Sunday, November 30, 2008

ក្រសួងផែនការត្រៀមរៀបចំធ្វើជំរឿនសហគ្រាស ឆ្នាំ២០០៩ក្រោមគម្រោង JICA

ក្រសួងផែនការត្រៀមរៀបចំធ្វើជំរឿនសហគ្រាស ឆ្នាំ២០០៩ក្រោមគម្រោង JICA
ភ្នំពេញ៖ ក្រោមការឧបត្ថម្ភពីគម្រោង JICA របស់ជប៉ុនក្រសួងផែនការបានលើកផែនការ
មេមួយដើម្បីត្រៀមឆ្ពោះទៅរកការរៀបចំធ្វើអង្កេតឬ ធ្វើជំរឿនសហគ្រាស
ឆ្នាំ២០០៩ និងអង្កេតសេដ្ឋកិច្ចឆ្នាំ ២០១១របស់កម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការស្ថិតិ សេដ្ឋកិច្ចមួយឲ្យសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន និងកំពុងជំរុញវិស័យសេដ្ឋកិច្ចឲ្យមានកំណើនលូតលាស់ទៅមុខ។
ផែនការមេនេះបានត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី១ស្ដីអំពីការរៀបចំចុះអង្កេតសហគ្រាសទូទាំងប្រទេសកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ នៅក្រសួងផែនការ
ក្រោមអធិបតីភាព លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីរៀបចំបង្កើតស្ថិតិស្ដីអំពីសហគ្រាស និងអ្នកចូលរួមពាក់ព័ន្ធក្នុងសហគ្រាសទំហំសហគ្រាសដែលចុះបញ្ជីតាមផ្លូវច្បាប់ និងអ្នកពាក់ព័ន្ធធ្វើការផ្នែកសេដ្ឋកិច្ចសំខាន់ៗ ហើយក៏មានគោលបំណងដើម្បីបង្កើតនូវលក្ខខណ្ឌការងារថ្នាក់ជាតិឲ្យបានទូលំទូលាយសម្រាប់អង្កេតសេដ្ឋកិច្ច និងជំនឿសេដ្ឋកិច្ចឆ្នាំ២០១១ព្រមទាំងបណ្ដុះបណ្ដាលបុគ្គលិកថ្នាក់កណ្ដាលរស់វិទ្យាស្ថានជាតិស្ថិតិ និងបុគ្គលិកថ្នាក់
ខេត្តក្រុង ដើម្បីបង្កើនសមត្ថភាពឆ្ពោះទៅដល់ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១របស់កម្ពុជា។
លោក សន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា "ឥឡូវនេះមានតម្រូវការស្ថិតិសេដ្ឋកិច្ច ព្រមទាំងទិន្នន័យពីសហគ្រាសខ្នាតធំមធ្យម និងតូចដែលចេះតែកើនឡើងទាំងនៅក្នុងប្រទេស ទាំងអន្តរជាតិ"។
វិទ្យាស្ថានជាតិស្ថិតិ បានដឹកនាំការងារអង្កេតសេដ្ឋកិច្ច ឬសហគ្រាសជាបន្តបន្ទាប់ គឺជាអង្កេតសហគ្រាសលើកទី១
នៅឆ្នាំ១៩៩៣ ការអង្កេតសហគ្រាសលើកទី២ នៅឆ្នាំ១៩៩៥ និងលើកទី៣ នៅឆ្នាំ២០០០។
លោក សន ស៊ីថន បានមានប្រសាសន៍ថា នៅក្នុងធ្វើបញ្ជីសហគ្រាសនៅឆ្នាំ២០០៩ទូទាំងប្រទេសមុខនេះ ការប្រតិបត្តិការតាមមូលដ្ឋាននឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០៩ ហើយវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ និងអញ្ជើញក្រសួងពាក់ព័ន្ធមន្ទីរផែនការខេត្តក្រុងដើម្បីចូលរួមសហការ និងពន្យល់អំពីតារាងធ្វើបញ្ជីសេដ្ឋកិច្ចណែនាំផ្សេងៗនៅខែធ្នូ ឆ្នាំ២០០៨។
លោកបានមានប្រសាសន៍ថា នៅក្នុងច្បាប់ស្ថិតិ មានចែងថា យើងត្រូវធ្វើជំនឿសេដ្ឋកិច្ច ឬសហគ្រាសយ៉ាងតិចម្ដងក្នុងរយៈពេល១០ឆ្នាំ ហើយនៅក្នុងផែនការមេស្ថិតិដែលបានអនុម័តដោយក្រុមប្រឹក្សាស្ថិតិនៅខែកញ្ញា ឆ្នាំ២០០៧ បានកំណត់ថា
គប្បីធ្វើនៅឆ្នាំ២០១១។
លោកបានអះអាងថា ប្រសិនបើយើងមានអង្កេតសហគ្រាសទៀងទាត់ ហើយបន្ថែមពីលើនេះយើងមានជំរឿនសេដ្ឋកិច្ចទៀតនោះ ប្រព័ន្ធស្ថិតិជាតិកម្ពុជានឹងស្ថិតក្នុងស្ថានភាពល្អប្រសើរនៅក្នុងការបម្រើសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងវិស័យ
ម៉ាក្រូសេដ្ឋកិច្ច និងសូចនាករ សហគ្រាសទាំងឡាយ។ ម្យ៉ាងទៀតការធ្វើបញ្ជីសហគ្រាសនឹងផ្ដល់នូវក្របខ័ណ្ឌសម្រាប់ការអង្កេតសេដ្ឋកិច្ច និងការសិក្សាវាយតម្លៃផ្សេង។
វិទ្យាស្ថានជាតិស្ថិតិ ក៏ដូចជាក្រសួងផែនការបានខិតខំប្រឹងប្រែងសុំជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ JICA និងស្ថាប័នស្ថិតិជប៉ុន ហើយក៏បានស្នើទៅរដ្ឋាភិបាលជប៉ុន ដើម្បីសុំមូលនិធិបដិភាគផងដែរ។
លោក នីស៊ី (NISHI) ប្រធានទីប្រឹក្សាស្ថិតិគម្រោងជំនាញការ JICA បានមានប្រសាសន៍ថា អង្គការ JICA និងរដ្ឋាភិបាលជប៉ុននឹងជួយឧបត្ថម្ភដល់ដំណើរការនៃការងារនេះ។ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ថវិកាចំនួន ២២០.៩៥០ដុល្លារអាមេរិក ហើយអង្គការ JICA នឹងផ្ដល់ចំនួន ៧៩.៧៦៣ដុល្លារអាមេរិក។ ហើយភាគីជប៉ុនក៏ចង់ដឹងផងដែរថា រដ្ឋាភិបាលកម្ពុជានឹងចំណាយថវិកាបដិភាគរបស់ខ្លួនប៉ុន្មានដែរ។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍ថា ជាគោលការណ៍រាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការផ្ដល់ថវិកាបដិភាគប្រមាណពី ៥ភាគរយទៅ១០ភាគរយ ដោយសារ
ថា មិនមែនមានតែគម្រោងមួយនេះទេ គឺនៅមានគម្រោងច្រើនណាស់ក្នុងមួយឆ្នាំៗ ដែលរដ្ឋាភិបាលត្រូវចំណាយថវិកាបដិភាគរបស់ខ្លួន។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា វាមានសារសំខាន់ណាស់ក្នុងការធ្វើពិពិត្តកម្ម ដើម្បីធ្វើការអង្កេតសហគ្រាស ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ស្របទៅតាមអ្វីដែលមានចែងនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៤។
លោក នីស៊ី បានមានប្រសាសន៍ថា "ខ្ញុំជឿជាក់ថា ការសិក្សាខាងមុខនេះ ជាប្រការសំខាន់ណាស់សម្រាប់ទាក់ទាញអ្នកវិនិយោគពីបរទេសឲ្យចូលមកវិនិយោគទុននៅប្រទេសកម្ពុជាទោះបីជា
បច្ចុប្បន្នពិភពលោកមានការលំបាកដោយសារតែវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដោយ"។ លោកក៏បានបង្ហាញពីការយល់ឃើញរបស់លោកថា ការធ្វើអង្កេតសហគ្រាស
នឹងមានការលំបាកជាងការធ្វើជំរឿនប្រជារាស្ត្រដែលទាមទារឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍
ដល់សហគ្រាសនានាឲ្យចូលរួមសហការ ដើម្បីជំរុញឲ្យការងារនេះទទួលបានជោគជ័យ។
លោក ឆាយ ថន បានឯកភាពលើបញ្ហានេះ ហើយលោកបានមានប្រសាសន៍ថា
"យើងត្រូវពន្យល់ផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងស៊ីជម្រៅអំពីការចុះធ្វើជំរឿនសហគ្រាសនេះ បើមិនដូច្នេះទេ យើងនឹងមានការលំបាកហើយ"៕

No comments:

Post a Comment