Tuesday, March 24, 2009

រឿងលែងលះក្លាយជារឿងកាន់តែធំពេលតុលាការ

រឿង​​លែង​លះ​ក្លាយ​ជា​រឿង​កាន់​តែ​ធំ​ ពេល​តុលាការ​ឲ្យ​ខាង​ស្រី​​សង​ថ្លៃ​ទឹក​ដោះ​មក​ប្រុស​វិញ

ឪពុកម្ដាយ​ខាង​ស្រី​ទាមទារ​ឲ្យ​ខាង​ប្រុស​សង​ក្រមុំ​ កូន​គាត់​វិញ​
កំពង់ឆ្នាំង៖ តុលាការ​​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​ បាន​សម្រេច​សេចក្ដី​ឲ្យ​ភាគី​ខាង​ស្រី​សង​លុយ​ទៅ​ឲ្យ​ភាគី​ខាង​ប្រុស​ដែល​ជា​អតីត​ប្ដី​របស់​ខ្លួន​ ចុះ​ពី​ផ្ទះ​ចោល​ប្រពន្ធ​​ចំនួន​៦​លាន​រៀល។ ការ​កាត់​ក្ដី​នេះ​​បាន​ធ្វើ​ឲ្យ​សាមី​ខ្លួន​ខាង​ស្រី​ព្រម​ទាំង​ក្រុម​គ្រួសារ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ហើយ​បាន​ប្ដឹង​ទាស់​នឹង​សាលក្រម​នេះ​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​ជា​បន្ត​ទៀត​​ និង​​បាន​ទាមទារ​ឲ្យ​ភាគី​ខាង​ប្រុស​សង​ក្រមុំ​ដល់​កូន​ស្រី​របស់​គាត់​វិញ។

លោក​ អ៊ុង​ សំអុល​ មន្ត្រី​ការិយាល័យ​ព័ត៌មាន​ស្រុក​កំពង់ត្រឡាច​ដែល​មាន​ទី​លំនៅ​ក្នុង​ភូមិ​ខ្នាកណ្ដាល​ ឃុំ​​ខ្នាឆ្មារ​ ស្រុក​​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំពង់ឆ្នាំង​ បាន​រំលឹក​ពី​រឿង​រ៉ាវ​ជីវិត​គ្រួសារ​កូន​ស្រី​ច្បង​របស់​គាត់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ចាស់​ទុំ​ចូល​តាម​​ផ្លូវ​ទៅ​តាម​ច្បាប់​ស្ដី​ដណ្ដឹង​​តាម​ប្រពៃណី​រូប​គាត់ ​និង​ប្រពន្ធ​បាន​ឯកភាព​គ្នា​លើក​កូន​ស្រី​ច្បង​ ឈ្មោះ​ យឹម​ ដានី ​ឲ្យ​ទៅ​ឈ្មោះ​យ៉ាន់​ ណេត​ ត្រូវ​ជា​កូន​ប្រុស​របស់​ឈ្មោះ​ អ៊ុច​ យ៉េន​ និង​ប្រពន្ធ​ឈ្មោះ​ សាយ​ យ៉ីម​ រស់នៅ​ក្នុង​ភូមិ-ឃុំ​ជា​មួយ​គ្នា។

លោក​ អ៊ុង​ សំអុល​ បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ពេល​នោះ​រូប​គាត់​បាន​បង្គាប់​ថ្លៃ​ទឹក​ដោះ​ចំនួន​៦​លាន​រៀល​ ហើយ​បាន​យក​លុយ​នេះ​ទៅ​បង្គ្រប់​ជាមួយ​នឹង​លុយ​​របស់​គាត់​ធ្វើ​ផ្ទះ​មួយ​ខ្នង​​សម្រាប់​​ឲ្យ​២​នាក់​ប្ដី​ប្រពន្ធ​ពួក​គេ​នៅ។ ចំពោះ​ការ​រៀបចំ​មង្គល​ការ​ចេញ​រៀងៗ​ខ្លួន​ គឺ​ខាង​ប្រុស​ ស៊ី​ខាង​ប្រុស​ ភ្ញៀវ​ខាង​ស្រី​ ស៊ី​ខាង​ស្រី​ ហើយ​មង្គលការ​នេះ​ប្រារព្ធ​ធ្វើ​កាល​ពី​ថ្ងៃ​​ទី​៩​ មីនា​ ឆ្នាំ​២០០៨។

ក្រោយ​ពី​រួម​រស់នៅ​ជាមួយ​គ្នា​បាន​៥​ខែ​ គឺ​នៅ​ថ្ងៃ​ទី​៩​ ខែ​សីហា​ ឆ្នាំ​២០០៨​ វេលា​ម៉ោង​៨​យប់​ កូន​ប្រសា​របស់​គាត់​បាន​ចុះ​ចេញ​ពី​ផ្ទះ​ចោល​ប្រពន្ធ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ ដោយ​គ្មាន​មូលហេតុ​ហើយ​ក៏​មិន​មាន​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ដែរ​​ ដោយ​គេ​គ្រាន់​តែ​សរសេរ​លិខិត​មួយ​ទុក​ឲ្យ​គាត់​ដែល​ជា​ឪពុក​ក្មេក​តែ​ប៉ុណ្ណោះ។ ក្នុង​លិខិត​នោះ​ យ៉ាន់​ ណេត​ បាន​សរសេរ​យ៉ាង​ខ្លី​ និង​មាន​ខ្លឹមសារ​​ថា​ "មក​ដល់​​ឪពុក​​ជា​ទី​គោរព​ ខ្ញុំ​សូម​អភ័យ​ទោស​ផង​ចុះ​ ដែល​ខ្ញុំ​ចុះ​ចេញ​ពី​ផ្ទះ​មិន​បាន​ជម្រាប​ដោយ​ផ្ទាល់​មាត់​ ដោយសារ​ខ្ញុំ​និយាយ​ទៅ​មិន​ចេញ​ ខ្ញុំ​សូម​បែក​គ្នា​ជាមួយ​នឹង​ប្រពន្ធ​ខ្ញុំ​ហើយ​ ខ្ញុំ​សូម​ជម្រាប​ទៅ​ចុះ​ថា​ ខ្ញុំ​យក​គ្នា​មិន​កើត​ទេ"។

ក្រោយ​ពេល​ចុះ​ចោល​ផ្ទះ​ បាន​៥-៦​ថ្ងៃ​ រូប​គាត់​ដែល​ជា​ឪពុកម្ដាយ​បាន​នាំ​កូន​ស្រី​ទៅ​ប្ដឹង​ឲ្យ​អាជ្ញាធរ​ភូមិ​-ឃុំ​ជួយ​ធ្វើ​ការ​សម្របសម្រួល​ ប៉ុន្តែ​មិន​បាន​​លទ្ធផល​ឡើយ​ ដោយ​ខាង​ប្រុស​មិន​ព្រម​ជា​នា​នឹង​គ្នា​វិញ​ឡើយ​ ដោយ​គេ​​នៅ​តែ​ទាមទារ​​សុំ​លែង។

លោក​ អ៊ុង​ សំអុល​ បាន​បន្ត​ថា​ នៅ​ពេល​ដែល​ភាគី​ទាំង​សងខាង​ព្រមព្រៀង​ធ្វើ​ការ​លែងលះ​គ្នា​នៅ​ត្រឹម​ឃុំ​នោះ​ ភាគី​ខាង​ប្រុស​បាន​ទាមទារ​​យក​នូវ​អ្វីៗ​ទាំងអស់​​ដែល​ឪពុកម្ដាយ​របស់​គេ​បាន​ចែក​ឲ្យ​ក្រោយ​ពេល​រៀបការ​​ ហើយ​ខាង​ស្រី​ក៏​បាន​​ប្រគល់​ឲ្យ​តាម​ការ​ទាមទារ​ ក្នុង​នោះ​មាន​លុយ​ចំនួន​​មួយ​លាន​រៀល​ ជ្រូក​២​ក្បាល​ មាន់​១០​ក្បាល​ ស្រា​ស​ចំនួន​១១​ប៊ីដុង​ និង​គ្រែ​មួយ។ ក្រោយ​​ពី​បាន​ព្រមព្រៀង​គ្នា​ផ្ដិត​មេដៃ​​ទទួល​យក​នូវ​លុយ​ និង​របស់​របរ​ទាំង​នេះ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ឃុំ​បាន​រយៈពេល​​ជាង​មួយ​ខែ​ នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០០៨​ ស្រាប់​តែ​​ឈ្មោះ​ យ៉ាន់​ ណេត​ អតីត​កូន​ប្រសា​របស់​គាត់​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​តុលាការ​ទាមទារ​យក​ប្រាក់​៦​លាន​​ ដែល​ជា​លុយ​ថ្លៃ​ទឹកដោះ​កូន​ស្រី​របស់​គាត់​ ហើយ​ត្រូវ​បាន​រូប​គាត់​​យក​លុយ​នេះ​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​នៅ​នោះ។

តុលាការ​​បាន​ហៅ​សម្រុះសម្រួល​លើក​ទី​មួយ​ លើក​ទី​២​ មិន​ត្រូវ​គ្នា​ និង​លើក​ទី​៣​ បើក​សវនាការ​កាត់​សេចក្ដី​តែ​ម្ដង​ នៅ​ថ្ងៃ​ទី​១១​ ខែ​មីនា​​ ឆ្នាំ​២០០៩​ ចៅ​ក្រម​សាលា​ដំបូង​​ខេត្ត​កំពង់ឆ្នាំង​ឈ្មោះ​ ទៀង​ សុថា​ និង​ក្រឡា​បញ្ជី​ឈ្មោះ​ ជា​ សារ៉េន​ បាន​ប្រកាស​សាល​ក្រម​ឲ្យ​ភាគី​ខាង​ស្រី​បង់​ប្រាក់​ចំនួន​៦​លាន​ដែល​ខាង​ប្រុស​​ប្រគល់​ឲ្យ​មុន​ពេល​រៀបការ​​ទៅ​ឲ្យ​ភាគី​ខាង​ប្រុស​វិញ​ បើ​​ខាង​ស្រី​ពុំ​ព្រម​បង់​ប្រាក់​គ្រប់​ចំនួន​ដែល​សាលក្រម​ប្រកាស​នេះ​ទេ​ ពេល​សាលក្រម​ស្ថាពរ​តុលាការ​នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ។

លោក​ អ៊ុង​ សំអុល​ បាន​បន្ត​ទៀត​ថា​ ការ​សម្រេច​សេចក្ដី​​នេះ​​មាន​ភាព​​អយុត្តិធម៌​ខ្លាំង​ណាស់​ ចៅក្រម​មិន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​លិខិត​បញ្ជាក់​នានា​​របស់​មន្ត្រី​អាជ្ញាធរ​ភូមិ​-ឃុំ​ និង​សាក្សី​​របស់​​ភាគី​ខាង​ស្រី​ឡើយ​ ដោយ​ចៅក្រម​​យក​តាម​តែ​សម្ដី​របស់​សាក្សី​ខាង​ប្រុស​តែ​ម្នាក់​គត់​ ដែល​គាត់​​បាន​ជួល​ឲ្យ​ទៅ​ធ្វើ​ជា​អាចារ្យ​ក្នុង​ពិធី​រៀបការ​​កូន​ស្រី​របស់​គាត់។ អាចារ្យ​ឈ្មោះ​ ស្វាយ​ ស៊ីនឿន​ ហៅ​ណាន​នោះ​ បាន​បំភ្លឺ​​ប្រាប់​តុលាការ​ថា​ នៅ​ក្នុង​ភូមិ​ខ្នាកណ្ដាល​ ឃុំ​ខ្នាឆ្មារ​ ស្រុក​សាមគ្គី​មានជ័យ​ មិន​ដែល​មាន​អ្នក​ណា​បង្គាប់​​ថ្លៃ​ទឹក​ដោះ​ ៥-៦​លាន​ទេ​ នៅ​ក្នុង​ស្រុក​ភូមិ​នេះ​តម្លៃ​ខ្លួន​កូន​ស្រី​ស្មើ​នឹង​បាយ​មួយ​ថាស​ សម្ល​មួយ​ថាស​​ ប្រៀប​ដូច​នឹង​វេរ​ចង្ហាន់​សង្ឃ​មួយ​ព្រឹក។

លោក​ អ៊ុង​ សំអុល​ បាន​និយាយ​ថា​ លោក​តា​អាចារ្យ​និយាយ​យ៉ាង​នេះ​បាន​ន័យ​ថា​ គាត់​កំពុង​​តែ​មើល​ងាយ​ដល់​​ស្ត្រី​ខ្មែរ​ខ្លាំង​​ពេក​ហើយ​ ស្ត្រី​ខ្មែរ​មិនមែន​អន់​មាន​តម្លៃ​ដូច​ដែល​គាត់​និយាយ​នោះ​ទេ។ ហើយ​បើ​ភាគី​​ខាង​ប្រុស​ឲ្យ​អ្វី​ខាង​ស្រី​នៅ​ពេល​លែងលះ​គ្នា​ទាមទារ​​យក​ទៅ​វិញ​ទាំងអស់​អ៊‌ីចឹង​ តើ​សង​ក្រមុំ​កូន​ស្រី​គាត់​​វិញ​បាន​ទេ? បើ​ខាង​ប្រុស​ប្ដឹង​ឲ្យ​គាត់​សង​លុយ​​៦​លាន​ គាត់​នឹង​​ប្ដឹង​ខាង​ប្រុស​ឲ្យ​សង​ក្រមុំ​កូន​ស្រី​គាត់​វិញ​ដូចគ្នា​ មិន​ត្រូវ​បំផ្លាញ​ខ្លួន​ បំផ្លាញ​កិត្តិយស​គេ​ ហើយ​ចុះ​ចោល​ស្រេច​តែ​ចិត្ត​​នោះ​ទេ៕


No comments:

Post a Comment