Tuesday, March 24, 2009

ខ្ចីវត្ថុបុរាណខ្មែរ យកទៅតាំងពិព័រណ៍៩កន្លែងនៅជប៉ុន

ខ្ចី​វត្ថុ​បុរាណ​ខ្មែរ​ យក​ទៅ​តាំង​ពិព័រណ៍​៩​កន្លែង​នៅ​ជប៉ុន
រាជធានី​ភ្នំពេញ៖ ប្រទេស​ជប៉ុន​ បាន​សុំ​ខ្ចី​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​៦៧​រូប​សម្រាប់​យក​ទៅ​តាំង​ពិព័រណ៍​ ចំនួន​៩​កន្លែង​នៅ​ប្រទេស​ជប៉ុន​រយៈពេល​១៤​ខែ​ គឺ​ចាប់​ពី​ខែ​សីហា​ ឆ្នាំ​២០០៩​ ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០។

ពិធី​ចុះ​ហត្ថលេខា​លើ​ កិច្ច​ព្រមព្រៀង​​ជាមួយ​ស្ថាប័ន​មូលនិធិ​វប្បធម៌​អូកាដា​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​២០​ មីនា​ នៅ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ រដ្ឋមន្ត្រី​​ ទទួល​បន្ទុក​ទី​ស្ដី​​ការ​គណៈរដ្ឋមន្ត្រី។ ពិធី​ចុះ​ហត្ថលេខា​នោះ​គឺ​ធ្វើ​ឡើង​​រវាង​​លោក​ ព្រុំ​ សុខា​ រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ​ និង​លោក​ Takuya Okada ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​វប្បធម៌​អូកាដា​ និង​លោក​ ជុច​ ភឿន​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​ និង​ជា​ប្រធាន​បច្ចេកទេស​ភាគី​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក​​ Yoshiaki Ishizawa សាកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​សូហ្វីយ៉ា​ ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

វត្ថុ ​បុរាណ​ខ្មែរ​​ដែល​ត្រូវ​យក​ទៅ​តាំង​ពិព័រណ៍​នៅ​ក្នុង​ប្រទេស​ជប៉ុន​នោះ​ គឺ​យក​ចេញ​ពី​សារមន្ទីរ​នៅ​ភ្នំពេញ​​ចំនួន​៥៦​រូប​ និង​ពី​សារមន្ទីរ​ព្រះនរោត្ដម​ សីហនុ​​អង្គរ​ចំនួន​១១​រូប។ ពិព័រណ៍​នោះ​មាន​ឈ្មោះ​ថា​​ "ពិធី​តាំង​​ពិព័រណ៍​វប្បធម៌​អង្គរ​ថ្មី" ហើយ​គោលបំណង​នៃ​ការ​តាំង​ពិព័រណ៍​នេះ​គឺ​ទី​១- ធ្វើ​ឡើង​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​សម័យ​អាណាចក្រ​អង្គរ​ ទី​២​- ផ្សព្វផ្សាយ​អំពី​លទ្ធផល​បេសកកម្ម​របស់​សាកលវិទ្យាល័យ​សូហ្វីយ៉ា​ តាម​រយៈ​កំណាយ​បុរាណ​វិទ្យា​ ទី​៣- បង្កើន​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​ទស្សនា​នៅ​កម្ពុជា​​ ជា​ពិសេស​សៀមរាប​អង្គរ​ ទី​៤- ដើម្បី​បង្កើត​ចំណង​មិត្ត​ភាព​កម្ពុជា​-ជប៉ុន​ឲ្យ​កាន់​តែ​រឹងមាំ​យូរ​ អង្វែង។

លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ បាន​ថ្លែង​ថា​ ជា​ការ​ពិត​ណាស់​ ប្រវត្តិសាស្ត្រ​ ដ៏​យូរលង់​ ខឿន​វប្បធម៌​អរិយធម៌​ដ៏​ចំណាស់​ក្នុង​ចំណោម​អរិយធម៌​ចំណាស់ៗ​នៅ​លើ​ពិភពលោក​ ប្រាង្គ​ប្រាសាទ​​រាប់ពាន់​ សិល្បៈរបាំ​​បុរាណ​រាប់​រយ​ប្រភេទ​ ដែល​សព្វថ្ងៃ​នេះ​ មួយ​ចំនួន​បាន​ក្លាយ​ជា​បេតិកភណ្ឌ​មនុស្ស​ជាតិ​ពិភពលោក​ អក្សរសាស្ត្រ​ជាតិ​ ព្រម​ទាំង​​ប្រពៃណី​​និង​ទំនៀមទម្លាប់​ ​ គឺ​ជា​សក្ដានុពល​ដ៏​ធំធេង​របស់​កម្ពុជា​​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​តាមរយៈ​ វិស័យ​ទេសចរណ៍។ ក្នុង​ន័យ​នេះ​​សកម្មភាព​អភិវឌ្ឍន៍​ និង​អភិរក្ស​វិស័យ​វប្បធម៌​ ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​២​ របស់​រាជរដ្ឋាភិបាល​​នីតិកាល​ទី​៤​ នៃ​រដ្ឋសភា​ ដោយ​បាន​បន្ត​ផ្ដល់​អាទិភាព​ខ្ពស់​ក្នុង​កិច្ចការ​បន្ត​ពង្រឹង​អភិវឌ្ឍន៍​ និង​អភិរក្ស​វិស័យ​នេះ​ តាម​ទិសដៅ​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍​​ដើម្បី​អភិរក្ស​បន្ត។

ក្រោម​ ការ​ដឹកនាំ​​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​​ជា​ច្រើន​ក្នុង​ការ​ ការពារ​ អភិរក្ស​ និង​លើក​កម្ពស់​​មរតក​វប្បធម៌​របស់​ជាតិ។ ទន្ទឹម​នឹង​នេះ​ រាជរដ្ឋាភិបាល​បាន​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​ តំបន់​​ ក៏​ដូច​ជា​លើ​ពិភពលោក​ ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មើល​​ឃើញ​យ៉ាង​ច្បាស់​ពី​ តម្រូវ​ការ​ចាំបាច់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ​ សម្រាប់​ការ​អភិរក្ស​ អភិវឌ្ឍ​ និង​ផ្សព្វផ្សាយ​វប្បធម៌​ និង​អរិយធម៌​របស់​ជាតិ។ ក្នុង​ន័យ​នេះ​ កិច្ច​ព្រមព្រៀង​ខ្ចី​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​នា​ថ្ងៃ​នេះ​ មិន​ត្រឹម​តែ​បញ្ជាក់​ឲ្យ​ឃើញ​អំពី​​សកម្មភាព​រឹត​បន្តឹង​​ចំណង​មិត្តភាព​ រវាង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ការ​ខ្ចី​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​ ដើម្បី​​ដាក់​តាំង​នៅ​សារមន្ទីរ​ចំនួន​៩​កន្លែង​ ក្នុង​ប្រទេស​ជប៉ុន​ គឺ​ជា​សកម្មភាព​មួយ​បន្ថែម​​ទៀត​សម្រាប់​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​កាន់​តែ ​ទទួល​ស្គាល់​​ស្នាដៃ​សិល្បៈ​វប្បធម៌​ដ៏​ពិសិដ្ឋ​របស់​បុព្វ​បុរស​ខ្មែរ​ ព្រម​ទាំង​កៀងគរ​នូវ​​ជំនួយ​គ្រប់​បែប​យ៉ាង​ ទាំង​ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ សម្រាប់​សកម្មភាព​អភិរក្ស​អភិវឌ្ឍ​ និង​ផ្សព្វផ្សាយ​ជា​បន្ត​ទៀត។

លោក​ សុខ​ អាន​ បាន​សំដែង​​នូវ​ជំនឿ​ថា​ តាមរយៈ​សកម្មភាព​ដាក់​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​នេះ​ ប្រជាជន​​ជប៉ុន​​នឹង​កាន់​តែ​ជ្រួតជ្រាប​អំពី​វប្បធម៌​ និង​អរិយធម៌​ដ៏​ចំណាស់​របស់​កម្ពុជា​ ព្រម​ទាំង​កាន់​តែ​មាន​​បំណង​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​កម្ពុជា៕

No comments:

Post a Comment