Saturday, April 11, 2009

វិធីបញ្ចៀសគ្រោះអាក្រក់ ទទួលយកជោគល្អ

ឆ្នាំឆ្លូវ : វិធីបញ្ចៀសគ្រោះអាក្រក់ ទទួលយកជោគល្អ
ឆ្នាំជូត
ក្នុងឆ្នាំនេះដោយសារតែបញ្ហាសុខភាពមិនសូវល្អជា ព្រមទាំងឧស្សាហ៍មានជំងឺឈឺថ្កាត់បន្តិចបន្តួចមករំខាននោះ ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ ដូច្នេះដើម្បីធ្វើឲ្យសុខភាពរឹងប៉ឹងឡើងវិញ លោកអ្នកគួរគប្បីពាក់គ្រឿងថ្មយក់(ហ្គិច)។
ឆ្នាំឆ្លូវ
ក្នុងឆ្នាំនេះ ដោយសារតែរាសីកំណើតជាន់លើឆ្នាំកំណើតខ្លួនឯងនោះ ទើបមានការបំពានលើទេវតាឆ្នាំថ្មី ដែលមានការប្រែប្រួលច្រើន។ ដូច្នេះសំខាន់បំផុត លោកអ្នកត្រូវចេះធ្វើពិធីសក្ការសែនព្រេន ឬសំពះទេវតាឆ្នាំថ្មី ដើម្បីកាត់បន្ថយគ្រោះអាក្រក់។ បន្តមកទៀត លោកអ្នកនឹងបានជួបគ្រោះហូរឈាមដូច្នេះយកល្អ ដំបូងត្រូវដុសលាងធ្មេញ ឬធ្វើការផ្ដល់ឈាម ដើម្បីបញ្ចៀសគ្រោះថ្នាក់អាក្រក់។
ឆ្នាំខាល
ក្នុងឆ្នាំនេះជោគរាសីឡើងខ្ពស់ត្រដែត។ ដូច្នេះទោះជាបានប្រកបកិច្ចការងារអ្វីក៏ដោយ ក៏អាចដំណើរការបានស្រួលដែរ ព្រមទាំងមានទំនាក់ទំនងល្អជាមួយមនុស្សផងទាំងឡាយ។ ប៉ុន្តែរាល់ទំនាក់ទំនងល្អ ឬអាក្រក់អាស្រ័យទៅលើមូលហេតុនៃការអភិវឌ្ឍ។ ដូច្នេះលោកអ្នកគួរគប្បីពាក់គ្រឿងអលង្ការគ្រីស្តាល់ពណ៌ផ្កាឈូក ដើម្បីពង្រឹងជោគទំនាក់ទំនងកាន់តែខ្លាំងក្លា។
ឆ្នាំថោះ
ក្នុងឆ្នាំនេះ លោកអ្នកពុំមានផ្កាយជោគល្អជួយជ្រោមជ្រែងឡើយ ហើយសម្បូរទៅដោយផ្កាយគ្រោះអាក្រក់ដែលមានឥទ្ធិពលដល់សេចក្ដីសុខសាន្តនៅក្នុងគ្រួសារ។ ដូច្នេះលោកអ្នកត្រូវសំងំស្ងៀម និងមិនត្រូវបញ្ចេញសកម្មភាពខ្លាំងក្លាពេកទេ និងខិតខំកាត់បន្ថយនូវភាពប្រែប្រួល។ រីឯនៅក្នុងគ្រួសារគឺត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្សចាស់ទុំ។ ហេតុនេះនៅទិសខាងជើងក្នុងគេហដ្ឋាន គួរគប្បីព្យួរសម្បកផ្លែឃ្លោកមួយផ្លែ ដើម្បីជួយកាត់បន្ថយឥទ្ធិពលផ្កាយរោគាពាធ។
ឆ្នាំរោង
ក្នុងឆ្នាំនេះ ដោយសារស្ត្រីភេទដែលកើតក្នុងឆ្នាំរោងមានផ្កាយព្រះចន្ទជួយជ្រោមជ្រែង ទើបមានអំណោយផលល្អដល់កិច្ចការងារ និងមានទឹកចិត្តជ្រះថ្លា។ ក្រៅពីនេះផ្កាយព្រះចន្ទក៏ផ្ដល់ជោគវាសនាល្អសម្រាប់អ្នកដែលកើតឆ្នាំរោងទូទៅផងដែរ។ ដូច្នេះដើម្បីឲ្យជោគរាសីកាន់តែថ្កុំថ្កើងរុងរឿងនោះគឺក្នុងឆ្នាំនេះ គួរគប្បីអុចធូបនៅពីលើរានទេវតា។
ឆ្នាំម្សាញ់
ក្នុងឆ្នាំនេះលោកអ្នកងាយជួបនឹងគ្រោះអាក្រក់ផ្សេងៗ។ ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទងាយជួបនឹងគ្រោះថ្នាក់ចរាចរ។ ដើម្បីជួយកាត់បន្ថយឥទ្ធិពលគ្រោះថ្នាក់អាក្រក់ គឺនៅចំទិសឦសានក្នុងគេហដ្ឋាន គួរគប្បីដាក់អំពូលភ្លើងពណ៌ក្រហមតូចៗមួយខ្សែ។
ឆ្នាំមមី
ក្នុងឆ្នាំនេះជោគស្នេហាឡើងខ្ពស់ត្រដែត។ ដូច្នេះបើចង់ស្វែងរកគូស្នេហ៍ឲ្យបានដូចបំណងប្រាថ្នា គឺនៅចំទិសខាងលិច និងខាងជើង ក្នុងគេហដ្ឋានអាចដាក់តាំងផ្កាពណ៌ស្រស់ៗឲ្យបានច្រើន តែបើចង់កាត់បន្ថយភាពពុះកញ្ជ្រោល ត្រូវដាក់តាំងដុំក្រួសចំនួន៨ដុំ។
ឆ្នាំមមែ
ឆ្នាំនេះជោគរាសីរបស់លោកអ្នកមានការប្រែប្រួលពុំទៀងទាត់ឡើយ។ ដូច្នេះសំងំនៅស្ងៀម និងមិនត្រូវធ្វើសកម្មភាពដោយខ្លាំងក្លាពេកទេ។ លោកអ្នកអាចសាកល្បងអ្វីដែលជាកិច្ចការងារថ្មី រើទីលំនៅ ចេញទៅប្រកបកិច្ចការងារនៅក្រៅប្រទេស ឬធ្វើដំណើរកម្សាន្ត។ បើទោះជាពុំមានគំនិតគិតគូរដល់ការផ្លាស់ប្ដូរទីលំនៅទេនោះ លោកអ្នកអាចធ្វើការជួសជុល ឬក៏ទិញប្រដាប់ប្រដាថ្មីៗសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះក៏បានដែរ ដើម្បីជួយកាត់បន្ថយគ្រោះអាក្រក់។
ឆ្នាំវក
ក្នុងឆ្នាំនេះជោកទ្រព្យរបស់លោកអ្នកមានភាពថ្កុំថ្កើងរុងរឿង គឺមិនថាតែទ្រព្យបានមកពីការប្រកបកិច្ចការងារ ឬទ្រព្យដែលបានមកពីការបណ្ដាក់ទុនរកស៊ីប៉ុណ្ណោះទេ សុទ្ធតែធ្លាក់ដល់ដៃអ្នកទាំងអស់។ ម៉្យាងទៀត ប្រសិនបើចង់បង្កើនជោគទ្រព្យឲ្យកាន់តែខ្លាំងក្លាក្នុងឆ្នាំនេះ លោកអ្នកគួរគប្បីពាក់គ្រឿងគ្រីស្តាល់ពណ៌លឿង ព្រោះអាចជួដល់ការបង្កើនជោគការងារទៀតផង។
ឆ្នាំរកា
ក្នុងឆ្នាំនេះលោកអ្នកនឹងទទួលបាននូវការគាប់ចិត្តពីទេវតាឆ្នាំថ្មី ហើយទោះជាបានជួបការប្រែប្រួលក្ដី ក៏រមែងតែទទួលបានជោគជ័យទាំងអស់។ ក្នុងឆ្នាំនេះលោកអ្នកអាចដាំដើមឫស្សីថ្លៃថ្នូរចំនួន៤ដើម នៅចំទិសខាងត្បូងក្នុងគេហដ្ឋានព្រោះមានសង្ឃឹមថាអាចឡើងបុណ្យស័ក្ដិ និងបង្កើនប្រាក់បៀវត្សរ៍។
ឆ្នាំច
ក្នុងឆ្នាំនេះ លោកអ្នកមានទុកទោសពៃរ៍ជាមួយទេវតាឆ្នាំថ្មី។ ដូចច្នេះត្រូវរៀបចំលក្ខណៈទុកសម្រាប់ទប់ទល់នូវអ្វីៗដែលមានការប្រែប្រួលច្រើន។ ចំពោះជីវភាពរស់នៅក៏សម្បូរទៅដោយរឿងរកាំរកូសជាច្រើនដែរ។ រីឯមុខជំនួញជួញដូរ អាចជួបនឹងឧបសគ្គច្រើន។ ដូច្នេះក្នុងឆ្នាំនេះ លោកអ្នកគួរគប្បីចូលរួមក្នុងពិធីសប្បាយរីករាយឲ្យបានច្រើន ដូចជា ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ពិធីចម្រើនអាយុ ឬពិធីជប់លៀងផ្សេងៗ។
ឆ្នាំកុរ
ក្នុងឆ្នាំនេះថ្វីត្បិតតែជោគរាសីរបស់លោកអ្នកល្អប្រសើរជាងឆ្នាំមុនក្ដី ប៉ុន្តែក្នុងឆ្នាំនេះគឺអាចចេញទៅរកស៊ីក្រៅផ្ទះ និងធ្វើដំណើរឲ្យបានច្រើន។ ដាច់ខាតមិនត្រូវសំងំស្ងៀមឡើយ លោកអ្នកត្រូវមានគំនិតផ្ដួចផ្ដើមចេញទោប្រកបការងារនៅខាងក្រៅ ព្រោះអាចប្រមូលបានផលកម្រៃត្រឡប់ចូលផ្ទះ។ ក្រៅពីនោះនៅចំទិសពាយ័ព្យក្នុងការិយាល័យ ឬក្នុងគេហដ្ឋាន លោកអ្នកអាចដាក់តាំងគ្រឿងសម្ភារៈរូបសះ៕


No comments:

Post a Comment