Tuesday, March 24, 2009

ទ្រព្យរួមប្ដីប្រពន្ធ៧៥ភាគរយទ្រព្យរបស់ស្ត្រី២០ភាគរយ និងទ្រព្យប្ដី៥ភាគរយ

ទ្រព្យ​រួម​ប្ដី​ប្រពន្ធ​៧៥​ភាគរយ ​ទ្រព្យ​របស់​ស្ត្រី​២០​ភាគរយ​ និង​ទ្រព្យ​ប្ដី​៥​ភាគរយ
ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​ពិនិត្យ​ការងារ​របស់​ខ្លួន
ភ្នំពេញ​៖ អគ្គលេខាធិការ​ក្រុមប្រឹក្សា​នយោបាយ​ដីធ្លី​បាន​និយាយ​៨​ឆ្នាំ​កន្លង​មកនេះ ​(២០០០-២០០៨)​ ការ​ចុះ​បញ្ជី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំៗ​ធ្វើ​បាន​ចំនួន​១,៥​លាន​ក្បាលដី​ ក្នុង​នោះ​ទ្រព្យ​ដោយ​ឡែក​របស់​ប្ដី​មាន​តែ​៥​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ពេល​ដែល​ទ្រព្យ​ស្ត្រី​មាន​២០​ភាគរយ​ ឯ​ចំនួន​សេសសល់​៧៥​ភាគរយ​ គឺជា​ទ្រព្យ​រួម​ប្ដី​ប្រពន្ធ​។

ក្រុមប្រឹក្សា​គោលនយោបាយ​ ដីធ្លី​គឺជា​សសរ​ទ្រទ្រង់​មួយ​របស់ឧត្ដម​ក្រុមប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ​ក្នុង​នោះ​មាន​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ កំណែ​ទម្រង់​កងទ័ព​ និង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

លោក រ័ត្ន​ សារិន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​​នគរោបនីយកម្ម​ និង​សំណង់​ និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ បាន​អាន​របាយការណ៍​បើក​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិនា ​ឆ្នាំ​២០០៩ នៅ​ទីស្ដីការ​ក្រសួង​ក្រោមអធិបតីភាព​លោក អ៊ឹម ឈុនលឹម។​ លោក​បាន​បង្ហាញ​លទ្ធផល​ពី​ឆ្នាំ ២០០០ ដល់​២០០៨​ថា​ លើ​ការងារ​រដ្ឋបាល​ដីធ្លី​សម្រេច​ការ​ចុះ​បញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​១៥​ខេត្ត​ និង​រាជធានី​ និង​ការ​ចុះ​បញ្ជី​មាន​លក្ខណៈ ដាច់​ដោយ​ដុំ​បាន​ចំនួន​១.៦​លាន​ក្បាល​ដី។​ ក្នុង​នោះ​មានទ្រព្យ​រួម​ប្ដី​ប្រពន្ធ​៧៥​ភាគរយ​ ទ្រព្យ​របស់​ស្ត្រី​មាន​២០​ភាគរយ​ និង​ទ្រព្យ​របស់​ប្ដី​មាន​៥​ភាគរយ។ ការ​ចុះ​បញ្ជី​ដី​នេះ​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើន​ចំណូល​ថវិកា​រដ្ឋ​តាមរយៈ​សេវា​សុរិយោដី​ និង​ពន្ធ​ប្រថាប់ត្រា​បាន​ជាង​១៤០​ពាន់​លាន​រៀល។

អ្នកវិភាគ​តាម​ការ​វាយ​តម្លៃ​ដីធ្លី​យល់​ឃើញ​ថា ​ប្រសិន​បើ​មាន​គោលនយោបាយ​ពន្ធ​មួយ​ទន់ភ្លន់​ គាំទ្រ​ដល់​ការ​អនុវត្តន៍​គោលនយោបាយ​ចុះ​បញ្ជី​ដីធ្លី​ ដើម្បី​កៀរគរ​ឲ្យ​ការ​ផ្ទេរ​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ក្រៅ​ផ្លូវការ​បាន​មក​ចុះ​បញ្ជី​បឋម​ទាំងអស់​គ្នា​ នោះ​ចំណូល​ចូល​រដ្ឋ​នឹង​កើន​ឡើង​ទ្វេដង។

ដោយ​ឡែក​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ លោក រ័ត្ន សារិន បាន​លើក​ឡើង​ថា គិត​ចាប់​ពី​ផ្ដើម​ដំណើរការ​ដល់​ដំណាច់​ឆ្នាំ​២០០៨ គណៈកម្មាធិការ​សុរិយោដី​បាន​ទទួល​ពាក្យ​បណ្ដឹង​ ១.៦៥៨ ករណី ទាក់ទង​គ្រួសារ​មាន​ទំនាស់​មាន​ ៨.១៧១​គ្រួសារ​ និង​ផ្ទៃដី​វិវាទ​មាន​ ២៨៦​ហិកតារ។

នៅ​ក្នុង​គម្រោង​ផែនការ​បែង​ចែក​ដីធ្លី​ពី​ឆ្នាំ​២០០៧ ​ដល់​ឆ្នាំ​២០១០​ សម្រាប់​១០.០០០​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​នឹង​កំពុង​ធ្វើការ​សាកល្បង​ផ្ដល់​ឲ្យ​បាន​ជា​បណ្ដើរៗ​ហើយ។ ពិសេស​ខេត្ត​ក្រចេះ​ កំពង់ចាម​ កំពង់ធំ​ និង​កំពត។ ចំណែក​ខេត្ត​ដទៃ​ៗ​ទៀត​កំពុង​ជ្រើសរើស​រក​ដី​ដែល​សល់​ទំនេរ​ ធ្វើ​អត្តសញ្ញាណ​ដី​ត្រៀម​ផ្ដល់​ជូន​ដល់​គ្រួសារ​ណា​ដែល​ខ្វះ​ដី​ប្រើប្រាស់​។

លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​លទ្ធផល​មួយ​ដែល​យើង​ទទួល​បាន​ក្រោម​ការ​ជ្រោមជ្រែង​របស់​សមាជិក​មក​ពី​អន្តរ​ក្រសួង​ដែល​ពាក់ព័ន្ធ​ ពិសេស​ការ​កសាង​បទដ្ឋាន​ច្បាប់​ បញ្ញត្តិ​នានា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ដីធ្លី។ យើង​ក៏​បាន​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅ​ផ្ដល់​ដី​កម្មសិទ្ធិ​​ដល់​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​តំបន់​ភូមិភាគ​ឦសាន។ បញ្ហា​នេះ​យើង​នៅ​ជួប​ប្រទះ​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ។


លោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​បាន​អនុវត្តិ​ធ្វើ​សហវិមជ្ឈការ​ដល់​ថ្នាក់​ឃុំ-ភូមិ​បាន​ទាន់​ពេល​វេលា​។

ក្នុង​កិច្ច​ប្រជុំ​នេះ​សមាជិក​ក្រុមប្រឹក្សា​ទាំង​អស់​បាន​ពិនិត្យ​ និង​ផ្ដល់​ការ​យល់ព្រម​លើ​សេចក្ដី​ព្រាង​ សេចក្ដី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​ស្ដីពី​គោលនយោបាយ​ដីធ្លី​ដើម្បី​បើក​ផ្លូវ​ឈាន​ទៅ​រៀបចំ​សៀវភៅ "ស" ស្ដីពី​គោលនយោបាយ​ដីធ្លី​ទូលំទូលាយ​នៅ​កម្ពុជា។


ការអនុវត្ត​កម្មវិធី​គោលនយោបាយ​ដីធ្លី​នេះ​ពាន​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ថវិកា​ដោយ​អង្គការ GTZ, FINMAP, C IDA និង​ធនាគារ​ពិភពលោក ព្រម​ទាំង​អង្គការ DANI DA ផង​ដែរ៕


No comments:

Post a Comment