក​ប្រាប់​​អ្នក​រស់​នៅ​​ទីនោះ​ថា​ពួកគេ​ ត្រូវបាន​ប្រាប់​ជាមុន​រួច​ហើយ អំពីដំណឹង​ចាកចេញពីកន្លែង​នេះ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។ អាជ្ញាធរ​បានអះអាង​ថា​ពួកគេ​បានមក​តាំង​ទីលំនៅ​បែប​អនាធិបតេយ្យ​ខុស​ច្បាប់​ ​នៅ​ទីនេះ​។​ ប៉ុន្តែ លោក​​សាន លឹមស្រ៊ាង ប្រជាពលរដ្ឋ​រស់នៅជាន់​ទី៤​បាន​បដិសេធ​ទៅនឹង​ការ​លើក​ឡើង​នេះ ដោយ​អះអាង​ថា «យើង​បាន​មក​រស់នៅ​ទីនេះ​ តាំង​ពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ​។ នៅសម័យ​នោះ អាជ្ញាធរ​កម្ពុជា​បាន​ចេញ​សៀវភៅ​​សំគាល់​គ្រួសារ​អោយ​យើង នៅ​ឆ្នាំ​១៩៨៥ ហើយ​នៅ​ឆ្នាំ​២០០០ យើង​បានទទួល​សៀវភៅ​ស្នាក់នៅ​»​។ អតីត​មន្រ្តី​ធនាគារ​ជាតិ​នៃ​កម្ពុជា​រូបនេះ​ប្រកែកមិនព្រមចាកចេញ ដោយ​វាយតម្លៃថា​ប្រាក់សំណង​ដែល​អាជ្ញាធរ​បានស្នើ «ចំនួន​ពី​៥​ពាន់ទៅ​១ម៉ឺនដុល្លារ» មិន​គ្រប់​គ្រាន់​ដើម្បី​តាំង​ទីលំនៅ​ថ្មី​ និង​មិនអាច​ទិញ​ដី រឺ​ផ្ទះ​​សមរម្យមួយ​​នៅ​ក្នុង​​ទីក្រុង​ភ្នំពេញ​នោះទេ។

លោក​សុខ ពេញ​វុធ​ អភិបាល​រង​ខ័ណ្ឌដូន​ពេញ​ ទទួល​បន្ទុក​សំណុំរឿង​នេះ បាន​​​ប្រាប់​កាសែត តាម​ទូរស័ព្ទ​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​មាន​បំណងប្រើ​ហិង្សា​​បណ្តេញ​ប្រជា​ពលរដ្ឋ​ ទាំងនេះ​នោះទេ​។​ បើ​តាម​ប្រសាសន៍​របស់​លោក​អភិបាលរង ពួកសិស្ស​ទាំងនេះ [ ដែលបាន​ធ្វើបាតុកម្ម ដោយ​ខ្លាច​កើត​មាន​ព្រឹត្តិការណ៍​​ដូច​គ្នា​ទៅនឹង​អ្នក​ភូមិ​រស់​នៅ​តំបន់​ ដី​ក្រហម ដែលត្រូវ​បាន​បណ្តេញ​យ៉ាង​​ហិង្សា ដោយ​​​ក្រុម​ហ៊ុនឯក​ជន​មួយ​ ដោយមានការ​ឯកភាព​ពីអាជ្ញាធរ​ភ្នំពេញ]​ ​«មិន​​យល់​ស្ថានការណ៍​ច្បាស់លាស់នោះទេ» ។ លោក​បាន​ពន្យល់​​បន្ថែម​ថា «មិនមាន​គម្រោង​បណ្តេញ​ណាទាល់​តែ​សោះ​​។ យើង​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ​​​ដោយ​សន្តិវិធី​។ គ្រួសារ​ជិត​ពាក់​កណ្តាល​ ស្មើ​នឹង​១៣គ្រួសារ [៣៧គ្រួសារ​បន្ត​រស់​​នៅ​ក្នុង​អគារ] បាន​យល់ព្រម​​សំណើចាកចេញ​របស់​យើង ជាថ្នូរនឹងថវិកា​ និង​ដី​ទំហំ​៤គុណ​៨​ម៉ែត្រ នៅ​សង្កាត់​បឹង​ទំពុន នា​ខ័ណ្ឌ​មានជ័យ។ ប្រជាពលរដ្ឋ​៦ គ្រួសារ​ផ្សេង​ទៀត​កំពុង​​រៀបចំ​រើលំនៅដ្ឋាន​»។

ប្រយ័ត្នការធ្វើដំណើរតាមដងផ្លូវ ព្រោះទេព្ដាឆ្នាំថ្មីចូលចិត្តលោហិត

ប្រយ័ត្នការធ្វើដំណើរតាមដងផ្លូវ ព្រោះទេព្ដាឆ្នាំថ្មីចូលចិត្តលោហិត
បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងមកដល់នាពេលខាងមុខ ដែលប្រជាពលរដ្ឋកម្ពុជារំពឹងថាជាពេលវេលាថ្មីដ៏វិសេសវិសាលប្រកបដោយសុខដុម
រមនា ជម្រះឧបទ្រពនៅឆ្នាំចាស់ ហើយរង់ចាំសិរីសួស្ដីជយមង្គលវិបុលសុខនាឆ្នាំថ្មី។
តាមធម្មតា បងប្អូនប្រជាពលរដ្ឋរបស់យើង ពិសេសអ្នករស់នៅក្នុងរាជធានី ក្នុងទីក្រុង និងទីប្រជុំជននានាតែងតែធ្វើដំណើរកម្សាន្តទៅស្រុកទេស ទៅកន្លែងកម្សាន្តឆ្ងាយៗ
ហើយប្លែកៗ ដើម្បីជួបជុំញាតិមិត្តផៅសន្ដាន និងបន្ធូរអារម្មណ៍ បន្ទាប់ពីបំពេញការងារ និងមុខជំនួញអស់រយៈពេលមួយឆ្នាំកន្លងមក។ កុំថាឡើយខ្មែរ សូម្បីតែចិនចាមយួន និងជនបរទេសដទៃទៀតដែលតាំងលំនៅ និងរស់នៅប្រកបរបរចិញ្ចឹមជីវិតរបស់ខ្លួន
នៅកម្ពុជាក៏តែងតែចូលរួមរីករាយសាទរពិធីបុណ្យនេះដែរ។
វាមិនមែនជារឿងចម្លែកនោះទេក្នុងការប្រារព្ធពិធីបុណ្យនេះ ព្រោះវាជាពិធីបុណ្យប្រពៃណីដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែអ្វីដែលប្លែកសម្រាប់ឆ្នាំនេះគឺការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាលើកដំបូង។ ច្បាប់នេះមានការដាក់ពិន័យយ៉ាងចាស់ដៃដល់អ្នកបើកបរទាំងឡាយដែលរំលោភច្បាប់។ នៅក្នុងមាត្រាទី ៨២ នៃច្បាប់នេះបានចែងថា «ជនណាបើកបរដោយបង្ក
ឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគា
រពីមួយ (១) ឆ្នាំ ទៅបី (៣) ឆ្នាំ ឬ/និងផ្ដន្ទាទោសពិន័យជាប្រាក់ពីពីរលាន (២.០០០.០០០)
រៀល ទៅប្រាំមួយលាន (៦.០០០.០០០) រៀល»។ នេះគ្រាន់តែអចេតនាប៉ុណ្ណោះ គឺមិនទាន់គិតដល់ពីរឿងចេតនានោះទេ។ ច្បាប់ក៏បានតម្រូវដាច់ខាតឲ្យអ្នកបើកបរទោចក្រយានយន្តទាំងអស់ពាក់មួកសុវត្ថិភាព បើមិនដូច្នោះទេពួកគេត្រូវប្រឈមនឹងការផាកពិន័យពីនគរបាលមានសមត្ថកិច្ច។
នៅពេលថ្មីៗនេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ
ក៏បានរំលឹកដាស់តឿនដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ត្រូវគោរព
ច្បាប់ចរាចរឲ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវបើកបរតាមល្បឿនកំណត់ ដែលមានចែង
ក្នុងច្បាប់ ពិសេសគឺប្រុងប្រយ័ត្នបំផុតនាពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី ៤មេសាខាងមុខនេះដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយ
គ្រោះថ្នាក់ចរាចរ។
ជាការពិតជារៀងរាល់ឆ្នាំ គេតែងតែសង្កេតឃើញថា គ្រោះថ្នាក់ចរាចរបានកើនឡើងនៅពេលមានពិធីបុណ្យផ្សេងៗ ពិសេស នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានរយៈពេលបីថ្ងៃនេះ។ បញ្ហាសំខាន់ដែលបង្កឲ្យមានគ្រោះថ្នាក់នេះគឺបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរនៅពេលស្រវឹង និងការបើកបរក្នុងល្បឿនលឿនហួសហេតុ ឬក៏ការបើកបរប្រជែងគ្នាដោយមិនមានការយោគយល់គ្នាជាដើម ពិសេសអ្នកជិះទោចក្រយានយន្តមិនបានពាក់មួកសុវត្ថិភាព ដែលបណ្ដាលឲ្យបោកក្បាល
នឹងថ្ម និងវត្ថុធាតុរឹងដទៃទៀតនៅពេលដែលពួកគេដួល។
ការបើកបរល្បឿនលឿនហួសហេតុ ឬក៏ការបើកជ្រែប្រជែងគ្នាដោយមិនមានការយោគយល់គ្នានេះគឺកើតមានចំពោះមនុស្សគ្រប់
ជំពូក និងគ្រប់ឋានៈ។ ឧទាហរណ៍ជាក់ស្ដែង រឿងភ្លើងសញ្ញាចរាចរណ៍។ តាមធម្មតា ភ្លើងសញ្ញាពណ៌លឿងជាសញ្ញាកំណត់ថា អ្នកបើកបរត្រូវប្រុងប្រយ័ត្ន គឺថា ត្រូវបន្ថយល្បឿន ឬត្រៀមចេញដំណើរ តែភាគច្រើន ពិសេសនៅក្នុងរាជធានីភ្នំពេញដែលលោកអភិបាលក្រុងបានខិតខំដាក់ភ្លើងចរាចរណ៍នៅតាម
កែងផ្លូវស្ទើរគ្រប់កន្លែងក៏ដោយ ក៏អ្នកបើកបរមួយចំនួនមិនខ្វល់។ ពួកគេបែរជាបង្កើនល្បឿនទៅវិញនៅពេលឃើញភ្លើងពណ៌លឿង ដោយពេលខ្លះពួកគេបានទៅស្វាគមន៍គ្នានៅកណ្ដាលទ្រូងផ្លូវបណ្ដាលលាន់ដូចរន្ទះរងរបួស
បាក់ដៃបាក់ជើងទាំងសងខាងផង ហើយពេលខ្លះទៀតបាត់បង់ជីវិត ឬក៏ពិកាអស់មួយជីវិតក៏មាន។ នេះមិនទាន់គិតពីការខូចខាតទ្រព្យសម្បត្តិផង។
នេះគឺរឿងភ្លើងពណ៌លឿង ឯរឿងមួយទៀតគឺរឿងភ្លើងពណ៌ក្រហម។ នៅពេលភ្លើងចរាចរណ៍ពណ៌ក្រហម អ្នកបើកបរបានឈប់លើគំនូសសម្រាប់អ្នកដំណើរថ្មើរជើងឆ្លងកាត់ ដែលធ្វើឲ្យអ្នកថ្មើរជើងមិនដឹងដើរតាមកន្លែងណា។ ជាងនេះទៅទៀត អ្នកថ្មើរជើងមួយចំនួនក៏មិនយល់ពីសញ្ញាភ្លើងចរាចរណ៍ទៅទៀត។ ពួកគេឆ្លងកាត់ផ្លូវនៅពេលយានយន្តកំពុងមានចលនា ដោយពួកគេមិនបានដឹងថា ទាល់តែភ្លើងចរាចរណ៍ចេញពណ៌ក្រហមទើបពួកគេអាចឆ្លងកាត់បាន។ ប្រកានេះបានបណ្ដាលឲ្យអ្នកថ្មើរជើងជាច្រើនរងរបួស ហើយពេលខ្លះបាត់បង់ជីវិតក៏មាន នៅពេលពួកគេឆ្លងផ្លូវ ខណៈដែលយានយន្តកំពុងមានចលនាលឿនដូចព្យុះនោះ។
រឿងមួយទៀតគឺការបើកបរតាមដងផ្លូវជាតិ។ អ្នកបើកបរមួយចំនួនមិនខ្វល់ឡើយពីផ្លាកសញ្ញាដាក់នៅតាមដងផ្លូវដូចជា សញ្ញាបន្ថយល្បឿន សញ្ញាកំណត់ល្បឿនបើកបរ សញ្ញាមានមន្ទីរពេទ្យនៅខាងមុខ សញ្ញាមានសិស្សឆ្លងកាត់ សញ្ញាមានមន្ទីរពេទ្យ និងសញ្ញាមានសត្វពាហណៈឆ្លងកាត់ជាដើម។ល។ និង។ល។
មានពេលខ្លះ ពួកបរទេសដែលនៅស្រុកខ្មែរយូរដុះស្លែទៅក៏យកទម្លាប់តាប់ម្ចាស់ស្រុកដែរ ព្រោះពួកគេគិតថា "ចូលស្ទឹងតាមបត់ ចូលស្រុកតាមទេស" គឺទៅទាំងប៉ីទៅទាំងទ្រ។
ពេលខ្លះទៀត ជនបរទេសទាំងនោះបើកបរឈ្លើយកោងកាចជាងម្ចាស់ស្រុកទៅទៀត ព្រោះពួកគេអាងថា ពួកគេជាជនបរទេសមានអាទិភាពជាងខ្មែរ ដោយពួកគេមកកម្ពុជាគឺ
មកជួយខ្មែរ ហើយអ្នកខ្លះទៀតមិនខ្វល់ ព្រោះរថយន្តរបស់គេជារថយន្តរបស់អង្គភាពមានការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រង។
បើមានបញ្ហា ក្រុមហ៊ុនធានារ៉ាប់រងជាអ្នកទទួលខុសត្រូវ។ ពិតជាស្មុគស្មាញមែនទែនរឿងចរាចរណ៍នៅស្រុកយើងនេះ។
មានមធ្យោបាយជាច្រើនក្នុងការធ្វើឲ្យចរាចរណ៍នៅស្រុកយើងបានកាន់តែប្រសើរ ហើយអាចជួយកាត់បន្ថយគ្រោះថ្នាក់បានច្រើនទៀតផង។ ទីមួយគឺថា ទន្ទឹមនឹងការពង្រឹងការអនុវត្តច្បាប់ អ្នកធំត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋមុនគេ។
ជាទូទៅ អ្នកមានចំណេះដឹងទាប អ្នកស្រែចម្ការ និងពលរដ្ឋមានឋានៈ
តូចទាបទំនងជាគោរពច្បាប់បើកបរជាងអស់លោកមានចំណេះដឹងខ្ពង់ខ្ពស់ ជាងឧត្ដមមន្ត្រីដែលមានឋានៈគ្រាក់ៗ មានស័ក និងផ្កាយពេញស្មាទៅទៀត។ ការគោរពច្បាប់របស់ពលរដ្ឋតូចតាចបែបនេះគឺព្រោះតែពួកគាត់ខ្លាចច្បាប់ និងខ្លាចលោកនគរបាលចរាចរក្របួចពួកគាត់ដកសោម៉ូតូផាកយកលុយ ដើម្បីទុកជូនរដ្ឋយកទៅអភិវឌ្ឍប្រទេសជាតិជួយកាត់បន្ថយភាពក្រីក្រ!!
យើងពិតជាសរសើរ និងគួរឲ្យគោរព ហើយត្រូវប្រតិបត្តិតាមអ្នកតូចតាចទាំង
នោះដែលខំគោរពច្បាប់បើកបរ គឺមិនដូចអស់លោកមួយចំនួនដែលជិះរថយន្តទំនើបៗផលិត
អស់ឆ្នាំ តម្លៃថ្លៃគ្មានគេប្រៀបនោះទេ។ បើតាមការសង្កេតជាទូទៅ គេមើលឃើញថា នៅពេល
ផ្លូវចង្អៀត ពិសេសនៅពេលមានពិធីបុណ្យម្ដងៗ មានរថយន្តខ្លះពាក់ស្លាកលេខរាជការ ខម និងនបជាដើម ដោយពេលខ្លះក៏មានស្លាកលេខរដ្ឋសភា និងព្រឹទ្ធសភាដែរ ហើយរថយន្តទាំងនោះមហាទំនើប មហាសែនថ្លៃបានប្រជែងរុលទៅមុខ។
ពេលខ្លះបើគេមិនចៀស លោកតៃកុងឡានដែលមាន
ឯកសណ្ឋានឈុតហ៊ឺហាបែបជាអង្គរក្សបានស៊ីផ្លេស្ទើរបែកស្លឹកត្រចៀក ហើយពេលខ្លះ លោកតៃកុងឡានហ៊ឺហាទាំងនោះបើកកញ្ចក់រថយន្តស្រែកគំរាមគេឯងឲ្យប្រញាប់ចៀស។ ជាងនេះទៅទៀត មានអង្គរក្សដែលកំពុងអង្គុយអែបតៃ
កុងឡានបានបើកកញ្ចក់វាយក្បាលអ្នករត់ម៉ូតូឌុប និងអ្នករត់រម៉កទុកទុក ដោយជេរប្រមាថពួកគាត់ថែមទៀត ដែលមើលទៅគួរឲ្យគយគន់និងពីរោះស្ដាប់ទៀតផង! នេះបានចំជាគេអ្នកធំមានអំណាចមែន។ មិនដឹងថា លោក ឬឧកញ៉ា ឬក៏
ឯកឧត្ដមមហាមន្ត្រីដែលអង្គុយផ្នែកខាងក្រោយក្នុងរថយន្តនោះបានបញ្ជាឲ្យតៃកុងឡាន
ដ៏ហ៊ឺហា និងអង្គរក្សដ៏ស្លូតបូតរបស់ខ្លួនស៊ីផ្លេបំបែកហ្វូងមនុស្សកកកុញ បើកកញ្ចក់រថយន្ត
ស្រែកគំរាមជេរប្រមាថគេឯង និងវាយក្បាលអ្នករត់ម៉ូតូឌុប និងអ្នករត់រម៉កទុកទុកបែបហ្នឹង ឬយ៉ាងណាទេ។ ទោះបីជាបាន ឬមិនបានបញ្ជាក៏ដោយ ក៏ពលរដ្ឋដែលកំពុងតែធ្វើដំណើរតាមដងផ្លូវជាមួយនោះបានឲ្យពរគាត់ពីក្រោយជាហូរហែ។ ពួកគេមិនហ៊ានជូនពរនៅចំពោះមុខទេ ព្រោះពួកគេខ្លាចបារមីយសស័ក្ដិម្ចាស់រថយន្តទំនើប
ទាំងនោះ ដោយពួកគេសុខចិត្តជូនពីក្រោយគួរឲ្យពីរោះស្ដាប់ ។ អ្នកខ្លះជូនពរថា «អស់លោកប្រញាប់ទៅងាប់» ។ អស់លោកមានឡានល្អទំនើប តែមានចរិតដូចសត្វ។ ចរិតរបស់អស់លោកមិនថ្លៃថ្នូរដូចជារថយន្តទំនើបទាល់តែសោះ។ល។ និង ។ល។ ដែល
ពេលខ្លះទៀត អ្នកធ្វើដំណើរបានជូនពរដល់ឪពុកម្ដាយរបស់ម្ចាស់រថយន្តទំនើបនោះទៀតផង។ ពិតជាមានកិត្តិយស និងថ្លៃថ្នូរមែនទែន នៅពេលដែលមានគេជូនពរពីក្រោយបែបនេះ។
បើអស់លោក ឧកញ៉ា ឬក៏ឯកឧត្ដមមហាមន្ត្រីដែលស្ថិតនៅក្នុងរថយន្តនោះបានឭ ពួកគាត់ពិតជាសប្បាយចិត្ត ពិសាអាហារបានឆ្ងាញ់ និងសម្រាកបានលក់ស្កប់ស្កល់ជាមិនខាន។ បើពិតជាសប្បាយត្រេកត្រអាលនឹងពរបែបនេះអញ្ចឹងមែន សូមអស់លោកបន្តសកម្មភាពអញ្ចឹងរហូតទៅ!!
ទីពីរគឺការបង្កើនការយល់ដល់ដឹងដល់ពលរដ្ឋចាប់ពីសហគមន៍ឡើងទៅ។ ជាការពិតមានបងប្អូនពលរដ្ឋរបស់យើងមួយចំនួននៅតាមស្រុកស្រែចម្ការមិនបានយល់
ច្បាស់ពីច្បាប់ចរាចរឡើយ។
គាត់តែងតែត្រូវបាននគរបាលចរាចរស្វាគមន៍នៅពេលជិះម៉ូតូចូលមកក្រុងម្ដងៗ។
នៅត្រង់ចំណុចនេះ អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំសង្កាត់ សហគមន៍ និងអង្គការ ស្ថាប័នពាក់ព័ន្ធត្រូវបង្កើនការអប់រំយល់ដឹងដល់ពួកគាត់តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។
ទីបីគឺអប់រំក្នុងចំណោមយុវវ័យ ព្រោះពួកគេជាវ័យឈាមរាវ ហើយភាគច្រើនត្រូវបានគេទទួលស្គាល់
ថា ជាក្រុមអ្នកមិនសូវអនុវត្តច្បាប់ ហើយគ្រោះថ្នាក់តែងតែកើតមានចំពោះពួកគេ។ ដោយសម័យនេះជាសម័យដែលគេយល់ថា ជាសម័យស្រីស្អាតប្រុសស្អាត នោះពួកគេជិះម៉ូតូមិនពាក់ពួកសុវត្ថិភាពទេ ព្រោះពួកគេយល់ថា បើពាក់មួកសុវត្ថិភាពនោះ គឺអ្នកដទៃមិនបានឃើញសម្រស់ដ៏ស្អាត ឃើញម៉ូដសក់ដ៏ទំនើបហាយឡៃពណ៌ទាន់សម័យ
របស់គេទេ ពិសេសក្មេងប្រុសៗដែលស្រឡាញ់ជើងសក់និងទុកវែងៗនោះ។ ពេលខ្លះនៅពេលដួលម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ពួកគេនិយាយថា "ហេងវិញវើយ បែក
តែក្បាល ហើយគ្រាន់តែសន្លប់ធំ តែមិនខូចជើងសក់"! ពិតជាឡូសិកមិនស្គាល់ឋាននរកមែន
ហេតុនេះ ត្រូវបង្កើនការអប់រំយល់ដឹងពីច្បាប់ចរាចរណ៍នេះ ហើយត្រូវតែធ្វើជាប្រចាំដល់យុវវ័យនៅតាមសាលារៀន។
ទាំងអស់គ្នា គឺទាំងក្មេងទាំងចាស់ ទាំងអ្នកមានទាំងអ្នកក្រ ទាំងអ្នកក្រុងទាំងអ្នកស្រែចម្ការ ទាំងអ្នកតូចទាំងអ្នកធំត្រូវរួមគ្នាមានស្មារតីម្ចាស់ការ មានចិត្តសន្ដោសប្រណី មានសេចក្ដីករុណាយោគយល់ និងគោរពច្បាប់ចរាចរណ៍ នៅក្នុងការបើកបរ ពិសេសកាន់តែយកចិត្តទុកដាក់នៅក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ
នេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលជាសេចក្ដីសុខរបស់យើងទាំងអស់គ្នា។ ត្រូវប្រយ័ត្នស្មារតីឲ្យបានខ្ពស់ក្នុងការបើកបរ កុំបើកបរនៅពេលស្រវឹង កុំបើកបរលឿនពេក ត្រូវមើលឆ្វេងមើលស្ដាំ មើលមុខមើលក្រោយ មើលភ្លើងសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ឲ្យបានយកចិត្តទុកដាក់មុននឹងទៅ ហើយជិះទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ពេលនៅពេលបើកបរ។
ម្យ៉ាងទៀត ដើម្បីសុវត្ថិភាពទាំងអស់គ្នា យើងត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ
ទាំងអ្នកជិះជាមួយ។ ត្រូវប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ ព្រោះទេព្ដាឆ្នាំថ្មីនេះចូលចិត្តសោយលោហិតផង


ប្រព័ន្ធផ្សព្វផ្សាយមានប្រសិទ្ធភាព អប់រំពីមេរោគអេដស៍

រាជធានីភ្នំពេញ៖ យោងរាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី៧ មេសា របស់ BBC World Service
Trust បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់ព័ត៌មាន
ស្ដីពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់ស្រទាប់យុវវ័យនៅក្នុងប្រទេសកម្ពុជា។
នេះជាអ្វីដែលអង្គការBBC World Service trustបញ្ជាក់ក្នុងរបាយការណ៍ថ្មី
របស់ខ្លួនដែលធ្វើការអង្កេតទោលើកម្រិតនៃចំណេះដឹង
ឥរិយាបថ និងការប្រព្រឹត្តិក្នុងចំណោមអ្នកដែលមានអាយុចាប់ពី ១៥ឆ្នាំដល់២៩ឆ្នាំ។
ការអង្កេតនេះបានធ្វើឡើងដោយក្រុមសិក្សា និងស្រាវជ្រាវរបស់អង្គការ BBC World Service
Trust ដោយផ្ដល់ព័ត៌មានពីឥរិយាបថរបស់យុវវ័យកម្ពុជាទៅលើបញ្ហាផ្លូវភេទ និងការទប់ស្កាត់ការចម្លងនៃមេរោគអេដស៍ ហើយក៏រកឃើញពីសកម្មភាពផ្លូវភេទជាទូទៅនានា។ របាយការណ៍នេះក៏បង្ហាញផងដែរនូវការរីករាលដាលចំពោះការគាំទ្ររបស់សង្គមក្នុងការ
ពិភាក្សា
ពីបញ្ហាផ្លូវភេទ គ្រោះថ្នាក់នៃមេរោគអេដស៍ និងជំងឺអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ។
បើទោះជាមានរបាយការណ៍ពីការប្រើប្រាស់ស្រោមអនាម័យជាសកលជាមួយអ្នករកស៊ី
ផ្លូវភេទ ក៏ការស្រាវជ្រាវបានរកឃើញនូវការបារម្ភដែលមានភាពផ្ទុយគ្នារវាងអត្រាខ្ពស់ នៃការយល់ដឹងពីការប្រើប្រាស់ស្រោមអនាម័យសម្រាប់ការពារមេរោគអេដស៍
និងជំងឺអេដស៍ ប៉ុន្តែអត្រាទាបក្នុងការប្រើប្រាស់ស្រោមអនាម័យក្នុងចំណោមគូស្វាមីភរិយា និងទំនាក់ទំនងដៃគូសង្សារ។ ការប្រើប្រាស់ស្រោមអនាម័យជាប្រចាំគឺមានជាច្រើនក្នុងចំណោមក្រុមបុរសជាងក្រុមស្ត្រី និងជាមួយអ្នករកស៊ីផ្លូវភេទ។ «មានការងារជាច្រើនដែលត្រូវធ្វើដើម្បីលើកកម្ពស់ការប្រព្រឹត្តិដោយសុវត្ថិភាពក្នុងចំណោម
ទំនាក់ទំនង «គូសង្សារ» ដែល៣៥% ក្នុង
ចំណោមអ្នកឆ្លើយសំណួរទាំងអស់មិនប្រើស្រោមអនាម័យជាប្រចាំទេ» នេះជាប្រសាសន៍
លោកឆាលស៍ ហាមីលតុន ប្រធានគម្រោងអង្គការ BBC World Service Trust។ លោកបានបន្ថែមទៀតថា ការប្រព្រឹត្តិរបស់បុរស និងស្ត្រីគឺខុសយ៉ាងខ្លាំង។ តែទោះបីយ៉ាងណាពួកយើងពិតជារីករាយណាស់ដែលរកឃើញថា ស្ត្រីវ័យក្មេងមួយភាគធំនិយាយអំពីការរួមភេទ ស្រោមអនាម័យ។
ការពិភាក្សាពីប្រធានបទទាំងនេះ មិននាំឲ្យពួកគេធ្វើខុសប្រពៃណីខ្មែរនោះទេ។ នេះជាការទទួលខុសត្រូវរបស់យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីឆ្លើយតបចំពោះការផ្លាស់ប្ដូរឥរិយាបថទាំងនេះ ដែលផ្ដល់នូវការប្រាស្រ័យទាក់ទង
ដែលត្រឹមត្រូវ ិងមានប្រសិទ្ធភាពដើម្បីលើកកម្ពស់ការប្រព្រឹត្តដោយសុវត្ថិភាពហើយលទ្ធផល
ទាំងនេះ ឆ្លុះបញ្ចាំងពីឥរិយាបថ និងបទពិសោធន៍របស់ប្រជាជនកម្ពុជា។ ការក្រោកឡើងដោះស្រាយបញ្ហានាពេលបច្ចុប្បន្ននេះនឹងទប់ស្កាត់ការរាលដាលថ្មីនាថ្ងៃស្អែក។ សារសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្ដល់ព័ត៌មានស្ដីពីមេរោគអេដស៍ ត្រូវបានបញ្ជាក់ដោយការកើនឡើងជាប្រចាំនូវប្រិយមិត្តទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីពិ
ភាក្សាតាមវិទ្យុទាំង៣របស់អង្គការ BBC World Service Trust ដើម្បីពិភាក្សាពីសុខភាពផ្លូវ
ភេទ ហើយក្នុងចំណោមអ្នកចូលរួមឆ្លើយសំណួរជាច្រើនក៏បានរំលឹកពីស៉្បតទូរទស្សន៍ខ្លីៗ
ដែលអង្គការបានចាក់ផ្សាយ។
លោក ប៊ី រតនា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់អង្គការ BBC World Service Trust បានលើកឡើង
ថា «ពួកយើងបានរកឃើញថា យុទ្ធនាការផ្សព្វផ្សាយ ជាពិសេសការប្រើប្រាស់ប្រព័ន្ធសារព័ត៌មាន
ចម្រុះ គឺមានប្រសិទ្ធភាពខ្ពស់ ក្នុងការបញ្ជូនព័ត៌មានពីការទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍តាមរយៈមធ្យោបាយជាច្រើនដែលអាចទាក់ទាញ និងផ្សារភ្ជាប់ជាមួយទស្សនិកជន»។ "មានភាពខុសគ្នាគួរឲ្យកត់សម្គាល់នៅក្នុងការប្រើប្រាស់ស្រោមអនាម័យរវាងអ្នកដែលធ្លាប់ទទួល
ព័ត៌មាន តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបស់អង្គការ BBC World Service Trust និងអ្នកដែលមិនដែលចូលរួម»។ ទិន្នន័យសារព័ត៌មានថ្មីដែលមាននៅក្នុងរបាយការណ៍នេះក៏ផ្ដល់ផងដែរនូវលទ្ធភាពសម្រាប់
ឆ្លើយតបចំពោះមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រព័ន្ធផ្សព្វផ្សាយដែលកំពុងតែមានការផ្លាស់
ប្ដូរ ដោយអត្រាអ្នកទស្សនាទូរទស្សន៍ខ្ពស់ ស្ថានីយវិទ្យុជាច្រើនបានបង្កើតឡើង ហើយ
ស្ទើរតែទាំងអស់គ្នាអាចប្រើប្រាស់ទូរស័ព្ទបាន និងការរីកចម្រើនក្នុងការប្រើប្រាស់អ៊ីធើរណេត។
អង្គការ BBC World Service Trust បានចាប់បដិសន្ធិ និងប្រតិបត្តិការការងារនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៣ មក។
របាយការណ៍ នេះស្ថិតនៅដំណាក់កាលទី២នៃការស្រាវជ្រាវប្រចាំឆ្នាំទាំង៣ ដែលជាផ្នែកមួយនៃគម្រោងរយៈ៣ឆ្នាំ ដោយផ្ដោតសំខាន់លើការការពារចំលងមេរោគអេដស៍តាមរយៈការផ្លាស់ប្ដូរឥរិយាបថ
ប្រាស្រ័យទាក់ទងដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ទស្សនិកជនគោលដៅសម្រាប់ព័ត៌មានមេរោគអេដស៍ និងជំងឺអេដស៍សំដៅលើយុវវ័យខ្មែរ (អាយុពី១៥ដល់២៩ឆ្នាំ) ដែលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍។
របាយការណ៍អង្កេតសម្រាប់ឆ្នាំ២០០៩នេះ បានធ្វើការជួបសម្ភាសន៍ជាមួយយុវវ័យខ្មែរចំនួន ១.៣៦៨នាក់ (អាយុពី១៥ដល់២៩ឆ្នាំ) ដើម្បីកត់ត្រាពីការយល់ដឹងពី ឥរិយាបថ និងការប្រព្រឹត្តិ
លើបញ្ហាផ្លូវភេទ មេរោគអេដស៍ ការប្រើប្រាស់ស្រោមអនាម័យ អ្នកផ្ទុកមេរោគអេដស៍ និងក្រុមបុរសស្រលាញ់បុរស (MSM)។ ទិន្នន័យដែលប្រមូលបាន គឺធ្វើនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត-ក្រុងទាំង៥រួមមាន កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំ បាត់ដំបង និងសៀមរាប។ ទិន្នន័យទាំងនេះធ្វើនិងវិភាគឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់អង្គការ BBC World Service
Trust រួមជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។
គម្រោងបច្ចុប្បន្ននេះបានចាប់ផ្ដើមនាខែតុលា ឆ្នាំ២០០៦ និងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០០៩ ដែលឧបត្ថម្ភថវិកាដោយមូលនិធិសាកលប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់ជុំវិញ៕


វិធីបញ្ចៀសគ្រោះអាក្រក់ ទទួលយកជោគល្អ

ឆ្នាំឆ្លូវ : វិធីបញ្ចៀសគ្រោះអាក្រក់ ទទួលយកជោគល្អ
ឆ្នាំជូត
ក្នុងឆ្នាំនេះដោយសារតែបញ្ហាសុខភាពមិនសូវល្អជា ព្រមទាំងឧស្សាហ៍មានជំងឺឈឺថ្កាត់បន្តិចបន្តួចមករំខាននោះ ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ ដូច្នេះដើម្បីធ្វើឲ្យសុខភាពរឹងប៉ឹងឡើងវិញ លោកអ្នកគួរគប្បីពាក់គ្រឿងថ្មយក់(ហ្គិច)។
ឆ្នាំឆ្លូវ
ក្នុងឆ្នាំនេះ ដោយសារតែរាសីកំណើតជាន់លើឆ្នាំកំណើតខ្លួនឯងនោះ ទើបមានការបំពានលើទេវតាឆ្នាំថ្មី ដែលមានការប្រែប្រួលច្រើន។ ដូច្នេះសំខាន់បំផុត លោកអ្នកត្រូវចេះធ្វើពិធីសក្ការសែនព្រេន ឬសំពះទេវតាឆ្នាំថ្មី ដើម្បីកាត់បន្ថយគ្រោះអាក្រក់។ បន្តមកទៀត លោកអ្នកនឹងបានជួបគ្រោះហូរឈាមដូច្នេះយកល្អ ដំបូងត្រូវដុសលាងធ្មេញ ឬធ្វើការផ្ដល់ឈាម ដើម្បីបញ្ចៀសគ្រោះថ្នាក់អាក្រក់។
ឆ្នាំខាល
ក្នុងឆ្នាំនេះជោគរាសីឡើងខ្ពស់ត្រដែត។ ដូច្នេះទោះជាបានប្រកបកិច្ចការងារអ្វីក៏ដោយ ក៏អាចដំណើរការបានស្រួលដែរ ព្រមទាំងមានទំនាក់ទំនងល្អជាមួយមនុស្សផងទាំងឡាយ។ ប៉ុន្តែរាល់ទំនាក់ទំនងល្អ ឬអាក្រក់អាស្រ័យទៅលើមូលហេតុនៃការអភិវឌ្ឍ។ ដូច្នេះលោកអ្នកគួរគប្បីពាក់គ្រឿងអលង្ការគ្រីស្តាល់ពណ៌ផ្កាឈូក ដើម្បីពង្រឹងជោគទំនាក់ទំនងកាន់តែខ្លាំងក្លា។
ឆ្នាំថោះ
ក្នុងឆ្នាំនេះ លោកអ្នកពុំមានផ្កាយជោគល្អជួយជ្រោមជ្រែងឡើយ ហើយសម្បូរទៅដោយផ្កាយគ្រោះអាក្រក់ដែលមានឥទ្ធិពលដល់សេចក្ដីសុខសាន្តនៅក្នុងគ្រួសារ។ ដូច្នេះលោកអ្នកត្រូវសំងំស្ងៀម និងមិនត្រូវបញ្ចេញសកម្មភាពខ្លាំងក្លាពេកទេ និងខិតខំកាត់បន្ថយនូវភាពប្រែប្រួល។ រីឯនៅក្នុងគ្រួសារគឺត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្សចាស់ទុំ។ ហេតុនេះនៅទិសខាងជើងក្នុងគេហដ្ឋាន គួរគប្បីព្យួរសម្បកផ្លែឃ្លោកមួយផ្លែ ដើម្បីជួយកាត់បន្ថយឥទ្ធិពលផ្កាយរោគាពាធ។
ឆ្នាំរោង
ក្នុងឆ្នាំនេះ ដោយសារស្ត្រីភេទដែលកើតក្នុងឆ្នាំរោងមានផ្កាយព្រះចន្ទជួយជ្រោមជ្រែង ទើបមានអំណោយផលល្អដល់កិច្ចការងារ និងមានទឹកចិត្តជ្រះថ្លា។ ក្រៅពីនេះផ្កាយព្រះចន្ទក៏ផ្ដល់ជោគវាសនាល្អសម្រាប់អ្នកដែលកើតឆ្នាំរោងទូទៅផងដែរ។ ដូច្នេះដើម្បីឲ្យជោគរាសីកាន់តែថ្កុំថ្កើងរុងរឿងនោះគឺក្នុងឆ្នាំនេះ គួរគប្បីអុចធូបនៅពីលើរានទេវតា។
ឆ្នាំម្សាញ់
ក្នុងឆ្នាំនេះលោកអ្នកងាយជួបនឹងគ្រោះអាក្រក់ផ្សេងៗ។ ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទងាយជួបនឹងគ្រោះថ្នាក់ចរាចរ។ ដើម្បីជួយកាត់បន្ថយឥទ្ធិពលគ្រោះថ្នាក់អាក្រក់ គឺនៅចំទិសឦសានក្នុងគេហដ្ឋាន គួរគប្បីដាក់អំពូលភ្លើងពណ៌ក្រហមតូចៗមួយខ្សែ។
ឆ្នាំមមី
ក្នុងឆ្នាំនេះជោគស្នេហាឡើងខ្ពស់ត្រដែត។ ដូច្នេះបើចង់ស្វែងរកគូស្នេហ៍ឲ្យបានដូចបំណងប្រាថ្នា គឺនៅចំទិសខាងលិច និងខាងជើង ក្នុងគេហដ្ឋានអាចដាក់តាំងផ្កាពណ៌ស្រស់ៗឲ្យបានច្រើន តែបើចង់កាត់បន្ថយភាពពុះកញ្ជ្រោល ត្រូវដាក់តាំងដុំក្រួសចំនួន៨ដុំ។
ឆ្នាំមមែ
ឆ្នាំនេះជោគរាសីរបស់លោកអ្នកមានការប្រែប្រួលពុំទៀងទាត់ឡើយ។ ដូច្នេះសំងំនៅស្ងៀម និងមិនត្រូវធ្វើសកម្មភាពដោយខ្លាំងក្លាពេកទេ។ លោកអ្នកអាចសាកល្បងអ្វីដែលជាកិច្ចការងារថ្មី រើទីលំនៅ ចេញទៅប្រកបកិច្ចការងារនៅក្រៅប្រទេស ឬធ្វើដំណើរកម្សាន្ត។ បើទោះជាពុំមានគំនិតគិតគូរដល់ការផ្លាស់ប្ដូរទីលំនៅទេនោះ លោកអ្នកអាចធ្វើការជួសជុល ឬក៏ទិញប្រដាប់ប្រដាថ្មីៗសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះក៏បានដែរ ដើម្បីជួយកាត់បន្ថយគ្រោះអាក្រក់។
ឆ្នាំវក
ក្នុងឆ្នាំនេះជោកទ្រព្យរបស់លោកអ្នកមានភាពថ្កុំថ្កើងរុងរឿង គឺមិនថាតែទ្រព្យបានមកពីការប្រកបកិច្ចការងារ ឬទ្រព្យដែលបានមកពីការបណ្ដាក់ទុនរកស៊ីប៉ុណ្ណោះទេ សុទ្ធតែធ្លាក់ដល់ដៃអ្នកទាំងអស់។ ម៉្យាងទៀត ប្រសិនបើចង់បង្កើនជោគទ្រព្យឲ្យកាន់តែខ្លាំងក្លាក្នុងឆ្នាំនេះ លោកអ្នកគួរគប្បីពាក់គ្រឿងគ្រីស្តាល់ពណ៌លឿង ព្រោះអាចជួដល់ការបង្កើនជោគការងារទៀតផង។
ឆ្នាំរកា
ក្នុងឆ្នាំនេះលោកអ្នកនឹងទទួលបាននូវការគាប់ចិត្តពីទេវតាឆ្នាំថ្មី ហើយទោះជាបានជួបការប្រែប្រួលក្ដី ក៏រមែងតែទទួលបានជោគជ័យទាំងអស់។ ក្នុងឆ្នាំនេះលោកអ្នកអាចដាំដើមឫស្សីថ្លៃថ្នូរចំនួន៤ដើម នៅចំទិសខាងត្បូងក្នុងគេហដ្ឋានព្រោះមានសង្ឃឹមថាអាចឡើងបុណ្យស័ក្ដិ និងបង្កើនប្រាក់បៀវត្សរ៍។
ឆ្នាំច
ក្នុងឆ្នាំនេះ លោកអ្នកមានទុកទោសពៃរ៍ជាមួយទេវតាឆ្នាំថ្មី។ ដូចច្នេះត្រូវរៀបចំលក្ខណៈទុកសម្រាប់ទប់ទល់នូវអ្វីៗដែលមានការប្រែប្រួលច្រើន។ ចំពោះជីវភាពរស់នៅក៏សម្បូរទៅដោយរឿងរកាំរកូសជាច្រើនដែរ។ រីឯមុខជំនួញជួញដូរ អាចជួបនឹងឧបសគ្គច្រើន។ ដូច្នេះក្នុងឆ្នាំនេះ លោកអ្នកគួរគប្បីចូលរួមក្នុងពិធីសប្បាយរីករាយឲ្យបានច្រើន ដូចជា ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ពិធីចម្រើនអាយុ ឬពិធីជប់លៀងផ្សេងៗ។
ឆ្នាំកុរ
ក្នុងឆ្នាំនេះថ្វីត្បិតតែជោគរាសីរបស់លោកអ្នកល្អប្រសើរជាងឆ្នាំមុនក្ដី ប៉ុន្តែក្នុងឆ្នាំនេះគឺអាចចេញទៅរកស៊ីក្រៅផ្ទះ និងធ្វើដំណើរឲ្យបានច្រើន។ ដាច់ខាតមិនត្រូវសំងំស្ងៀមឡើយ លោកអ្នកត្រូវមានគំនិតផ្ដួចផ្ដើមចេញទោប្រកបការងារនៅខាងក្រៅ ព្រោះអាចប្រមូលបានផលកម្រៃត្រឡប់ចូលផ្ទះ។ ក្រៅពីនោះនៅចំទិសពាយ័ព្យក្នុងការិយាល័យ ឬក្នុងគេហដ្ឋាន លោកអ្នកអាចដាក់តាំងគ្រឿងសម្ភារៈរូបសះ៕


Sunday, April 5, 2009

ហេតុផល៦យ៉ាង ដែលអ្នកត្រូវទទួលទានផ្លែប៉ោម

ហេតុផល៦យ៉ាង ដែលអ្នកត្រូវទទួលទានផ្លែប៉ោម
១- ធ្វើឲ្យញញឹមស្រស់
ថ្វីបើផ្លែប៉ោមមិនបានធ្វើការសម្អាតធ្មេញរបស់អ្នកផ្ទាល់ក្ដី ប៉ុន្តែវាក៏អាចការពារធ្មេញពុក
បានដែរ ពីព្រោះការខាំ និងទំពាផ្លែប៉ោម ជួយជំរុញការផលិតទឹកមាត់ ធ្វើឲ្យបាក់តេរីក្នុងមាត់ត្រូវបានកាត់បន្ថយ ដែលកត្តានេះក៏បានជួយកាត់បន្ថយឱកាសកើតធ្មេញពុកបានមួយផ្នែកផងដែរ។
២- ភ្ញោចខួរក្បាល
ទទួលទានផ្លែប៉ោមមួយថ្ងៃមួយផ្លែជួយឲ្យអ្នកមានការចងចាំបានល្អ ពីព្រោះគេបានធ្វើការពិសោធន៍ហើយថា សារធាតុឃ្វើស៊ីទីន (សារធាតុប្រឆាំងរ៉ាឌីកាល់សេរីមួយប្រភេទ) ក្នុងសម្បកផ្លែប៉ោមអាចការពារកោសិកាខួរក្បាលពីការត្រូវបំផ្លាញបានយ៉ាងមានប្រសិទ្ធភាព
ជាងវីតាមីន C ទៅទៀត។
៣- ជួយការពារជំងឺមហារីកក្រុមអ្នកស្រាវជ្រាវ
ពីសាកលវិទ្យាល័យឃ័រនេលបានឲ្យដឹងថា សារធាតុត្រៃថឺភីណយក្នុងសម្បកប៉ោម អាចជួយទប់
ស្កាត់ការលូតលាស់ នៃកោសិកាមហារីកក្នុងថ្លើមពោះវៀនធំ និង សុដន់បានយ៉ាងប្រសើរ។ លទ្ធផលនៃការស្រាវជ្រាវថ្មីៗនេះរបស់ឃ័រនេល ក៏បានរកឃើញផងដែរថា សារធាតុចម្ងាញ់ពីផ្លែប៉ោមក៏ជួយកាត់
បន្ថយចំនួន និងទំហំនៃសាច់ដុំក្នុងសុដន់របស់សត្វកណ្ដុរ ដែលគេយកមកធ្វើតេស្តបានផងដែរ។
៤- ជួយលាងសម្អាតសរសៃឈាម
ការស្រាវជ្រាវនៅប្រទេសបារាំងកាលពីពេលថ្មីៗនេះបានរកឃើញថា ផ្លែប៉ោមមានគុណសម្បត្តិក្នុងការការពារ
បេះដូង និងសរសៃឈាមដូចក្នុងទំពាំងបាយជូរដែរ។ ផ្លែឈើទាំងពីរប្រភេទនេះ គឺសុទ្ធតែមានសារធាតុហ្វីណលជាសមាសធាតុផ្សំ។ ហេតុដូច្នេះបើអ្នកបានទទួលទានវាក្នុងរយៈពេលយូរ វានឹងជួយកាត់បន្ថយការប្រមូលផ្ដុំ នៃជាតិខ្លាញ់ត្រង់ភ្នាសសរសៃឈាមបានយ៉ាងល្អ។ ជាងនេះទៅទៀតបើអ្នកយកវាទៅក្រឡុកធ្វើជាទឹកប៉ោម ឬទឹកទំពាំងបាយជូរនោះ រាងកាយក៏កាន់តែស្រូបយកសារធាតុប្រឆាំងរ៉ាឌីកាល់សេរីក្នុងផ្លែឈើទាំងអស់នេះទៅ
ប្រើបានកាន់តែល្អ។
៥-ជួយឲ្យនៅឆ្ងាយពីគ្រូពេទ្យ
អ្នកដែលទទួលទានផ្លែប៉ោម ឬ ទឹកផ្លែប៉ោមជាប្រចាំ គឺមានអត្រាប្រឈមចំពោះជំងឺដុះក្បាល
ពោះ ឬ Metabolic Syndrome ទាបជាងមនុស្សទូទៅ២៧ភាគរយ ថែមទាំងមានរង្វង់ចង្កេះតូច
ជាងនិង សម្ពាធឈាមទាបជាងផងដែរ។
៦- ជួយកាត់បន្ថយការប្រឈមនៃជំងឺទឹកនោមផ្អែម
ស្ត្រីដែលទទួលទានផ្លែប៉ោមយ៉ាងហោចណាស់មួយផ្លែ គឺមានអត្រាប្រឈមចំពោះជំងឺទឹកនោមផ្អែមប្រភេទទី២ទាបជាងស្ត្រីដែលមិនបានទទួល
ទាន ពីព្រោះផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃដែលរលាយក្នុងទឹក ដែលជាបេះដូងសំខាន់ក្នុងការការពារកុំឲ្យកម្រិតជាតិស្ករនៅក្នុងឈាមលំអៀងច្រើនពេក។ ផ្លែប៉ោមធុនកណ្ដាល
មួយផ្លែ ផ្ដល់ជាតិសរសៃ៤ ក្រាម ដែលភាគច្រើនជាងភេកធីន (Pectin) ដែលជួយកាត់បន្ថយកូឡេសស្តេរ៉ូលក្នុងឈាមបានផងដែរ៕


Saturday, April 4, 2009

វិបត្តិពិភពលោកនាំឲ្យមានការផ្ដោតជាថ្មី

វិបត្តិពិភពលោកនាំឲ្យមានការផ្ដោតជាថ្មីសម្រាប់របាយការណ៍កំណើននៅកម្ពុជា
លោក ស្ទេហ្វាន់ ហ្គឹមប៊ែរ អ្នកសេដ្ខកិច្ចជាន់ខ្ពស់នៃធនគារពិភពលោកប្រចាំនៅកម្ពុជា ។ ធនាគារពិភពលោកទើបបានបញ្ចប់របាយការណ៍មួយមានចំណងជើងថា រក្សាកំណើនលឿន
ក្នុងបរិស្ថានដ៏លំបាកមួយ ។
ព្រឹត្តិបត្រព័ត៌មានធនាគារពិភពលោកធ្វើបទសម្ភាសន៍ជាមួយលោកស្ទេហ្វាន់ហ្គីមប៊ែរ
Stephane Guimbert) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំប្រទេសនិងជាអ្នកសរសេររបាយការណ៍នេះ ។

កោះសន្តិភាពសូមបន្តចុះផ្សាយបទសម្ភាសន៍នេះដោយដកស្រង់ចេញពីព្រឹត្តិបត្រព័ត៌ំំំមាន WB
ចេញផ្សាយខែមីនា ឆ្នាំ២០០៩សំណួរ៖ ហេតុអ្វីបានជាធនាគារពិភពលោកចាប់អារម្មណ៍លើប្រធានបទនេះ?
ចម្លើយ៖ ចំណាប់អារម្មណ៍របស់យើងលើការពិភាក្សាប្រភពនៃកំណើន គឺផ្អែកលើបទពិសោធន៍របស់យើងនៅក្នុងប្រទេសជាច្រើនដែលនៅទីនោះ កំណើនសេដ្ឋកិច្ច
គឺជាកត្តានាំមុខចម្បងសម្រាប់កាត់បន្ថយភាពក្រីក្រ ហើយប្រទេសកម្ពុជាក៏មានលក្ខណៈអ៊ីចឹងដែរ។ ប្រទេសកម្ពុជាសម្រេចបានជាស្នាដៃយ៉ាងល្អប្រសើរក្នុងសតវត្សកន្លងទៅនេះ។ មានការពិភាក្សាថា កំណើនសេដ្ឋកិច្ចឡើងលឿនពេក។ ដូច្នេះក្នុងបរិបទនេះ នៅពេលនោះ
រាជរដ្ឋាភិបាលបានស្នើសុំឲ្យយើងជួយរិះរកវិធីរក្សាកំណើនល្បឿននេះប្រកបដោយនិរន្តរភាព។ យើងបានចាប់ផ្ដើមធ្វើការងារលើប្រធានបទនេះប្រកបដោយនិរន្តរភាព។ យើងបានចាប់ផ្ដើមធ្វើការងារលើប្រធានបទនេះជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងអន្តរជាតិ
នៃចក្រភពអង់គ្លេស (DFID) បារាំង និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
បរិបទសម្រាប់ចំណាប់អារម្មណ៍របស់យើងលើប្រធានបទនេះ បានផ្លាស់ប្ដូរយ៉ាងច្រើន។ នៅពេលយើងចាប់ផ្ដើមការសិក្សានេះនៅដើមឆ្នាំ២០០៨ គេឃើញមានការរីករាយច្រើនអំពីកំណើន
សេដ្ឋកិច្ចដែលសម្រេចបាននៅកម្ពុជាជាមួយកំណើនពីរខ្ទង់ រយៈពេលបួនឆ្នាំជាប់ៗគ្នា វិនិយោគ
បរទេសផ្ទាល់ឈានដល់កម្រិតខ្ពស់បំផុត និងកម្រិតភាពក្រីក្រធ្លាក់ចុះពីជាង៤៥% នៃចំនួន
ប្រជាជនកាលពីពាក់កណ្ដាលទសវត្សរ៍១៩៩០ មកត្រឹម៣០ភាគរយនៅឆ្នាំ២០០៧។

ប្រាំមួយខែក្រោយមក បរិស្ថានក្រៅប្រទេសបានផ្លាស់ប្ដូរយ៉ាងខ្លាំង។ ផ្ទុយពីការរំពឹងរបស់អ្នកសង្កេតការណ៍
ជាច្រើន របកគំហើញដំបូងនៃការសិក្សានេះបង្ហាញថា ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការក្រៅ
ប្រទេស និងវិនិយោគបរទេស៖ ប្រការនេះបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់ប្រទេសនៅក្នុងទសវត្សរ៍កន្លង
ទៅ ប៉ុន្តែពេលនេះធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាទទួលរងហានិភ័យពីវិបត្តិហិរញ្ញវត្ថុពិភពលោក។ ដូច្នេះការវិភាគរបស់យើងបានពិនិត្យមើបញ្ហាបន្ទាន់មួយប្រភេទទៀត៖ បញ្ហាមិនមែនគឺជាការរក្សាកំណើន
លឿនទេ ប៉ុន្តែគឺជាការចាប់ផ្ដើមឡើងវិញនូវកំណើនលឿននៅក្នុងរយៈពេលពីរ-បីឆ្នាំខាងមុខនេះ។
សំណួរ៖ តើការសិក្សានេះមានសារសំខាន់យ៉ាងដូចម្ដេចចំពោះប្រទេសកម្ពុជា?
ចម្លើយ៖ ដូចខ្ញុំបាននិយាយអ៊ីចឹង កំណើនសេដ្ឋកិច្ចជាកត្តានាំមុខដ៏សំខាន់ក្រៃលែងនៃការកាត់បន្ថយ
ភាពក្រីក្រ ដែលមានសារសំខាន់ខ្លាំងចំពោះស្ថានភាពជីវភាពរបស់ប្រជាជនដែលរស់នៅកម្ពុជា។ មានឧទាហរណ៍ជាច្រើនអំពីប្រការដែលកំណើនក្នុងទសវត្សរ៍កន្លងមកបានកែប្រែជីវិតរបស់ប្រជាជន
កម្ពុជាជាច្រើន។ ខ្ញុំសូមជូនឧទាហរណ៍មួយអំពីគ្រួសាររបស់លោក វុធី ដែលរស់នៅចម្ងាយប្រហែល
៣០គីឡូម៉ែត្រខាងលិចក្រុងភ្នំពេញនៅខេត្តកណ្ដាល។ ជាមួយកំណើនរឿងគាត់អាចបើកតូបលក់ទំនិញតូចមួយនៅក្នុងសហគមន៍របស់គាត់។ កំណើននៅក្នុងសហគមន៍របស់គាត់បាននាំមកនូវអតិថិជនកាន់តែច្រើនឡើង ដែលជាហេតុធ្វើឲ្យគាត់លក់ដាច់បានកាន់តែច្រើនឡើង។ កំណើនក៏បាននាំមកនូវផ្លូវថ្នល់មួយផងដែរជូនសហគមន៍របស់គាត់ ហើយគាត់អាចរកចំណេញបន្ថែមទៀតបានដោយសារចំណាយប្រាក់តិចជាងដើម្បីទិញទំនិញ។ នៅពេលនេះជាមួយផលចំណេញនេះ គាត់អាចឲ្យកូនរបស់គាត់ទៅរៀន។ គាត់គិតថា ប្រសិន
បើកំណើនបន្តកើតឡើងដូចនេះ គាត់នឹងអាចបញ្ជូនកូនគាត់ទៅរៀននៅសាកលវិទ្យាល័យ។
កំណើនគឺសំខាន់ក្រៃលែងចំពោះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ គេឃើញមានការសិក្សាជាច្រើន
អំពីបញ្ហានេះ។
ការសិក្សារបស់យើងខ្ញុំព្យាយាមបូកសរុបការសិក្សាមានស្រាប់ និងជួយកំណត់អាទិភាពនានា។
ការសិក្សានេះក៏ផ្អែកផងដែរ លើការស្រាវជ្រាវថ្មីៗពីបទពិសោធន៍របស់ប្រទេសដទៃរួមទាំង
ប្រទេសដែលមានសេដ្ឋកិច្ចងើបឡើងនាពេលថ្មីៗនេះ ដូចជា ចិន ឥណ្ឌា និងវៀតណាម
បាននឹងកំពុងលូតលាស់យ៉ាងលឿន យល់ដឹងឲ្យបានកាន់តែប្រសើរឡើងផងដែរអំពីរបៀបដែលប្រទេស
កម្ពុជាបានរីកចម្រើនយ៉ាងលឿន តើមានមេរៀនអ្វីខ្លះសម្រាប់អនាគត ជាពិសេសនៅក្នុងបរិស្ថានដ៏លំបាក។
សំណួរ៖ តើរបកគំហើញសំខាន់ៗនៃរបាយការណ៍មានអ្វីខ្លះ?
ចម្លើយ៖ យើងបានចងក្រងរបកគំហើញរបស់យើងនៅជុំវិញប្រធានបទចំនួនបី។ ទីមួយ កំណើនលឿន
នៃទសវត្សរ៍កន្លងមក គឺជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយតាមបទដ្ឋានកម្ពុជា ប៉ុន្តែក៏តាមបទដ្ឋានជា
ប្រវត្តិសាស្ត្រផងដែរ បើប្រៀបធៀបជាមួយប្រទេសដទៃ។ ក្នុងរយៈពេលដប់ឆ្នាំកន្លងទៅនេះ អត្រាកំណើន
នៅកម្ពុជាគឺ៩,៣ភាគរយ ដែលគឺជាសមិទ្ធផលប្រសើរបំផុតលំដាប់ទីប្រាំពីរក្នុងចំណោមប្រទេសទាំងអស់
ក្នុងពិភពលោក។ ប៉ុន្តែជាផ្នែកមួយនៃរបកគំហើញទីមួយ យើងក៏បានរកឃើញផងដែរថា សមិទ្ធផលនេះមិនទំនងជាមានចីរភាពទេ។ មួយផ្នែកគឺដោយសារប្រទេសកម្ពុជាទទួលអត្ថប្រយោជន៍ពីបរិស្ថានល្អប្រសើរពិសេសមួយ។ ដូចប្រទេសជាច្រើននៅពេលនោះដែរ ប្រទេសកម្ពុជាលូតលាស់ក្នុងរយៈពេលពិសេសមួយនៃប្រវត្តិសាស្ត្រ
របស់ខ្លួន ដែលនៅក្នុងនោះសន្តិភាព និងស្ថិរភាពបានវិលត្រឡប់មកវិញ។ ម្យ៉ាងទៀត មូលហេតុខ្លះទៀត
នៃកំណើន គឺថានៅក្នុងវិស័យខ្លះគេឃើញមានអភិបាលកិច្ច និងការចាត់ចែងបរិយាកាសវិនិយោគល្អប្រសើរ (វិស័យកាត់ដេរគឺល្បីជាងគេ)។ ជាការពិតណាស់ ប្រសិនបើការចាត់ចែងអភិបាលកិច្ចល្អប្រសើរនេះ មិនត្រូវបានពង្រីកដល់វិស័យដទៃទេ បញ្ហានេះនឹងក្លាយទៅជាឧបសគ្គមួយចំពោះសក្ដានុពលកំណើន
នៃប្រទេសកម្ពុជា។
ទីពីរ លើសពីវិបត្តិបច្ចុប្បន្ននៅក្នុងសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជាមានសក្ដានុពលក្នុងការរកឃើញ
មុខព្រួញថ្មីមួយ ដើម្បីចាប់ផ្ដើមលូតលាស់លឿនជាថ្មីម្ដងទៀត។ ប្រទេសកម្ពុជាមានឧត្ដមភាពប្រៀបធៀបល្អនៅក្នុងវិស័យកម្លាំងពលកម្ម ដីធ្លី បរិស្ថាន និងទីតាំងក្នុងតំបន់។ ដូច្នេះកត្តាទាំងនេះគឺសុទ្ធសឹងជាសក្ដានុពលសម្រាប់កំណើនលឿន ប៉ុន្តែគេចាំបាច់ត្រូវមានកិច្ចប្រឹងប្រែងដែលមានមុខព្រួញច្បាស់លាស់ដើម្បីជំរុញឡើងវិញនៅក្នុងរយៈពេលពីរ-បីឆ្នាំខាងមុខនេះ។ ចង្កោមរបកគំហើញទីបី គឺកាលានុវត្តភាពចំនួនបីដែលយើងគួរបញ្ជាក់នៅក្នុងរបាយការណ៍
នេះ ដើម្បីឲ្យកម្ពុជាចាប់ផ្ដើមលូតលាស់ល្បឿនឡើងវិញ។ កាលានុវត្តភាពទីមួយគឺការទាញយកផលប្រយោជន៍ពីសមាហរណកម្ម និងឋាមភាពតំបន់នៅក្នុងប្រទេសជិត
ខាង និងនៅក្នុងទ្វីបអាស៊ីដ៏ទូលាយ។ កាលានុវត្តភាពទីពីរ គឺធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលល្អ
ប្រសើរ ប៉ុន្តែចាំបាច់ត្រូវគ្រប់គ្រងប្រកបដោយនិរន្តរភាព។ កាលានុវត្តភាពទីបី គឺការវិនិយោគលើអនាគតនៃ
ប្រទេសកម្ពុជា លើប្រជាជនរាមរយៈការអប់រំ និងការថែទាំសុខភាព ក៏ដូចជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
អគ្គិសនី និងទូរគមនាគមន៍ផងដែរ។
សំណួរ៖ តើអនុសាសន៍របស់ធនាគារពិភពលោក ចំពោះរាជរដ្ឋាភិបាលស្ដីពីការដោះស្រាយ បញ្ហាប្រឈម
ទាំងឡាយដែលរបាយការណ៍នេះបានកំណត់មានអ្វីខ្លះ? ចម្លើយ៖
ខ្ញុំសូមលើកឡើងសម្អិតអំពីរបកគំហើញទាំងបី និងអនុសាសន៍ដែលយើងបានផ្ដល់។
អនុសាសន៍ទីមួយ គឺការទាញយកផលប្រយោជន៍ពីទីតាំងរបស់ប្រទេសកម្ពុជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
បានន័យថា កម្ពុជាត្រូវលើកស្ទួយសមត្ថភាពរបស់ខ្លួនដើម្បីធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង និងខិតខំទាក់ទាញវិនិយោគិន ដើម្បីធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីកន្លែងពេញចិត្តសម្រាប់វិនិយោគ។ គេឃើញមានបញ្ហាសម្របសម្រួលមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ។ ឥឡូវនេះកម្ពុជាមានស្តង់ដារតិចតួចណាស់សម្រាប់អាជីវកម្មកសិកម្ម ពោលគឺសង់ដោយអនាម័យ
និងភូតគាមអនាម័យ។ ចំណុចនេះគឺជាឧបសគ្គដ៏ធំមួយចំពោះអ្នកនាំចេញ។ មូលហេតុដែលគេចាំបាច់ត្រូវដោះស្រាយបញ្ហាសម្របសម្រួលនោះគឺដើម្បីធ្វើឲ្យប្រទេសកម្ពុជាអាចទទួល
អត្ថប្រយោជន៍ពីតំបន់។ ចំណុចនេះ គឺជាចង្កោមអនុសាសន៍មួយ។
យើងខ្ញុំមិននិយាយសម្អិតទាំងអស់ទេ អំពីរបៀបដែលចំណុចនេះដំណើរការ។ ប្រការសំខាន់គឺថា វេទិការាជរដ្ឋាភិបាលផ្អែកឯកជនចាំបាច់ត្រូវពិភាក្សាបញ្ហាទាំងនេះ និងកំណត់ឲ្យបានជាក់លាក់
នូវវិធីដោះស្រាយបញ្ហាទាំងនេះ និងវិធីតាមដានការអនុវត្តន៍។
ចង្កោមរបកគំហើញទីពីរ គឺការគ្រប់គ្រងធនធានធម្មជាតិ។ គេឃើញមានករណីល្បីល្បាញច្រើននៃការគ្រប់គ្រងមិនល្អដែលបានកើតឡើងក្នុងរយៈពេលដប់ឆ្នាំ
កន្លងមកនេះ។ ដោយសារចំណុចនេះគឺជាឧត្ដមភាពប្រៀបធៀបរបស់កម្ពុជាត្រូវគ្រប់គ្រងធនធានទាំង
នេះឲ្យបានល្អ។ គេឃើញមានសក្ដានុពលធនធានធម្មជាតិថ្មី ដែលកំពុងកើតឡើងនៅក្នុងឧស្សាហកម្ម
និស្សារណៈទាំងនៅក្នុងវិស័យប្រេងកាត ប្រេង និងឧស្ម័ន និងរ៉ែ ហើយប្រការនេះអាចគឺជាសក្ដានុពល
ដ៏ល្អប្រសើរមួយសម្រាប់កម្ពុជា។ ប៉ុន្តែជាថ្មីម្ដងទៀត វិស័យនេះចាំបាច់ត្រូវគ្រប់គ្រងឲ្យបានសមស្រប និងប្រកបដោយនិរន្តរភាព យផ្ដល់នូវក្របខណ្ឌមួយសម្រាប់ឲ្យវិនិយោគិនមានភាពកក់ក្ដៅក្នុងការធ្វើ
វិនិយោគនៅកម្ពុជា។
ទីបី ប្រទេសកម្ពុជាគប្បីបន្តលើកស្ទួយទេពកោសល្យរបស់ខ្លួន។ ការអប់រំជាមូលដ្ឋាន និងផ្លូវជាតិបានប្រសើរ
ឡើងយ៉ាងច្រើនក្នុងទសវត្សរ៍កន្លងមកនេះ។ គ្រឹះស្ថានឧត្ដមសិក្សាមួយចំនួនកំពុងដំណើរការរោងចក្រអគ្គិសនី កំពុងត្រូវបានសាងសង់ ហើយផ្លូវថ្នល់លំដាប់ទីពីរកំពុងត្រូវបានធ្វើផែនការដែលកិច្ចប្រឹងប្រែងទាំងនេះត្រូវតែបន្ត។ ពេលនេះការយកចិត្តទុកដាក់ជាពិសេសចាំបាច់ត្រូវផ្ដោតលើគុណភាពជាជាងបរិមាណ គុណភាពនៃការអប់រំ គុណភាពនៃផ្លូវថ្នល់ (និងការថែទាំផ្លូវថ្នល់ទាំងនេះ) គុណភាពនៃទូរគមនាគមន៍ និងអគ្គិសនី (និងតម្លៃនៃសេវាកម្មទាំងនេះ)។
ទាំងនេះគឺជាអនុសាសន៍ទាំងបីចង្កោមដែលយើងបានស្នើឡើង។ យើងក៏ទទួលស្គាល់ផលដែរថា នៅមានចំណុចមិនទាន់យល់ដឹងជាច្រើនពាក់ព័ន្ធនឹងរបៀបដែលកំណើនកើតមាននៅកម្ពុជា។ ហេតុនេះអនុសាសន៍របស់យើងត្រូវការការពិភាក្សា និងការវិភាគបន្ថែមទៀត និងចាំបាច់ត្រូវតាមដានមើល
ជាយថាហេតុ។ ការពិភាក្សាចុងក្រោយនៅក្នុងរបាយការណ៍ គឺផ្ដោតនៅជុំវិញបញ្ហាប្រឈមចំនួនបីដែលយើង
យល់ថា មានសារសំខាន់ខ្លាំងសម្រាប់អនាគតនៃប្រទេសកម្ពុជា។ យើងមិនអាចពិនិត្យមើលគ្រប់បញ្ហាទាំងអស់
ទេ ប៉ុន្តែយើងយល់ថាបញ្ហាប្រឈមទាំងបីនេះត្រូវការការយកចិត្តទុកដាក់ច្រើនថែមទៀត។ បញ្ហាទីមួយគីបញ្ហាន
គរូបនីយកម្ម ដោយសារប្រទេសទាំងអស់ក្នុងពិភពលោក ដែលបានលូតលាស់លឿន សុទ្ធតែបានអភិវឌ្ឍន៍ទី
ក្រុងរបស់ខ្លួន ហើយប្រទេសកម្ពុជាក៏មានលក្ខណៈដូចគ្នាអ៊ីចឹងដែរ។ ប្រការនេះតម្រូវឲ្យមានការរៀបចំផែនការជា
ច្រើន ដើម្បីធ្វើឲ្យនគរូបនីយកម្មដើរលើផ្លូវត្រូវ។ បញ្ហាប្រឈមទី២ គឺបញ្ហាវិសមភាព។ ជាថ្មីម្ដងទៀត ប្រទេស
ទាំងអស់ដែលបានលូតលាស់លឿន សុទ្ធតែទទួលបានជោគជ័យក្នុងការចៀសវាងកំណើនវិសមភាពលឿន។ នៅក្នុងរយៈពេល ២ ឬ៣ឆ្នាំចុងក្រោយនេះ គេឃើញមានកំណើនវិសមភាពបែបនេះនៅកម្ពុជា ដែលគឺជាការ
ព្រួយបារម្ភ ហើយគោលនយោបាយគប្បីត្រូវបានរៀបចំ និងពិភាក្សា ដើម្បីជៀសវាង
កុំឲ្យនិន្នាការបែបនេះបន្តនៅក្នុងអនាគត។ បញ្ហាប្រឈមទី៣ ដែលទាក់ទិនដោយឡែកទៅនឹងការ
គ្រប់គ្រងធនធានធម្មជាតិ គឺជាបញ្ហាបរិស្ថាន។ កម្ពុជានឹងជួបប្រទះបញ្ហាប្រឈមនៃការផ្លាស់ប្ដូរអាកាសធាតុដូចប្រទេសដទៃទៀតដែរ ប៉ុន្តែកំណើនលឿនក៏បង្កើតបញ្ហារបស់វាខ្លួនឯងដែរ។ ហេតុដូច្នេះ បញ្ហាប្រឈមទាំងនេះចាំបាច់ត្រូវគ្រប់គ្រងឲ្យបានសមស្រប និងប្រកបដោយនិរន្តរភាព។
សំណួរ៖ តើធនាគារពិភពលោកត្រៀមធ្វើអ្វីខ្លះ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការជម្នះបញ្ហាប្រឈមទាំងនេះ?
ចម្លើយ៖ ដូចខ្ញុំបាននិយាយខាងដើមអញ្ចឹង គោលបំណងចម្បងរបស់យើងក្នុងការរៀបចំរបាយការណ៍នេះ គឺដើម្បីជួយរាជរដ្ឋាភិបាល អ្នកធ្វើសេចក្ដីសម្រេចចិត្ត ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត រួមទាំងវិនិយោគិន ឲ្យបានយល់ដឹងកាន់តែប្រសើរឡើងអំពីកិច្ចដំណើរការនៃកំណើននៃកម្ពុជា និងថាកម្ពុជា
មានសក្ដានុពលសម្រាប់លូតលាស់ថែមទៀតនាពេលអនាគត និងជួបប្រទះ
ផងដែរនូវបញ្ហាប្រឈមមួយចំនួនដែលចាំបាច់ត្រូវដោះស្រាយ។ ដូច្នេះនៅពេលនេះ វិភាគទាន
ទីមួយហួសពីរបាយការណ៍នេះ គឺការពិភាក្សារបាយការណ៍នេះនៅតាមទីកន្លែងផ្សេងៗជាមួយក្រុមផ្សេងៗ។ លើសពីនេះទៀត របាយការណ៍នេះ គឺសំខាន់ក្រៃលែង
សម្រាប់ដឹកនាំការវិភាគរបស់យើងលើផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុពិភពលោកនាពេលថ្មីៗនេះ។ វាផ្ដល់នូវការយល់ដឹងស៊ីជម្រៅអំពីចំណុចគន្លឹះទាំងឡាយនៃវិធានការឆ្លើយតបទៅនឹងវិបត្តិនេះរួមមាន ចំណុចទាំងឡាយនៃវិធានការឆ្លើយតបផ្នែកម៉ាក្រូសេដ្ឋកិច្ច ការវិភាគលើនិន្នាការវិស័យហិរញ្ញវត្ថុ តួនាទីដ៏សំខាន់នៃវិស័យកសិកម្មក្នុងរយៈពេលខ្លី កត្តាសំខាន់បំផុតនៃប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម និងសារសំខាន់នៃការពន្លឿនកំណែទម្រង់បទប្បញ្ញត្តិ ដើម្បីរក្សាភាពប្រកួតប្រជែង។ ចំណុចពីរនៃចំណុចទាំងនេះនឹងត្រូវបានជ្រើសរើសយកនៅក្នុងប្រតិបត្តិការរបស់យើងនៅក្នុងវិស័យកសិកម្ម និងសំណាញ់សុវត្ថិភាពសង្គម។យើងនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលដើម្បីរិះរកកាលានុវត្តភាពផ្សេង
ទៀតដើម្បីជួយគាំទ្រដល់ការអនុវត្តអនុសាសន៍ទាំងនេះ ក៏ដូចជាកំណត់ថាតើយើង និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតអាចជួយបាននៅត្រង់ណានៅក្នុង
ការអនុវត្ត៕

ក្មេងស្រីអាយុ ៧ ឆ្នាំ ដែលលោកតាអាយុ ៦៤ ឆ្នាំរំលោភ

ក្មេងស្រីអាយុ ៧ ឆ្នាំ ដែលលោកតាអាយុ ៦៤ ឆ្នាំរំលោភដឹកចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់
មនុស្សជាច្រើនមានការហួសចិត្តនិង ខឹងសម្បាយ៉ាងខ្លាំងដោយបានឮព័ត៌មានអាក្រក់មួយ
ដែលថា តាចាស់អាយុហុកសិបបួនឆ្នាំចាប់រំលោភក្មេងអាយុប្រាំពីរឆ្នាំនៅក្នុងទឹករហូតដល់
ត្រូវដឹកមកកាន់មន្ទីរពេទ្យគន្ធបុប្ផា នៅទីក្រុងភ្នំពេញដើម្បីសង្គ្រោះបន្ទាន់។
គ្រូពេទ្យនិយាយថា កុមារីហូរឈាមខ្លាំងពេកធ្លាក់ដល់ស្ថានភាពពិបាកព្យាបាល ។
ក្នុងសភាពស្លេកស្លាំង ដៃម្ខាងជាប់សេរ៉ូមនិយាយរបៀបរវើរវាយ និង ហើមប្រដាប់បន្តពូជ ឪពុកម្ដាយរបស់នាងមានការភិតភ័យយ៉ាងខ្លាំងពីស្ថានភាពជំងឺរបស់កូនស្រីគាត់ ហើយបាននិយាយប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំទើបតែទទួលដំណឹងពីគ្រូពេទ្យថា កូនស្រីខ្ញុំត្រូវដេកពេទ្យ
មួយអាទិត្យ ទើបអាចត្រឡប់ទៅផ្ទះវិញ» ។
កុមារីត្រូវគេចាប់រំលោភនៅថ្ងៃទី១៥ ខែមីនា ហើយដឹកពីខេត្តព្រះសីហនុចូលមន្ទីរពេទ្យគន្ធបុប្ផារហូតដល់ថ្ងៃទី
១៩ ខែមីនា ទើបលោក សំ អូន ជាឪពុករបស់កុមារី ស.ថ ដែលត្រូវតាអាយុហុកសិបបួនឆ្នាំចាប់រំលោភបានឲ្យ
ដឹងថា ក្រោយកូនស្រីរបស់គាត់មកពីងូតទឹកជាមួយលោកតានោះហើយមកដល់ផ្ទះភ្លាម លោកបានឃើញទឹកមុខកូនរបស់គាត់មានសភាពស្លេកស្លាំងខុសធម្មតា ព្រមទាំងមិនហ៊ានមើលមុខគាត់ទៀតផង។ គាត់មានការងឿងឆ្ងល់ណាស់ ហេតុអ្វីបានជាកូនរបស់គាត់ចេះតែគេចមុខពីគាត់មិនដូចរាល់ថ្ងៃ ដោយឃើញកូនមានសភាពច
ម្លែក គាត់ក៏ឲ្យប្រពន្ធតាមដានមើលកូនថាវាមានរឿងអ្វី ។
ពេលនោះ ប្រពន្ធគាត់បានហៅកូនស្រីឲ្យមកងូតទឹក ក៏បានឃើញឈាមហូរតាមទ្វារមាសគាត់
និងប្រពន្ធមានការភិតភ័យខ្លាំងណាស់ ក៏បានសួរនាំកូនទើបដឹងពីមូលហេតុ ហើយក៏ប្រញាប់
បញ្ជូនកូនទៅឲ្យពេទ្យខេត្តព្រះសីហនុទាំងយប់ ។ ដោយស្ថានភាពជំងឺធ្ងន់ខ្លាំងពេក ពិសេសឈាមហូរតាមប្រដាប់
ភេទមិនឈប់ ហើយហើមមួយកំណាត់ខ្លួនខាងក្រោមយ៉ាងខ្លាំងនោះ ទើបគាត់សម្រេចចិត្តបញ្ជូនកូនមក
ព្យាបាលនៅភ្នំពេញ ។
ពេលនេះគាត់ពុំបានគិតពីរឿងអ្វី ផ្សេងឡើយក្រៅពី ព្យាបាលកូនឲ្យជាសិន ។
គាត់និយាយថា កូនរបស់គាត់មានសភាពធ្ងន់ណាស់ ដែលពីដំបូងគាត់មិនសង្ឃឹមថារស់ផង ប៉ុន្តែព្រះបានជួយថែរក្សាកូនគាត់ឲ្យបានជាសះស្បើយ ។
នៅក្នុងមន្ទីរពេទ្យ យើងបានទៅសួរសុខទុក្ខនាង មើលទៅនាងហាក់ដូចមានភាពរវើរវាយនិយាយ
មិនសូវចេញឡើយ ហើយចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះនាងនៅមានភាពតក់ស្លុត និងមាន
ការភ័យខ្លាចយ៉ាងខ្លាំងនៅពេលជួបមុខមនុស្សប្រុស ។ នាងមិនហ៊ាននិយាយអ្វីច្រើនប្រាប់យើង និងអ្នកផ្សេងឡើយពីព្រោះតាកំហូចបានគំរាមសម្លាប់នាង ប្រសិនបើនាងនិយាយរឿងនេះប្រាប់គេ ។
កុមារី ស.ថ ត្រូវតាចាស់ឈ្មោះ ព្រំ ភឹម សុវណ្ណ អាយុហុកសិបបួនឆ្នាំ រស់នៅភូមិ ២ ឃុំ ទំនប់រលក
ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លួងលោមបញ្ចុះបញ្ចូលយកទៅងូតទឹកហើយចាប់រំលោភកាលពីម៉ោង
៥ ជាងល្ងាច ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០០៩ នៅទំនប់បង្ហៀរទឹកសម្ដេច ហ៊ុន សែន នៅអូរត្រេះ ឃុំអូរត្រេះ
ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
បើតាមការឲ្យដឹងរបស់ប៉ូលិសមូលដ្ឋានថា នៅរសៀលម៉ោងប្រហែល ១៧ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៩
តាចាស់ឈ្មោះព្រំភឹមសុវណ្ណបានប្រើល្បិចយកម៉ូតូឌុបកុមារីរងគ្រោះជាមួយនឹងចៅសាច់
ឆ្ងាយរបស់ខ្លួន
ពីរនាក់ទៀតទៅងូតទឹកនៅអាងទឹកអូរត្រេះដោយឲ្យក្មេងទាំងបីនាក់ងូតទឹកស្រាតហើយតា
កំហូចនោះ
បានប្រើល្បិចយកក្មេងស្រីរងគ្រោះទៅងូតទឹកជ្រៅ ដើម្បីឲ្យក្មេងភ័យខ្លាចលង់ទឹក ហើយតោង
ឱប-កតាកំហូច ។ ឆ្លៀតឱកាសនោះតាចាស់ក៏ចាប់បង្វែរក្មេងរងគ្រោះឲ្យឱបពីមុខ ហើយរំលោភរហូតបាន
សម្រេច ទើបនាំក្មេងនោះត្រឡប់មកផ្ទះវិញ ដោយទិញនំឲ្យក្មេងទាំងបីនាក់មួយកញ្ចប់ម្នាក់ផង ។ បើតាមស្ត្រីជាម្ដាយមីងរបស់កុមារីរងគ្រោះបានឲ្យដឹងថា «នេះមិនមែនជាលើកទីមួយទេ ដែលតាចាស់នោះយកក្មួយខ្ញុំទៅដើរលេងជាមួយនោះ តាកំហូចនោះបាននាំនាងជិះម៉ូតូដើរលេងពីរលើក
រួចមកហើយ ណាមួយបងខ្ញុំគិតថា គាត់ជាមនុស្សចាស់ទៀត ទើបក្រុមគ្រួសារគាត់ពុំមានការប្រុងប្រយ័ត្នមុន
ឡើយ ហើយម្យ៉ាងទៀត គ្រួសារបងខ្ញុំបានរាប់អានជាមួយនឹងក្មួយតានោះផង ហើយការដែលជិះម៉ូតូទៅដើរលេងនោះក៏មិនមែនទៅតែម្នាក់ឯងដែរ ដោយមានក្មួយៗជាច្រើនទៅជាមួយ
ដែរ ទើបបងស្រីខ្ញុំមិនចាប់អារម្មណ៍ » ។ ក្រោយពីមានអំពើចាប់រំលោភដែលមិនគួរឲ្យអត់ឱននេះ ទើបមានព័ត៌មានយ៉ាងច្រើននិយាយថា តាចាស់នេះជាមនុស្សអាក្រក់ណាស់ គឺមានក្មេងៗយ៉ាងច្រើននាក់ដែលត្រូវតាចាស់នេះចាប់រំលោភ និងបម្រុងចាប់រំលោភ ប៉ុន្តែដោយសារតែគេមិនអាចចាប់ព័ស្តុតាងបាន ទើបមិនមានអ្នកណាប្ដឹង ។ កុមារី ស.ថ ជាកូន
ពៅក្នុងគ្រួសារដែលមានបង ប្អូនចំនួនបីនាក់បងប្រុសអាយុដប់ប្រាំបួនឆ្នាំ បងស្រីអាយុដប់ប្រាំឆ្នាំ ដែលឪពុកមាន
មុខរបររត់ម៉ូតូឌុប និងម្ដាយមេផ្ទះ ។
បន្ទាប់ពីទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារកុមារីរងគ្រោះរួចមក នៅថ្ងៃដដែលនោះ
ដែរសមត្ថកិច្ចបានចាប់បញ្ជូនតាកំហូចរូបនេះទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច តាចាស់នោះបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងនោះដូចជាការរៀបរាប់ក្មេងនោះមែន ។
ចំពោះឪពុកម្ដាយ និងក្រុមគ្រួសារកុមារី ស.តុលាការចាត់ការបុរសកំហូចនេះឲ្យបានធ្ងន់ដៃបំផុត
ឲ្យសមនឹងទោសរបស់គាត់ ពីព្រោះកូនស្រីគាត់មិនត្រឹមតែរងគ្រោះផ្លូវភេទ ប៉ុន្តែមានរបួសធ្លាក់ឈាមរហូតដល់គ្រូពេទ្យវិះតែជួយមិនទាន់ ៕

ជុំវិញការដកបទពិសោធន៍ និងទិសដៅអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច

ជុំវិញការដកបទពិសោធន៍ និងទិសដៅអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច
រាជធានីភ្នំពេញ៖ នាថ្ងៃទី ២ មេសា ឆ្នាំ២០០៩ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ មានរៀបចំសិក្ខាសាលាស្ដីពីការដកបទពិសោធន៍ និងទិសដៅបន្តនៃការងារអនុវត្តគម្រោងបែងចែកដីដើម្បីសង្គម
កិច្ច និងការអភិវឌ្ឍន៍ (LASED) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមប្រឹក្សាគោលនយោបាយដីធ្លី និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។
សិក្ខាសាលានាថ្ងៃនេះ រៀបចំឡើងក្នុងពេលដែលគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ច បាននិងកំពុងអនុវត្តជាលក្ខណៈសាកល្បងនៅខេត្តក្រចេះ កំពង់ចាម និងកំពង់ធំ។ គោលដៅសំខាន់នៃគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍ គឺចូលរួមអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចទូទាំងប្រទេស ស្របតាមអនុក្រឹត្យលេខ១៩ ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យមានបែងចែកដីធ្លីប្រកបដោយសមធម៌ និងកំណើនសេដ្ឋកិច្ច ដោយធ្វើឲ្យ
ដី និងកម្លាំងពលកម្មដែលនៅទំនេរត្រូវអាចយកមកប្រើប្រាស់កាន់តែមានប្រសិទ្ធភាព និងដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសង្គមមូលដ្ឋាន។
ការងារបែងចែកដីធ្លីកន្លងមកបានអនុវត្តតាមច្បាប់ភូមិបាលចាស់ និងច្បាប់ភូមិបាលថ្មីឆ្នាំ២០០១ ដែលបើពិនិត្យឡើងវិញចាប់ពីឆ្នាំ១៩៧៩មក នយោបាយបែងចែកដីរបស់រដ្ឋដល់ប្រជាជនក្នុងក្របខ័ណ្ឌជាកម្មសិទ្ធិ
ឯកជន អាចនិយាយបានថា ការបែងចែកដីធ្លី៣លើកធំៗ គឺ៖
-ការបែងចែកនាឆ្នាំ១៩៨៩ ដោយរដ្ឋផ្ដល់លទ្ធកម្មពិសេសនៃភោគៈ ដល់គ្រួសារប្រជាជនទូទៅ ដោយរដ្ឋទទួលស្គាល់ការកាន់កាប់ដីធ្លីលើការជាក់ស្ដែងមកដល់ពេលនោះ។
-ការបែងចែកនាឆ្នាំ១៩៩២ ដោយរដ្ឋផ្ដល់ដីធ្លីដល់ប្រជាជនដែលធ្វើមាតុភូមិនិវត្តន៍ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
-ការបែងចែកនាឆ្នាំ១៩៩៨ ដោយរដ្ឋទទួលស្គាល់កម្មសិទ្ធិដីធ្លីរបស់ប្រជាជនក្នុងក្របខ័ណ្ឌនៃសមាហរណកម្មប្រជាជនដែលរស់នៅក្នុង
តំបន់កាន់កាប់ចុងក្រោយ ដោយកម្លាំងខ្មែរក្រហម។
-ក្រៅពីកម្មវិធីធំៗនៃការបែងចែកដីខាងលើ រាជរដ្ឋាភិបាលបានដោះស្រាយដីធ្លីចែកជូនប្រជាជនជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃការកសាងភូមិថ្មី ការតាំងទីលំ
នៅថ្មី ការអនុវត្តផែនការប្រើប្រាស់ដីដោះមីន ការធ្វើនិយ័តកម្មដីកាន់កាប់ដោយខុសច្បាប់ដល់ប្រជាជនក្រីក្រជា
ដើម សរុបសម្រេចបានប្រមាណជាង ១៧.០០០ គ្រួសារ លើផ្ទៃសរុបជាង ២.០០០ហិកតារ ភាគច្រើនជាប្រភេទដីលំនៅឋាន។
ដោយឡែក ចុងក្រោយនេះគណៈកម្មាធិការសម្បទានដីធ្លីថ្នាក់ជាតិ និងថ្នាក់ខេត្ត-ក្រុងកំពុងសហការជាមួយអាជ្ញាធរជាតិដោះទំនាស់ដីធ្លី ដើម្បីធ្វើការបែងចែកដល់ប្រជាជនដែលត្រូវការដីពិតប្រាកដនូវដីកាន់កាប់ខុសច្បាប់ដែលត្រូវដកហូតកន្លងមក។
រាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាពសមស្របចំពោះសិទ្ធិកាន់កាប់ដីធ្លី សម្រាប់សាងសង់លំនៅឋាន សម្រាប់កសិកម្ម និងអាជីវកម្មខ្នាតតូចរបស់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ។ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ដី រាជរដ្ឋាភិបាលបានជំរុញការរៀបចំផែនការប្រើប្រាស់ ដើម្បីបែងចែកដីសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ឧស្សាហកម្មទេសចរណ៍ តំបន់ទីក្រុង តំបន់ជនបទ តំបន់លំនៅឋាន តំបន់បម្រុងទុក និងតំបន់អភិរក្ស ចៀសវាងការប្រើប្រាស់ដី និងការបំប្លែងការប្រើប្រាស់ដីមិនចំសក្ដានុពល។
ដើម្បីបានជាបទពិសោធន៍ក្នុងការអនុវត្តវិធីសម្បទានដីសង្គមកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ យើងបានរៀបចំអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាលក្ខណៈសាកល្បង ដើម្បីជាគំរូល្អមួយសម្រាប់ការយកទីអនុវត្តទូទាំងប្រទេស។ គម្រោងសាកល្បងនេះគាំទ្រដល់កម្មវិធីសម្បទាន
ដីសង្គមកិច្ច ដែលផ្ដួចផ្ដើមឡើងដោយថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយមានការជួយគាំទ្របច្ចេកទេសពីក្រុមការងារថ្នាក់ស្រុក និងខេត្ត។ ការងារសម្បទានដីសង្គមកិច្ចរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សង្គមកិច្ច ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ មាននៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម នៅឃុំសំបុក ឃុំចង្ក្រង់
ស្រុកក្រចេះ ខេត្តក្រចេះ និងនៅខេត្តកំពង់ធំ។ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៨- ដល់ឆ្នាំ២០១៣ គម្រោងមានទឹកប្រាក់សរុបប្រមាណ១៥លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ថវិការបស់ធនាគារពិភព
លោកចំនួន ១១,៥លានដុល្លារ ជាថវិកាសម្រាប់ប្រតិបត្តិការ និងវិនិយោគសាធារណៈ ថវិកាជំនួយបច្ចេកទេសរបស់ប្រទេសអាល្លឺម៉ង់ចំនួន ១,២លានអឺរ៉ូ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា
ចំនួន ៣០០.០០០ដុល្លារសហរដ្ឋអាមេរិក ដែលថវិកាគម្រោងសរុបទាំងនេះសម្រាប់អនុវត្តសម្បទានដីសង្គមកិច្ចនៅក្នុងឃុំចំនួន២០របស់ខេត្តទាំង៣ ដូចបានរៀបរាប់ខាងលើ។ គម្រោង LASED បានចូលជាធរមាន កាលពីថ្ងៃទី ១១ កញ្ញា ឆ្នាំ២០០៨កន្លងទៅនេះ។
ជាលទ្ធផលមកដល់ពេលនេះ គម្រោង LASED បានធ្វើការបែងចែកសម្បទានដីសង្គមកិច្ចដល់គ្រួសារក្រីក្រចំនួន
៧៧៥គ្រួសារ (ខេត្តក្រចេះ ៥២៥គ្រួសារ និងខេត្តកំពង់ចាម ២៥០គ្រួសារ) ហើយបន្តអនុវត្តសមាសភាគទី២ លើការផ្ដល់សេវាកម្មអភិវឌ្ឍន៍ជនបទចាំបាច់មួយចំនួន និងការផ្ដល់ស្បៀងពលកម្ម សម្រាប់ឆ្នាំដំបូងដល់គ្រួសារដែលទទួលបានដីទាំងនោះ ដើម្បីជួយគាំទ្រជីវភាពរស់នៅរបស់ពួកគាត់។
ក្រៅពីការអនុវត្តគម្រោងខាងលើដែលមានលក្ខណៈពេញលេញស្របតាមអនុក្រឹត្យលេខ ១៩ ឆ្នាំ២០០៣ ស្ដីពីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលក៏បានដោះស្រាយលើការបែងចែកដីក្នុងគោលដៅសម្បទានសង្គមកិច្ច
នេះ ជូនគ្រួសារក្រីក្រដែលគ្មានដី និងខ្វះដី ហើយជាលទ្ធផលយើងទទួលបានដូចជា នៅខេត្តឧត្តរមានជ័យ លើគម្រោងបែងចែកដីដោះមីនរួចចំនួន ២៨៦ហិកតារ សម្រាប់បម្រើឲ្យប្រជាពលរដ្ឋសរុប៩.៤១៦គ្រួសារ ក្នុងនោះបានបែងចែកជាដីសម្រាប់កសិកម្ម ៧៩,១៧ ហិកតារ សម្រាប់១៣៥គ្រួសារ ដីលំនៅឋាន ១៥,៩៧
ហិកតារ សម្រាប់៥៥គ្រួសារ ដីសម្រាប់ធ្វើផ្លូវលំ សម្រាប់៧.៧៣១គ្រួសារ ដីសម្រាប់សុវត្ថិភាពផ្លូវលំ ១៦,៥៤
ហិកតារ សម្រាប់៩៨១គ្រួសារ ដីសម្រាប់សាងសង់សាលារៀន ១៩,១៨ ហិកតារ សម្រាប់៣៥០គ្រួសារ និងនៅ
ខេត្តកំពង់ស្ពឺ បានធ្វើប្រទានកម្មលើដីដែលមានទំនាស់ដោះស្រាយរួចសរុបចំនួន ២២៤,៥០ ហិកតារ ក្នុងនោះជាដីលំនៅឋាននៅឃុំរលាំងគ្រើល ស្រុកសំរោងទងចំនួន១៨ហិកតារ សម្រាប់៨៨គ្រួសារ និងដីផលិតកម្ម ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ចំនួន ២០៦,៥០ ហិកតារ សម្រាប់ ៨២៦ គ្រួសារ (ចែករួចចំនួន ៤៧៩ គ្រួសារ)។
ការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាលក្ខណៈសាកល្បងកន្លងមកមានជួបបញ្ហាប្រឈមមួយចំនួនពីការចូលមកទន្ទ្រានកាន់
កាប់ដោយខុសច្បាប់ ក្រោយពេលដែលដីនោះត្រូវបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋសម្រាប់សម្បទានដីសង្គមកិច្ច
រួចហើយ ដែលក្រុមការងារនឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ហើយអាជ្ញាធរខេត្ត ស្រុក ឃុំ ត្រូវទប់ស្កាត់រាល់ការចូលទៅទន្ទ្រានកាន់កាប់ដោយខុសច្បាប់នេះ។ ក្រៅពីនេះ នឹងធ្វើការផ្សព្វផ្សាយអំពីសម្បទានដីសង្គមកិច្ចឲ្យបានច្រើន ដើម្បីឲ្យគ្រួសារក្រីក្រដែលគ្មានដី និងខ្វះដីដាក់ពាក្យសុំសម្បទានដីសង្គមកិច្ច ស្របតាមបែបបទជាធរមាន។
សិក្ខាសាលានាពេលនេះ ជាឱកាសដ៏ល្អមួយសម្រាប់គ្រប់សមាជិក ក្រុមការងារអនុវត្តគម្រោងបែងចែកដីដើម្បី
សង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ WB GTZ និងអង្គការមិនមែនរដ្ឋាភិបាលបានយល់ពីការងារសម្បទានដីសង្គមកិច្ចកាន់តែប្រសើរឡើង និងបានប្រជុំពិភាក្សាគ្នារកដំណោះស្រាយល្អបន្ថែមទៀត ដើម្បីដកបទពិសោធន៍ និងទិសដៅការងារបន្តនៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕

Wednesday, April 1, 2009

ថាក់ស៊ីនអំពាវនាវឲ្យពលរដ្ឋថៃងើបឡើងប្រឆាំងរដ្ឋាភិបាល

ថាក់ស៊ីនអំពាវនាវឲ្យពលរដ្ឋថៃងើបឡើងប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 29/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 29/03/2009 12:01ម៉ោងសកល
កាលពីល្ងាចថ្ងៃសៅរ៍ ម្សិលមិញនេះ លោកអតីតនាយករដ្ឋមន្រ្តីថៃ Thasin Shinawatra បានថ្លែងនៅក្នុងខ្សែអាត់វីដេអូមួយ ដោយអំពាវនាវឲ្យពលរដ្ឋថៃងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល។
នេះជាសារវីដេអូទីពីរ បន្ទាប់ពីសារទីមួយ កាលពីថ្ងៃសុក្រ ដែលលោកថាក់ស៊ីនបានចោទប្រកាន់ទីប្រឹក្សាស្តេចថៃពីររូបថាបានឃុបឃិតជាមួយពួក
មេទ័ព ក្នុងការធ្វើរដ្ឋប្រហារទម្លាក់រូបលោកពីតំណែង កាលពីឆ្នាំ២០០៦។

បាតុករអាវក្រហមនាំគ្នាស្តាប់លោកថាក់ស៊ីនថ្លែងតាមវីដេអូ កាលពីថ្ងៃទី២៧ មីនា ២០០៩
(រូបថត៖ Reuters)
ការប្រើពាក្យរិះគន់ធ្ងន់ៗ ទៅលើរដ្ឋាភិបាល ក្រុមឧត្តមសេនីយ៍យោធា និងទីប្រឹក្សាស្តេច ពីសំណាក់លោកអតីតនាយករដ្ឋមន្រ្តីថៃ នៅពេលនេះ គឺនៅពេលដែល ក្រុមអាវក្រហម ដែលគាំទ្រលោកកំពុងធ្វើបាតុកម្មព័ទ្ធវិមានរដ្ឋាភិបាលដោយគ្មានពេលកំណត់។ ពួកគេមានគម្រោងធ្វើបាតុកម្មនេះ រហូតទាល់តែរដ្ឋាភិបាលលាលែងចេញពីតំណែង មិនមែនធ្វើបាតុកម្មពីរ-បីថ្ងៃឈប់ ដូចជាពេលមុនៗទេ។ ហេតុដូចនេះហើយបានជាលោកថាក់ស៊ីនបង្កើនការរិះគន់រដ្ឋាភិបាល និងពួកឧត្តមសេនីយ៍យោធា ដើម្បី
ទាក់ទាញអ្នកគាំទ្រឲ្យមកចូលរួមធ្វើបាតុកម្ម ហើយឲ្យបាតុកម្មនេះបន្តបានយូរ កុំឲ្យបានពីរ-បីថ្ងៃ មនុស្សឈប់មក។ យើងឃើញថា ចំនួនបាតុករតែងតែកើនឡើងរហូតដល់ទៅ ២ម៉ឺន ឬក៏៣ម៉ឺននាក់ នៅពេលណា ដែលលោកថាក់ស៊ីនថ្លែងតាមវីដេអូម្តងៗ។
ឧត្តមសេនីយ៍ Surayud បដិសេធការចោទប្រកាន់របស់ថាក់ស៊ីន
កាលពីថ្ងៃសុក្រ លោកថាក់ស៊ីនបានចោទទីប្រឹក្សាស្តេចថៃ ពីររូប គឺឧត្តមសេនីយ៍ Prem Tinsulanonda និង
ឧត្តមសេនីយ៍ Surayud Chulanont ថាបានឃុបឃិតជាមួយពួកយោធា រៀបចំផែនការធ្វើរដ្ឋប្រហារទម្លាក់លោក កាលពីឆ្នាំ២០០៦។

លោក Prem Tinsulanonda (ឆ្វេង) និងលោក Surayud Chulanont ទីប្រឹក្សាមហាក្សត្រថៃ ដែលលោកថាក់ស៊ីនចោទថាបានឃុបឃិតជាមួយពួកមេទ័ព ធ្វើរដ្ឋប្រហារទម្លាក់រូបលោកពីតំណែង កាលពីឆ្នាំ២០០៦
រហូតមកទល់ពេលនេះ គេមិនឃើញមានប្រតិកម្មផ្លូវការ ក្នុងនាមស្ថាប័នព្រះបរមរាជវាំង តបនឹងការចោទប្រកាន់របស់លោកថាក់ស៊ីននេះទេ។ ក៏ប៉ុន្តែ លោកឧត្តមសេនីយ៍ Surayud បានថ្លែង កាលពីម្សិលមិញថា លោកមិនមានពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីនទេ អ្វីដែលលោកថាក់ស៊ីននិយាយមិនមានអ្វីជាការពិតទេ។ តែលោក Surayud បានឲ្យដឹងថា លោកគ្មានគម្រោងប្តឹងលោកថាក់ស៊ីនពីបទបរិហារកេរ្តិ៍នោះទេ។
ចំណែកពីខាងលោកឧត្តមសេនីយ៍ Prem វិញ គេមិនឃើញមានការឆ្លើយតបអ្វី ទៅនឹងការចោទប្រកាន់របស់លោកថាក់ស៊ីននោះទេ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ Prem មិនមែនត្រឹមតែជាប្រឹក្សាស្តេចថៃទេ តែជាប្រធានក្រុមទីប្រឹក្សាស្តេច។ ទាំងលោក Prem និងលោក Surayud សុទ្ធសឹងតែជាអតីតឧត្តមសេនីយ៍កងទ័ព និងធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីថៃ។ ឧត្តមសេនីយ៍ Prem ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីថៃ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៨ ហើយឧត្តមសេនីយ៍ Surayud ធ្លាប់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិ និងជានាយករដ្ឋមន្រ្តីថៃ ក្រោយពីលោកថាក់ស៊ីនត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ កាលពីឆ្នាំ២០០៦។
ការដែលលោកថាក់ស៊ីនចោទប្រកាន់ថា មន្រ្តីទីប្រឹក្សាស្តេចជាអ្នកនៅពីក្រោយរដ្ឋប្រហារបែបនេះ គឺជាការចោទប្រកាន់មួយធ្ងន់ធ្ងរណាស់។ លោកថាក់ស៊ីនបានព្យាយាមជៀសវាងមិនឲ្យប៉ះពាល់ដល់ស្តេចទេ ដោយលើកឡើងថា ទង្វើរបស់ទីប្រឹក្សាស្តេចទាំងពីររូបនេះ មិនមានពាក់ព័ន្ធនឹងព្រះមហាក្សត្រនោះទេ។ ក៏ប៉ុន្តែ ការចោទប្រកាន់នេះ នៅតែមានលក្ខណៈធ្ងន់ធ្ងរ ព្រោះថា វាប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រថៃ ដែលពលរដ្ឋថៃទូទៅគោរព។ មានបក្សនយោបាយថៃមួយនោះ បានទាំងនិយាយទៀតថា ទៅថ្ងៃអនាគត ពួកគេប្រហែលជានឹងមិនហ៊ានសហការជាមួយគណបក្ស ភឿថៃ ដែលគាំទ្រលោកថាក់ស៊ីនទៀតទេ ព្រោះតែលោកថាក់ស៊ីនបានរិះគន់ស្ថាប័នទីប្រឹក្សាស្តេចបែបនេះ។
ថាក់ស៊ីន៖ មិនចាំបាច់មកបាងកកទេ នាំគ្នាធ្វើបាតុកម្មតាមខេត្ត តាមស្រុកក៏បានដែរ
បាតុករអាវក្រហមកាន់បដាទាមទារឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង
កាលពីល្ងាចថ្ងៃសៅរ៍ ម្សិលមិញនេះ លោកថាក់ស៊ីនបានអំពាវនាវឲ្យអ្នកដែលគាំទ្រលោកទាំងប៉ុន្មានងើបឡើង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ហើយថា ពួកគេមិនចាំបាច់មកបាងកកទេ គឺពួកគេអាចនាំគ្នាធ្វើបាតុកម្ម នៅតាមខេត្ត នៅតាមស្រុករបស់ពួកគេក៏បានដែរ។
លោកថាក់ស៊ីនថ្លែងបែបនេះ ព្រោះលោកដឹងថា អ្នកគាំទ្រលោក ភាគច្រើនជាអ្នកនៅតាមជនបទ មិនសូវសម្បូរលុយកាក់ ពិបាកនឹងធ្វើដំណើរចោលផ្ទះសម្បែងមកចូលរួមបាតុកម្ម នៅក្រុងបាងកក។ មកទល់នឹងពេលនេះ គេសង្កេតឃើញថា ក្រុមបាតុករអាវក្រហម ដែលនៅព័ទ្ធជុំវិញវិមានរដ្ឋាភិបាល នៅក្រុងបាងកក មានចំនួនប្រមាណពី ២ម៉ឺន ទៅ៣ម៉ឺននាក់ នៅក្នុងពេលដែលលោកថាក់ស៊ីនថ្លែងសារតាមវីដេអូ ពេលល្ងាច។ ក៏ប៉ុន្តែ ពេលថ្ងៃវិញ គេឃើញមានបាតុករតែប្រមាណជា ១ ៥០០នាក់ ប៉ុណ្ណោះ ប្រចាំការនៅជុំវិញវិមានរដ្ឋាភិបាល។
កម្លាំងពួកអាវក្រហមនៅទន់ខ្សោយមិនអាចរំលំរដ្ឋាភិបាលបានបើយើងមើលទៅ
លើកម្លាំងពួកអាវក្រហមនៅពេលនេះ វានៅមិនទាន់ជាការគម្រាមកំហែងអ្វីធ្ងន់ធ្ងរដល់រដ្ឋាភិបាលនោះទេ។
គួររំលឹកថា កាលពួកអាវលឿងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ពួកនេះបានព័ទ្ធវិមានរដ្ឋាភិបាលដល់ទៅ៣ខែឯណោះ ក៏រដ្ឋាភិបាលមិនទាន់រលំផង។ ទាល់តែក្រុមបាតុករទៅកាន់កាប់ព្រលានយន្តហោះអន្តរជាតិ ទើបរដ្ឋាភិបាលរលំ។
នៅពេលនេះ យើងឃើញថា ក្រុមប៉ូលិស និងទាហានថៃ បានព្យាយាម
ការពារកុំឲ្យពួកអាវក្រហមចូលទៅដល់ក្នុងវិមានរដ្ឋាភិបាល ឲ្យនៅត្រឹមតែព័ទ្ធជុំវិញប៉ុណ្ណោះ។ ម្យ៉ាងទៀត កម្លាំងអាជ្ញាធរបានផ្តោតទៅលើការការពារព្រលានយន្តហោះ កុំឲ្យពួកអាវក្រហមកាន់កាប់បាន ដូចកាលពួកអាវលឿងទៀត។
ប៉ូលិសបង្រ្កាបបាតុកម្មត្រូវបានគេដាក់ពង្រាយការពារកុំឲ្យបាតុករសម្រុកចូលក្នុងវិមានរដ្ឋាភិបាលបាតុកម្ម
របស់ក្រុមអាវក្រហម មិនសូវមានកម្លាំងខ្លាំងក្លា ដូចពួកអាវលឿង ពីព្រោះថា ពួកអាវលឿង ភាគច្រើនជាពួកបញ្ញាវ័ន្ត
និងពួកអ្នកមានលុយ។ បាតុកម្មរបស់ពួកអាវលឿងមានការរៀបចំ និងចាត់ចែងបានល្អ ដោយពួកគេមានធនធាន។ ម្យ៉ាងទៀត ពួកអាវលឿងដែលជាអ្នកប្រឆាំងនឹងលោកថាក់ស៊ីន ភាគច្រើនជាអ្នកនៅក្រុងបាងកក។ អ៊ីចឹងហើយបានជាពេលបាតុកម្មម្តងៗ មានអ្នកចូលរួមច្រើន ព្រោះនៅបាងកកស្រាប់។
ចំណែកពួកអាវក្រហមវិញ ភាគច្រើនជាអ្នកនៅតាមទីជនបទ មិនសូវមានលុយកាក់ ការធ្វើបាតុកម្ម ក៏មិនសូវមាន
ការរៀបចំ ចាត់ចែងបានល្អ ដូចពួកអាវលឿង។ ម្យ៉ាងទៀត បាតុកម្មដែលរៀបចំធ្វើនៅបាងកក មិនសូវមានអ្នកចូលរួមច្រើនប៉ុន្មានទេ ព្រោះផ្ទះឆ្ងាយ ពិបាកធ្វើដំណើរមកចូលរួម។
កាលពីម្សិលមិញនេះ លោក Abhisit នាយករដ្ឋមន្រ្តីថៃ បានប្រកាសបដិសេធមិនរំលាយសភា ហើយរៀបចំបោះឆ្នោតមុនកាលកំណត់ តាមការទាមទាររបស់លោកថាក់ស៊ីន និងក្រុមអាវក្រហមនោះទេ។
ប៉ុន្តែវិបត្តិនយោបាយនឹងធ្វើឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច និងបញ្ហាព្រំដែនជាមួយកម្ពុជា
ដូច្នេះ ប្រសិនបើកម្លាំងប្រឆាំងរបស់ពួកអាវក្រហមនៅតែប៉ុណ្ណឹង ពួកគេមិនអាចទម្លាក់រដ្ឋាភិបាលបានទេ។ ក៏ប៉ុន្តែ បើទោះជាមិនអាចទម្លាក់រដ្ឋាភិបាលបាន ក៏បាតុកម្មនេះនឹងធ្វើឲ្យមានភាពចលាចលផ្នែកនយោបាយដែរ។ ភាពចលាចលផ្នែកនយោបាយនេះនឹងធ្វើឲ្យរដ្ឋាភិបាលមិនអាចធ្វើការបានស្រួល ជាពិសេស មិនអាចផ្តោតទៅលើការស្តារវិស័យសេដ្ឋកិច្ចថៃ ដែលកំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិ ព្រោះថា រដ្ឋាភិបាលរវល់គិតគូរតែនឹងរឿងដោះស្រាយវិបត្តិនយោបាយ មានពេលឯណាមកគិតគូររឿងវិបត្តិសេដ្ឋកិច្ច?!
ម្យ៉ាងទៀត វិបត្តិនយោបាយថៃ ដែលចេះតែបន្តឥតឈប់នេះ វានឹងជាឧបសគ្គដល់ដំណោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។ យើងសង្កេតឃើញហើយថា នៅពេល
ដែលភាពចលាចលនយោបាយចាប់កក្រើកឡើង ស្ថានភាពយោធានៅព្រំដែនខ្មែរ-ថៃ ក៏ចាប់តានតឹងឡើងដែរ។
ជាក់ស្តែង ប៉ុន្មានថ្ងៃមុននេះ នៅពេលដែលតំណាងរាស្រ្តបក្សប្រឆាំងស្នើឲ្យមានការបោះឆ្នោតដកសេចក្តីទុកចិត្តពីរ
ដ្ឋាភិបាល ដោយមានការលើកឡើងពីបញ្ហាព្រំដែនមកធ្វើជាលេសចោទរដ្ឋាភិបាល គេក៏ឃើញថា កងទ័ពថៃមានការចល័តចេញចូលដីខ្មែរ ធ្វើឲ្យមានភាពតានតឹងឡើងដែរ។ រហូតមកទល់ពេលនេះ នៅពេលដែលស្ថានភាពនយោបាយនៅតានតឹង ស្ថានភាពយោធា នៅតាមព្រំដែន ក៏នៅតែមិនទាន់បានធូរស្រាលមកវិញដែរ។
ដូច្នេះ គេមិនសង្ឃឹមថា ដំណោះស្រាយវិបត្តិព្រំដែនខ្មែរ-ថៃអាចនឹងធ្វើទៅបានទេ ប្រសិន
បើវិបត្តិនយោបាយផ្ទៃក្នុងប្រទេសថៃ នៅតែមិនអាចដោះស្រាយបាន ហើយចេះតែតានតឹងឡើងដូចជាពេលនេះ៕

<

សាលាក្តីខ្មែរក្រហមខ្វះថវិកា

សាលាក្តីខ្មែរក្រហមខ្វះថវិកា ស្របពេលការចោទប្រកាន់អំពីអំពើពុករលួយនៅមិនទាន់ត្រូវបានដោះស្រាយ
ដោយ ស្ទេហ្វានី ហ្សេ
២៥-០២-២០០៩
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៧ កក្កដា ២០០៧៖ ប្រុងប្រយ័ត្ន ឥដ្ឋរអិល! ច្រកដើរ នៅក្នុងអគាររដ្ឋបាលនៃអ.វ.ត.ក
© ចន វីង / Magnum
លោក Peter Taksoe-Jensen ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ដើម្បីជួបពិភាក្សា ជាមួយលោកឧបនាយករដ្ឋមន្រ្តី
សុខ អាន ទាក់ទងនឹងការងាររបស់ក្រុមការងារទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយភាគីសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា ងពង្រឹងយន្តការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងសាលាក្តីកាត់ទោសអតីតមេដឹក
នាំខ្មែរក្រហម។ ក្រោយបញ្ចប់ជំនួបពិភាក្សានេះ លោក Peter Taksoe-Jensen និយាយថាសាលាក្តីមានដំណើរវិវត្តន៍ទៅមុខ។ ដោយឡែក ក្រុមមេធាវីអន្តរជាតិការពារក្តីអោយនួន ជា ហៅ
«បងធំទីពីរ» នៅតែបន្តធ្វើការទាមទារអោយមានដំណោះស្រាយបញ្ហាអំពើពុករលួយនេះ ព្រោះវាអាចប៉ះពាល់
ដល់សិទ្ធិមូលដ្ឋាននៃការទទួលបាននូវការជំនុំជម្រះប្រកបដោយយុត្តិធម៌មួយសម្រាប់កូនក្តីរបស់ពួកគេ។ ក្តីសង្ឃឹមថានឹងទទួលបានទំនុកចិត្តជាថ្មីពីសំណាក់ប្រទេសផ្តល់ជំនួយចាប់តាំងពីឆ្នាំ២០០៨មក យុត្តាធិការដែលមានលក្ខណៈអន្តរជាតិមួយនេះបានប្រឈមមុខនឹងការចោទប្រកាន់អំពីអំពើពុករលួយ ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលកម្ពុជានៅក្នុងអ.វ.ត.ក។ កាលនោះ អង្គការសហប្រជាជាតិបានបើកកិច្ចស៊ើបអង្កេត
មួយ ហើយរបាយការណ៍នៃការស៊ើបអង្កេតនោះត្រូវបានប្រគល់អោយទៅរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០០៨
ប៉ុន្តែ រហូតមកទល់សព្វថ្ងៃនេះ របាយការណ៍មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។ ចាប់តាំងពីដើមឆ្នាំនេះមក អង្គការជាច្រើន ដែលតាមដានដំណើរការសាលាក្តីខ្មែរក្រហមបានសំដែងការព្រួយបារម្ភ ចំពោះអវត្តមានចំណាត់ការជាក់លាក់របស់តុលាការ ក្នុងការដោះស្រាយបញ្ហានេះ ដើម្បីជៀសវាងការប៉ះពាល់ដល់ទំនុកចិត្តមកលើតុលាការកូនកាត់មួយនេះ។ កាលពីជំនួប ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៨ គណៈប្រតិភូជាន់ខ្ពស់មួយក្រុមនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Peter Taksoe-Jensen ហើយនិងលោកសុខ អាន បានឯកភាពគ្នា បង្កើតគណៈកម្មាធិការរួមមួយ ដើម្បីពង្រឹងវិធានការប្រឆាំងអំពើពុករលួយ និងផ្សព្វផ្សាយលទ្ធផល ប្រាប់ដល់ម្ចាស់ជំនួយរបស់សាលាក្តី រហូតដល់ថ្ងៃទី៣១ ខែមករា... ប៉ុន្តែ ចាប់ពីពេលនោះមក គ្មានការរីកចម្រើនណាមួយត្រូវបានបង្ហាញឡើយ។
បន្ទាប់ពីជំនួបស្តីពីបញ្ហាពុករលួយនេះរួចមក ភាគីកម្ពុជានិងភាគីសហប្រជាជាតិ បានសន្យាការពារពេញលេញដល់បុគ្គលិករបស់ភាគីទាំងពីរនៅក្នុងសាលាក្តី ចំពោះការសងសឹកដែលអាចកើតមានឡើង បណ្តាលមកពីការរាយការណ៍ត្រឹមត្រូវពីការធ្វើខុសរបស់ភាគីណាមួយ។ ម្យ៉ាងវិញទៀត អ្នកសង្កេតការណ៍អំពីក្រមសីលធម៌អាចនឹងត្រូវជ្រើសតាំងខាងភាគីអន្តរជាតិ។
លោក Peter Taksoe-Jensen តំណាងអង្គការសហប្រជាជាតិ បានមានប្រសាសន៍នៅដើមសប្តាហ៍នេះ ដោយសង្ឃឹមថាយន្តការថ្មី ដែលត្រូវបានបង្កើតឡើងដោយភាគីទាំងពីរនឹងជួយផ្តល់ទំនុកចិត្តឡើងវិញដល់ម្ចាស់ជំនួយ ដែលមានការព្រួយបារម្ភ ក្នុងការចំណាយថវិកាជួយដល់ដំណើរការសាលាក្តី។ តួយ៉ាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្កកហិរញ្ញប្បទានទាំងអស់សម្រាប់អ.វ.ត.ក តាំងពីពាក់កណ្តាលឆ្នាំកន្លងទៅមកម៉្លេះ។ ស្ថានភាពបែបនេះបានធ្វើអោយយុត្តាធិការនេះកាន់តែទន់ខ្សោយ ហើយនឹងត្រូវអស់ថវិកានាពេលខាងមុខនេះ។
ភាគីកម្ពុជានៃសាលាក្តីខ្មែរក្រហមជួបការលំបាក ចាប់ពីថ្ងៃទី១ មីនាទៅ
លោកស្រី ហេឡែន ហ្សាវីស៍ (Helen Jarvis) ប្រធានអង្គការផ្នែកកិច្ចការសាធារណៈនៃអ.វ.ត.ក បានអះអាងនៅថ្ងៃពុធ ទី២៥ ខែកុម្ភៈនេះថា ភាគីកម្ពុជានៃអង្គជំនុំជម្រះ នឹងជួបបញ្ហាខ្វះថវិកា ចាប់ពីថ្ងៃទី១ ខែមីនា ដើម្បីបន្តបេសកកម្មរបស់ខ្លួន ជាមួយក្រុមការងារផ្សេងៗ ប្រសិនជាមិនមានជំនួយណាមួយ ចាប់ពីពេលនេះទៅនោះទេ។ ចំណែកភាគីអន្តរជាតិវិញ បើតាមប្រសាសន៍របស់លោកស្រី អាចនឹងមានថវិកាគ្រប់គ្រាន់ ដើម្បីបន្តការងាររហូតដល់បំណាច់ឆ្នាំនេះ។ យ៉ាងណាមិញ នៅក្នុងរបាយការណ៍ខែកុម្ភៈ ឆ្នាំ២០០៩របស់អង្គការ Open Society Justice Initiative អង្គការនេះបានវាយតម្លៃថាភាគីអន្តរជាតិអាចនឹងខ្វះខាតថវិកាជិត១០លានដុល្លារ ដើម្បីដំណើរការរហូតដល់បំណាច់ឆ្នាំ២០០៩។ ប៉ុន្តែ លោកស្រី ហេឡែន ហ្សាវីស៍ នៅមានភាពសុទិដ្ឋិនិយមថា «យើងមិនត្រូវស្រមៃថាតុលាការនេះនឹងបញ្ចប់ដំណើរការ ដោយសារមិនមានមូលនិធិនោះឡើយ...»។ ប៉ុន្តែ លោកស្រីបានបន្ថែមទៀតថា «វាគឺជារឿងបន្ទាន់»។
ប្រទេសជប៉ុនគឺជាប្រទេសចុងក្រោយគេ ដែលបានប្រកាសផ្តល់ជំនួយដល់អ.វ.ត.ក កាលពីថ្ងៃទី១១ ខែមករា ដោយបានបង្កើនហិរញ្ញប្បទានទ្វេដង ជាមួយនឹងទឹកប្រាក់២១លានដុល្លារបន្ថែមទៀត។ សូមអានអត្ថបទរបស់ កាសែត ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៩ ចំណងជើងថា ប្រទេសជប៉ុនបង្កើនហិរញ្ញប្បទានទ្វេដង ជួយដល់សាលាក្តីខ្មែរក្រហម ថ្ងៃទី១៣ មករា ២០០៩
ក្រុមមេធាវីការពារក្តីអោយនួន ជា អំពាវនាវដល់លោក បាន គី ម៉ូន
នៅថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ក្រុមមេធាវីអន្តរជាតិការពារក្តីអោយនួន ជា ដែលមានការព្រួយបារម្ភខ្លាំងអំពីបញ្ហានេះ បានជួបពិភាក្សាជាមួយលោក Peter Taksoe-Jensen ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់។ ក្រុមមេធាវីនេះមិនបានធ្វើអធិប្បាយទាក់ទងនឹងប្រធានបទនៃជំនួបនេះឡើយ ដោយបានបញ្ជាក់ថាក្រុមមេធាវីបានប្រគល់លិខិតមួយច្បាប់អោយលោក Peter Taksoe-Jensen ដើម្បីយកប្រគល់ជូនលោកបាន គីម៉ូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសំណូមពរគាត់អោយក្រុមមេធាវីមានសិទ្ធិទទួលបាន«យ៉ាងសម្ងាត់» នូវរបាយការណ៍ស៊ើបអង្កេត ដែលដឹកនាំដោយក្រុមការងារសហប្រជាជាតិ ដើម្បីបំភ្លឺទឡ្ហីករណ៍នៃអំពើពុករលួយ។
មេធាវីអន្តរជាតិរបស់នួន ជា (Michiel Pestman- Viktor Koppe និងAndrew Ianuzzi) បានដាក់ពាក្យបណ្តឹងមួយទៅកាន់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ដើម្បីអោយដោះស្រាយការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ នៅចំណោមបុគ្គលិកកម្ពុជានៅក្នុងអង្គជំនុំជម្រះ។ ប៉ុន្តែ បណ្តឹងនេះត្រូវបានអយ្យការអមតុលាការចេញសេចក្តីជូនដំណឹងសម្រេចតម្កល់រឿងទុកមិនចាត់ការ ដោយមានសំអាងថា «បណ្តឹងមិនសមហេតុផល គ្មានបទល្មើសនិងជនល្មើសមិនស្គាល់មុខ»។ ក្រោយមក មេធាវីទាំងបីបានដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍កម្ពុជា ប៉ុន្តែ ក្រុមមេធាវីគិតទុកជាមុនថាតុលាការនឹងមិនទទួលចាត់ការបណ្តឹងនេះឡើយ ដោយសារមិនមានឯកសារបន្ថែមផ្សេង ក្រៅពីឯកសារដែលដាក់នៅសាលាដំបូង។
មេធាវីៈ វាជាសំណើត្រឹមត្រូវតាមច្បាប់
ក្រុមមេធាវីការពារក្តីអោយនួន ជា បានសរសេរទៅកាន់លោកបាន គីម៉ូន ដោយបង្ហាញឆន្ទៈតស៊ូនីតិវិធីរហូតដល់ទីបញ្ចប់ ដើម្បីបំភ្លឺរឿងនេះ។ ហេតុផលរបស់ពួកគេ គឺ «ប្រសិនជាសមាជិកសំខាន់នៃបុគ្គលិក […] យល់ព្រមទទួលសំណូក ហេតុដូច្នេះ អ្នកទាំងនោះក៏អាចទទួលបញ្ជាមិនគប្បីផ្សេងទៀត ដូចជាការបន្លំភស្តុតាង។ យើងចាត់ទុកថាទង្វើបែបនេះមិនស៊ីចង្វាក់ ជាមួយសញ្ញាណដ៏សំខាន់នៃឯករាជ្យភាពតុលាការ និងស្ថាប័នឡើយ»។
ដោយសារក្រុមមេធាវីមិនអាចទទួលព័ត៌មានស្តីពីស្ថានភាពពិតប្រាកដ មិនថាពីសំណាក់អង្គការសហប្រជាជាតិ រឺរដ្ឋាភិបាលកម្ពុជា ក្រុមមេធាវីបានទទូចសុំលោកបាន គីម៉ូន អោយដកបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ «ជាបន្ទាន់» ដើម្បីទទួលបានរបាយការណ៍ស៊ើបអង្កេត ដែលដឹកនាំដោយសហប្រជាជាតិ។ ក្រុមមេធាវីបានសន្និដ្ឋានចុងក្រោយថា ប្រសិនជាអង្គការសហប្រជាជាតិមិនបំពេញតាមសំណើរបស់ក្រុមមេធាវីនោះទេ វានឹងធ្វើអោយខូចកិត្តិយសតុលាការយុត្តិធម៌។