Tuesday, March 24, 2009

ឧត្ដមសិក្សាយើងឥឡូវ

ឧត្ដមសិក្សាយើងឥឡូវ
បច្ចុប្បន្ន យើង​សង្កេត​ឃើញ​ថា ការ​អប់រំ​ផ្នែក​ឧត្ដមសិក្សា​នៅ​កម្ពុជា​ពិតជា​រីក​ចម្រើន បើ​ប្រៀប​ធៀប​មុន​ឆ្នាំ ២០០០។ វិទ្យាស្ថាន និង​សកលវិទ្យាល័យ​បាន​រីក​ដុះដាល​នៅ​ក្នុង​រាជធានី និង​នៅ​ស្ទើរតែ​គ្រប់​ខេត្ត-ក្រុង​ក្នុង​ទូទាំង​ប្រទេស ប្រៀប​បាន​ដូចជា​ទំពាំង​កំពុង​ដុះ​នា​ដើម​រដូវវស្សា។ បើ​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​កាសែត​ក្នុងស្រុក​មួយ​ ដោយ​ដកស្រង់​របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​បាន​ឲ្យ​ដឹង​ថា គ្រឹះស្ថាន​ឧត្ដមសិក្សា​ទាំងអស់​មាន​ចំនួន ៧៧ ដែល​ក្នុង​នោះ​ផ្នែក​សាធារណៈ​របស់​រដ្ឋ​មាន​ចំនួន ៣២ និង​ផ្នែក​ឯកជន​មាន​ចំនួន ៤៥ ដោយ​បណ្ដុះបណ្ដាល​និស្សិត​សរុប​ទាំងអស់​ចំនួន ១៣៧.៤០០ នាក់ ក្នុង​នោះ​ថ្នាក់​បណ្ឌិត ៨៦២ នាក់​ អនុបណ្ឌិត ១១.៦៨១ នាក់​ បរិញ្ញាបត្រ ១១០.០០០ នាក់ និង​ថ្នាក់​បរិញ្ញាបត្រ​រង ១៤.៨៥៧ នាក់​នៅ​ទូទាំង​ប្រទេស​។

ពិតជា​មិន​ធម្មតា​ទេ ហើយ​បើ​ស្ដាប់​ទៅ​កម្ពុជា​មិន​អន់​ឡើយ​ចំពោះ​ធនធាន​មនុស្ស​ដែល​ចេញ​ពី​ថ្នាក់​ឧត្ដមសិក្សា​ក្នុង​មួយ​ឆ្នាំៗ។ នេះ​មិនទាន់​បាន​គិត​ដល់​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ឯ​បរទេស​ផង។ យុវ​និស្សិត​ឥឡូវ​បាន​ពោល​ដោយ​មោទនៈ​ថា ពួកគេ​ពិតជា​មាន​សំណាង​ជាង​និស្សិត​ជំនាន់​មុន​ទសវត្សរ៍​នៃ​ឆ្នាំ ២០០០ ព្រោះ​ពួកគេ​ស្ថិត​នៅ​ក្នុង​សម័យកាល​នៃ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​វិទ្យា​ដ៏​ទំនើប។ ថ្មីៗ​នេះ​មាន​និស្សិត​ខ្មែរ​ប្រុស​ស្រី​បាន​ទៅ​ចូលរួម​ប្រកួត​មុខវិជ្ជា​មេធាវី​នៅ​ឯ​ទី​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែល​ជា​មោទនភាព​ជាតិ​មួយ​ដ៏​ធំ។ ប្រាវ៉ួ (Bravo)ឧត្ដមសិក្សា និង​ធនធាន​មនុស្ស​នៅ​កម្ពុជា!​​​​​​​​​​​​​​​​​

ប៉ុន្តែ​មាន​អ្នក​ខ្លះ​បាន​ជ្រួញ​ចិញ្ចើម ហើយ​គ្រវី​ក្បាល​ដូច​ស្រាំង​ទិច​ស្លឹកត្រចៀក បន្ទាប់​ពី​ពួកគេ​គិត​មួយ​សន្ទុះ​ពី​រឿង​ឧត្ដមសិក្សា​នេះ។ ពួកគេ​បាន​សរសើរ​ពី​បរិមាណ ប៉ុន្តែ​បាន​រិះគន់ និង​ចំអក​ពី​គុណភាព។ ស្ដាប់​ឮ​ដំបូង យើង​គិត​ថា អ្នក​ទាំងនោះ​មាន​គំនិត​ទុទិដ្ឋិនិយម គិត​មិនបាន​ទូលំទូលាយ មានការ​ចង្អៀតចង្អល់ អភិរក្ស មិនទាន់​សម័យ​ក្នុង​ដំណាក់កាល​​នៃ​ឌីជីថល​ដ៏​ទំនើប​ទាល់​តែ​សោះ។ ប៉ុន្តែ​បើ​យើង​គិត​ឲ្យ​ស៊ីជម្រៅ​បន្តិច យើង​គិត​ថា​ពួកគេ​ទំនង​ជា​វិភាគ​ត្រូវ​មួយ​ជ្រុង​ដែរ ហើយ​គួរតែ​យក​គំនិត​របស់​គេ​ទាំង​នោះ​មក​ពិចារណា និង​ចាត់​វិធានការណ៍​ដោះស្រាយ​ឲ្យ​បាន​សមស្រប ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​របស់​សង្គមជាតិ​យើង​ទាំង​នៅ​ក្នុង​បច្ចុប្បន្ន ក៏​ដូចជា​នៅ​ពេល​អនាគត។

ពួក​អ្នក​វិភាគ​ទាំងនោះ​ ដោយ​រួមមាន​ទាំង​និស្សិត​ផង​បាន​និយាយ​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​អប់រំ​ឧត្ដមសិក្សា​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ទី​មួយ អំពើ​ពុក​រលួយ​គឺ​ជា​គ្រាប់បែក​គ្មាន​សំឡេង​ក្នុង​ការ​បំបែក​គុណភាព​អប់រំ​តាំង​ពី​បឋមសិក្សា​រហូត​ដល់​ឧត្ដមសិក្សា។ មិន​ចាំបាច់​និយាយ​ពី​គុណភាព​បឋមសិក្សា និង​មធ្យមសិក្សា​នោះ​ទេ ព្រោះថា សិស្សានុសិស្ស និង​មាតាបិតា​របស់​គេ ហើយ​សូម្បីតែ​លោកគ្រូ​អ្នកគ្រូ​ខ្លួនឯង​ក៏​លោក​បាន​ដឹង​ដែរ​ពី​បញ្ហា​គុណភាព​នៃ​ការ​សិក្សា​របស់​សិស្ស ។ តើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​មើល​បាន​គ្រប់​ជ្រុងជ្រោយ​យ៉ាង​ដូចម្ដេច បើ​ថ្នាក់រៀន​ខ្លះ​មាន​សិស្ស​ពី ៥០ នាក់​ទៅ ៧០ នាក់​ឯណោះ ហើយ​មាន​លោកគ្រូ​អ្នកគ្រូ​ខ្លះ​គាត់​បង្រៀន​ដល់​ទៅ​ពីរ​បី​ថ្នាក់​ឯណោះ?

ទាក់ទិន​នឹង​អំពើ​ពុករលួយ និង​ការ​ទារ​លុយ​សិស្ស​ប្រចាំថ្ងៃ​គឺ​ពិបាក​នឹង​បន្ទោស​ដល់​លោកគ្រូ​អ្នកគ្រូ​របស់​យើង​ណាស់ ព្រោះ​ពួកគាត់​ខំប្រឹង​ត្រដរ​រស់​តាម​មធ្យោបាយ​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន ខណៈ​ដែល​ប្រាក់បៀវត្សរ៍​របស់​គាត់​តិចតួច។

លោកគ្រូ​អ្នកគ្រូ​បាន​ពោល​ថា ពួក​គាត់​យក​លុយ​បន្តិចបន្តួច​ពី​សិស្ស​គ្រាន់​តែ​បំពេញ​ក្រពះ​យក​កម្លាំង​មក​បង្រៀន​សិស្ស​វា​ខុស​អី ខណៈ​ដែល​មន្ត្រី និង​អ្នកជំនួញ​ខ្លះ​រួម​គ្នា​មួយ​ទំហឹង​លួច​សម្បត្តិ​ជាតិ​មក​ធ្វើ​ជា​មហាសេដ្ឋី​តាម​រយៈ​ការ​លក់​ដី លក់​បឹង កាប់​ព្រៃឈើ ចាប់​សត្វ​ព្រៃ​លក់ ដែល​ជា​សម្បត្តិ​ធម្មជាតិ​របស់សាធារណៈ និង​តាម​រយៈ​ការ​កិបកេង​ថវិកា​រដ្ឋ​ដោយ​បំប៉ោង​ការ​ចំណាយ​លើស​ពី​ការ​ចំណាយ​ជាក់ស្ដែង ព្រម​ទាំង​តាមរយៈ​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ និង​ឈ្មួញ​ទុច្ចរិត​លួច​បន្លំ​ពន្ធ​របស់​រដ្ឋ ដោយ​គេចវេះ​មិន​បង់​ពន្ធ​ជូន​រដ្ឋ ឬ​ក៏​បង់​ដែរ​តែ​មិន​គ្រប់​ចំនួន ព្រោះ​ទាំង​មន្ត្រី​ទាំង​ឈ្មួញ​បាន​ផល​ចំណេញ​ជា​បុគ្គល​ទាំង​សងខាង។

ជាង​នេះ​ទៅទៀត លោកគ្រូ​អ្នកគ្រូ​ក៏​បាន​លើក​ឡើង​ដែរ​ថា គាត់​យក​លុយ​ពី​សិស្ស​នេះ​គឺ​គ្រាន់តែ​មួយ​ចម្អែត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ គឺ​មិន​ដូច​មន្ត្រី​តុលាការ មន្ត្រី​យោធា មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​នគរបាល​ខ្លះ​ជំរិត​យក​ប្រាក់​ដោយ​ត្រង់ៗ​ពី​ប្រជាពលរដ្ឋ​ទៅ​តាម​ជំនាញ​របស់​ពួកគេ​រៀងៗ​ខ្លួន​នោះ​ទេ។ ពិត​ជា​ឈឺក្បាល​មែនទែន បន្ទាប់​ពី​ស្ដាប់​បទ​ឧទ្ទេសនាម​ដ៏​ស្រទន់​របស់​លោកគ្រូ​អ្នកគ្រូ​របស់​យើង។ ចុះ​ពួកគាត់​ដឹង​អី​ក៏​ដឹង​ម្លិះ? នេះ​បាន​ចំ​ជា​គ្រូ​មែន!

ចុះ​ចំណែក​ឯ​ការ​អប់រំ​នៅ​ថ្នាក់​ឧត្ដមសិក្សា​វិញ​យ៉ាង​ដូចម្ដេច​ដែរ?
ទាក់ទិន​នឹង​ចំណុច​នេះ ពួក​អ្នកវិភាគ និង​អ្នកអង្កេត​ដោយ​​ឯករាជ​ជា​ច្រើន​បាន​លើក​ឡើង​ថា ជា​ការ​ពិត​សាស្ត្រាចារ្យ និង​គ្រូឧទ្ទេស​នៅ​មហាវិទ្យាល័យ និង​សកលវិទ្យាល័យ​មិន​បាន​យក​លុយ​ពី​និស្សិត​ដូច​លោកគ្រូ​អ្នកគ្រូ​នៅ​ឯ​បឋមសិក្សា និង​មធ្យមសិក្សា​នោះ​ទេ។ អ្វី​ដែល​ជា​ចំណុច​ខ្សោយ​គឺ​ថា ទី​មួយ ក្នុង​ថ្នាក់​នីមួយៗ​ក៏​មាន​ចំនួន​និស្សិត​ច្រើន​លើស​ពី​បទដ្ឋាន ឬ​និយាម​​អប់រំ។

ទីពីរ មាន​គ្រូឧទ្ទេស​ខ្លះ​មិន​មាន​សមត្ថភាព និង​គរុកោសល្យ​បង្រៀន​ពិតប្រាកដ​ឡើយ។ ដោយសារតែ​គ្រូឧទ្ទេស​ដែល​មាន​សមត្ថភាព​ត្រូវ​ការ​កម្រៃ​ពលកម្ម​ខ្ពស់ ទើប​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​មួយ​ចំនួន​មិន​ហ៊ាន​ជួល​ឲ្យ​គ្រូ​ឧទ្ទេស​ដែល​មាន​សមត្ថភាព​មក​បង្រៀន។

ទី​បី ​មហាវិទ្យាល័យ និង​សកលវិទ្យាល័យ​ភាគច្រើន​បាន​ជួល​អ្នក​ដែល​កំពុង​បម្រើការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ខ្លះ​មក​ធ្វើ​ជា​គ្រូឧទ្ទេស។ ពិតមែនហើយ ការ​បង្រៀន​របស់​ពួកគាត់​មិន​អន់​ទេ ព្រោះ​ពួកគាត់​មាន​ចំណេះ​ដឹង និង​បទពិសោធន៍​គ្រប់គ្រាន់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​គឺ​ថា ពួកគេ​ទាំងនោះ​មាន​ការ​មមាញឹក​ក្នុង​ការ​បំពេញ​ការងារ​ស្នូល​ជា​ច្រើន​របស់​ខ្លួន និង​មាន​ការ​នឿយហត់​អស់​កម្លាំង​ផង​នា​ពេល​ថ្ងៃ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ស្រាវជ្រាវ​បន្ថែម ក្រៅ​​ពី​យក​មេរៀន​តែ​នៅ​ក្នុង​សៀវភៅ​ដែល​សាលា​ចែក​ឲ្យ​មក​បង្រៀន​ប៉ុណ្ណោះ ។ ការ​ស្រាវជ្រាវ​របស់​គ្រូ​មាន​ការ​ចង្អៀត នាំ​ឲ្យ​ការ​ស្រាវជ្រាវ​របស់​និស្សិត​មិនបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ដែរ ព្រោះថា សម័យ​នេះ​ជា​សម័យ​បដិវត្តន៍​របស់​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​វិទ្យា​ដ៏​ទំនើប ដែល​ទាមទារ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព (Update) ជាប្រចាំ។

ទី​បួន មាន​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​ខ្លះ​ទៀត​បាន​ជួល​អ្នក​ទេសចរណ៍​បរទេស ឬ​អ្នក​មក​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ខ្លី​ឲ្យ​មក​បង្រៀន​ក្នុង​តម្លៃ​ថោក។ តាមពិត អ្នក​ទាំង​នោះ​គ្មាន​សមត្ថភាព​ និង​បទពិសោធន៍​បង្រៀន​ទាល់​តែ​សោះ ដោយ​គ្រាន់តែ​ពួកគេ​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ជាង​ខ្មែរ​តែ​ប៉ុណ្ណោះ។

ទី​ប្រាំ មាន​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​មួយ​ចំនួន​បាន​ជំពាក់​លុយ​គ្រូ ដោយ​បង់​ប្រាក់​ថ្លៃ​ម៉ោង​បង្រៀន​ជូន​គាត់​មិន​ទៀង​ទាត់ ធ្វើ​ឲ្យ​គាត់​បាក់​ទឹកចិត្ត​បង្រៀន ហើយ​បណ្ដោយ​ឲ្យ​ការសិក្សា​ទៅ​តាម​ដំណើរ ដោយ​មិន​បាន​គិតគូរ​ឲ្យ​ម៉ឺងម៉ាត់​ពី​អវត្តមាន​របស់​និស្សិត។

ទី​ប្រាំមួយ នៅ​ពេល​ប្រឡង​អនុរក្ស​ធូររលុង មិន​ម៉ឺងម៉ាត់​ដែល​នាំ​ឲ្យ​និស្សិត​អាច​ចម្លង​គ្នា ឬ​បើក​ចាក់​​ទៅ​តាម​ជំនាញ បច្ចេកទេស និង​ទេពកោសល្យ​រៀងៗខ្លួន!! ជាង​នេះ​ទៅ​ទៀត មាន​ពេល​ខ្លះ វិញ្ញាសា​បាន​ធ្លាយ​ចេញ​មុន​ការ​ប្រឡង​មក​ដល់ ដែល​ធ្វើ​ឲ្យ​និស្សិត​ដែល​មិនបាន​មក​រៀន​ទៀង​ទាត់ ឬ​និស្សិត​ដែល​មក​គ្រាន់តែ​លំអ​សាលា រង់ចាំ​ទទួល​សញ្ញាប័ត្រ​សប្បាយ​អស់​ទាស់ តែ​បាន​ធ្វើឲ្យ​និស្សិត​ដែល​ខំ​រៀន​ពិតប្រាកដ​អាក់អន់ចិត្ត ហើយ​មិន​ដឹង​ធ្វើ​អី​គេ​កើត។

ទី​ប្រាំពីរ បន្ថែម​ពី​លើ​នេះ មាន​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​ខ្លះ​ទៀត​មិន​ហ៊ាន​ឲ្យ​និស្សិត​របស់​ខ្លួន​ធ្លាក់​ច្រើន​ពេក​ទេ ព្រោះ​ខ្លាច​ខូច​ឈ្មោះ​សាលា​ ដែល​គេ​នឹង​ចំអក​ថា បង្រៀន​មិន​កើត​ទើប​និស្សិត​​ធ្លាក់​ច្រើន។

ចំណែក​ចំណុច​មួយ​ចុង​ក្រោយ​គឺ​ថា មាន​និស្សិត​ខ្លះ​ទៀត​បាន​ប្រឡងធ្លាក់ តែ​ដោយ​សារ​លុយ សញ្ញាប័ត្រ​អាច​ជប់​បាន​តាម​សំណូមពរ។ មាន​សកលវិទ្យាល័យ​ខ្លះ​ត្រូវ​បាន​និស្សិត​ជាច្រើន​ចំអក​ឲ្យ​ថា សឹងតែ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត និង​ចែកចាយ​សញ្ញាប័ត្រ​ទៅ​ហើយ។ បើ​តែ​យ៉ាង​នេះ តើ​គុណភាព​នៃ​ឧត្ដមសិក្សា​របស់​ប្រទេស​យើង​នឹង​ទៅ​ជា​យ៉ាង​ណា?

ពេលខ្លះ​ពួក​បរទេស​បាន​ចំអក​ឲ្យ​យើង​ថា កូន​ខ្មែរ​ជាប់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទៅ​ហើយ​បែរ​ជា​ការ​យល់​ដឹង​មិន​ស្មើ​នឹង​ចំណេះ​ដឹង​របស់​សិស្ស​វិទ្យាល័យ​របស់​គេ​ផង។ ស្ដាប់​ទៅ​គួរ​ឲ្យ​ឈឺ​ចាប់​បំផុត ប៉ុន្តែ​មិន​ត្រូវ​ប្រែក្លាយ​ការ​លែបខាយ​នេះ​ឲ្យ​ទៅ​ជា​ការ​ចង​ជា​កំហឹង​នោះ​ទេ។ គឺ​យើង​ត្រូវ​ពិចារណា​លើ​ចំណុច​ខ្សោយ​របស់​ខ្លួន ដើម្បី​កែលំអ​ឲ្យ​ឧត្ដមសិក្សា​របស់​យើង​​មាន​គុណភាព​​ស្រប​តាម​និយាម​តំបន់។

យើង​ពិតជា​គាំទ្រ​ដល់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ពី​គុណភាព​នៃ​ឧត្ដមសិក្សា​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា សាកលវិទ្យាល័យ​ជាតិ​ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ផ្លាស់ប្ដូរ​​មុខ​មាត់​នៃ​វិស័យ​អប់រំ ហើយ​ធ្វើ​ឲ្យ​មាន​វិសាលភាព​នៃ​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​របស់​ខ្លួន​ឲ្យ​ទៅ​ជា​សកលវិទ្យាល័យ​ខ្នាត​ទូលាយ​ ដែល​អាច​ស្ដែង​​ឡើង​នូវ​លទ្ធភាព​ សមត្ថភាព និង​បំពេញ​បាន​តាម​គ្រប់​បទដ្ឋាន​ដែល​បាន​កំណត់ ។ ពិត​ជា​មិន​ខុស​ឡើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​​រិះគន់​ដោយ​ត្រង់ៗ​នា​ពេល​ថ្មីៗ​នេះ​ពី​ការ​ជួល​ឲ្យ​អ្នក​ដទៃ​សរសេរ​និក្ខេបបទ ​បណ្ឌិត​ អនុបណ្ឌិត​ជំនួស គឺថា មាន​ការ​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ និង​បណ្ឌិត​នៅ​កម្ពុជា​ ហាក់​ដូច​ជា​ងាយស្រួល​​ពេក​ និង​ថា​គ្មាន​ប្រទេស​​ណា​សម្បូរ​អនុបណ្ឌិត​ និង​បណ្ឌិត​ដូច​នៅ​ស្រុក​ខ្មែរ​ទេ។ ពលរដ្ឋ​ពិត​ជា​ទះ​ដៃ​សាទរ ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ចង់​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សហប្រតិបត្តិ​ការ​ និង​ប្រមូល​ផ្ដុំ​កម្លាំង​ និង​ធនធាន​សរុប​ ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​គោលការណ៍​ចតុស្តម្ភ​ នៃ​វិស័យ​អប់រំ​សិក្សាធិការ​ «​កូន​ល្អ​ សិស្ស​ល្អ​ មិត្ត​ល្អ​ និង​ពលរដ្ឋ​ល្អ» ដោយ​មិន​បណ្ដោយ​ឲ្យ​សិស្ស​ និស្សិត​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អំពើ​អសីលធម៌​ អនាធិបតេយ្យ​ និង​ពាលា​អាវាសែ​ក្នុង​សង្គម​ឡើយ។

ហេតុនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​យក​ចិត្ត​ទុកដាក់​ពង្រឹង​គុណភាព​អប់រំ​ថ្នាក់​ឧត្ដមសិក្សា​បន្ថែម​ទៀត ដោយ​ពិនិត្យ​មើល​លើ​ការ​គ្រប់គ្រង​របស់​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ ពិសេស មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​ឯកជន។

ឬ​មួយ​ក៏​មិន​ឈឺ​ក្បាល​វិលមុខ​ចំពោះ​ការ​​ផា​ចំអកឡកឡឺយ​របស់​បរទេស​ទាំង​នោះ? បើ​អញ្ចឹង​មែន បណ្ដោយ​តាមដំណើរ ឬក៏​យថាកម្ម​ទៅ ធ្វើមេច​បើ​វា​អញ្ចឹង​ទៅ​ហើយ។ នេះ​បាន​ចំ​ជា​ឧត្ដម​សិក្សា​យើង​ឥឡូវ!


No comments:

Post a Comment