Wednesday, March 25, 2009

ខាតបង់ថវិកាដោយគ្រោះថ្នាក់ចរាចរប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំ

ខាតបង់ថវិកាដោយគ្រោះថ្នាក់ចរាចរប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំ
ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​​សាធារណការ​ និង​​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ជំងឺ​អេដស៍​នៅ​កម្ពុជា​​ជា​គ្រោះថ្នាក់​ទី​១​ រីឯ​គ្រោះថ្នាក់​​ចរាចរ​មាន​ចំណាត់ថ្នាក់​លេខ​២​ ក៏​ប៉ុន្តែ​​រយៈពេល​មួយ-ពីរ​​ឆ្នាំ​ចុង​ក្រោយ​នេះ​ជំងឺ​​អេដស៍​ជា​​គ្រោះថ្នាក់​ទី​២​ ចំណែក​គ្រោះថ្នាក់​ចរាចរ​មាន​ចំណាត់​ថ្នាក់​លេខ​១​ ដែល​បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោក​ អ៊ឹង​ ប៊ុនហ៊ូវ​ ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​នាយករដ្ឋមន្ត្រី​តេជោ​ ហ៊ុន​ សែន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​​ និង​ដឹកជញ្ជូន​បាន​មាន​ប្រសាសន៍​បែប​នេះ​ ខណៈ​ពេល​ជួប​ជាមួយ​មន្ត្រី​រាជការ​មន្ទីរ​សាធារណការ​ខេត្ត​ ស្ថិត​នៅ​ផ្លូវ​ជាតិ​​លេខ​៥​ និង​ខេត្ត​ប៉ៃលិន​ ក្នុង​ពេល​បេសកកម្ម​ពិនិត្យ​​មើល​ដំណើរការ​ស្ដារ​ផ្លូវ​ជាតិ​លេខ​៥៧​ បាត់ដំបង-ប៉ៃលិន​កាល​​ពី​ពេល​កន្លង​មក។

លោក​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ រយៈពេល​មួយ-ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គ្រោះថ្នាក់​ចរាចរ​បាន​ឡើង​ជា​ចំណាត់ថ្នាក់​លេខ​១​ បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ រីង​ជំងឺ​អេដស៍​បាន​​ថយ​មក​នៅ​ចំណាត់ថ្នាក់​លេខ​២។ លោក​ពន្យល់​​ឲ្យ​ដឹង​បន្ថែម​ថា​ ការ​ខាតបង់​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នេះ​ ដោយ​គិត​ទៅ​លើ​គ្រោះថ្នាក់​​មនុស្ស​ស្លាប់​ ចាប់​ពី​មនុស្ស​នោះ​កើត​រហូត​ពេល​មាន​គ្រោះថ្នាក់។ ក្នុង​នេះ​ដែរ​ ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​យានយន្ត​គ្រប់​ប្រភេទ​ផង​ដែរ។

លោក​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​ដោយ​ធ្វើ​ការ​រំលឹក​ដល់​មន្ត្រី​ថ្នាក់​ដឹកនាំ​​មន្ទីរ​សាធារណការ​ថា​ ការ​ពាក់​មួក​សុវត្ថិភាព​ដូច​ដែល​ច្បាប់​ចរាចរ​ផ្លូវ​គោក​បាន​កំណត់​ឲ្យ​អនុវត្ត​ជា​ធរមាន​កាល​ពី​ដើម​ឆ្នាំ​២០០៩​ គឺ​ជា​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចំពោះ​បុគ្គល​ផង​ និង​ចំពោះ​សង្គម​ជាតិ​ផង។

គួរ​រំលឹក​ថា​ តាម​របាយការណ៍​ប៉ាន់ប្រមាណ​ពី​ស្ថាប័ន​ជំនាញ​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​​ថ្ងៃ​មាន​មនុស្ស​ស្លាប់​ជា​មធ្យម​ជាង​៤​នាក់​ នា​ឆ្នាំ​២០០៦-២០០៧​ ក្នុង​​គ្រោះថ្នាក់​ចរាចរ។ ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ បើ​តាម​របាយការណ៍​បញ្ជាក់​ឲ្យ​ដឹង​ថា​ បាន​កើន​ឡើង​ជា​​រៀងរាល់​ឆ្នាំ​ ដែល​ឆ្នាំ​១៩៩០​ មាន​មនុស្ស​ស្លាប់​ត្រឹម​៣០០​នាក់​ តែ​បច្ចុប្បន្ន​ស្លាប់​ដល់​១៥០០​នាក់៕



No comments:

Post a Comment