Tuesday, March 24, 2009

ការ​រំលោភសម្លាប់យកសពកុមារី​ពីរនាក់ចងព្យួរនឹងដើមឈើប៉ូលិសចាប់ខ្លួនជនទី២ និងទី៣

ការ​រំលោភសម្លាប់យកសពកុមារី​ពីរនាក់ចងព្យួរនឹងដើមឈើប៉ូលិសចាប់ខ្លួនជនទី២ និងទី៣

ពោធិ៍សាត់៖​ បុរស​​អាយុ​២៣​​ឆ្នាំ​ម្នាក់​ និង​អាយុ​៣៩​ឆ្នាំ​ម្នាក់ ​​គឺជា​ជន​ទី​​ពីរ និង​ទី​បី​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ដោយសារ​ជាប់​ពាក់ព័ន្ធ​សង្ស័យ​ក្នុង​រឿង​ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ ដែល​​ក្នុង​នោះ​កុមារី​ពីរ​នាក់​ម្នាក់​អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១១​ឆ្នាំ ត្រូវ​​ឃាតក​ចាប់​រំលោភ​ ហើយ​សម្លាប់​យក​សាកសព​ទៅ​ព្យួរ​ក្នុង​ព្រៃ​។

ឃាតកម្ម​ដែល​រញ្ជួយ​ខេត្ត​ពោធិ៍សាត់​នោះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ២០០៩ នៅ​ចំណុច​ព្រៃ​ប៉ោយប៉ោក​ ភូមិ​កំរ៉ែង​ ឃុំ​ស្វាយស ស្រុក​ស្រគរ ហើយ​បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​តាមដាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់។

បុរស​ក្មេង​ដែល​​ជាប់​សង្ស័យ​ត្រូវ​ចាប់​ខ្លួន​កាល​​ពី​ថ្ងៃ​ទី​២០ ខែ​មីនា​ មាន​ឈ្មោះ​ថា​ ហែម​​​ សុភា រីឯ​បុរស​វ័យ​ចាស់​ជាង​មាន​ឈ្មោះ​ សែម​ ឌូច ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា។ ជន​ទាំង​ពីរ​នេះ​មាន​ទី​លំនៅ​នៅ​ភូមិ​បឹងស្តុក​ ឃុំ​ស្វាយស​ ហើយ​ក៏​ជា​​ភូមិ​របស់​កុមារី​​រងគ្រោះ​រស់​នៅ​ផង​ដែរ ដែល​មាន​ចម្ងាយ​ជាង​​៣​គីឡូ​ម៉ែត្រ​ពី​ចំណុច​ដែល​គេ​​ប្រទះ​ឃើញ​​សាកសព​ពួក​នាង។

លោក ឡែន សុង អធិការ​ប៉ូលិស​​ស្រុក​ក្រគរ​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​នៅ​ទី​កន្លែង​ក៏​ផ្សេងគ្នា។ ពីរ​នាក់​នោះ​បាន​គេច​មិន​​ចូល​ផ្ទះ​ បន្ទាប់ពី​មាន​ករណី​រំលោភ​សម្លាប់​កើត​ឡើង​នោះ។
សូម​រំលឹក​ថា សាកសព​ក្មេង​ស្រី​ពីរ​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​នឹង​ខ្សែ​នីឡុង​ព្យួរ​នឹង​ដើម​ឈើ​តែ​មួយ។ សាកសព​នៅ​ទន្ទឹម​គ្នា​​ ដែល​​ព្យួរ​ផុត​ជើង​ពី​ដី​កម្ពស់​ពីរ​​ម៉ែត្រ។ ប៉ូលិស​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​ឃើញ​ថា​ក្មេង​ស្រី​រងគ្រោះ​ត្រូវ​បាន​ចាប់​រំលោភ​​ រួចហើយ​មូល​ក​សម្លាប់​ ទើប​យក​សាកសព​ទៅ​ចង​នឹង​ ដើមឈើ​ដើម្បី​បង្វែង​ពី​សកម្មភាព​​រំលោភ ដើម្បី​ឲ្យ​គេ​គិត​ថា​ ក្មេង​ស្រី​ទាំងពីរ​ចង​ក​សម្លាប់​ខ្លួន។

ក្មេង​ស្រី​ទាំង​ពីរ​នាក់​នោះ​ គឺ​ម្នាក់​មាន​ឈ្មោះ ​ផល សុខឿន អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ ណៃ សុខនី អាយុ​១១​ឆ្នាំ។​ ក្មេង​ស្រី​រងគ្រោះ​ទាំង​ពីរ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ហើយ​សាកសព​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៨។
ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ពោធិ៍សាត់​និយាយ​ថា ការ​ចាប់​ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ធ្វើការ​ស៊ើប​អង្កេត​យ៉ាង​ល្អិត​ល្អន់​​អស់​រយៈពេល​យ៉ាង​យូរ​ហើយ​ក៏​បាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​។

ប៉ូលិស​មិន​បាន​ស្រង់​យក​ចម្លើយ​ឲ្យ​បាន​ល្អិត​ល្អន់​ទេ​ ដោយ​ទុក​ការងារ​នេះ​ឲ្យ​ចៅក្រម​សាកសួរ។

ទោះជា​យ៉ាង​ណា​ក្ដី​​គេ​ដឹង​ថា​ ជន​ដៃដល់​ទំនង​ជា​បុរស​ឈ្មោះ ​សែម​ ឌូច​ ហើយ​មាន​ជន​ដៃ​ដល់​ម្នាក់​ទៀត​ឈ្មោះ​ ភៀន រ៉ា​ បាន​ត្រូវ​ចាប់ខ្លួន​មុន​រួច​ហើយ​ទាក់ទង​នឹង​ករណី​ផ្សេង ប៉ុន្តែ​បាន​

ទទួល​ចម្លើយ​មក​ថា​គេ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​កុមារី​ទាំង​ពីរ​នាក់​នេះ​ដែរ។


ប្រភព​នានា​ជឿ​ថា​ ការ​ដែល​នាំ​ឲ្យ​មាន​​ឃាតកម្ម​ដ៏​សាហាវ​​នេះ​កើត​ឡើង​គឺ​បណ្ដាល​មក​ពី​គំនុំ។
បើ​តាម​សម្ដី​ប៉ូលិស​ទំនង​ជា​មាន​ជន​មួយ​ចំនួន​ទៀត​ក៏​ជាប់​សង្ស័យ​ក្នុង​សកម្មភាព​ដ៏​ឃោរឃៅ​​នេះ​ដែរ៕

No comments:

Post a Comment