Monday, April 13, 2009

ភ្នំពេញគណៈប្រតិភូជាន់ខ្ពស់កម្ពុជា

គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​វិលត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​ហើយ កាលពី​វេលា​ម៉ោង ១៧ និង ៤៥ នាទី ថ្ងៃ​សៅរ៍ ទី​១១ មេសា ។
​ដំណើរ​វិល​ត្រឡប់​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយ​ដៃគូ ៦ ប្រទេស​ផ្សេង​ទៀត គឺធ្វើឡើង មុន​ការកំណត់ ។ តាម​ការកំណត់​សម្តេចនាយក​រដ្ឋមន្ត្រី ត្រូវ​វិល​ត្រឡប់​ពី​ទីក្រុង​ប៉ា​តាយ៉ា​ប្រទេស​ថៃ មកកាន់​មាតុប្រទេស​វិញ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១២ មេសា បន្ទាប់ពី​កិច្ចប្រជុំ​បិទ​បញ្ចប់ ។​

​ ​ក៏​ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយ​ប្រទេស​ជា​ដៃគូ ដែល​ថៃ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ មេសា នៅ​ទីក្រុង​ឆ្នេរសមុទ្រ ប៉ា​តា​យ៉ា មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ទេ ។ នេះ​ក៏​ដោយសារ​តែ​ក្រុមបាតុករ​អាវ​ក្រហម​ថៃ​រាប់ម៉ឺន​នាក់ ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន បាន​ធ្វើ​ការឡោមព័ទ្ធ និង​ចូល​អុកឡុក​រំខាន​កិច្ចប្រជុំ ។​
​ ​ចុះ​ពីលើ​យន្តហោះ​ភ្លាម លោក ស្រ៊ី ថាមរុង្គ ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បាន​អមដំណើរ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា នៅ​ព្រឹក​ម៉ិញ​នេះ ( ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ មេសា ) សភាពការណ៍​នៅ​កន្លែង​ប្រជុំ​កំពូល​អាស៊ាន គឺ​ក្រុមបាតុករ​អាវ​ក្រហម ដែល​ប្រឆាំង​រដ្ឋាភិបាល​ថៃ បានធ្វើ​សកម្មភាព ដើម្បី​រាំងខ្ទប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ប្រទេស​ជា​ដៃគូ ។ ក្រុមបាតុករ​អាវ​ក្រហម​ថៃ បាន​ធ្វើ​ការឡោមព័ទ្ធ​កន្លែង​ប្រជុំ តាំង​ពី​ម្សិលម៉ិញ ( ថ្ងៃ​សុក្រ ទី​១០ មេសា ) ។
​ ​លោក ស្រ៊ី ថាមរុង្គ បាន​បន្ថែមថា នៅ​ព្រឹក​នេះ ( ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ មេសា ) គណៈប្រតិភូ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន រួមមាន ប្រទេស​ចិន ជា​ដើម​នោះ គឺ​មិន​អាច​ចូល​មក​កន្លែង​ប្រជុំ​បាន ។ ដូច្នេះ ដោយសារ​តែ​ដៃគូ​អាស៊ាន មិន​អាច​ប្រជុំបាន នាំ​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ ចេះ​តែ​ពន្យារៗ រហូត​ដល់​អស់ម៉ោង ។ ទី​បំផុត​ទៅ ក្រុមបាតុករ​ថៃ ដែល​ប្រឆាំង​រដ្ឋាភិបាល បាន​គ្រប់គ្រង​សភាពការណ៍ នាំឲ្យ​មាន​ការប្រទ្រូស​ប្រទ្រា​ស់​ខ្លាំង​នៅ​កន្លែង​ប្រជុំ ។ ចំណែក​កិច្ចប្រជុំ ក៏​ត្រូវ​បាន​សម្រេច​ផ្អាក​ការប្រជុំ ។ គណៈប្រតិភូ​កម្ពុជា រួម​នឹង​គណៈ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ ៦ ប្រទេស​ផ្សេង​ទៀត រួមមាន ប្រទេស​ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី កូរ៉េ និង​នូវែល​ហ្សឺ​ឡង់ ត្រូវបាន​ជម្លៀសចេញ​ភ្លាមៗ ពី​កន្លែង​ប្រជុំ​ក្នុង​ទីក្រុង​ប៉ា​តា​យ៉ា ។​
​ ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ ដែល​គ្រោង​មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ មេសា បាន​ត្រូវ​លោក ស្រ៊ី ថាមរុង្គ គូសបញ្ជាក់ថា កម្ពុជា​មិន​ទាន់​ដឹងថា នាយករដ្ឋមន្ត្រី​ថៃ​មក ឬ​មិន​មក​កម្ពុជា​ទេ ដោយ​រង់ចាំ​ការបញ្ជាក់​ពី​ក្រសួង​ការបរទេស ៕

No comments:

Post a Comment