Monday, June 22, 2009

អនុសាសន៍​សម្ដេច​ ហ៊ុន​ សែន​ ជំរុញ​ធ្វើ​ច្បាប់​ឲ្យ​ជន​បរទេស​មាន​កម្មសិទ្ធិ

អនុសាសន៍​សម្ដេច​ ហ៊ុន​ សែន​ ជំរុញ​ធ្វើ​ច្បាប់​ឲ្យ​ជន​បរទេស​មាន​កម្មសិទ្ធិ​លំនៅ​ឋាន​មិន​ផ្ទាល់​ដី
សេចក្ដី​ប្រកាស​ព័ត៌មាន​មាន​ស្ដី​ពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ថ្ងៃ​ទី​១៩​មិថុនា ​ឆ្នាំ​២០០៩​ វេលា​ម៉ោង​៨​និង​៣០​នាទី​ នៅ​ទី​ស្ដី​ការ​បណ្ដោះអាសន្ន​នៃ​គណៈរដ្ឋមន្ត្រី​នៅ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ មាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​​បំផុត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​អាណត្តិ​ទី​៤​​ដើម្បី​ឆ្លង​ ១-សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ក្រម​ព្រហ្មទណ្ឌ​ និង​២- បញ្ហា​ផ្សេងៗ។

ក្រោយ​ពី​បាន​ស្ដាប់​របាយការណ៍​ និង​មតិ​ពិភាក្សា​ផ្លាស់ប្ដូរ​​យោបល់​រួច​មក​ កិច្ច​ប្រជុំ​ពេញ​​អង្គ​គណៈរដ្ឋមន្ត្រី​បាន​ឯកភាព​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ ស្ដី​ពី​ក្រមព្រហ្មទណ្ឌ​ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​ចាំបាច់​ចំពោះ​មុខ​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ទម្រង់​ថ្មី​​នៃ​បទល្មើស​ ព្រម​ទាំង​ឧក្រិដ្ឋកម្ម​​សម័យ​ទំនើប​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ក្នុង​គោលដៅ​ធានា​ការពារ​​ឲ្យ​បាន​នូវ​សិទ្ធិ​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ សន្តិសុខ​សង្គម​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាជន។

សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​តាក់តែង​​ឡើង​ដោយ​គិត​គូរ​ ពិចារណា​ទៅ​​លើ​មូលដ្ឋាន​៣​ធំៗ​គឺ​ប្រពៃណី​ ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា​ បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ដែល​មាន​ស្រាប់​ និង​បរិបទ​ថ្មីៗ​ដែល​កំពុង​ប្រឈម។​ ដើម្បី​ធានា​សង្គតិភាព​ ភាព​រលូន​ និង​និរន្តរភាព​រវាង​ច្បាប់​ព្រហ្មទណ្ឌ​ចាស់​ និង​​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​ ក្រម​នេះ​ក៏​ត្រូវ​បាន​តាក់តែង​ដោយ​គោរព​គោល​គំនិត​សំខាន់ៗ​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ចាស់​ និង​ក្នុង​ប្រព័ន្ធ​ ច្បាប់​រ៉ូម៉ាំង-អាល្លឺម៉ង់​​ ដែល​ជា​ប្រពៃណី​នៃ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា។

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ក្រម​ព្រហ្មទណ្ឌ​នេះ​ រួម​មាន​៦៧២​មាត្រា​ ៦​គន្ថី​ ១២​មាតិកា​ និង​​១៥​ជំពូក។

ចំពោះ​​បញ្ហា​ផ្សេងៗ​ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រសួង​ដែនដី​នគរោបនីយកម្ម និង​សំណង់​​ឲ្យ​សហការ​​ជាមួយ​នឹង​ក្រសួង​យុត្តិធម៌​ ជំរុញ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​​ពី​ការ​លក់​ដូរ​អចលនទ្រព្យ​​ឲ្យ​ជនបរទេស​​មាន​សិទ្ធិ​ទិញ​លំនៅ​ដែល​​មិន​ផ្ទាល់​ដី​នៅ​កម្ពុជា​ ដោយ​រដ្ឋ​នឹង​ផ្ដល់​សិទ្ធិ​កាន់កាប់​ដល់​ពួក​គេ​ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​លំនឹង​ក្នុង​ការ​យក​ទុន​មក​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕


អាពាហ៍ពិពាហ៍​ក្លែងក្លាយ

អាពាហ៍ពិពាហ៍​ក្លែងក្លាយ
ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​មិន​​ថា​ទី​ក្រុង​ ឬ​ជនបទ​​ឡើយ​តែងតែ​សម្លឹង​ចង់​បាន​អនាគត​មួយ​ភ្លឺ​ស្វាង​ជានិច្ច​។ ការ​ចាកចេញ​ទៅ​រស់នៅ​ឯ​បរទេស ​គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យុវជន​ និង​យុវនារី​យើង​នា​ពេល​នេះ​ ដោយ​ពួក​គេ​នឹក​គិត​ថា​ ការ​ទៅ​រស់នៅ​បរទេស​ ការ​ធ្វើ​ការ​នៅ​បរទេស​អាច​ឲ្យ​គេ​​រក​ប្រាក់​កាស​បាន​យ៉ាង​ច្រើន​គ្រាន់​បើ​ជាង​រស់នៅ​ និង​ប្រកប​ការងារ​ក្នុង​ស្រុក​ដែល​រស់​បាន​​មួយ​គែៗ​នោះ។ ក្រៅ​ពី​ការ​ចាកចេញ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ឯ​បរទេស​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ជនបរទេស​ជា​គោលដៅ​ ដើម្បី​បាន​ទៅ​រស់នៅ​ឯ​បរទេស​ស្រប​ច្បាប់​ផង​ដែរ។
ដោយសារ​តែ​ការ​ចង់​ចេញ​​ទៅ​រស់នៅ​បរទេស​ច្រើន​ទៅៗ​នា​ប៉ុន្មាន​ឆ្នាំ​នេះ​ ទើប​មាន​នារី​ខ្មែរ​រាប់​ពាន់​​នាក់​បាន​លង់​ខ្លួន​ក្លាយ​ទៅ​ជា​ទាសករ​នៅ​ឯ​បរទេស​ ដោយសារ​​តែ​គំនិត​ចង់​ទៅ​រស់នៅ​ឯ​បរទេស​ ឬ​​ក៏​ការ​រៀបការ​ជាមួយ​នឹង​ជនបរទេស​ ដោយ​បាន​ចាញ់​ការ​ឃោសនា​ និង​បោក​ប្រាស់​របស់​គេ។

ក្នុង​ចំណោម​អ្នក​ដែល​ចេញ​ទៅ​នៅ​ក្រៅ​ប្រទេស​​ទាំង​នោះ​ ស្ត្រី​ដែល​រៀប​អាពាហ៍ពិពាហ៍​ចេញ​ទៅ​ប្រទេស​តៃវ៉ាន់​ គឺ​បាន​ក្លាយ​ទៅ​ជា​ទាសករ​ និង​រង​ការ​ជួញដូរ​ផ្លូវ​ភេទ​ច្រើន​ជាង​គេ។ សព្វថ្ងៃ​​នេះ​មាន​ស្ត្រី​​ខ្មែរ​ជាង​​ប្រាំពាន់​នាក់​ដែល​កំពុង​រស់នៅ​ប្រទេស​តៃវ៉ាន់​ដែល​ពួក​អ្នក​ទាំង​នោះ​ស្ទើរតែ​ទាំងអស់​កំពុង​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ការ​ជួញដូរ​ទាំង​កម្លាំង​កាយ​ និង​ផ្លូវ​ភេទ​ហើយ​ពិបាក​នឹង​រក​ឱកាស​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

ខាង​ក្រោម​នេះ​គឺ​ជា​សម្ដី​នារី​ម្នាក់​ដែល​មាន​ស្រុក​កំណើត​​នៅ​​ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​កំពង់ចាម​ ទើប​តែ​បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ​កាល​ពី​ដើម​ឆ្នាំ​នេះ​ បន្ទាប់​ពី​នាង​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ទៅ​ធ្វើ​ពលកម្ម​​នៅ​ប្រទេស​តៃវ៉ាន់​ជាង​បួន​ឆ្នាំ​រួច​មក។

នាង​ ឌ.គ.ស​ បាន​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០០៤​ ដើម្បី​បាន​ទៅ​ធ្វើការ​​នៅ​តៃវ៉ាន់។ ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍​បាន​តែ​មួយ​​​ថ្ងៃ​ នាង​ក៏​ចាកចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​ស្នាក់​នៅ​ទី​នោះ​រយៈពេល​ដប់​ពីរ​ថ្ងៃ។ ក្រោយ​ពី​ធ្វើ​សំណុំ​បែបបទ​រួច​ហើយ​ក៏​ចាកចេញ​​ទៅ​ប្រទេស​តៃវ៉ាន់​តែ​ម្ដង។ ប្ដី​របស់​នាង​មាន​ឈ្មោះ​ សឺ​ ឈួនហ្វា​ អាយុហាសិបពីរ​ឆ្នាំ។ នៅ​ពេល​ទៅ​ដល់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​នាង​ក៏​ត្រូវ​គេ​ដឹក​យក​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ​ ពី​ដំបូង​​ក្រុមហ៊ុន​នេះ​ឲ្យ​នាង​​​វេចនំ​ចាំង​ ដោយ​បាន​បៀវត្សរ៍​មួយ​រយហាសិប​ដុល្លារ​ក្នុង​មួយ​​ខែ​ ដោយ​ហូប​ចុក​​នៅ​ផ្ទះ​ថៅកែ​តែ​ម្ដង។ នាង​បាន​វេច​នំចាំង​បាន​រយៈពេល​ប្រាំមួយ​ខែ​ ត្រូវ​គេ​នាំ​យក​ទៅ​ធ្វើការ​នៅ​រោងចក្រ​កែ​មួយ​ ដែល​ក្រុមហ៊ុន​ថ្មី​របស់​នាង​នោះ​បាន​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ខែ​​នៅ​ឆ្នាំ​ទី​មួយ​ គឺ​មួយ​រយហាសិបដុល្លារ​ ឆ្នាំ​ទី​ពីរ​ ពីររាយដុល្លារ​ ឆ្នាំ​ទី​បី​ បីរយហាសិបដុល្លារ​​ និង​ឆ្នាំ​ទី​បួន​ បួន​រយ​ដុល្លារ។ ការ​ធ្វើ​នៅ​រោងចក្រ​​កែវ​នេះ​មិន​លំបាក​អ្វី​ឡើយ​ ប៉ុន្តែ​​លំបាក​ត្រង់​បើក​ប្រាក់​ខែ​ គឺ​នៅ​ពេល​ដែល​នាង​ចង់​ផ្ញើ​ប្រាក់​​កាស​ខ្លះ​មក​​ស្រុក​​កំណើត​វា​ហាក់​ដូចជា​លំបាក​បន្តិច​ ពិសេស​នៅ​ក្នុង​​ឆ្នាំ​ទី​មួយ​ និង​ឆ្នាំ​ទី​ពីរ។ ក្រោយ​មក​នាង​ក៏​សម្រេច​ចិត្ត​យក​ប្រាក់​ខែ​ពី​ក្រុមហ៊ុន​មក​គ្រប់គ្រង​ខ្លួន​ឯង​ វា​ងាយ​ស្រួល​ក្នុង​ការ​ផ្ញើ​មក​ស្រុក​កំណើត។ ក្នុង​មួយ​ឆ្នាំ​ម្ដង​ ប៉ូលិស​តែងតែ​មក​ពិនិត្យ​សួរ​ នាំ​ពី​រឿង​ប្ដី​ហើយ​ប៉ូលិស​គេ​ខ្លាច​ក្រែង​ប្ដី​យក​មក​លក់។ នៅ​ពេល​ដែល​ប៉ូលិស​សួរ​នាំ​នេះ​ នាង​ត្រូវ​តែ​ឆ្លើយ​ថា​​ គឺ​ប្ដី​ស្រប​ច្បាប់​ព្រម​ទាំង​ក្រុមហ៊ុន​នោះ​នាំ​ទៅ​ផ្ទះ​ ប្ដី​មួយ​ឆ្នាំ​ម្ដង​ដើម្បី​ឲ្យ​ស្គាល់​ផ្ទះ​ប្ដី​ច្បាស់លាស់ ខ្លាច​ឆ្លើយ​ទៅ​ខុស​នាំ​ឲ្យ​ប៉ូលិស​ចាប់។ នៅ​ថ្ងៃ​ទី​៣​ ខែ​មករា ​ឆ្នាំ​២០០៩​​កន្លង​មក​នេះ ​នាង​ត្រូវ​បាន​គេ​បញ្ជូន​មក​ស្រុក​វិញ​ជាមួយ​មិត្ត​ភក្ដិ​បួន​នាក់​ទៀត។ នៅ​ពេល​មុន​មក​នោះ ​មាន​អ្នក​ធ្វើការ​​ជាមួយ​នាង​ម្នាក់​ចង់​មក​ស្រុក​វិញ​តែ​ត្រូវ​ក្រុមហ៊ុន​ដក​យក​លិខិត​ឆ្លងដែន​​ទើប​រត់​ទៅ​ប្ដឹង​ប៉ូលិស​ហើយ​ធ្វើ​ការ​​ប្ដឹងប្ដល់​​គ្នា​រហូត​តុលាការ​អនុញ្ញាត​ឲ្យ​នាង​ត្រឡប់​មក​ស្រុក​វិញ​ ដោយ​ពុំ​មា​ន​ប្រាក់​មក​ជាមួយ​ខ្លួន​ឡើយ​ ព្រោះ​ប្រាក់​របស់​នាង​​ត្រូវ​ក្រុមហ៊ុន​មិន​បើក​ឲ្យ។ នាង​ ឌ.គ.ស និយាយ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ នាង​បាន​ជួប​ស្ត្រី​ខ្មែរ​​យើង​ជា​ច្រើន​នាក់​ដែល​នៅ​ធ្វើការ​នៅ​តៃវ៉ាន់​នោះ​អស់​រយៈពេល​បី​ ឬ​បួន​ឆ្នាំ​ទៅ​ហើយ​ថៅកែ​មិន​បើក​ប្រាក់​ខែ​ឲ្យ​ទៀត។

នាង​ វ.ស ដែល​កំពុង​រស់នៅ​មណ្ឌល​របស់​អង្គការ​ខារ៉ា​មក​កម្ពុជា​​នៅ​ប្រទេស​តៃវ៉ាន់​បាន​កំពុង​​ធ្វើការ​​ប្ដឹងប្ដល់​គ្នា​ ដើម្បី​បាន​មក​ស្រុក​វិញ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​​ថា​ នាង​បាន​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៣​ទៅ​រៀបការ​​នៅ​ប្រទេស​វៀតណាម​ ស្នាក់នៅ​ទី​នោះ​មួយ​សប្ដាហ៍​ដើម្បី​ធ្វើ​សំណុំ​បែបបទ​ រួច​ចេញ​ទៅ​ប្រទេស​តៃវ៉ាន់​តែ​ម្ដង។ ក្រោយ​មក​នាង​ត្រូវ​បាន​ប្ដី​យក​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ស្បែក​ជើង​ ដោយ​​ឲ្យ​ធ្វើ​ការ​​ចាប់​ពី​ម៉ោង​ប្រាំមួយ​ព្រឹក​រហូត​ដល់​ម៉ោង​ដប់​​យប់​ គឺ​ធ្វើការ​​ពេញ​ប្រាំ​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ គ្មាន​ថ្ងៃ​ឈប់​សម្រាក​គ្មាន​ថ្ងៃ​ចេញ​ទៅ​ខាង​ក្រៅ​ឡើយ។ នៅ​ពេល​ធ្វើការ​​នោះ​គេ​បាន​កាត់​យក​ប្រាក់​ខែ​របស់​នាង​​បី​ខែ​ដំបូង​ ដោយ​គេ​និយាយ​ថា​ ការ​កាត់​ប្រាក់​នោះ​គឺ​ជា​ប្រាក់​ដែល​រត់​បែបបទ។ ជា​រៀងរាល់​ខែ​ ក្រុមហ៊ុន​តែងតែ​កាត់​ប្រាក់​របស់​នាង​​ដោយ​និយាយ​ថា​ ប្រាក់​មួយ​​ផ្នែក​នោះ​គេ​បាន​​ចាត់ចែង​យក​មក​ផ្ញើ​ឲ្យ​ក្រុមហ៊ុន​​របស់​នាង​នៅ​ឯ​ស្រុក​កំណើត​ ប៉ុន្តែ​ខាង​ក្រុម​គ្រួសារ​របស់​នាង​​នៅ​ឯ​ស្រុក​ឯណោះ​ពុំ​បាន​ទទួល​ប្រាក់​នោះ​ឡើយ។ នាង​​បាន​ដឹង​ថា​ គ្រួសារ​មិន​បាន​ទទួល​ប្រាក់​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា​ បងប្រុស​​របស់​នាង​នៅ​ឯ​ស្រុក​បាន​ស្លាប់​​ដោយ​​សារ​គ្មាន​ប្រាក់​កាស​ដើម្បី​ព្យាបាល។ ដោយ​នា​ង​បាន​​ដឹង​ព័ត៌មាន​នេះ​នា​ង​ក៏​បាន​សម្រេច​ចិត្ត​រក្សា​ប្រាក់​ដោយ​ខ្លួន​ឯង ប៉ុន្តែ​​ក្រុមហ៊ុន​មិន​ព្រម​ឡើយ។​ នៅ​ពេល​ដែល​គេ​ដឹង​ថា ​នាង​ចង់​គ្រប់គ្រង​ប្រាក់​ដោយ​ខ្លួន​ឯង​នោះ​​​ ខាង​ក្រុមហ៊ុន​បាន​ឃ្លាំ​មើល​នាង​គ្រប់​នាទី​ មិន​ឲ្យ​នាង​ទៅ​ណា​មក​ណា​ឡើយ​​ចុង​បញ្ចប់​នាង​ក៏​សម្រេច​ចិត្ត​រត់​ទៅ​រក​ប៉ូលិស​ឲ្យ​ជួយ។ នាង​ វ.ស​ បាន​ឲ្យ​ដឹង​ថា​ ការ​រស់នៅ​​ប្រទេស​តៃវ៉ាន់​នោះ​វា​​លំបាក​ណាស់​ ធ្វើ​ការ​​ដូច​អ្នក​ទោស​ ហើយ​ពេល​បញ្ចប់​ការ​ប្ដឹងប្ដល់​នាង​នឹង​វិល​ត្រឡប់​មក​ស្រុក​វិញ។

លោក​ យ៉ា​ ណាវុធ​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ខារ៉ា​​កម្ពុជា ​​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ខ្មែរ​ដែល​នៅ​ប្រទេស​តៃវ៉ាន់​​មិន​មាន​ក្រុមហ៊ុន​ណា​មួយ​ធានា​ទៅ​ដោយ​​ស្រប​ច្បាប់​នោះ​ឡើយ​ ​ភាគ​ច្រើន​​ស្ត្រី​ដែល​ទៅ​តៃវ៉ាន់​តាមរយៈ​ការ​រៀបការ​ក្លែងក្លាយ​ ដោយ​គេ​រៀបចំ​​ឯកសារ​​នៅ​ប្រទេស​វៀតណាម​ ហើយ​ចេញ​ទៅ​តែ​ម្ដង។ មាន​ស្ត្រី​ខ្មែរ​ជាង​ប្រាំពាន់​នាក់​ដែល​កំពុង​រស់នៅ​​​ប្រទេស​តៃវ៉ាន់ ដែល​ភាគច្រើន​ទៅ​តាមរយៈ​ការ​រៀបការ​ក្លែងក្លាយ​នេះ។ អ្នក​ដែល​ទៅ​រស់នៅ​ភាគ​ច្រើន​គឺ​​រង​ការ​ជួញដូរ​​ផ្លូវ​ភេទ​ បន្ទាប់​មក​ប្ដី​របស់​នាង​ទៅ​យក​ទៅ​លក់​ឲ្យ​គេ​ពី​ថៅកែ​មួយ​ទៅ​ថៅកែ​មួយ​ ហើយ​នៅ​ពេល​ដែល​ពួក​​នាង​អស់​សម្រស់​ គេ​បាន​យក​ទៅ​លក់​ឲ្យ​រោងចក្រ​​សហគ្រាស។ ប៉ុន្តែ​​ចំណុច​​ដែល​យើង​ពិបាក​ជួយ​សង្គ្រោះ​នោះ​​ស្ត្រី​ភាគច្រើន​ដែល​ទទួល​ការ​ជួញដូរ​ផ្លូវ​ភេទ​នោះ​មិន​បាន​និយាយ​ការ​ពិត​នោះ​ឡើយ​ គឺ​និយាយ​តែ​ពី​ការ​លក់​ឲ្យ​ធ្វើ​ជា​កម្មករ​រោងចក្រ​​សហគ្រាស​ប៉ុណ្ណោះ​ ត្រង់​នេះ​​ហើយ​ដែល​យើង​ពិបាក​នឹង​បាន​ជួយ​សង្គ្រោះ។ ប្រសិន​បើ​ពួក​នាង​និយាយ​ការ​ពិត​នោះ​ យើង​នឹង​ធ្វើ​ការងារ​​នេះ​បាន​ឆាប់​រហ័ស​ ពីព្រោះ​ប៉ូលិស​នៅ​តៃវ៉ាន់​គោរព​ច្បាប់​ណាស់​ គេ​សហការ​ជាមួយ​យើង​បាន​យ៉ាង​ល្អ។ បញ្ហា​សំខាន់​នោះ​ស្ត្រី​យើង​ដែល​នៅ​ទី​នោះ​មិន​ចេះ​ច្បាប់​ទើប​មាន​ការ​ធ្វើ​ទុក្ខទោស​ដូចនេះ។ នៅ​ស្រុក​គេ​មិនមែន​គ្រាន់​តែ​កំណត់​អ្នក​នោះ​ជា​មុខ​សញ្ញា​ត្រូវ​ជួញដូរ​ ហើយ​​យក​មក​បាន​នោះ​ទេ​​ គឺ​ទាល់​តែ​ចៅក្រម​តុលាការ​​ធ្វើ​ការ​កាត់ក្ដី​ថា​ អ្នក​នោះ​ជា​ជន​រងគ្រោះ​ពិតប្រាកដ​ ទើប​អាច​​បញ្ជូន​មក​ប្រទេស​ខ្មែរ​បាន។ ដូច្នេះ​បើ​ចង់​រំដោះ​ខ្លួន​ឲ្យ​បាន​ឆាប់​នោះ​ទាល់​តែ​អ្នក​ទាំង​នោះ​ ត្រូវ​ព្រម​និយាយ​ការ​ពិត​ទើប​អាច​ជួយ​បាន។

សព្វថ្ងៃ​ ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​កាន់​បរទេស​​កាន់​តែ​ច្រើន​ឡើងៗ ដែល​ដូច​គេ​នឹក​គិត​ថា​ ការ​ទៅ​ធ្វើការ​នៅ​បរទេស​​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាង​នៅ​ស្រុក​ខ្មែរ។ ទន្ទឹម​នឹង​ចំណាកស្រុក​កាន់​តែ​ច្រើន​ឡើងៗ​នោះ​ ក៏​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ណាស់​ដែរ​​ចំពោះ​សុវត្ថិភាព​របស់​ពួក​គេ។

លោក​ យ៉ា​ ណាវុធ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ពេល​នេះ​យើង​មិន​គួរ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ជា​កម្មករ​​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​​ម៉ាឡេស៊ី​ និង​ទៅ​ធ្វើ​ការងារ​​ដោយ​​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​នោះ​ឡើយ​ ពីព្រោះ​ពួក​អ្នក​ទាំង​នោះ​ធ្វើ​ការ​ប្រៀប​ដូច​ជា​ទាសករ​ ពិសេស​​អ្នក​​ដែល​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​តែ​ម្ដង​ គឺ​មួយ​ថ្ងៃ​គេ​បាន​ឈប់​សម្រាក​តែ​បី​ ឬ​ បួន​ម៉ោង​ប៉ុណ្ណោះ​ មួយ​សប្ដាហ៍​ធ្វើការ​​ប្រាំ​ពីរ​ថ្ងៃ​ពេញ​ ហើយ​ការ​ហូបចុក​ទៀត​សោត​គឺ​ហូប​តែ​របស់​សល់​ពី​គេ​ និង​មាន​​​អ្នក​ខ្លះ​បាន​ហូប​ចំណី​សល់​ទាំង​នោះ​ដោយ​ចែក​​ជាមួយ​ឆ្កែ​ទៀត​​ផង។ ពួក​គេ​ប្រៀប​ដូចជា​ទាសករ។ លោក​គិត​ថា​ បើ​រដ្ឋាភិបាល​​ចង់​ឲ្យ​ពលករ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​បរទេស​​គួរ​ណាស់​តែ​សម្លឹង​ទៅ​រក​ប្រទេស​អភិវឌ្ឍន៍​វិញ​ទើប​ល្អ៕



Sunday, June 21, 2009

របាយការណ៍​របស់​អាមេរិក​ ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​២០០៩ ​កម្ពុជា​នៅ​លំដាប់​ថ្នាក់​លេខ​២

របាយការណ៍​របស់​អាមេរិក​ ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​២០០៩ ​កម្ពុជា​នៅ​លំដាប់​ថ្នាក់​លេខ​២
រាជធានី​ភ្នំពេញ៖ របាយការណ៍​ឆ្នាំ​២០០៩ ស្ដីពី​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ ថា ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​លេខ​២ ក្នុង​បញ្ជី​តាមដាន​ស្ដីពី​ការ​ជួញដូរ​មនុស្ស។ ថ្វីបើ​ជា​រួម​រដ្ឋាភិបាល​កម្ពុជា​មាន​ភាព​ជឿនលឿន​ក្នុង​ការ​ឆ្លើយតប​នឹង​ ការ​ជួញដូរ​ក្ដី តែ​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ការ​ធ្លាក់ចុះ​ក្នុង​ការ​ខិតខំ​ប្រយុទ្ធ​ ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ពិសេស​ចំពោះ​ការ​កាត់ទោស​បទ​ល្មើស​ទាក់ទង​នឹង​ការ​ជួញដូរ។

របាយការណ៍​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ដដែល បាន​បង្ហាញ​ភាព​លំអិត​ខ្លះៗ​ថា កម្ពុជា​គឺ​ជា​ប្រទេស​ប្រភព​ប្រទេស​ឆ្លងកាត់ និង​ប្រទេស​គោលដៅ​សម្រាប់​បុរស-ស្ត្រី និង​កុមារ ដែល​រងគ្រោះ​ដោយ​ការ​ជួញដូរ ដើម្បី​បំណង​កេងប្រវ័ញ្ច​ផ្លូវភេទ និង​ការ​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម។ ស្ត្រី​និង​កុមារ​ត្រូវ​បាន​គេ​ជួញដូរ​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ធ្វើ​ពេស្យាចារ​ដោយ​បង្ខំ។ ចំណែក​បុរស​កម្ពុជា​ខ្លះ​ដែល​ធ្វើ​ចំណាក​ស្រុក​ដោយ​ចិត្ត​​ឯង​ទៅ​ប្រទេស​ថៃ​ និង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ស្វែងរក​ការងារ​ធ្វើ បាន​ធ្លាក់​ក្នុង​ស្ថានភាព​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​ ក្នុង​ទូក​នេសាទ សំណង់​ និង​កសិឧស្សាហកម្ម។ ស្ត្រី និង​បុរស​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​​មក​​កម្ពុជា​វិញ​បាន​និយាយ​ ពី​ការ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់​នៅ​ទី​នោះ បន្ទាប់​ពី​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ទី​នោះ​តាម​រយៈ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ កម្ពុជា។ កុមារ​កម្ពុជា​ត្រូវ​បាន​ជួញដូរ​ទៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ឲ្យ​ដើរ​សុំទាន លក់​ស្ករ​គ្រាប់ ឬ​ផ្កា ឬ​ខាត់​ស្បែកជើង​ឲ្យ​គេ​ជា​ដើម។ ឪពុកម្ដាយ​ពេល​ខ្លះ​លក់​កូន​របស់​គេ​ឲ្យ​ធ្វើ​ខ្ញុំ​បម្រើ​គេ ឲ្យ​ដើរ​សុំ​ទាន​ លក់​ឲ្យ​ផ្ទះ​បន​សម្រាប់​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ ឬ​បង្ខំ​ឲ្យ​ធ្វើ​ខ្ញុំ​បម្រើ​តាម​ផ្ទះ។ នៅ​ប្រទេស​កម្ពុជា កុមារ​ត្រូវ​បាន​គេ​ជួញដូរ​ឲ្យ​ដើរ​សុំទាន​គេ ដើរ​រើស​របស់​តាម​គំនរ​សំរាម ធ្វើ​ការ​នៅ​តាម​ស្រែ​អំបិល តាម​កន្លែង​ផលិត​ឥដ្ឋ ក្បឿង និង​​កន្លែង​យក​ថ្ម។

រដ្ឋាភិបាល​កម្ពុជា មិន​បាន​គោរព​ពេញលេញ​តាម​បទដ្ឋាន​អប្បបរមា ​សម្រាប់​ការ​បំបាត់​ការ​ជួញដូរ​ទេ។ ទោះ​ជា​យ៉ាងណា​ក្ដី​ក៏​រដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​នេះ។ ទោះ​ជា​យ៉ាងណាក្ដី​ក៏​រដ្ឋាភិបាល​កំពុង​តែ​ខិតខំ ​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ករ​ជួញដូរ​នេះ។ ទោះ​បី​ជា​រួម​មាន​ការ​ខិតខំ​យ៉ាងណាក្ដី​ក៏​រដ្ឋាភិបាល​​មិន​បាន​បង្ហាញ​ឲ្យ ​ឃើញ​នូវ​ភស្តុតាង​នៃ​ភាព​ជឿនលឿន​ក្នុង​ការ​កាត់​ទោស ហើយ​និង​ដាក់​ទណ្ឌកម្ម​លើ​ជន​ល្មើស​ដែល​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស រួម​ទាំង​មន្ត្រី​សាធារណៈ​ដែល​ឃុបឃិត​ជាមួយ ឬ​ក្នុង​ការ​ការពារ​ជនរងគ្រោះ​ដោយ​សារ​ការ​ជួញដូរ​ឡើយ។ ដូច្នេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​លំដាប់​ថ្នាក់​លេខ​២ ក្នុង​បញ្ជី​តាមដាន។ ដើម្បី​ធ្វើ​ឲ្យ​លំដាប់​ថ្នាក់​នេះ​មាន​ភាព​ប្រសើរ​ឡើង ប្រទេស​កម្ពុជា​​គួរ​ធ្វើ​ការ​ខិតខំ​ច្រើន​ថែមទៀត​ ក្នុង​ការ​នាំ​ខ្លួន​ជន​ល្មើស​ក្នុង​ការ​ជួញដូរ​មក​កាត់​ទោស ដាក់​ទោស និង​ដាក់​ទណ្ឌកម្ម ហើយ​ខិតខំ​ច្រើន​ថែមទៀត​ក្នុង​ការ​កាត់​ទោស ដាក់​ទោស​ និង​ដាក់​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​លើ​មន្ត្រី​សាធារណៈ​ដែល​មាន​ពាក់ព័ន្ធ​ក្នុង​ ការ​ជួញដូរ​មនុស្ស​នេះ។

តាម​រយៈ​ការ​អនុម័ត​ច្បាប់​ឆ្នាំ​២០០០ ស្ដីពី​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ(TVPA) ហើយ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម សភា​សហរដ្ឋអាមេរិក​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ​ផ្ញើ​របាយការណ៍​នេះ​រាល់​ឆ្នាំ​ទៅ​សភា​សហរដ្ឋអាមេរិក។ របាយការណ៍​ទាក់ទង​នឹង​ប្រទេស​១៦៤​នេះ​គឺ​ជា​របាយការណ៍​ពេញលេញ​បំផុត ទូទាំង​សាកលលោក ស្ដីពី​ការ​ខិតខំ​របស់​បណ្ដា​រដ្ឋាភិបាល​នានា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។ បំណង​នៃ​របាយការណ៍ គឺ​ដើម្បី​ជំរុញ​សកម្មភាព និង​បង្កើត​ភាព​ជា​ដៃគូ​នៅ​ជុំវិញ​ពិភពលោក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​​នឹង​ទាសភាព​សម័យ​ទំនើប។ ប្រទេស​ដែល​ត្រូវ​បាន​កំណត់​ថា មាន​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ណាមួយ​ក្នុង​ចំណោម​លំដាប់​ ថ្នាក់​ទាំង​៣។ ប្រទេស​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ថា បំពេញ​បាន​តាម «បទដ្ឋាន​អប្បបរមា​សម្រាប់​ការ​បំបាត់​ទម្រង់​​ធ្ងន់ធ្ងរ​នៃ​ការ​ជួញ​ដូរ»​ ដូច​មាន​ចែង​ក្នុង TVPA ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ​១។ ប្រទេស​ដែល​ត្រូវ​បាន​វាយតម្លៃ​ថា មិន​បំពេញ​បាន​ពេញលេញ​តាម​បទដ្ឋាន​អប្បបរមា​ តែ​កំពុង​តែ​ខិតខំ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ​២។ ប្រទេស​ដែល​ត្រូវ​វាយ​តម្លៃ​ថា មិន​គោរព​បាន​តាម​បទដ្ឋាន​អប្បបរមា ហើយ​ក៏​មិន​បាន​ធ្វើការ​ខិតខំ​គួរ​ឲ្យ​កត់សម្គាល់ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ​៣។

របាយការណ៍​នេះ​បន្ត​ថា ច្បាប់ TVPA ថែម​ទាំង​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​ផ្ដល់​បញ្ជី​ តាមដាន​ពិសេស (Special Watch List) លើ​ប្រទេស​ដែល​ត្រូវ​វាយតម្លៃ​ម្ដង​ទៀត ក្នុង​ការ​វាយតម្លៃ​បណ្ដោះអាសន្ន​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ត្រូវ​តែ ​ផ្ដល់​ឲ្យ​សភា​នៅ​ត្រឹម​ថ្ងៃ​ទី​១ កុម្ភៈ ជា​រៀងរាល់​ឆ្នាំ។ បន្ថែម​ពី​លើ​ការ​តាមដាន​ប្រទេស​នានា​ដែល​មាន​កំណែ​លំអ​លើ​លំដាប់​ថ្នាក់​ពី ​៣ ទៅ​២ ឬ​ពី​២ ទៅ​១ បញ្ជី​តាម​ដាន​ពិសេស​នេះ​ថែមទាំង​បង្កើត​លំដាប់​ថ្នាក់​ទី​៤ ថ្មី​មួយ​ទៀត គឺ​លំដាប់​ថ្នាក់​លេខ​២ ក្នុង​បញ្ជី​តាមដាន។ លំដាប់​ថ្នាក់​នេះ​រួមមាន ប្រទេស​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ​៣ ដែល​ត្រូវ​បាន​កំណត់​ថា ១-មិនបាន «បង្កើន​ការ​ប្រឹងប្រែង» ក្នុង​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ ២-បាន​ចៀស​ផុត​ពី​លំដាប់​ថ្នាក់​លេខ​៣ ដោយ​សារ​ការ​ប្ដេជ្ញា​លើ​កំណែ​ទម្រង់​ ប្រឆាំង​នឹង​ការ​ជួញដូរ​សម្រាប់​ឆ្នាំ​ខាងមុខ ឬ​៣-មាន​កំណើន​នៃ​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​ក្នុង​កម្រិត​ច្រើន​គួរសម។

ស្ថាន​ទូត​អាមេរិក​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ថែម​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​ កម្ពុជា​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ​ ដើម្បី​សម្រេច​បាន​ជោគជ័យ​លើ​ជំហាន​ចាំបាច់​ក្នុង​ការ​នាំ​ប្រទេស​កម្ពុជា​​ ទៅ​កាន់​លំដាប់​ថ្នាក់​លេខ​១​នៅ​ទី​បំផុត។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០០៨ កម្ពុជា​ក៏​បាន​ស្ថិត​ក្នុង​លំដាប់ថ្នាក់​លេខ​២​ដែរ៕


ជីវិត​កម្សត់​របស់​ស្ត្រី​ប៉ះ​កង់​ម៉ូតូ

ជីវិត​កម្សត់​របស់​ស្ត្រី​ប៉ះ​កង់​ម៉ូតូ
ក្រពះ​ជា​សរីរាង្គ​មួយ​ប្រភេទ​​ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស។ សរីរាង្គ​មួយ​ប្រភេទ​នេះ​បង្ខំ​​ឲ្យ​មនុស្ស​គ្រប់​រូប​ប្រព្រឹត្ត​មុខ​របរ​ ផ្សេងៗ​​ដើម្បី​ប្ដូរ​យក​អាហារ​​​មក​បំពេញ​វា។ ជាក់​ស្ដែង​ដោយសារ​តែ​​គ្មាន​អាហារ​សម្រាប់​បំពេញ​សេចក្ដី​​ត្រូវ​ការ​របស់​ ក្រពះ​​បាន​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ហាសិប​ឆ្នាំ​ប្លាយ​ម្នាក់​បង្ខំ​ចិត្ត​ចាប់ ​យក​ការងារ​​បន្ត​ពី​ប្ដី​ឈឺ​របស់​គាត់​ បើ​ទោះ​ជា​រូប​គាត់​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ ការងារ​ជំពូក​នេះ​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ដោយ​មនុស្ស​ផ្ទុយ​ភេទ​ពី​គាត់​ ក៏​ដោយ។​ នោះ​ជា​មុខរបរ​ប៉ះ​អ៊ុត​កង់​​ ម៉ូតូ​ ស៊ីក្លូ​ រ៉ឺម៉ក៍ នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​តាម​បណ្ដោយ​មាត់​ទន្លេ​ក្នុង​សង្កាត់​វត្ត ​ភ្នំ​​ ខណ្ឌ​ដូន​ពេញ ​​នា​ទី​ក្រុង​ភ្នំពេញ។

បន្ទាប់​ពី​​ប្ដី​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ​មិន​អាច​​ប្រកប​ការងារ​​ប៉ះ ​អ៊ុត​នោះ​​បាន​ ស្ត្រី​វ័យ​ហាសិប​ឆ្នាំ​ឈ្មោះ​ ញឹម​ មុន​ បាន​បន្ត​​មុខ​របរ​ហេង​ស៊យ​នេះ​​ត​ទៅ​មុខ​ទៀត​ ព្រោះ​ថា​​រូប​គាត់​មិន​បាន​សម្លឹង​ឃើញ​ការងារ​អ្វី​ក្រៅ​ពី​ការងារ​នេះ​ទេ​ ​ម្យ៉ាង​ដោយ​មាន​សម្ភារៈ​ប៉ះ​អ៊ុត​នោះ​ស្រាប់​ផង​ ហើយ​បើ​ទោះ​ជា​លក់​វិញ​ក៏​មិន​បាន​ថ្លៃ​ប៉ុន្មាន​ដែរ​ ដោយ​សារ​តែ​សម្ភារៈ​ទាំង​នោះ​ចាស់ៗ​អស់​ទៅ​ហើយ។

ស្ថិត​នៅ​ក្នុង​សំលៀកបំពាក់​ចាស់​ អាវ​ជជុះ​ពណ៌​ក្រហម​ដៃ​វែង​ និង​ខោ​ជើង​​ធំ​ស្ដើង​ត្រឹម​កំភួន​ជើង​ស្ត្រី​ ញឹម​ មុន​ បាន​រៀបរាប់​ពី​ប្រវត្តិ​​របស់​គាត់​ត្រួសៗ​ឲ្យ​ដឹង​ថា​ រូប​គាត់​មាន​ស្រុក​កំណើត​កើត​ជា​នៅ​ក្នុង​ទឹក​ដី​ខេត្ត​តាកែវ​ ស្ថិត​នៅ​ក្នុង​ភូមិ​កន្ទួត​ធំ​ ឃុំ​ត្រឡាច​ស្រុក​ទ្រាំង។ គាត់​បាន​និយាយ​ទាំង​តូច​ចិត្ត​ថា​ "ក្នុង​មួយ​ឆាក​ជីវិត​របស់​ខ្ញុំ​នេះ ​ខ្ញុំ​មិន​ដែល​​បាន​ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​​នោះ​ទេ​ ដោយ​គ្រាន់​តែ​ត្រូវ​ពួក​ ប៉ុល​ ពត​ បង្ខំ​ឲ្យ​ចាប់​គូ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​​តែ​ប៉ុណ្ណោះ"។ ចំណង​អាពាហ៍ពិពាហ៍​តាមរយៈ​ការ​បង្ខិតបង្ខំ​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​ ធ្វើ​ឲ្យ​រូប​គាត់​បង្កើត​បាន​កូន​ប្រុស​ម្នាក់។ ដោយសារ​សន្តិសុខ​ និង​កង្វះខាត​ខាង​ជីវភាព​​នៅ​ក្នុង​គ្រួសារ​នៅ​ស្រុក​កំណើត​ក្រុម​គ្រួសារ​​ ​ដែល​មាន​សមាជិក​បី​នាក់​នោះ​បាន​ផ្លាស់​មក​រស់នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ក្នុង​ឆ្នាំ​១៩៨៤​ ដោយ​​លើក​ដំបូង​គាត់​ប្រកប​មុខ​របរ​លក់​បន្លែ​​បង្ការ​នៅ​ឯ​ផ្សារ​​ចាស់​​ ចំណែក​ឯ​ប្ដី​របស់​គាត់​វិញ​ស៊ី​ឈ្នួល​ធ្វើ​ម៉ូតូ​ឲ្យ​គេ​នៅ​ម្ដុំ​នោះ​ ដែរ។

ដោយ​និយាយ​រំឭក​ជីវិត​អតីតកាល​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​បាន​មក​ គ្របដណ្ដប់​លើ​អារម្មណ៍​របស់​គាត់​ដែល​ធ្វើ​ឲ្យ​ស្ត្រី​រូប​នេះ​អួល​​ដើម​​ក ​ស្ទើរ​រក​ពាក្យ​និយាយ​មិន​​​​​​​​​ចេញ។ ទឹក​នេត្រា​​ដ៏​ភ្លឺ​ថ្លា​បាន​បង្ហាញ​ខ្លួន​ភ្លាមៗ​មួយ​រំពេច​នៅ​ក្នុង​កែវ​ ភ្នែក​ទាំង​គូ​របស់​គាត់។ ក្នុង​ខណៈ​ពេល​នោះ​គាត់​បាន​ដោះ​មួក​ក្រណាត់​ពី​របស់​គាត់​ ធ្វើ​ឲ្យ​យើង​មើល​ឃើញ​យ៉ាង​​ច្បាស់​នូវ​សក់​ស្កូវ​ដុំៗ និង​សាច់​ត្របក​ភ្នែក​បាន​​យារ​ធ្លាក់​លុប​គ្រាប់​ភ្នែក​ផ្នែក​ខាង​លើ​របស់​ គាត់។ មិន​យូរ​ប៉ុន្មាន​ អ៊ំស្រី​​ បាន​យក​ដៃ​មក​ជូត​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​ ហើយ​បាន​បន្ត​ដោយ​សំឡេង​មួយៗ​ថា​ "ប្ដី​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ដៃ​ឆ្វេង​របស់​គាត់​ងាប់​កម្រើក​មិនបាន​ទេ​ ហើយ​ជួនកាល​មាត់​របស់​គាត់​ជាប់​សរសៃ​និយាយ​​មិន​ចេញ​ក៏​មាន​ដែរ។ ប្រាក់​ដែល​ខ្ញុំ​រក​ពី​មុន​សល់​បន្តិច​បន្តួច​បាន​ប្រមូល​ទិញ​ថ្នាំ​មក​មើល ​គាត់​អស់​ហើយ​គ្មាន​សល់​អ្វី​ទេ។ ចំពោះ​មុខ​របរ​ប៉ះ​កង់​ម៉ូតូ​នោះ​វិញ​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​​គ្រួសារ​ របស់​ខ្ញុំ​ធូរស្រាល​បាន​ឡើយ"។ គាត់​បាន​និយាយ​ថា​ "ខ្ញុំ​ប៉ះ​ម៉ូតូ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មក​ហើយ​តាំង​ពី​មួយ​បំណះ​ ប្រាំពីររយរៀល​រហូត​ដល់​ឥឡូវ​នេះ​មួយ​បំណះ​ពីរ​ពាន់​រៀល។ រាល់​ថ្ងៃ​នេះ​ ជួន​កាល​ប៉ះ​បាន​ម្នាក់​ ឬ​ពីរ​នាក់​ ហើយ​ជួន​កាល​អត់​សោះ​ក៏​មាន​ដែរ"។ គាត់​ក៏​បាន​បន្ថែម​ទៀត​​ផង​ដែរ​ថា​ "ការងារ​តាម​ចិញ្ចើម​ថ្នល់​នេះ​មិន​ងាយ​ស្រួល​នោះ​ទេ​ គឺ​ត្រូវ​ធ្វើ​មុខ​ក្រាស់​បន្តិច​ ទើប​រក​ស៊ី​នៅ​កន្លែង​បែប​នេះ​បាន​ ព្រោះ​ថា​ពេល​ខ្លះ​ប៉ូលិស​​ដេញ​ពី​បី​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ដែរ"។ នា​ពេល​កន្លង​មក​ថ្មីៗ​នេះ​ ស្ត្រី​ប៉ះ​កង់​ម៉ូតូ​រូប​នេះ​​ត្រូវ​ប៉ូលិស​សណ្ដាប់ធ្នាប់​ដេញ​ឈប់​ឲ្យ​រក​ ស៊ី​តាម​ផ្លូវ​​ហើយ​ពួក​គេ​ថែម​ទាំង​បាន​ចាប់​ប្រមូល​យក​សម្ភារៈ​ប៉ះ​អ៊ុត​ របស់​គាត់​ទៅ​ដាក់​សាលាខណ្ឌ​ពេល​ដែល​គាត់​ទៅ​សម្រាក​ពេល​ហូប​បាយ​ថ្ងៃ​ ត្រង់។ គាត់​ត្រូវ​បង្ខំ​ឲ្យ​បង់​ប្រាក់​ចំនួន​​​ពីរ​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការ​យក ​របស់​របរ​គាត់​ត្រឡប់​មក​វិញ។ សម្ភារៈ​មួយ​ចំនួន​ត្រូវ​ខូចខាត​ ឬ​បាត់បង់។ គាត់​បាន​និយាយ​ត្អូញត្អែរ​ថា​​ ពេល​ខ្លះ​នៅ​ពេល​យប់​គាត់​ត្រូវ​ពួក​ក្មេង​ស្ទាវៗ​ធ្វើ​បាប​ ដោយ​គេ​ប៉ះ​ ឬ​ប្ដូរ​ពោះវៀន​ម៉ូតូ​ហើយ​មិន​ឲ្យ​ប្រាក់​ ឬ​ឲ្យ​តែ​ពាក់កណ្ដាល​ថ្លៃ​ និង​មាន​អ្នក​ខ្លះ​ទៀត​ប៉ះ​ជឿ​ ហើយ​ដោះ​អាវ​​បញ្ចាំ​ក៏​មាន​ដែរ។

ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ទៀត​ ស្ត្រី​មាឌ​តូច​ស្ដើង​រូប​នេះ​​​បាន​ដាក់​សាំង​ដប​លក់​ ប៉ុន្តែ​វា​ក៏​​មិន​សូវ​ដាច់​នោះ​ទេ។ សាំង​មួយ​លីត្រ​ចំណេញ​បាន​តែ​មួយ​រយ​ ឬ​ពីរ​រយ​រៀល​ប៉ុណ្ណោះ​ ហើយ​ពី​បី​ទៅ​បួន​ថ្ងៃ​ទើប​លក់​អស់​មួយ​កាន។ ថ្ងៃ​​ខ្លះ​អត់​ប្រាក់​ទិញ​ម្ហូប​ សុខចិត្ត​​ស៊ី​អត់​ឃ្លាន​​មិន​ហ៊ាន​ដក​ប្រាក់​សាំង​ទេ​ ព្រោះ​ខ្លាច​គ្មាន​ប្រាក់​សង​ថ្លៃ​ដើម​គេ។ ពី​មុន​មក​ បាន​កូន​ប្រុស​របស់​គាត់​ជួយ​ប្រាក់​កាស​ខ្លះ​ តែ​ឥឡូវ​នេះ​កូន​របស់​គាត់​ប្រឈម​មុខ​នឹង​​ការ​បាត់បង់​ការងារ​​ដោយ​រោងចក្រ ​ដែល​កូន​គាត់​ធ្វើ​ការ​បាន​បិទទ្វារ​ទៅ​ហើយ។ គាត់​បាន​និយាយ​ដោយ​ក្ដី​អស់​សង្ឃឹម​ថា​ "ទៅ​ថ្ងៃ​មុខ​មិន​ដឹង​​ជា​ទីពឹង​អី​ទេ​ ខ្លួន​កាន់​តែ​ចាស់​ ដល់​ពេល​ធ្វើ​​ការងារ​លែង​កើត​មុខ​ជា​ដាច់​ពោះ​ស្លាប់​ហើយ"៕


ស្រស់ស្រូប​អាហារ​ពេលព្រឹក​ប៉ុន្មាន​គ្រប់គ្រាន់?

ស្រស់ស្រូប​អាហារ​ពេលព្រឹក​ប៉ុន្មាន​គ្រប់គ្រាន់?
អាហារ​ពេលព្រឹក​គឺ​ល្អ​ណាស់​សម្រាប់​សុខភាព។ ប៉ុន្តែ​បើ​យើង​ក្រោក​យឺត​ហើយ ៣ ម៉ោង​ក្រោយ​ទើប​បាន​ហូប​អាហារ​ពេលព្រឹក​នោះ តើ​នៅ​មាន​ប្រសិទ្ធភាព​ទៀត​ទេ? ឬ បើ​ល្អ​ជាង​នេះ យើង​ហូប​អ្វី​បន្តិច​នៅ​ពេល​ក្រោក​ពី​ដំណេក?


អាហារ​ពេលព្រឹក គឺ​សំខាន់​ណាស់​សម្រាប់​ខួរក្បាល និង​រាងកាយ។ អាហារ​ពេលព្រឹក​មួយ​ពេល​ដែល​គ្រប់គ្រាន់ នឹង​ផ្ដល់​ថាមពល​ដល់​ខួរក្បាល​អាច​​ជួយ​ឲ្យ​យើង​បាន​ឆ្លាតវៃ​ជាង។ ទទួលទាន​អាហារ​ពេលព្រឹក គឺ​ជួយ​ឲ្យ​កូឡេស្តេរ៉ូល​មាន​ចំនួន​ល្អ ព្រមទាំង​ជួយ​សម្រួល​បរិមាណ​អាហារ​ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​មួយ​ថ្ងៃ​ ពេញ។ មនុស្ស​ដែល​មិន​ហូប​អាហារ​ពេលព្រឹក នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ទម្ងន់​ ឬ ធាត់​ខ្លាំង។

អាហារ​ពេលព្រឹក​គឺ​ជា​អាហារ​ដែល​អ្នក​ទទួលទាន​ដំបូង​បំផុត​ក្នុង​មួយ​ ថ្ងៃ បើ​ទោះ​ជា​យើង​ហូប​អាហារ​ពេល​ល្ងាច​មុន​នេះ ៨ ឬ​១៥​ម៉ោង​ក៏ដោយ។

មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​អាច​ចលនា ឬ ធ្វើ​ការ​បាន ១២​ម៉ោង ឬ ច្រើន​ជាង​នេះ នៅ​ពេល​យប់​មិន​បាន​ហូប​អ្វី​ទាំង​អស់​នោះ គឺ​ដោយសារ​រាង​កាយ​យើង​កំពុង​ប្រើប្រាស់​ថាមពល​តិច ដោយ​ដេក ឬ​​អនុវត្ត​ការងារ​ដែល​ត្រូវ​អង្គុយ​ធ្វើ។ កោសិកា​ទាំងឡាយ​​តែង​ធ្វើការ ទោះ​ជា​កំពុង​ដេកលក់​ស្កប់​​ក៏ដោយ​ ដូច្នេះ​រាងកាយ​នៅ​តែ​ប្រើប្រាស់​ថាមពល។ ប៉ុន្តែ​ពេល​នេះ​រាងកាយ​អាច​ប្រើប្រាស់​នូវ​ចំនួន​ជាតិ​ធាត់​ដែល​បាន​ស្តុក​ ទុក ព្រមទាំង​ជាតិ​ក្លីកូហ្សែន (Glycogen) ដែល​មាន​ក្នុង​ថ្លើម​ផង​ដែរ។ នៅ​ពេល​ព្រឹក បន្ទាប់ពី​មិន​បាន​ហូប​អ្វី​មួយ​យប់​នោះ ជាតិ​ក្លីកូហ្សែន​ក្នុង​​ថ្លើម នឹង​នៅ​សល់​ជាតិ​ជាង​ធម្មតា។ ទទួលទាន​អាហារ​ពេលព្រឹក​វា​នឹង​បង្កើត​ឡើង​វិញ​នូវ​សារជាតិ​ទាំង​នេះ។

មនុស្ស​មួយ​ចំនួន​មិន​ហូប​អាហារ​ពេលព្រឹក​ តែ​មាន​អារម្មណ៍​ហេវ។​ ប៉ុន្តែ​បែបនេះ​វា​នឹង​ប្រើប្រាស់​ជាតិ​ក្លីកូហ្សែន​ក្នុង​ថ្លើម ហើយ​បើ​ជាតិ​ក្លីកូហ្សែន​អស់​នោះ វា​ងាយ​នឹង​បណ្ដាល​ឲ្យ​កើត​អាការ​ហេវហត់​បណ្ដាល​ឲ្យ​រាងកាយ​ត្រូវ​ទាមទារ​ ការ​ផ្គត់ផ្គង់​ថាមពល​ឆាប់​ជាង​ធម្មតា​ដើម្បី​ឲ្យ​បាត់​ឃ្លាន។ ពេល​យើង​កំពុង​ឃ្លាន​ល្អ​បំផុត​គឺ​ត្រូវ​រក​អាហារ​មក​ទទួល​ទាន។ យើង​មាន​អារម្មណ៍​ថា​មិន​ឃ្លាន ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​មិន​ត្រូវ​ការ​អាហារ​ពេលព្រឹក​ទេ ឬ​ថា​ការ​ហូប​អាហារ​ពេលព្រឹក គឺ​មិន​មាន​ប្រយោជន៍​នោះ​​ក៏​មិន​ចង់​ដែរ។

យើង​អាច​ប្រើ​កម្លាំង​បាន​រយៈពេល​ប៉ុនណា គឺ​អាស្រ័យ​លើ​ពេល​វេលា​ដែល​យើង​ហូប​លើក​ចុងក្រោយ និង​ចំនួន​អាហារ​ដែល​បាន​ទទួលទាន ព្រមទាំង​ការ​បញ្ចេញ​កម្លាំង​ដល់​កម្រិត​ណា។ ចំពោះ​មូលដ្ឋាន​ពេល​ល្ងាច​របស់​យើង​កាន់​តែ​វែង ឬ​យើង​ប្រើ​កម្លាំង​កាន់តែ​ច្រើន​នោះ រាងកាយ​នឹង​ត្រូវ​ការ​ថាមពល​កាឡូរី​កាន់​តែ​ឆាប់។

អាហារ​ស្រាលៗ​ដែល​មាន​ផ្លែឈើ ទឹកដោះគោ​ជូរ ទឹក​ផ្លែឈើ នឹង​ល្អ​បំផុត​សម្រាប់​ការ​ចាប់​ផ្ដើម​ថ្មី។ បើ​យើង​មិន​មាន​ពេល​ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក ឬ​អាហារ​លឿន​ដូច​នំ​ប៊័រ​សណ្ដែក​អាំង​ជាដើម​នោះ​យើង​អាច​យក​អាហារ (ហូប​ភ្លាមៗ​បាន) ដាក់​ហូប​តិចៗ​ពេល​ជិះ​រថយន្ត​ជាដើម៕


Saturday, June 20, 2009

សិស្សនិស្សិតវៃឆ្លាតកម្ពុជា៧រូបជាប់អាហារូបករណ៍ទៅសិក្សានៅ

សិស្ស​និស្សិត​វៃ​ឆ្លាត​កម្ពុជា​៧​រូប ​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក រាជធានី​ភ្នំពេញ៖ កាល​ពី​ថ្ងៃ​​ទី១៧​ មិថុនា​​កន្លង​មក​នេះ​ សិស្ស​ និស្សិត​វៃ​ធ្លាត​ចំនួន​៧​នាក់​ដែល​បាន​ប្រឡង​ជាប់​​អាហារូបករណ៍​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​បាន​មក​ជួប​ជុំ​គ្នា​ ដើម្បី​រៀបចំ​​ប្រារព្ធ​ពិធី​អបអរសាទរ និង​ជូន​ដំណើរ​ក្រោម​អធិបតីភាព​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ និង​លោក​ ពិត​ ចំណាន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា។


លោកស្រី​ Carol Rodley បាន​ថ្លែង​ថា​ ចាប់​តាំង​ពី​ស្ថាន​ទូត​អាមេរិក​បាន​បើក​ឡើង​វិញ​កាល​ពី​១៨​ឆ្នាំ​មុន​ យើង​បាន​ផ្ដល់​ឱកាស​ឲ្យ​សិស្ស ​និស្សិត​កម្ពុជា​ដែល​មាន​ភាព​វៃ​ធ្លាត​បាន​ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​អាមេរិក​ជា​បន្តបន្ទាប់​តាមរយៈ​កម្មវិធី​ Fulbright​ និង​​ Hubert Humphrey ដែល​ផ្ដោត​ជា​សំខាន់​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​​លើ​វិស័យ​អប់រំ។ ជាក់ស្ដែង​​ដូចជា​ពេល​នេះ​ សិស្ស​ និស្សិត​ចំនួន​៧​នាក់​មក​ពី​វិទ្យាល័យ សាកលវិទ្យាល័យ​ដែល​សុទ្ធ​សឹង​ជា​សិស្ស​ និស្សិត​ដែល​រៀន​ពូកែ​មាន​ការ​វៃ​ឆ្លាត​អំណត់​ព្យាយាម​ និង​មាន​ចំណេះដឹង​ភាសា​អង់គ្លេស​ខ្ពស់​ បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​​ស្រាវជ្រាវ​នៅ​ប្រទេស​អាមេរិក​ ហើយ​នឹង​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​២៧​ មិថុនា​ ខាង​មុខ​នេះ។ លោកស្រី​បញ្ជាក់​ថា​ អាមេរិក​នឹង​បង្កើន​ចំនួន​៣​ដង​សម្រាប់​កម្មវិធី​នេះ​ក្នុង​អំឡុង​​ឆ្នាំ​២០០៩​ ដើម្បី​ផ្ដល់​ជូន​ដល់​សិស្ស​ និស្សិត​កម្ពុជា​​មាន​ឱកាស​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក​គឺ​ពី​ទទួល​១៧​នាក់​នៅ​ឆ្នាំ​២០០៨​ ដល់​ចំនួន​៤០​នាក់​នៅ​ឆ្នាំ​២០០៩​នេះ។ សិស្ស​ និស្សិត​ទាំង​នោះ​នឹង​​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​២៧​មិថុនា​ខាង​មុខ​នេះ​ ដោយ​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាល័យ​ និង​សាកលវិទ្យាល័យ​ជាង​២០​នៅ​អាមេរិក​ ហើយ​ពួក​គេ​នឹង​មាន​ឱកាស​ចូល​រួម​ការ​ប្រឡង​​ប្រជែង​ជាមួយ​សិស្ស​និស្សិត​អាមេរិក​ និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក​ដែល​ទៅ​រៀន​នៅ​ទី​នោះ​ដែរ។

លោក​ពិត​ ចំណាន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា​ ជា​ភ័ព្វសំណាង​​ណាស់​​សម្រាប់​សិស្ស​និស្សិត​យើង​ដែល​ទទួល​បាន​​អាហារូបករណ៍​ចេញ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ជាពិសេស​គឺ​ប្រទេស​អាមេរិក​នេះ​តែ​ម្ដង។ ការ​ចេញ​ទៅ​សិក្សា​​របស់​សិស្ស និស្សិត​នា​ពេល​នេះ​គឺ​មិន​គ្រាន់​តែ​បង្ហាញ​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំងពីរ​ប៉ុណ្ណោះ​ទេ​ តែ​ជា​កិច្ចការ​​ដ៏​សំខាន់​មួយ​នៃ​ការ​ងារ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា។ លោក​ក៏​មាន​ការ​ផ្ដាំ​ផ្ញើ​ផង​ដែរ​​ដល់​សិស្ស និស្សិត​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​អាមេរិក​ឲ្យ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សិក្សា​ ដើម្បី​ក្រេប​យក​បទពិសោធន៍​ និង​ចំណេះដឹង​ថ្មីៗ​ក្នុង​ការ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ និង​យក​ចំណេះដឹង​ទាំង​នោះ​មក​រួម​ចំណែក​​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។ ទន្ទឹម​នោះ​ ត្រូវ​ខិតខំ​រក្សា​ឲ្យ​​​បាន​នូវ​សីលធម៌​ វប្បធម៌​ប្រពៃណី​ជាតិ​របស់​ជនជាតិ​ខ្មែរ​យើង​ព្រោះ​រយៈពេល​នៃ​ការ​សិក្សា​យើង​នឹង​បាន​ជួប​នូវ​វប្បធម៌​ប្រពៃណី​ចម្រុះ​ជាតិ​សាសន៍។ សំខាន់​នោះ​គឺ​ខិតខំ​រៀន​​ឲ្យ​បាន​ពូកែ​ដើម្បី​​ប្រកួតប្រជែង​​យក​ឈ្នះ​បណ្ដា​សិស្ស​និស្សិត​នៃ​ប្រទេស​ដទៃ​ទៀត។

កញ្ញា​ វេង​ មល្លិកា​​ និស្សិត​វិទ្យាស្ថាន​ភាសា​បរទេស​ដែល​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក​បាន​និយាយ​ថា​ នាង​មាន​ការ​សប្បាយ​រីករាយ​ណាស់​ដោយ​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​​អាមេរិក​នា​ពេល​នេះ​ព្រោះ​មុន​នឹង​ជាប់​អាហារូបករណ៍​ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួតប្រជែង​​ដ៏​លំបាក។ ប៉ុន្តែ​រយៈពេល​​នៃ​ការ​សិក្សា​៥​សប្ដាហ៍​នៅ​អាមេរិក​ នាង​សន្យា​ថា​នឹង​ខិតខំ​សិក្សា​​រៀនសូត្រ​ឲ្យ​បាន​ពូកែ​ និង​រក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​​យើង​ឲ្យ​បាន​ល្អ។

ចំណែក​សិស្ស​និស្សិត​ចំនួន​៦​នាក់​ទៀត​ក៏​សុទ្ធ​តែ​បាន​និយាយ​ដូចៗ​គ្នា​ដែរ​ថា​ ពួក​គេ​នឹង​ខិតខំ​សិក្សា​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​ស្នាដៃ​ជាមួយ​សិស្ស​និស្សិត​ជាតិ​សាសន៍​ដទៃ​ទៀត​ដែល​រៀន​ជា​មួយ​គ្នា​ ហើយ​នឹង​សន្យា​ថា​ មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អស់​សង្ឃឹម​នោះ​ឡើយ។

គួរ​រំលឹក​ថា​​ សិស្ស​និស្សិត​ទាំង​៧​នាក់​ដែល​ត្រូវ​ចេញ​ដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​អាមេរិក​រយៈពេល​៥​សប្ដាហ៍​ គឺ​សុទ្ធ​សឹង​ជា​សិស្ស​ និស្សិត​ ដែល​រៀន​ពូកែ​ មាន​ភាព​វៃ​ឆ្លាត​ និង​បាន​ប្រឡង​ជ្រើសរើស​ចេញ​ពី​បេក្ខជន​ជា​ច្រើន​នាក់​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​យក​អាហារូបករណ៍​នេះ។ ពួក​គេ​នឹង​សិក្សា​ផ្ដោត​ជា​សំខាន់​លើ​ភាព​​ជា​​អ្នក​ដឹកនាំ​ នយោបាយ​ សិទ្ធិពលរដ្ឋ​ ក៏ដូចជា​ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ៕






ទេសចរណ៍ និងសេវាសិចនៅកម្ពុជា

ទេសចរណ៍ និងសេវាសិចនៅកម្ពុជា

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១២ មិថុនា មុន​នេះ ​ក្រសួង​ទេសចរណ៍​បាន​អញ្ជើញ​អ្នក​ប្រកប​របរ​សេវាកម្ម​ទេសចរណ៍​នៅ​​ក្រុង​ភ្នំពេញ​ប្រមាណ​ជា ១០០ នាក់​ឲ្យ​មក​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​កុមារ​ ក្នុង​វិស័យ​ទេសចរណ៍។

សិក្ខាសាលា​នេះ​បាន​ធ្វើ​ឡើង​ដោយ​ហេតុ​ថា កុមារ​​ក្រីក្រ​មួយ​ចំនួន​ត្រូវ​បាន​ភ្ញៀវ​​ខ្លះ​បោក បញ្ឆោត​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ក្រោម​រូបភាព​អូសទាញ​ដោយ​សម្ភារៈ លុយ​កាក់ ដោយ​រួមផ្សំ​នឹង​កង្វះខាត​ចំណេះដឹង និង​ការ​អប់រំ​ឲ្យ​បាន​ដិត​ដល់​ផង។

នេះ​ជា​របត់​មួយ​ថ្មី​ទៀត ដែល​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ទេសចរណ៍​បាន​ខិតខំ​បង្កើន​ការ​ការពារ​បន្ថែម​ដល់​អនីតិជន និង​ស្ត្រី ដែល​មិនមែន​តែ​ជនជាតិ​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កុមារ និង​ស្ត្រី​បរទេស​ដទៃៗ​ពី​ការ​ធ្លាក់​ចូល​ក្នុង​ការ​ជួញដូរ និង​សេវា​ផ្លូវ​ភេទ​នៅ​កម្ពុជា។

ជា​ការពិត កម្ពុជា​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​ដោយ​ធ្ងន់ៗ​ថា ជា​តំបន់​ទេសចរណ៍​សិច ឬ​ទេសចរណ៍​ផ្លូវ​ភេទ ដែល​មាន​ន័យ​ថា ជន​ទេសចរ​ទាំងឡាយ​ដែល​មក​កម្ពុជា ក្រៅ​ពី​ទស្សនា​កន្លែង​រមណីយដ្ឋាន​រួច​ហើយ ពួកគេ​តែងតែ​ត្រេកត្រអាល​នឹង​សេវា​សិច ឬ​សេវា​ផ្លូវ​ភេទ​នេះ​ឯង។ ករណី​នេះ មគ្គុទ្ទេសក៍​ទេសចរ​មួយ​ចំនួន​តូច​ក៏​ត្រូវ​បាន​គេ​រិះគន់​ដែរ​ថា បាន​ពាក់ព័ន្ធ​នឹង​សេវា​សិច​នេះ ព្រោះ​ពួកគេ​បាន​នាំ​ភ្ញៀវ​ទៅ​រក​សេវា​នោះ។ ពួក​អ្នក​រិះគន់​ទាំង​នោះ​បាន​និយាយ​ថា នៅ​កម្ពុជា​មាន​ស្ត្រី​បម្រើ​សេវា​កម្សាន្ត (ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ) ភាគ​ច្រើន​គឺ​ជា​អនីតិជន ហើយ​ថា អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ខ្លះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ទាំង​ជនជាតិ​ខ្មែរ និង​ជន​បរទេស​មួយ​ចំនួន​មក​ពី​ប្រទេស​វៀតណាម និង​ចិន ដោយ​រួម​ទាំង​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ទៀត​ផង។ ប៉ុន្តែ​របាយការណ៍​ទាំង​នោះ​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​បដិសេធ​ជា​បន្តបន្ទាប់។

បញ្ហា​ដែល​កុមារ និង​ស្ត្រី​ខ្មែរ​ក្រីក្រ​ជា​ច្រើន​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ពី​ស្រែ​ចម្ការ ដោយ​រួម​ទាំង​ទីប្រជុំជន​ក្រុង​ផង ដោយ​សន្យា​ឲ្យ​ធ្វើ​ការងារ​នេះ​ធ្វើ​ការងារ​នោះ​ដែល​ទទួល​បាន​ប្រាក់ខែ​ច្រើន ហើយ​ទីបំផុត​ក៏​បាន​ធ្លាក់​ចូល​ក្នុង​ការ​ជួញដូរ និង​សេវា​សិច គឺ​មិនមែន​ជា​រឿង​ថ្មី​នៅ​កម្ពុជា​នោះ​ទេ តែ​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដដែលៗ​ទៅ​ហើយ ដែល​ទាំង​ស្ថាប័ន​រដ្ឋ ទាំង​អង្គការ​សង្គម​ស៊ីវិល​លើក​យក​មក​ជជែក​គ្នា​ជា​ញឹកញាប់។ ពេល​ខ្លះ ការ​ជជែក​គ្នា​នេះ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​មន្ត្រី​រាជ​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ទៀត​ផង​ពី​រឿង​តួលេខ និង​វិធានការ​បង្ក្រាប​របស់​អាជ្ញាធរ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រាជ​រដ្ឋាភិបាល។

យោង​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១១ មិថុនា ឆ្នាំ ២០០៩ កន្លង​ទៅ​នេះ​បាន​លើក​យក​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​មក​បង្ហាញ​ថា មាន​កុមារ​ប្រមាណ​ជា ១,២ លាន​នាក់​ត្រូវ​បាន​គេ​ជួញ​ដូរ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ពិភព​លោក ដែល​ក្នុង​នោះ​មាន​កុមារ​ចំនួន​ប្រមាណ​ជា ៣០,០០០ នាក់​នៅ​កម្ពុជា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ផ្លូវ​ភេទ។ សេចក្ដី​រាយការណ៍​ព័ត៌មាន​នោះ​ក៏​បាន​បញ្ជាក់​ដែរ​ថា តំបន់​ប៉ោយប៉ែត​ដែល​ជាប់​នឹង​ព្រំ​ប្រទល់​ប្រទេស​ថៃ​ជា​តំបន់​ក្ដៅ​គគក់​មួយ​ដែល​មាន​អាជីវកម្ម​ផ្លូវ​ភេទ​លើ​កុមារ​ដែល​នាំ​ឲ្យ​ទាំង​ជនជាតិ​ថៃ និង​ពួក​បស្ចិមប្រទេស ដោយរួមទាំង​ជនជាតិ​កម្ពុជា​ខ្លួន​ឯង​ផង​បាន​មក​រួម​ភេទ​ជា​មួយ​កុមារ។ ទន្ទឹម​នឹង​នេះ លោក Brian McConaghy ដែល​កំពុង​បំពេញ​ការងារ​លុបបំបាត់​បញ្ហា​ខាង​លើ​ក៏​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ទៀត​ចុះ​ថ្ងៃ​ទី ២៨ ឧសភា ឆ្នាំ ២០០៩ ដែល​ថា វិស័យ​ពេស្យា​កម្ម​កុមារ​នៅ​កម្ពុជា​មាន​ការ​ទាក់ទាញ​ដល់ «ជន​ទេសចរ» បស្ចិមប្រទេស។

កាល​ពី​ថ្ងៃ​ទី ១៥ មីនា ឆ្នាំ ២០០៨ ក៏​មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ទៀត​ដែល​បាន​ដក​ស្រង់​សំដី​លោកJuan Miguel Petit អ្នករាយការណ៍​​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​លើ​​ការងារ​សិទ្ធិ​កុមារ​ ដោយ​បាន​និយាយ​ថា កម្ពុជា ថៃ និង​ឥណ្ឌា​គឺជា «តំបន់​ដែល​កំពុង​តែ​រីកចម្រើន​ផ្នែក​ទេសចរណ៍​ផ្លូវ​ភេទ​​​នៅ​ក្នុង​ពិភពលោក»។ បើ​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា លោកJuan Miguel Petit បាន​ថ្កោលទោស​ដល់ «ទេសចរណ៍​ឆ្កួត​លីលា» បែប​នេះ ដែល​នាំ​ឲ្យ​កុមារី​ក្រីក្រ​ដែល​ស្វះស្វែង​រក​លុយ​អាច​ធ្លាក់​ចូល​ក្នុង​អាជីវកម្ម​ដ៏​គម្រក់​ខាង​លើ។

មិន​អាច​ប្រកែក​បាន​ទេ​ដែល​ថា នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន មាន​អ្នក​ខ្លះ​ទាំង​ស្ត្រី ទាំង​បុរស​បាន​បម្រើ​សេវា​សិច​ដោយ​ស្ម័គ្រចិត្ត ដោយ​សារ​ភាព​ក្រីក្រ និង​គ្មាន​ជម្រើស​ក្នុង​ជីវិត ដូច​ជា​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​ដោយ​ផ្ទាល់ (ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ជា​ប្រចាំ​នៅ​តាម​ផ្ទះ​បន និង​នៅ​កន្លែង​នានា) និង​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​ដោយប្រយោល (ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​មិន​ជា​ប្រចាំ ដូចជា​ស្ត្រី​លក់​ស្រា និង​ស្រាបៀ ស្ត្រី​ខារ៉ាអូខេ ស្ត្រី​ម៉ាស្សា និង​ស្ត្រី​បម្រើការ​នៅ​ក្លឹប​កម្សាន្ត​មួយ​ចំនួន ដែល​ពេលខ្លះ ពួកគេ​ក៏​ទៅ​ដេក​ជា​មួយ​ភ្ញៀវ​ដើម្បី​លុយ​ដែរ)។ ទន្ទឹម​នឹង​នេះ ក៏​មាន​បុរស​លក់ខ្លួន ឬ​បម្រើ​សេវា​ផ្លូវ​ភេទ​ឲ្យ​ស្ត្រី និង​បុរស​គ្នា​ឯង​ដែរ​ដែល​ឥឡូវ​គេ​និយម​ហៅ​ថា «បុរស​ស្រលាញ់​បុរស» ដោយ​ខ្មែរ​យើង​ធ្លាប់​ហៅ​ថា «ខ្ទើយ» នោះ។ ការ​លក់​ខ្លួន ឬ​បម្រើ​សេវា​សិច​នេះ​គឺ​ឲ្យ​ទាំង​ខ្មែរ​ក្នុងស្រុក ទាំង​ខ្មែរ​អាណិកជន និង​ទាំង​ជន​បរទេស​ដែល​ជា​អ្នកទេសចរ​ផង។

ការ​លក់​ខ្លួន ឬ​បម្រើ​សេវា​សិច​នេះ មាន​អ្នក​ខ្លះ​ក៏​មាន​សំណាង​បាន​ជួប​មនុស្ស​ល្អ​ទទួល​បាន​លុយ​ច្រើន ចេះ​សន្សំ ហើយ​ប្ដូរ​មុខ​របរ​ផ្សេង​សាង​ជីវិត​ថ្មី ដោយ​បំភ្លេច​រឿង​អសោច​ជូរចត់​កាល​ពី​គ្រា​មុន។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​បាន​តែ​មួយ​គែៗ ហើយ​បាន​ជួប​វិបត្តិ​ទាំង​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត និង​ទាំង​ផ្លូវ​ច្បាប់ ដោយ​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​យក​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​មក​អនុវត្ត​ចាប់​ដាក់​ខ្នោះ ដាក់​គុក និង​ផាក​ពិន័យ។ បន្ថែម​ពីលើ​នេះ មាន​អ្នក​ខ្លះ​ទៀត​បាន​ជួប​គ្រោះ​អកុសល​ឆ្លង​កាមរោគ និង​មេរោគ​អេដស៍ ដោយសារ​តែ​មិន​បាន​ទទួល​ព័ត៌មាន ឬ​ក៏​ទទួល​បាន​ដែរ​តែ​មិន​ច្បាស់លាស់​ស្ដី​ពី​ការ​ចម្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នេះ ហើយ​ពួក​គេ​មួយ​ចំនួន​ក៏បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​អាសូរ​ដោយ​សារ​តែ​គ្មាន​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​យក​មក​ព្យាបាល។ ជាង​នេះ​ទៅ​ទៀត ដោយ​សារ​តែ​អាជីវកម្ម​សិច​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​កុមារ និង​ស្ត្រី​ខ្មែរ​របស់​យើង​ខ្លះ​ត្រូវ​បាន​គេ​នាំ​ទៅ​បរទេស​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​សេវា​កម្សាន្ត ឬ​សេវា​សិច​ធ្លាក់​ក្នុង​នរក​អវជ័យ​រក​ផ្លូវ​វិល​មក​មាតុភូមិ​វិញ​មិន​បាន។

សរុប​សេចក្ដី​មកវិញ យើង​ពិត​ជា​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បង្កើត​យន្ត​ការ​ទប់ស្កាត់​ទៅ​លើ​បញ្ហា​ខាងលើ តាមរយៈ​បណ្ដាញ​នៅ​ក្នុង​ខេត្ត​ក្រុង​ទាំង ២៤ ដោយ​មាន​ការ​ផ្សព្វផ្សាយ និង​អប់រំ​បណ្ដុះបណ្ដាល​ដល់​សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​នៅ​តាម​​សហគមន៍ រមណីយដ្ឋាន ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់ ដោយ​មាន​ភ្ជាប់​បណ្ដាញ​ទូរស័ព្ទ​រាយការណ៍​ដល់​ភ្នាក់ងារ​​សមត្ថកិច្ច​ទៀត​ផង។

ជាង​នេះ​ទៅ​ទៀត ដោយ​ខិត​ខំ​ប្រឹងប្រែង​ទប់​ស្កាត់​អំពើ​ដ៏​គម្រក់​នេះ រដ្ឋ​សភាជាតិ​របស់​ប្រទេស​កម្ពុជា​ក៏​បាន​អនុមតិ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ កាល​ពី​ដើម​ឆ្នាំ ២០០៨ មុន​នេះ។ កន្លង​មក មាន​ពួក​បស្ចិម​ប្រទេស​មួយ​ចំនួន​មក​ពី​អាមេរិក អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ បែលហ្ស៊ិក នូវែលហ្សេឡង់ ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​ពី​បទ​ចោទប្រកាន់​ការ​ប្រព្រឹត្ត​អំពើ​អនាចារ​មក​លើ​កុមារ​កម្ពុជា ប៉ុន្តែ​អ្នក​ជំនាញ​ការងារ​កុមារ​មួយ​ចំនួន​បាន​មាន​ប្រតិកម្ម​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្គី​ពី​ការ​រំលោភ​កុមារ​បាន​ជួយ​សម្រាល​ទោស​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស​ទៅវិញ។

ហេតុនេះ យើង​ទាំង​អស់​គ្នា​ត្រូវ​ជួយ​ដល់​កុមារ និង​ស្ត្រី​របស់​យើង​កុំ​ឲ្យ​ចាញ់​បោក​គេ ជួយ​ផ្ដល់​ការអប់រំ បង្កើន​ការ​យល់​ដឹង​ទូទៅ និង​ច្បាប់​នានា ពង្រឹង​សមត្ថភាព ចំណេះ​ដឹង និង​ជំនាញ​ផ្សេងៗ​ដល់​ពួកគេ​នៅ​តាម​សហគមន៍ ដោយ​រួម​ទាំង​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​តាម​ភូមិ-ឃុំ ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ ពិសេស​ចំណាក​ស្រុក​របស់​កុមារ និង​នារី​វ័យ​ក្មេង ដែល​អាច​នាំ​ឲ្យ​ជួប​បញ្ហា​ខាង​លើ​ដោយ​យថាហេតុ។

ជាង​នេះ​ទៅ​ទៀត ការ​កាត់បន្ថយ​ទេសចរណ៍​សិច​ពិត​ជា​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​វិធានការ​ពីរ​របស់​រាជរដ្ឋាភិបាល គឺ​ទី​មួយ​ជា​វិធានការ​អប់រំ និង​ទី​ពីរ​ជា​វិធានការ​បិទ​អាជីវកម្ម​នានា​ដែល​ពាក់ព័ន្ធ​នឹង​សេវា​សិច​នេះ​ត្រូវតែ​រឹត​បន្តឹង ហើយ​អ្វី​ដែល​កាន់តែ​មានប្រសិទ្ធភាព​ជាង​នេះ​គឺ​ការ​ដាក់ទោស​ទណ្ឌ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​សេវា​សិច​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នេះ បើ​ទោះ​ជា​ជន​នោះ​មាន​ឋានៈ និង​ជា​សាច់​ញាតិ​របស់​មន្ត្រី​អន្ទ្រើសៗ​ប៉ុណ្ណា​ក៏ដោយ​ដែល​មាន​នៅ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច។ រាជរដ្ឋាភិបាល​ត្រូវ​ហ៊ាន​វះ​កាត់​សាច់​ស្អុយ​ចេញ ប្រសិន​បើ​មាន ហើយ​ទទួល​យក​ការ​រិះគន់​ទាំងឡាយ និង​ធ្វើ​ការ​តាមដាន​ ស៊ើបអង្កេត​រក​ឫស​គល់ ស្វែង​រក​ការ​ពិត​ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់ ឬ​ក៏​មាន​ការ​ចេញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា។

ក្នុង​ខណៈ​នេះ​ដែរ អ្នក​រិះគន់ និង​អ្នក​ចេញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ត្រូវ​ធ្វើ​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​ការ​ពិត មិន​បំផ្លើស​ប្រាសចាក​ពី​ការពិត ដើម្បី​វាយ​បំបាក់ បង្កើត​ការ​ញុះញង់​អុជអាល​ក្នុង​ប្រយោជន៍​នយោបាយ ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ឈ្មោះ​មិន​ល្អ ដោយសារតែ​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ។ អ្នក​រិះគន់ និង​ការ​ចេញ​របាយការណ៍​ត្រូវ​បង្ហាញ​ការ​ពិត​ក្នុង​ន័យ​ស្ថាបនា។

រួម​គ្នា​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​នគរ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​ពិតៗ គឺ​មិន​មែន​ទេសចរណ៍​សិច​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​អនាគត​របស់​កុមារ និង​ស្ត្រី​របស់​យើង ដោយ​រួម​ទាំង​ធ្វើ​ឲ្យ​អសោច​កេរ្តិ៍​របស់​អាណាចក្រ​យើង​នោះ​ទេ៕