Saturday, April 11, 2009

ប្រយ័ត្នការធ្វើដំណើរតាមដងផ្លូវ ព្រោះទេព្ដាឆ្នាំថ្មីចូលចិត្តលោហិត

ប្រយ័ត្នការធ្វើដំណើរតាមដងផ្លូវ ព្រោះទេព្ដាឆ្នាំថ្មីចូលចិត្តលោហិត
បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងមកដល់នាពេលខាងមុខ ដែលប្រជាពលរដ្ឋកម្ពុជារំពឹងថាជាពេលវេលាថ្មីដ៏វិសេសវិសាលប្រកបដោយសុខដុម
រមនា ជម្រះឧបទ្រពនៅឆ្នាំចាស់ ហើយរង់ចាំសិរីសួស្ដីជយមង្គលវិបុលសុខនាឆ្នាំថ្មី។
តាមធម្មតា បងប្អូនប្រជាពលរដ្ឋរបស់យើង ពិសេសអ្នករស់នៅក្នុងរាជធានី ក្នុងទីក្រុង និងទីប្រជុំជននានាតែងតែធ្វើដំណើរកម្សាន្តទៅស្រុកទេស ទៅកន្លែងកម្សាន្តឆ្ងាយៗ
ហើយប្លែកៗ ដើម្បីជួបជុំញាតិមិត្តផៅសន្ដាន និងបន្ធូរអារម្មណ៍ បន្ទាប់ពីបំពេញការងារ និងមុខជំនួញអស់រយៈពេលមួយឆ្នាំកន្លងមក។ កុំថាឡើយខ្មែរ សូម្បីតែចិនចាមយួន និងជនបរទេសដទៃទៀតដែលតាំងលំនៅ និងរស់នៅប្រកបរបរចិញ្ចឹមជីវិតរបស់ខ្លួន
នៅកម្ពុជាក៏តែងតែចូលរួមរីករាយសាទរពិធីបុណ្យនេះដែរ។
វាមិនមែនជារឿងចម្លែកនោះទេក្នុងការប្រារព្ធពិធីបុណ្យនេះ ព្រោះវាជាពិធីបុណ្យប្រពៃណីដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែអ្វីដែលប្លែកសម្រាប់ឆ្នាំនេះគឺការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាលើកដំបូង។ ច្បាប់នេះមានការដាក់ពិន័យយ៉ាងចាស់ដៃដល់អ្នកបើកបរទាំងឡាយដែលរំលោភច្បាប់។ នៅក្នុងមាត្រាទី ៨២ នៃច្បាប់នេះបានចែងថា «ជនណាបើកបរដោយបង្ក
ឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគា
រពីមួយ (១) ឆ្នាំ ទៅបី (៣) ឆ្នាំ ឬ/និងផ្ដន្ទាទោសពិន័យជាប្រាក់ពីពីរលាន (២.០០០.០០០)
រៀល ទៅប្រាំមួយលាន (៦.០០០.០០០) រៀល»។ នេះគ្រាន់តែអចេតនាប៉ុណ្ណោះ គឺមិនទាន់គិតដល់ពីរឿងចេតនានោះទេ។ ច្បាប់ក៏បានតម្រូវដាច់ខាតឲ្យអ្នកបើកបរទោចក្រយានយន្តទាំងអស់ពាក់មួកសុវត្ថិភាព បើមិនដូច្នោះទេពួកគេត្រូវប្រឈមនឹងការផាកពិន័យពីនគរបាលមានសមត្ថកិច្ច។
នៅពេលថ្មីៗនេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ
ក៏បានរំលឹកដាស់តឿនដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ត្រូវគោរព
ច្បាប់ចរាចរឲ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវបើកបរតាមល្បឿនកំណត់ ដែលមានចែង
ក្នុងច្បាប់ ពិសេសគឺប្រុងប្រយ័ត្នបំផុតនាពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី ៤មេសាខាងមុខនេះដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយ
គ្រោះថ្នាក់ចរាចរ។
ជាការពិតជារៀងរាល់ឆ្នាំ គេតែងតែសង្កេតឃើញថា គ្រោះថ្នាក់ចរាចរបានកើនឡើងនៅពេលមានពិធីបុណ្យផ្សេងៗ ពិសេស នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានរយៈពេលបីថ្ងៃនេះ។ បញ្ហាសំខាន់ដែលបង្កឲ្យមានគ្រោះថ្នាក់នេះគឺបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរនៅពេលស្រវឹង និងការបើកបរក្នុងល្បឿនលឿនហួសហេតុ ឬក៏ការបើកបរប្រជែងគ្នាដោយមិនមានការយោគយល់គ្នាជាដើម ពិសេសអ្នកជិះទោចក្រយានយន្តមិនបានពាក់មួកសុវត្ថិភាព ដែលបណ្ដាលឲ្យបោកក្បាល
នឹងថ្ម និងវត្ថុធាតុរឹងដទៃទៀតនៅពេលដែលពួកគេដួល។
ការបើកបរល្បឿនលឿនហួសហេតុ ឬក៏ការបើកជ្រែប្រជែងគ្នាដោយមិនមានការយោគយល់គ្នានេះគឺកើតមានចំពោះមនុស្សគ្រប់
ជំពូក និងគ្រប់ឋានៈ។ ឧទាហរណ៍ជាក់ស្ដែង រឿងភ្លើងសញ្ញាចរាចរណ៍។ តាមធម្មតា ភ្លើងសញ្ញាពណ៌លឿងជាសញ្ញាកំណត់ថា អ្នកបើកបរត្រូវប្រុងប្រយ័ត្ន គឺថា ត្រូវបន្ថយល្បឿន ឬត្រៀមចេញដំណើរ តែភាគច្រើន ពិសេសនៅក្នុងរាជធានីភ្នំពេញដែលលោកអភិបាលក្រុងបានខិតខំដាក់ភ្លើងចរាចរណ៍នៅតាម
កែងផ្លូវស្ទើរគ្រប់កន្លែងក៏ដោយ ក៏អ្នកបើកបរមួយចំនួនមិនខ្វល់។ ពួកគេបែរជាបង្កើនល្បឿនទៅវិញនៅពេលឃើញភ្លើងពណ៌លឿង ដោយពេលខ្លះពួកគេបានទៅស្វាគមន៍គ្នានៅកណ្ដាលទ្រូងផ្លូវបណ្ដាលលាន់ដូចរន្ទះរងរបួស
បាក់ដៃបាក់ជើងទាំងសងខាងផង ហើយពេលខ្លះទៀតបាត់បង់ជីវិត ឬក៏ពិកាអស់មួយជីវិតក៏មាន។ នេះមិនទាន់គិតពីការខូចខាតទ្រព្យសម្បត្តិផង។
នេះគឺរឿងភ្លើងពណ៌លឿង ឯរឿងមួយទៀតគឺរឿងភ្លើងពណ៌ក្រហម។ នៅពេលភ្លើងចរាចរណ៍ពណ៌ក្រហម អ្នកបើកបរបានឈប់លើគំនូសសម្រាប់អ្នកដំណើរថ្មើរជើងឆ្លងកាត់ ដែលធ្វើឲ្យអ្នកថ្មើរជើងមិនដឹងដើរតាមកន្លែងណា។ ជាងនេះទៅទៀត អ្នកថ្មើរជើងមួយចំនួនក៏មិនយល់ពីសញ្ញាភ្លើងចរាចរណ៍ទៅទៀត។ ពួកគេឆ្លងកាត់ផ្លូវនៅពេលយានយន្តកំពុងមានចលនា ដោយពួកគេមិនបានដឹងថា ទាល់តែភ្លើងចរាចរណ៍ចេញពណ៌ក្រហមទើបពួកគេអាចឆ្លងកាត់បាន។ ប្រកានេះបានបណ្ដាលឲ្យអ្នកថ្មើរជើងជាច្រើនរងរបួស ហើយពេលខ្លះបាត់បង់ជីវិតក៏មាន នៅពេលពួកគេឆ្លងផ្លូវ ខណៈដែលយានយន្តកំពុងមានចលនាលឿនដូចព្យុះនោះ។
រឿងមួយទៀតគឺការបើកបរតាមដងផ្លូវជាតិ។ អ្នកបើកបរមួយចំនួនមិនខ្វល់ឡើយពីផ្លាកសញ្ញាដាក់នៅតាមដងផ្លូវដូចជា សញ្ញាបន្ថយល្បឿន សញ្ញាកំណត់ល្បឿនបើកបរ សញ្ញាមានមន្ទីរពេទ្យនៅខាងមុខ សញ្ញាមានសិស្សឆ្លងកាត់ សញ្ញាមានមន្ទីរពេទ្យ និងសញ្ញាមានសត្វពាហណៈឆ្លងកាត់ជាដើម។ល។ និង។ល។
មានពេលខ្លះ ពួកបរទេសដែលនៅស្រុកខ្មែរយូរដុះស្លែទៅក៏យកទម្លាប់តាប់ម្ចាស់ស្រុកដែរ ព្រោះពួកគេគិតថា "ចូលស្ទឹងតាមបត់ ចូលស្រុកតាមទេស" គឺទៅទាំងប៉ីទៅទាំងទ្រ។
ពេលខ្លះទៀត ជនបរទេសទាំងនោះបើកបរឈ្លើយកោងកាចជាងម្ចាស់ស្រុកទៅទៀត ព្រោះពួកគេអាងថា ពួកគេជាជនបរទេសមានអាទិភាពជាងខ្មែរ ដោយពួកគេមកកម្ពុជាគឺ
មកជួយខ្មែរ ហើយអ្នកខ្លះទៀតមិនខ្វល់ ព្រោះរថយន្តរបស់គេជារថយន្តរបស់អង្គភាពមានការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រង។
បើមានបញ្ហា ក្រុមហ៊ុនធានារ៉ាប់រងជាអ្នកទទួលខុសត្រូវ។ ពិតជាស្មុគស្មាញមែនទែនរឿងចរាចរណ៍នៅស្រុកយើងនេះ។
មានមធ្យោបាយជាច្រើនក្នុងការធ្វើឲ្យចរាចរណ៍នៅស្រុកយើងបានកាន់តែប្រសើរ ហើយអាចជួយកាត់បន្ថយគ្រោះថ្នាក់បានច្រើនទៀតផង។ ទីមួយគឺថា ទន្ទឹមនឹងការពង្រឹងការអនុវត្តច្បាប់ អ្នកធំត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋមុនគេ។
ជាទូទៅ អ្នកមានចំណេះដឹងទាប អ្នកស្រែចម្ការ និងពលរដ្ឋមានឋានៈ
តូចទាបទំនងជាគោរពច្បាប់បើកបរជាងអស់លោកមានចំណេះដឹងខ្ពង់ខ្ពស់ ជាងឧត្ដមមន្ត្រីដែលមានឋានៈគ្រាក់ៗ មានស័ក និងផ្កាយពេញស្មាទៅទៀត។ ការគោរពច្បាប់របស់ពលរដ្ឋតូចតាចបែបនេះគឺព្រោះតែពួកគាត់ខ្លាចច្បាប់ និងខ្លាចលោកនគរបាលចរាចរក្របួចពួកគាត់ដកសោម៉ូតូផាកយកលុយ ដើម្បីទុកជូនរដ្ឋយកទៅអភិវឌ្ឍប្រទេសជាតិជួយកាត់បន្ថយភាពក្រីក្រ!!
យើងពិតជាសរសើរ និងគួរឲ្យគោរព ហើយត្រូវប្រតិបត្តិតាមអ្នកតូចតាចទាំង
នោះដែលខំគោរពច្បាប់បើកបរ គឺមិនដូចអស់លោកមួយចំនួនដែលជិះរថយន្តទំនើបៗផលិត
អស់ឆ្នាំ តម្លៃថ្លៃគ្មានគេប្រៀបនោះទេ។ បើតាមការសង្កេតជាទូទៅ គេមើលឃើញថា នៅពេល
ផ្លូវចង្អៀត ពិសេសនៅពេលមានពិធីបុណ្យម្ដងៗ មានរថយន្តខ្លះពាក់ស្លាកលេខរាជការ ខម និងនបជាដើម ដោយពេលខ្លះក៏មានស្លាកលេខរដ្ឋសភា និងព្រឹទ្ធសភាដែរ ហើយរថយន្តទាំងនោះមហាទំនើប មហាសែនថ្លៃបានប្រជែងរុលទៅមុខ។
ពេលខ្លះបើគេមិនចៀស លោកតៃកុងឡានដែលមាន
ឯកសណ្ឋានឈុតហ៊ឺហាបែបជាអង្គរក្សបានស៊ីផ្លេស្ទើរបែកស្លឹកត្រចៀក ហើយពេលខ្លះ លោកតៃកុងឡានហ៊ឺហាទាំងនោះបើកកញ្ចក់រថយន្តស្រែកគំរាមគេឯងឲ្យប្រញាប់ចៀស។ ជាងនេះទៅទៀត មានអង្គរក្សដែលកំពុងអង្គុយអែបតៃ
កុងឡានបានបើកកញ្ចក់វាយក្បាលអ្នករត់ម៉ូតូឌុប និងអ្នករត់រម៉កទុកទុក ដោយជេរប្រមាថពួកគាត់ថែមទៀត ដែលមើលទៅគួរឲ្យគយគន់និងពីរោះស្ដាប់ទៀតផង! នេះបានចំជាគេអ្នកធំមានអំណាចមែន។ មិនដឹងថា លោក ឬឧកញ៉ា ឬក៏
ឯកឧត្ដមមហាមន្ត្រីដែលអង្គុយផ្នែកខាងក្រោយក្នុងរថយន្តនោះបានបញ្ជាឲ្យតៃកុងឡាន
ដ៏ហ៊ឺហា និងអង្គរក្សដ៏ស្លូតបូតរបស់ខ្លួនស៊ីផ្លេបំបែកហ្វូងមនុស្សកកកុញ បើកកញ្ចក់រថយន្ត
ស្រែកគំរាមជេរប្រមាថគេឯង និងវាយក្បាលអ្នករត់ម៉ូតូឌុប និងអ្នករត់រម៉កទុកទុកបែបហ្នឹង ឬយ៉ាងណាទេ។ ទោះបីជាបាន ឬមិនបានបញ្ជាក៏ដោយ ក៏ពលរដ្ឋដែលកំពុងតែធ្វើដំណើរតាមដងផ្លូវជាមួយនោះបានឲ្យពរគាត់ពីក្រោយជាហូរហែ។ ពួកគេមិនហ៊ានជូនពរនៅចំពោះមុខទេ ព្រោះពួកគេខ្លាចបារមីយសស័ក្ដិម្ចាស់រថយន្តទំនើប
ទាំងនោះ ដោយពួកគេសុខចិត្តជូនពីក្រោយគួរឲ្យពីរោះស្ដាប់ ។ អ្នកខ្លះជូនពរថា «អស់លោកប្រញាប់ទៅងាប់» ។ អស់លោកមានឡានល្អទំនើប តែមានចរិតដូចសត្វ។ ចរិតរបស់អស់លោកមិនថ្លៃថ្នូរដូចជារថយន្តទំនើបទាល់តែសោះ។ល។ និង ។ល។ ដែល
ពេលខ្លះទៀត អ្នកធ្វើដំណើរបានជូនពរដល់ឪពុកម្ដាយរបស់ម្ចាស់រថយន្តទំនើបនោះទៀតផង។ ពិតជាមានកិត្តិយស និងថ្លៃថ្នូរមែនទែន នៅពេលដែលមានគេជូនពរពីក្រោយបែបនេះ។
បើអស់លោក ឧកញ៉ា ឬក៏ឯកឧត្ដមមហាមន្ត្រីដែលស្ថិតនៅក្នុងរថយន្តនោះបានឭ ពួកគាត់ពិតជាសប្បាយចិត្ត ពិសាអាហារបានឆ្ងាញ់ និងសម្រាកបានលក់ស្កប់ស្កល់ជាមិនខាន។ បើពិតជាសប្បាយត្រេកត្រអាលនឹងពរបែបនេះអញ្ចឹងមែន សូមអស់លោកបន្តសកម្មភាពអញ្ចឹងរហូតទៅ!!
ទីពីរគឺការបង្កើនការយល់ដល់ដឹងដល់ពលរដ្ឋចាប់ពីសហគមន៍ឡើងទៅ។ ជាការពិតមានបងប្អូនពលរដ្ឋរបស់យើងមួយចំនួននៅតាមស្រុកស្រែចម្ការមិនបានយល់
ច្បាស់ពីច្បាប់ចរាចរឡើយ។
គាត់តែងតែត្រូវបាននគរបាលចរាចរស្វាគមន៍នៅពេលជិះម៉ូតូចូលមកក្រុងម្ដងៗ។
នៅត្រង់ចំណុចនេះ អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំសង្កាត់ សហគមន៍ និងអង្គការ ស្ថាប័នពាក់ព័ន្ធត្រូវបង្កើនការអប់រំយល់ដឹងដល់ពួកគាត់តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។
ទីបីគឺអប់រំក្នុងចំណោមយុវវ័យ ព្រោះពួកគេជាវ័យឈាមរាវ ហើយភាគច្រើនត្រូវបានគេទទួលស្គាល់
ថា ជាក្រុមអ្នកមិនសូវអនុវត្តច្បាប់ ហើយគ្រោះថ្នាក់តែងតែកើតមានចំពោះពួកគេ។ ដោយសម័យនេះជាសម័យដែលគេយល់ថា ជាសម័យស្រីស្អាតប្រុសស្អាត នោះពួកគេជិះម៉ូតូមិនពាក់ពួកសុវត្ថិភាពទេ ព្រោះពួកគេយល់ថា បើពាក់មួកសុវត្ថិភាពនោះ គឺអ្នកដទៃមិនបានឃើញសម្រស់ដ៏ស្អាត ឃើញម៉ូដសក់ដ៏ទំនើបហាយឡៃពណ៌ទាន់សម័យ
របស់គេទេ ពិសេសក្មេងប្រុសៗដែលស្រឡាញ់ជើងសក់និងទុកវែងៗនោះ។ ពេលខ្លះនៅពេលដួលម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ពួកគេនិយាយថា "ហេងវិញវើយ បែក
តែក្បាល ហើយគ្រាន់តែសន្លប់ធំ តែមិនខូចជើងសក់"! ពិតជាឡូសិកមិនស្គាល់ឋាននរកមែន
ហេតុនេះ ត្រូវបង្កើនការអប់រំយល់ដឹងពីច្បាប់ចរាចរណ៍នេះ ហើយត្រូវតែធ្វើជាប្រចាំដល់យុវវ័យនៅតាមសាលារៀន។
ទាំងអស់គ្នា គឺទាំងក្មេងទាំងចាស់ ទាំងអ្នកមានទាំងអ្នកក្រ ទាំងអ្នកក្រុងទាំងអ្នកស្រែចម្ការ ទាំងអ្នកតូចទាំងអ្នកធំត្រូវរួមគ្នាមានស្មារតីម្ចាស់ការ មានចិត្តសន្ដោសប្រណី មានសេចក្ដីករុណាយោគយល់ និងគោរពច្បាប់ចរាចរណ៍ នៅក្នុងការបើកបរ ពិសេសកាន់តែយកចិត្តទុកដាក់នៅក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ
នេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលជាសេចក្ដីសុខរបស់យើងទាំងអស់គ្នា។ ត្រូវប្រយ័ត្នស្មារតីឲ្យបានខ្ពស់ក្នុងការបើកបរ កុំបើកបរនៅពេលស្រវឹង កុំបើកបរលឿនពេក ត្រូវមើលឆ្វេងមើលស្ដាំ មើលមុខមើលក្រោយ មើលភ្លើងសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ឲ្យបានយកចិត្តទុកដាក់មុននឹងទៅ ហើយជិះទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ពេលនៅពេលបើកបរ។
ម្យ៉ាងទៀត ដើម្បីសុវត្ថិភាពទាំងអស់គ្នា យើងត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ
ទាំងអ្នកជិះជាមួយ។ ត្រូវប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ ព្រោះទេព្ដាឆ្នាំថ្មីនេះចូលចិត្តសោយលោហិតផង


No comments:

Post a Comment