Monday, April 13, 2009

ប្រទេសកម្ពុជាបានប្រែក្លាយទឹកត្នោតអោយទៅជាស្រាវីស្គី

ភ្នំពេញ​: ប្រទេស​កម្ពុជា​បាន​ប្រែក្លាយ​ទឹកត្នោត​អោយទៅជា​ស្រា​វី​ស្គី ដើម្បី​លក់​នៅ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ។ នេះ​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​បាន​ផលិត​ស្រា​វី​ស្គី​ចេញពី​ទឹកត្នោត ដោយ​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាជន​ដែល​រស់នៅ​តំបន់​ជនបទ ។ នេះ​បើ​យោង​តាម​អគ្គនាយក​ក្រុមហ៊ុន​ខន់​ហ្វី​រែល (Confirel) ដែលជា​ក្រុមហ៊ុន​វិនិយោគ​ត្នោត ដែល​បាន​លក់ និង​នាំចេញ​ផលិតផល​ត្នោត ពិសេស​ស្ករត្នោត និង​ស្រា​ទឹកត្នោត​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។​

​ លោក ហៃ លី​អ៊ាង អគ្គនាយក​នៃ​ក្រុមហ៊ុន​ខន់​ហ្វី​រែល និង​ក្រុមហ៊ុន​ផលិត​ឱសថ PPM បាន​ប្រកាស​អំពី​ការ​ចេញ​ផលិតផល​ស្រា​វី​ស្គី​ទឹកត្នោត ឈ្មោះ ហ្សា​យ៉ា (Jaya) ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា បន្ទាប់ពី​លោក​បាន​ចូលគាល់​ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម​សីហមុនី នៅ​ព្រះបរមរាជវាំង កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០០៩ ។ លោក​អគ្គនាយក បាន​និយាយថា ក្រុមហ៊ុន​ខន់​ហ្វី​រែល ចាប់ផ្តើម​ចេញ​លក់​ស្រា​វី​ស្គី​ធ្វើ​អំពី​ទឹកត្នោត​នេះ បន្ទាប់​ពី​ផលិតផល​ធ្វើ​ពី​ទឹកត្នោត​ជាច្រើន​មុខ​ទៀត​ដូចជា ស្រា​ទឹកត្នោត ទឹកខ្មេះ​ធ្វើ​ពី​ទឹកត្នោត ស្ករត្នោត និង​តំណាប់​ធ្វើ​ពី​ស្ករត្នោត បាន​ទទួល​ជោគជ័យ នៅក្នុង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ។ លោក​និយាយ​បន្ថែមទៀតថា ស្រា​វី​ស្គី ហ្សា​យ៉ា នេះ​មាន​ជាតិ​អាល់កុល ៤០ ភាគរយ ។ ដូច្នេះ​ក្រុមហ៊ុន​បាន​ផលិត​ទឹកត្នោតជូរ​ដប​ឈ្មោះ ទឹកត្នោត “’ ពិសេស​” ” ដើម្បី​លាយ​ជាមួយ​ស្រា វី​ស្គី​ហ្សា​យ៉ានេះ ។ នៅពេលដែល​យើង​យក​ស្រា​វី​ស្គី​នេះ​លាយ​ជាមួយ​ទឹកត្នោត ’ ពិសេស ”” វា​នឹង​ធ្វើអោយ​ស្រា​វី​ស្គី​ហ្សា​យ៉ានេះ មានឱជារស់​ឆ្ងាញ់ និង​ប្លែក ។ ដោយ​លាយ​ជាមួយ​ទឹកត្នោតជូរ ’ “​ពិសេស​” ” ដែល​អាច​ទុក​បាន​រហូត​ដល់​រយៈពេល​បី​ឆ្នាំ
ស្រា​វី​ស្គី ហ្សា​យ៉ា អាច​ផឹក បាន​ទាំង​បុរស និង​ស្ត្រី ។ លោក​បាន​និយាយទៀតថា លោក​សង្ឃឹមថា ស្រា​វី​ស្គី​ទឹកត្នោត នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា និង​ជនបរទេស ដូចជា ផលិតផល​ត្នោត ផ្សេងៗ​ទៀត ដែល​ផលិត​ដោយ​ក្រុមហ៊ុន ខន់​ហ្វី​រែល​ដែរ ។​

​ លោក ហៃ លី​អ៊ាង បាន​ចូល​គាល់​ព្រះមហាក្សត្រ នា​ព្រឹក​ថ្ងៃ​សៅរ៍ ដើម្បី​ថ្វាយព្រះពរ​ដល់​ព្រះអង្គ នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​រាយការណ៍​ថ្វាយ​ព្រះអង្គ​អំពី​សកម្មភាព​ក្រុមហ៊ុន​ខន់​ហ្វី​រែល និង​ក្រុម​ហ្វ៊ុន​ថ្នាំ PPM ។ លោក​បាន​និយាយថា ព្រះមហាក្សត្រ​មាន​ព្រះទ័យ​ចាប់អារម្មណ៍​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ។ ប៉ុន្តែ​លោក​បាន​ទូលថ្វាយ​ព្រះអង្គ​ថា​ក្រុមហ៊ុន​ខន់​ហ្វី​រែល ដែល​ធ្វើ​ផលិតផល​ត្នោត និង​ក្រុមហ៊ុន​ឱសថ PPM ដែល​ផលិត​ថ្នាំ​លក់​នៅ​ក្នុង និង​ក្រៅប្រទេស​នោះ​មិន​មាន​ផលប៉ះពាល់ ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​នោះឡើយ ។ លោក​បាន​និយាយទៀតថា ការលក់​ផលិតផល​ត្នោត របស់​ក្រុមហ៊ុន​ខន់​ហ្វី​រែល និង​ផលិតផល​ថ្នាំ របស់​ក្រុមហ៊ុន PPM នៅតែ​បន្ត​កើន​ឡើង​ដោយសារ តែ​ក្រុមហ៊ុន​មាន​បណ្តាញ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អតិថិជន​ទាំង​ក្នុង និង​ក្រៅប្រទេស ។​

​ គួរបញ្ជាក់​ថា ផលិតផល​ត្នោត​របស់​ក្រុមហ៊ុន​ខន់​ហ្វី​រែល​រួម​មាន​ស្រា​ទឹកត្នោត​ជាច្រើន​ប្រភេទ ស្ករត្នោត ទឹក​ខ្មេះ ធ្វើ​ពី​ទឹកត្នោត និង​តំណាប់​ដែល​ធ្វើ​ពី​ស្ករត្នោត ។ តាមរយៈ​ការវិនិយោគ​ទៅលើ​ត្នោត​ក្រុមហ៊ុន​នេះ បាន​បង្កើត​ការងារ និង​ប្រាក់​ចំណូល​ជូន​ដល់​ប្រជាជន​ដែល​រស់នៅ​ជនបទ ៕

No comments:

Post a Comment