Wednesday, April 1, 2009

ថាក់ស៊ីនអំពាវនាវឲ្យពលរដ្ឋថៃងើបឡើងប្រឆាំងរដ្ឋាភិបាល

ថាក់ស៊ីនអំពាវនាវឲ្យពលរដ្ឋថៃងើបឡើងប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 29/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 29/03/2009 12:01ម៉ោងសកល
កាលពីល្ងាចថ្ងៃសៅរ៍ ម្សិលមិញនេះ លោកអតីតនាយករដ្ឋមន្រ្តីថៃ Thasin Shinawatra បានថ្លែងនៅក្នុងខ្សែអាត់វីដេអូមួយ ដោយអំពាវនាវឲ្យពលរដ្ឋថៃងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល។
នេះជាសារវីដេអូទីពីរ បន្ទាប់ពីសារទីមួយ កាលពីថ្ងៃសុក្រ ដែលលោកថាក់ស៊ីនបានចោទប្រកាន់ទីប្រឹក្សាស្តេចថៃពីររូបថាបានឃុបឃិតជាមួយពួក
មេទ័ព ក្នុងការធ្វើរដ្ឋប្រហារទម្លាក់រូបលោកពីតំណែង កាលពីឆ្នាំ២០០៦។

បាតុករអាវក្រហមនាំគ្នាស្តាប់លោកថាក់ស៊ីនថ្លែងតាមវីដេអូ កាលពីថ្ងៃទី២៧ មីនា ២០០៩
(រូបថត៖ Reuters)
ការប្រើពាក្យរិះគន់ធ្ងន់ៗ ទៅលើរដ្ឋាភិបាល ក្រុមឧត្តមសេនីយ៍យោធា និងទីប្រឹក្សាស្តេច ពីសំណាក់លោកអតីតនាយករដ្ឋមន្រ្តីថៃ នៅពេលនេះ គឺនៅពេលដែល ក្រុមអាវក្រហម ដែលគាំទ្រលោកកំពុងធ្វើបាតុកម្មព័ទ្ធវិមានរដ្ឋាភិបាលដោយគ្មានពេលកំណត់។ ពួកគេមានគម្រោងធ្វើបាតុកម្មនេះ រហូតទាល់តែរដ្ឋាភិបាលលាលែងចេញពីតំណែង មិនមែនធ្វើបាតុកម្មពីរ-បីថ្ងៃឈប់ ដូចជាពេលមុនៗទេ។ ហេតុដូចនេះហើយបានជាលោកថាក់ស៊ីនបង្កើនការរិះគន់រដ្ឋាភិបាល និងពួកឧត្តមសេនីយ៍យោធា ដើម្បី
ទាក់ទាញអ្នកគាំទ្រឲ្យមកចូលរួមធ្វើបាតុកម្ម ហើយឲ្យបាតុកម្មនេះបន្តបានយូរ កុំឲ្យបានពីរ-បីថ្ងៃ មនុស្សឈប់មក។ យើងឃើញថា ចំនួនបាតុករតែងតែកើនឡើងរហូតដល់ទៅ ២ម៉ឺន ឬក៏៣ម៉ឺននាក់ នៅពេលណា ដែលលោកថាក់ស៊ីនថ្លែងតាមវីដេអូម្តងៗ។
ឧត្តមសេនីយ៍ Surayud បដិសេធការចោទប្រកាន់របស់ថាក់ស៊ីន
កាលពីថ្ងៃសុក្រ លោកថាក់ស៊ីនបានចោទទីប្រឹក្សាស្តេចថៃ ពីររូប គឺឧត្តមសេនីយ៍ Prem Tinsulanonda និង
ឧត្តមសេនីយ៍ Surayud Chulanont ថាបានឃុបឃិតជាមួយពួកយោធា រៀបចំផែនការធ្វើរដ្ឋប្រហារទម្លាក់លោក កាលពីឆ្នាំ២០០៦។

លោក Prem Tinsulanonda (ឆ្វេង) និងលោក Surayud Chulanont ទីប្រឹក្សាមហាក្សត្រថៃ ដែលលោកថាក់ស៊ីនចោទថាបានឃុបឃិតជាមួយពួកមេទ័ព ធ្វើរដ្ឋប្រហារទម្លាក់រូបលោកពីតំណែង កាលពីឆ្នាំ២០០៦
រហូតមកទល់ពេលនេះ គេមិនឃើញមានប្រតិកម្មផ្លូវការ ក្នុងនាមស្ថាប័នព្រះបរមរាជវាំង តបនឹងការចោទប្រកាន់របស់លោកថាក់ស៊ីននេះទេ។ ក៏ប៉ុន្តែ លោកឧត្តមសេនីយ៍ Surayud បានថ្លែង កាលពីម្សិលមិញថា លោកមិនមានពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីនទេ អ្វីដែលលោកថាក់ស៊ីននិយាយមិនមានអ្វីជាការពិតទេ។ តែលោក Surayud បានឲ្យដឹងថា លោកគ្មានគម្រោងប្តឹងលោកថាក់ស៊ីនពីបទបរិហារកេរ្តិ៍នោះទេ។
ចំណែកពីខាងលោកឧត្តមសេនីយ៍ Prem វិញ គេមិនឃើញមានការឆ្លើយតបអ្វី ទៅនឹងការចោទប្រកាន់របស់លោកថាក់ស៊ីននោះទេ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ Prem មិនមែនត្រឹមតែជាប្រឹក្សាស្តេចថៃទេ តែជាប្រធានក្រុមទីប្រឹក្សាស្តេច។ ទាំងលោក Prem និងលោក Surayud សុទ្ធសឹងតែជាអតីតឧត្តមសេនីយ៍កងទ័ព និងធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីថៃ។ ឧត្តមសេនីយ៍ Prem ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីថៃ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៨ ហើយឧត្តមសេនីយ៍ Surayud ធ្លាប់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិ និងជានាយករដ្ឋមន្រ្តីថៃ ក្រោយពីលោកថាក់ស៊ីនត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ កាលពីឆ្នាំ២០០៦។
ការដែលលោកថាក់ស៊ីនចោទប្រកាន់ថា មន្រ្តីទីប្រឹក្សាស្តេចជាអ្នកនៅពីក្រោយរដ្ឋប្រហារបែបនេះ គឺជាការចោទប្រកាន់មួយធ្ងន់ធ្ងរណាស់។ លោកថាក់ស៊ីនបានព្យាយាមជៀសវាងមិនឲ្យប៉ះពាល់ដល់ស្តេចទេ ដោយលើកឡើងថា ទង្វើរបស់ទីប្រឹក្សាស្តេចទាំងពីររូបនេះ មិនមានពាក់ព័ន្ធនឹងព្រះមហាក្សត្រនោះទេ។ ក៏ប៉ុន្តែ ការចោទប្រកាន់នេះ នៅតែមានលក្ខណៈធ្ងន់ធ្ងរ ព្រោះថា វាប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រថៃ ដែលពលរដ្ឋថៃទូទៅគោរព។ មានបក្សនយោបាយថៃមួយនោះ បានទាំងនិយាយទៀតថា ទៅថ្ងៃអនាគត ពួកគេប្រហែលជានឹងមិនហ៊ានសហការជាមួយគណបក្ស ភឿថៃ ដែលគាំទ្រលោកថាក់ស៊ីនទៀតទេ ព្រោះតែលោកថាក់ស៊ីនបានរិះគន់ស្ថាប័នទីប្រឹក្សាស្តេចបែបនេះ។
ថាក់ស៊ីន៖ មិនចាំបាច់មកបាងកកទេ នាំគ្នាធ្វើបាតុកម្មតាមខេត្ត តាមស្រុកក៏បានដែរ
បាតុករអាវក្រហមកាន់បដាទាមទារឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង
កាលពីល្ងាចថ្ងៃសៅរ៍ ម្សិលមិញនេះ លោកថាក់ស៊ីនបានអំពាវនាវឲ្យអ្នកដែលគាំទ្រលោកទាំងប៉ុន្មានងើបឡើង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ហើយថា ពួកគេមិនចាំបាច់មកបាងកកទេ គឺពួកគេអាចនាំគ្នាធ្វើបាតុកម្ម នៅតាមខេត្ត នៅតាមស្រុករបស់ពួកគេក៏បានដែរ។
លោកថាក់ស៊ីនថ្លែងបែបនេះ ព្រោះលោកដឹងថា អ្នកគាំទ្រលោក ភាគច្រើនជាអ្នកនៅតាមជនបទ មិនសូវសម្បូរលុយកាក់ ពិបាកនឹងធ្វើដំណើរចោលផ្ទះសម្បែងមកចូលរួមបាតុកម្ម នៅក្រុងបាងកក។ មកទល់នឹងពេលនេះ គេសង្កេតឃើញថា ក្រុមបាតុករអាវក្រហម ដែលនៅព័ទ្ធជុំវិញវិមានរដ្ឋាភិបាល នៅក្រុងបាងកក មានចំនួនប្រមាណពី ២ម៉ឺន ទៅ៣ម៉ឺននាក់ នៅក្នុងពេលដែលលោកថាក់ស៊ីនថ្លែងសារតាមវីដេអូ ពេលល្ងាច។ ក៏ប៉ុន្តែ ពេលថ្ងៃវិញ គេឃើញមានបាតុករតែប្រមាណជា ១ ៥០០នាក់ ប៉ុណ្ណោះ ប្រចាំការនៅជុំវិញវិមានរដ្ឋាភិបាល។
កម្លាំងពួកអាវក្រហមនៅទន់ខ្សោយមិនអាចរំលំរដ្ឋាភិបាលបានបើយើងមើលទៅ
លើកម្លាំងពួកអាវក្រហមនៅពេលនេះ វានៅមិនទាន់ជាការគម្រាមកំហែងអ្វីធ្ងន់ធ្ងរដល់រដ្ឋាភិបាលនោះទេ។
គួររំលឹកថា កាលពួកអាវលឿងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ពួកនេះបានព័ទ្ធវិមានរដ្ឋាភិបាលដល់ទៅ៣ខែឯណោះ ក៏រដ្ឋាភិបាលមិនទាន់រលំផង។ ទាល់តែក្រុមបាតុករទៅកាន់កាប់ព្រលានយន្តហោះអន្តរជាតិ ទើបរដ្ឋាភិបាលរលំ។
នៅពេលនេះ យើងឃើញថា ក្រុមប៉ូលិស និងទាហានថៃ បានព្យាយាម
ការពារកុំឲ្យពួកអាវក្រហមចូលទៅដល់ក្នុងវិមានរដ្ឋាភិបាល ឲ្យនៅត្រឹមតែព័ទ្ធជុំវិញប៉ុណ្ណោះ។ ម្យ៉ាងទៀត កម្លាំងអាជ្ញាធរបានផ្តោតទៅលើការការពារព្រលានយន្តហោះ កុំឲ្យពួកអាវក្រហមកាន់កាប់បាន ដូចកាលពួកអាវលឿងទៀត។
ប៉ូលិសបង្រ្កាបបាតុកម្មត្រូវបានគេដាក់ពង្រាយការពារកុំឲ្យបាតុករសម្រុកចូលក្នុងវិមានរដ្ឋាភិបាលបាតុកម្ម
របស់ក្រុមអាវក្រហម មិនសូវមានកម្លាំងខ្លាំងក្លា ដូចពួកអាវលឿង ពីព្រោះថា ពួកអាវលឿង ភាគច្រើនជាពួកបញ្ញាវ័ន្ត
និងពួកអ្នកមានលុយ។ បាតុកម្មរបស់ពួកអាវលឿងមានការរៀបចំ និងចាត់ចែងបានល្អ ដោយពួកគេមានធនធាន។ ម្យ៉ាងទៀត ពួកអាវលឿងដែលជាអ្នកប្រឆាំងនឹងលោកថាក់ស៊ីន ភាគច្រើនជាអ្នកនៅក្រុងបាងកក។ អ៊ីចឹងហើយបានជាពេលបាតុកម្មម្តងៗ មានអ្នកចូលរួមច្រើន ព្រោះនៅបាងកកស្រាប់។
ចំណែកពួកអាវក្រហមវិញ ភាគច្រើនជាអ្នកនៅតាមទីជនបទ មិនសូវមានលុយកាក់ ការធ្វើបាតុកម្ម ក៏មិនសូវមាន
ការរៀបចំ ចាត់ចែងបានល្អ ដូចពួកអាវលឿង។ ម្យ៉ាងទៀត បាតុកម្មដែលរៀបចំធ្វើនៅបាងកក មិនសូវមានអ្នកចូលរួមច្រើនប៉ុន្មានទេ ព្រោះផ្ទះឆ្ងាយ ពិបាកធ្វើដំណើរមកចូលរួម។
កាលពីម្សិលមិញនេះ លោក Abhisit នាយករដ្ឋមន្រ្តីថៃ បានប្រកាសបដិសេធមិនរំលាយសភា ហើយរៀបចំបោះឆ្នោតមុនកាលកំណត់ តាមការទាមទាររបស់លោកថាក់ស៊ីន និងក្រុមអាវក្រហមនោះទេ។
ប៉ុន្តែវិបត្តិនយោបាយនឹងធ្វើឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច និងបញ្ហាព្រំដែនជាមួយកម្ពុជា
ដូច្នេះ ប្រសិនបើកម្លាំងប្រឆាំងរបស់ពួកអាវក្រហមនៅតែប៉ុណ្ណឹង ពួកគេមិនអាចទម្លាក់រដ្ឋាភិបាលបានទេ។ ក៏ប៉ុន្តែ បើទោះជាមិនអាចទម្លាក់រដ្ឋាភិបាលបាន ក៏បាតុកម្មនេះនឹងធ្វើឲ្យមានភាពចលាចលផ្នែកនយោបាយដែរ។ ភាពចលាចលផ្នែកនយោបាយនេះនឹងធ្វើឲ្យរដ្ឋាភិបាលមិនអាចធ្វើការបានស្រួល ជាពិសេស មិនអាចផ្តោតទៅលើការស្តារវិស័យសេដ្ឋកិច្ចថៃ ដែលកំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិ ព្រោះថា រដ្ឋាភិបាលរវល់គិតគូរតែនឹងរឿងដោះស្រាយវិបត្តិនយោបាយ មានពេលឯណាមកគិតគូររឿងវិបត្តិសេដ្ឋកិច្ច?!
ម្យ៉ាងទៀត វិបត្តិនយោបាយថៃ ដែលចេះតែបន្តឥតឈប់នេះ វានឹងជាឧបសគ្គដល់ដំណោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។ យើងសង្កេតឃើញហើយថា នៅពេល
ដែលភាពចលាចលនយោបាយចាប់កក្រើកឡើង ស្ថានភាពយោធានៅព្រំដែនខ្មែរ-ថៃ ក៏ចាប់តានតឹងឡើងដែរ។
ជាក់ស្តែង ប៉ុន្មានថ្ងៃមុននេះ នៅពេលដែលតំណាងរាស្រ្តបក្សប្រឆាំងស្នើឲ្យមានការបោះឆ្នោតដកសេចក្តីទុកចិត្តពីរ
ដ្ឋាភិបាល ដោយមានការលើកឡើងពីបញ្ហាព្រំដែនមកធ្វើជាលេសចោទរដ្ឋាភិបាល គេក៏ឃើញថា កងទ័ពថៃមានការចល័តចេញចូលដីខ្មែរ ធ្វើឲ្យមានភាពតានតឹងឡើងដែរ។ រហូតមកទល់ពេលនេះ នៅពេលដែលស្ថានភាពនយោបាយនៅតានតឹង ស្ថានភាពយោធា នៅតាមព្រំដែន ក៏នៅតែមិនទាន់បានធូរស្រាលមកវិញដែរ។
ដូច្នេះ គេមិនសង្ឃឹមថា ដំណោះស្រាយវិបត្តិព្រំដែនខ្មែរ-ថៃអាចនឹងធ្វើទៅបានទេ ប្រសិន
បើវិបត្តិនយោបាយផ្ទៃក្នុងប្រទេសថៃ នៅតែមិនអាចដោះស្រាយបាន ហើយចេះតែតានតឹងឡើងដូចជាពេលនេះ៕

<

No comments:

Post a Comment