Sunday, November 30, 2008

តើដល់ពេលដែលកសិករកម្ពុជាត្រូវគិតគូរអំពីការចិញ្ចឹមត្រី

តើដល់ពេលដែលកសិករកម្ពុជាត្រូវគិតគូរអំពីការចិញ្ចឹមត្រី ដើម្បីបំពេញទីផ្សារហើយឬ?
ស្វាយរៀង៖ នេះគឺជាសំណួរដែលកសិករភ្ញាស់កូនត្រីវ័យចំណាស់មួយរូប នៅក្នុងខេត្តស្វាយរៀងបានលើកឡើងក្រោយពេលដែលគាត់បានមើលឃើញថា កសិករភាគច្រើននៅក្នុងសហគមន៍របស់គាត់ហាក់ដូចជាមិនសូវចាប់អារម្មណ៍សោះនឹងរបរចិញ្ចឹមត្រី។
លោក អ៊ុំ រាជហានគឺជាកសិករមួយរូបដែលមានទីលំនៅនៅក្នុងភូមិមួយដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានឡើយ
ពីវត្តព្រៃឆ្លាក់នៅក្នុងទីរួមខេត្តស្វាយរៀង។
សព្វថ្ងៃលោកអ៊ំ គឺជាកសិករមួយរូបដែលកំពុងតែបង្កាត់ពូជត្រីជាច្រើនប្រភេទ ដើម្បីចែកចាយនៅក្នុងសហគមន៍របស់គាត់ ប៉ុន្តែគាត់បានរអ៊ូថា សហគមន៍ហាក់ដូចជាមិនសូវជាចាប់អារម្មណ៍នឹងរបរនេះដូចគាត់ឡើយ។
បើនិយាយអំពីទីតាំងភូមិសាស្ត្រខេត្តស្វាយរៀង គឺខេត្តមួយដែលមានទីតាំងជាប់នឹងព្រំដែនវៀតណាម និងខេត្តព្រៃវែង។ ខេត្តនេះមិនមែនជាខេត្តដែលជាប់នឹងបឹងទន្លេសាបដែលជាជង្រុកត្រីនោះទេ ដូច្នេះធនធានត្រីដែលជាប្រភពប្រូតេអ៊ីនមួយដ៏សំខាន់មួយដែរនោះត្រូវនាំចូលមកពីខេត្តដទៃទៀត ឬនាំចូលពីប្រទេសវៀតណាម ដើម្បីបំពេញទៅតាមតម្រូវការនៅលើទីផ្សារបន្ថែមទៅលើធនធានត្រីខ្លះដែលអាចចាប់បានពីបឹងធម្មជាតិមួយចំនួន និងពីស្រះចិញ្ចឹមត្រីដ៏តិចតួចដែលមាននៅក្នុងខេត្ត។
នៅក្នុងចំណោមកសិករមួយចំនួននោះលោកអ៊ុំ រាជ ហាន គឺជាកសិករមួយរូបដែលកំពុងតែប្រកបរបរចិញ្ចឹមជីវិតជាមួយនឹងរបរចិញ្ចឹមត្រីនៅក្នុងខណៈពេលដែលកសិករភាគច្រើន
ហាក់ដូចជាមិនសូវចាប់អារម្មណ៍ក្រៅពីរបរធ្វើស្រែចម្ការ និងដាំដំណាំនោះ។
លោកអ៊ំនោះបានមានប្រសាសន៍ថា គាត់ក៏ជាកសិករដែលធ្លាប់ធ្វើស្រែចម្ការនឹងគេដែរ
ប៉ុន្តែគាត់បានចាប់ផ្ដើមផ្លាស់ប្ដូរពីការធ្វើស្រែមកជាអ្នកចិញ្ចឹមត្រីនៅក្នុងឆ្នាំ២០០៣ ក្រោយពេលដែលការសាកល្បងចិញ្ចឹម និងភ្ញាក់ត្រីបានទទួលជោគជ័យរួចមកនោះ។
លោកអ៊ំបានឲ្យដឹងថា រហូតមកដល់ពេលនេះមានត្រីប្រមាណជា១០ប្រភេទដែលគាត់អាចធ្វើការភ្ញាស់បានសម្រាប់យកមកចិញ្ចឹមយកផលគ្រាន់នឹងដោះស្រាយជីវភាព នៅក្នុងខណៈពេលដែលសមាជិកសមាគមផ្សេងៗទៀតហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងរបរនេះ។
លោកអ៊ំបានបញ្ជាក់ថា "ខ្ញុំចិញ្ចឹមតាំងពីស្រះមួយរហូតដល់ពេលនេះខ្ញុំមានស្រះមួយរហូតដល់៣០ស្រះ ហើយបូករួមនឹងស្រះស៊ីម៉ង់ត៍សម្រាប់ភ្ញាស់ត្រីផង"។
លោកអ៊ំបានបន្តទៀតថា នៅក្នុងពេលចាប់ផ្ដើមលោកអ៊ំនៅមិនទាន់បោះបង់ការធ្វើស្រែនោះទេ ប៉ុន្តែនៅពេលនេះលោកអ៊ំបានសម្រេចចិត្តបញ្ឈប់ការធ្វើស្រែទាំងស្រុង ដោយសារតែធនធានដែលគាត់បានទទួលពីការចិញ្ចឹមត្រី គឺបានផលច្រើនជាងធ្វើស្រែ។
ក្រៅពីចិញ្ចឹមត្រីនៅពេលនេះលោកអ៊ំកំពុងតែបោះជំហានមួយថ្មីទៀត គឺបង្កាត់កង្កែបដើម្បីចិញ្ចឹម ហើយក៏កំពុងតែអនុវត្តការចិញ្ចឹមជន្លេនដើម្បីធ្វើជាចំណីរបស់ត្រី និងកង្កែបបានជោគជ័យមួយផងដែរនៅខេត្តមួយនេះ។ អ៊ំបានបញ្ជាក់ថា "មកដល់ពេលនេះខ្ញុំមិនត្រឹមតែលក់ត្រឹមតែត្រីទេ សូម្បីតែកង្កែប និងជន្លេនក៏ខ្ញុំអាចលក់បានដែរ"។
សព្វថ្ងៃនេះជាមួយនឹងមុខរបរកសិដ្ឋានចិញ្ចឹមត្រីនេះ លោកអ៊ំគឺជាប្រជាពលរដ្ឋដែលមានជីវភាពធូរធារមួយរូបនៅក្នុងខេត្ត ហើយគាត់ក៏មានលទ្ធភាពបញ្ជូនកូនមកសិក្សានៅភ្នំពេញ និងរៀបជីវភាពគ្រួសារដល់ពួកគេយ៉ាងសមរម្យ។ នៅក្នុងកសិដ្ឋានរបស់លោកអ៊ំ ជាពិសេសនៅកន្លែងភ្ញាស់ត្រី គឺកំពុងតែដំណើរការដោយឧបករណ៍ពាក់កណ្ដាលស្វ័យប្រវត្តិជាមួយនឹងបច្ចេកវិជ្ជាយ៉ាងត្រឹមត្រូវបំផុតតាមក្បួនបច្ចេកទេសដែលលោកអ៊ំបានទទួលតាមរយៈការបណ្ដុះបណ្ដាលពីបណ្ដាអង្គការនៅក្នុងស្រុកនេះតែប៉ុណ្ណោះ។
លោកអ៊ំបានបញ្ជាក់ថា "ខ្ញុំចាប់ផ្ដើមជាមួយនឹងទុនត្រឹមតែ៧០០ដុល្លារទេ តែនៅពេលនេះឧបករណ៍ និងធនធាននៅក្នុងកសិដ្ឋាននេះមានទាំងអស់គឺមិនតិចជាង២០.០០០ដុល្លារទេ"។
សព្វថ្ងៃនេះត្រីដែលលោកអ៊ំអាចបង្កាត់បននោះ គឺមានមិនតិចជាង១០ប្រភេទនោះទេ។ ត្រីទាំងអស់នោះគឺរាប់ទាំងត្រីឆ្ពិន ត្រីកាបស ត្រីកាបឥណ្ឌា ត្រីគន្ធរ ត្រីនាងចម ជាដើមដោយឡែកចំពោះកង្កែបវិញ គឺកំពុងតែដំណើរការ រីឯជន្លេនវិញក៏ទទួលបានជោគជ័យផងដែរ។ នៅក្នុងចំណោមអាង និងស្រះចិញ្ចឹមត្រីទាំង៣០នេះ គឺមានស្រះសម្រាប់ចម្រោះទឹក អាងបង្កាត់ត្រីធ្វើពីស៊ីម៉ង់ត៍ ស្រះចិញ្ចឹមត្រីអាងបង្កាត់ និងចិញ្ចឹមកង្កែបធ្វើពីស៊ីម៉ង់ត៍ និងថ្នាលចិញ្ចឹមជន្លេនមួយកន្លែង។
លោកអ៊ំ បានឲ្យដឹងថា ស្វាយរៀងមិនមានប្រភពទឹកធម្មជាតិគ្រប់គ្រាន់សម្រាប់ធ្វើការចិញ្ចឹមត្រី និងកង្កែបបានទេជាពិសេសគឺនៅរដូវប្រាំង។ ប្រភពទឹកដែលលោកអ៊ំយកមកចិញ្ចឹមនោះ គឺបានមកពីការបូមទឹកអណ្ដូង ប៉ុន្តែដោយសារតែគុណភាពទឹកនោះសម្បូរជាតិដែកកករច្រេះច្រើន ដែលធ្វើឲ្យត្រី និងកង្កែបមិនអាចរស់បានឡើយ ប៉ុន្តែដើម្បីឲ្យវាក្លាយជាទឹកល្អអាចប្រើប្រាស់នៅក្នុងកសិដ្ឋាននេះបាន គឺធ្វើស្រះចម្រោះធម្មជាតិមួយដើម្បីជម្រុះជាតិទាំងអស់នោះចេញទើបអាចយកមកប្រើប្រាស់បាន។ ដោយឡែកសម្រាប់ជន្លេនវិញ គឺងាយស្រួលជាងគេ។ លោកអ៊ំបានបន្តទៀតថា ថ្នាលនោះគឺមានទំហំ៤ម៉ែត្រគុណនឹង២ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែថ្នាលនោះអាចផ្ដល់ជន្លេនគ្រប់គ្រាន់សម្រាប់ជាចំណីរបស់កង្កែប និងត្រីក្នុងកសិដ្ឋាន។
ថ្នាលចិញ្ចឹមជន្លេននោះ គឺត្រូវលោកអ៊ំចាក់ជាស៊ីម៉ង់ត៍ដើម្បីការពារកុំឲ្យវាត្យុលដីចេញពីថ្នាល ហើយក៏មានរៀបចំជារង្វះទឹក ដើម្បីការពារ កុំឲ្យស្រមោចចូលស៊ីជន្លេន ហើយដាក់ដីដាក់អាចម៍គោស្រស់ឲ្យវាស៊ី។ សម្រាប់ត្រីវិញ គឺមុនដំបូងគឺត្រូវជ្រើសរើសត្រីពូជល្អៗ មានពងច្រើន មិនមានជំងឺចាប់យកមានញីមានឈ្មោលយកមកដាក់នៅដោយឡែកៗនៅក្នុងអាងបង្កាត់បន្ទាប់មកពង និងបង្កាត់រួចរាល់ហើយនោះ ត្រូវចាប់មេវាចេញទៅដាក់នៅកន្លែងដើម ហើយទុកឲ្យពងនោះវាញាស់រហូតដល់វាធំ ហើយត្រូវចាប់ផ្ដើមញែកវាចេញរវាងអាធំ និងអាតូចទៅដាក់តាមស្រះជាដំណាក់ៗរហូតដល់វាអាចចាប់លក់បាន។ ចំណែកឯកង្កែបវិញក៏មិនខុសពីត្រីដែរ ប៉ុន្តែកង្កែបអាចប្រឈមមុខនឹងជំងឺច្រើន ប្រសិនបើការចិញ្ចឹមមិនត្រឹមត្រូវទេនោះ។ ជំងឺដែលកង្កែបអាចកើតមានដូចជាជំងឺឡើងបាយភ្នែកតែវែ ជំងឺក្រិនជាដើម។ កន្លែងចិញ្ចឹមទៀតសោតគឺក៏ខុសគ្នាដែរ។ អាង ឬស្រះចិញ្ចឹមកង្កែបត្រូវតែខ្ពស់ជាងអាងចិញ្ចឹមត្រី ពីព្រោះកង្កែបអាចលោតរហូតដល់ជិតមួយម៉ែត្រឯណោះ។
លោក អ៊ំ បានបញ្ជាក់ថា "ខ្ញុំចិញ្ចឹមកង្កែបហត់ និងលំបាកជាងត្រី និងជន្លេន"។ លោកអ៊ំ បានបន្តទៀតថា ចិញ្ចឹមត្រីមិនចាំបាច់សម្អាតស្រះ ឬអាងប្រចាំទេ តែចិញ្ចឹមកង្កែបត្រូវតែសម្អាតជាប្រចាំ ពីព្រោះវាត្រូវចិញ្ចឹមនៅក្នុងទឹក
ផង និងគោកផង ហើយចំណីវាក៏ស៊ីច្រើន អាចម៍ក៏ច្រើន បើមិនលាងទេ វានឹងកើតជំងឺហើយធុំក្លិន។ សម្រាប់ការបង្កាត់
វិញ គឺមិនសូវជាខុសគ្នាពីបង្កាត់ត្រីដែរ គ្រាន់តែក្រធំជាងត្រីបន្តិច។
អ្វីដែលលោកអ៊ំ រាជ ហាន កំពុងតែធ្វើនេះគឺអាចចាត់ទុកថា ជាកសិករគំរូមួយសម្រាប់កសិករនៅក្នុងសហគមន៍ក៏ដូចជាកសិករនៅទូទាំងប្រទេសនៅក្នុងខណៈពេលដែលធនធានត្រី
ធម្មជាតិពីបឹងទន្លេសាបដែលជាជង្រុកសេដ្ឋកិច្ច និងប្រូតេអ៊ីនសម្រាប់ពលរដ្ឋកម្ពុជាកាន់តែខ្សត់ទៅៗដោយសារតែការនេសាទហួសប្រមាណយ៉ាងណាក៏ដោយ។
យោងទៅតាមឯកសារស្ដីអំពីផលិតផលត្រីរបស់គណៈកម្មាធិការទន្លេមេគង្គបានឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលសម្បូរត្រីធម្មជាតិច្រើនជាងគេទាំងអស់នៅក្នុងចំណោមប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយផលប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីត្រី និងវារីវប្បកម្ម គឺបានត្រឹមតែលំដាប់លេខពីរប៉ុណ្ណោះ បន្ទាប់ពីវៀតណាម។ តួលេខបានឲ្យដឹងថា តម្លៃសេដ្ឋកិច្ចពីត្រីរបស់វៀតណាមមានប្រមាណជា ២.០០០លានដុល្លារ ប៉ុន្តែសម្រាប់កម្ពុជា គឺមានប្រមាណជា ៥០០លានដុល្លារតែប៉ុណ្ណោះ ដោយសារតែវៀតណាមកំពុងតែអភិវឌ្ឍន៍នូវវារីវប្បកម្មរបស់គេ។ ដោយឡែកកម្ពុជាយើងវិញគឺបានមកពីការចាប់ត្រីធម្មជាតិសុទ្ធសាធ។
ស្របតាមតួលេខនេះ វាគួរតែដល់ពេលដែលកសិករទាំងអស់គ្នាចាប់ផ្ដើមគិតគូរអំពីការធ្វើវារីវប្បកម្មដូចជា លោក អ៊ំ រាជ ហាន ហើយដើម្បីជំរុញផលិតភាពនៃវិស័យជលផលនៅក្នុងប្រទេស និងការពារត្រីធម្មជាតិកុំឲ្យវាបាត់បង់។
មន្ត្រីនៃអង្គការអភិរក្សត្រីនៅបឹងទន្លេសាបមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ធនធានត្រីនៅក្នុងបឹងធម្មជាតិ គឺធ្លាក់ចុះជារៀងរាល់ឆ្នាំតែតួលេខដែលនៅរក្សាដដែលនោះ គឺដោយសារតែការប្រើប្រាស់ឧបករណ៍ទំនើប និងការចាប់ច្រើនដោយឡែកបរិមាណត្រីនៅក្នុងទឹកធម្មជាតិ គឺកាន់តែតិចទៅៗ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ច័ន្ទ សារុន ជារឿយៗតែងតែជំរុញឲ្យកសិករយកចិត្តទុកដាក់ក្នុងការចិញ្ចឹមត្រីធ្វើជាមុខរបរបន្ថែមក្រៅពីការធ្វើស្រែ។ លោកមានមហិច្ឆតាចង់ឲ្យចលនាវារីវប្បកម្ម គឺការចិញ្ចឹមក្លាយទៅជាចលនាជាតិមួយនៅទូទាំងប្រទេស។
ប៉ុន្តែដើម្បីដើរទៅដល់ចំណុចដែលចង់នេះត្រូវតែផ្ដើមចេញពីការកែប្រែទម្លាប់របស់ប្រជាជន និងការជួយដល់កសិករដោយជាក់ស្ដែង និងដោយផ្ទាល់ពីមន្ត្រីកសិកម្មទាំងបច្ចេកទេសទាំងការតាមដានកែលម្អ។ បញ្ហាថវិកាដើម្បីឲ្យកសិករខ្ចីក៏ជាចំណុចមួយដែរ៕

No comments:

Post a Comment