Wednesday, March 18, 2009

សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា

សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
កាលពីថ្ងៃសុក្រទី ១៣ មីនាកន្លងទៅនេះ គណៈកម្មការសហគមន៍អឺរ៉ុបប្រចាំកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាន មួយដោយបើកទទួលសំណើសុំជំនួយហិរញ្ញវត្ថុចំនួន ៦០០.០០០ អឺរ៉ូ ដែលស្មើប្រមាណជា ៧៦៧.០០០ ដុល្លារ ដើម្បីគាំទ្រគម្រោងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គម្រោងនេះមានបំណងពង្រឹងតួនាទីនៃអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស និងកំណែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងសេចក្ដីប្រកាសនោះ លោក រ៉ាហ្វែល ដូចាវម៉ូរ៉េណូ (Rafael DochaoMoreno) ភារធារីនៃប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជាបាន បញ្ជាក់ថា សិទ្ធិមនុស្ស និងទ្ធិប្រជាធិបតេយ្យ គឺជាសសរគ្រឹះរបស់សហភាពអឺរ៉ុប និងមានសារសំខាន់ជាមូលដ្ឋានសម្រាប់រាល់សកម្មភាពទាំងឡាយដែលគាំទ្រ ដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា ទើបគណៈកម្មការសហគមន៍អឺរ៉ុបចាត់ទុកថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យគឺជាការសំខាន់ដើម្បីបន្តជួយគាំទ្រដល់ ការងារជាសារវន្តរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
ទាក់ទិននឹងជំនួយលើការងារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះគឺមិនមែនជាលើកទីមួយទេដែលកម្ពុជានឹង ទទួលបាន។ កន្លងមកកម្ពុជាក៏បានទទួលប្រាក់ជំនួយរាប់លានដុល្លារពីអាមេរិក និងពីប្រទេសនានានៅទ្វីបអឺរ៉ុបតាមរយៈសហភាពអឺរ៉ុបផង និងតាមរយៈប្រទេសសាមីដោយផ្ទាល់ផង។ ប្រាក់ជំនួយទាំងនោះគឺដើម្បីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ដែលក្នុងនោះក៏មានសិទ្ធិអំណាចរបស់ស្ត្រីផងដែរតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ យើងសូមអបអរ និងស្វាគមន៍ចំពោះជំនួយដ៏សប្បុរសនេះ។
ជាការពិត គេមិនដែលឲ្យលុយឧកញ៉ា មហាសេដ្ឋី ឬអ្នកមានសម្បត្តិស្ដុកស្ដម្ភយកទៅធ្វើអ្វីមួយ ដែលខ្លួនអាចធ្វើបាននោះ
ទេ តែគេពិតជាឲ្យអ្នកក្រីក្រដែលគ្មានលទ្ធភាព ដើម្បីឲ្យពួកគេទទួលបានប្រយោជន៍ពីការឧបត្ថម្ភទាំងនេះ។ ដូចគ្នានេះដែរ គេមិនដែលឲ្យជំនួយទៅប្រទេសមួយ ដែលសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវបានគេគោរព និងប្រតិបត្តិនោះដែរ។ នៅត្រង់ចំណុចនេះ ទំនងជាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានចំណុចខ្សោយ ទើបអ្នកមានលុយផ្ដល់ជំនួយ ដើម្បីធ្វើឲ្យវិស័យនេះបានប្រសើរឡើង។ គេមិនចេះតែឲ្យលុយរាប់សែនរាប់លានដុល្លារមកចាយវាយលេងនោះទេ ព្រោះលុយទាំងនោះបានមកពីញើសឈាមនៃការបង់ពន្ធពីប្រជាពលរដ្ឋ របស់គេ។
រឿងគោរពសិទ្ធិមនុស្សគឺមិនមែនថ្មីនៅកម្ពុជាឡើយ។ ធម៌ព្រះពុទ្ធបានចែងដែរថា កុំថាឡើយមនុស្ស សូម្បីតែសត្វដែលមានជីវិតរស់នៅក្នុងចក្រវាលនេះ ក៏ប្រាថ្នាចង់រស់រានមានសេរីភាពដូចៗគ្នា ដោយព្រះអង្គបានហាមមិនឲ្យសម្លាប់ជីវិត មិនឲ្យធ្វើបាបសូម្បីតែសត្វ ព្រោះនេះជាអំពើបាបចូលនរកប្រេត។ នេះមានន័យថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានតាំងពីបុរាណកាលមក គឺមិនមែនមានបន្ទាប់ពីការណែនាំ និងការបង្ហាញពីពួកបច្ជឹមប្រទេសនោះទេ។
បច្ចុប្បន្ននេះ ទាំងព្រឹទ្ធសភា ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាមានគណៈកម្មាធិការសិទ្ធិមនុស្ស ខណៈដែលមានសង្គមស៊ីវិលជាច្រើនក៏កំពុងតែអនុវត្តកិច្ចការនេះយ៉ាង សកម្ម។ ចុះបើមានគណៈកម្មាធិការ និងស្ថាប័នដែលបាននិងកំពុងធ្វើកិច្ចការសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យយ៉ាងច្រើនបែបនេះ ដោយពួកគេបានចាយលុយរាប់សែនរាប់លានដុល្លាររបស់រាជរដ្ឋាភិបាលផង ពីប្រទេសម្ចាស់ជំនួយផង ចុះហេតុអ្វីបានជាវិស័យនេះនៅទុនខ្សោយបណ្ដោយឲ្យគេផ្ដល់លុយមក ប្រដៅយើងដែលជាអ្នកមានត្រកូលខ្ពង់ខ្ពស់ និងមានអរិយធម៌រុងរឿងនោះទៅវិញ?
មិនអាចប្រកែកបានទេដែលថា មានកត្តាជាច្រើននៅក្នុងសង្គមកម្ពុជាដែលបង្កឲ្យមានភាព ស្មុគស្មាញចំពោះបញ្ហានេះ។ ទីមួយ ការមិនសហការគ្នាបានល្អរវាងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រាជ រដ្ឋាភិបាល និងសង្គមស៊ីវិលក្នុងការងារ
សិទ្ធិមនុស្សនេះ។
ពួកគេយកត្រូវតែទាំងសងខាង។ ជារឿយៗ របាយការណ៍សិទ្ធិមនុស្សតែងតែមានលក្ខណៈផ្ទុយគ្នា គឺថា របាយការណ៍របស់រាជរដ្ឋាភិបាលថាល្អ តែសង្គមស៊ីវិលដែលពាក់ព័ន្ធថាមិនត្រឹមត្រូវ ដែលធ្វើឲ្យពួកគេខ្វែងគំនិតគ្នា ដោយពេលខ្លះមានការប្រមាថពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដល់សកម្មជនសិទ្ធិមនុស្សរបស់សង្គមស៊ីវិល និងរបស់ការិយាល័យសិទ្ធិមនុស្សសហប្រជាជាតិប្រចាំកម្ពុជា ដោយរួមទាំងម្ចាស់ជំនួយផ្នែកសិទ្ធិមនុស្សផង។ ពួកគេបានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ហើយយកត្រូវតែរៀងៗខ្លួន។ ជាក់ស្ដែង កាលពីថ្ងៃទី ១៣ មីនាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានក្ដៅស្លឹកត្រចៀក ហើយបដិសេធ និងរិះគន់ដល់ របាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃទី ២៧ កុម្ភៈកន្លងទៅនេះដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយក្នុងរបាយការណ៍នោះបានលើកឡើងថា ការគោរពសិទ្ធិមនុស្សនៅមិនទាន់ល្អនៅឡើយទេ។
របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកនោះ បានបញ្ជាក់
ថា មានកងកម្លាំងសន្តិសុខប្រព្រិត្តខុសមិនបានទទួលទោសទណ្ឌ មានការរំលោភដល់អ្នកទោសជាប់ឃុំឃាំង មានការរំលោភដីធ្លី មានការបណ្ដេញមនុស្សចេញពីលំនៅឋានដោយបង្ខំ ដែលក្នុងនោះមានទាំងស្ត្រីមេម៉ាយផង មានការរីករាលដាលអំពើពុករលួយ ប្រព័ន្ធតុលាការនៅទុនខ្សោយ ហើយពលរដ្ឋមិនបានទទួលការកាត់
សេចក្ដីដោយយុត្តិធម៌ជាដើម។
រឿងនេះ រាជរដ្ឋាភិបាលកម្ពុជាថាមិនពិត តែសកម្មជនសិទ្ធិមនុស្សរបស់សង្គមស៊ីវិលថាបញ្ហានេះវាពិតជាបាន
ឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមែន។
ទីពីរគឺការអប់រំ និងការយល់ដឹងពីសេចក្ដីថ្លៃថ្នូរ និងសិទ្ធិជាមូលដ្ឋានរបស់មនុស្ស និងសិទ្ធិស្របច្បាប់ដែលមាន
ចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស និងក្នុងក្របខ័ណ្ឌសកលផងនៅមានកម្រិតមិនត្រឹមតែក្នុងចំណោមពលរដ្ឋ ធម្មតាប៉ុណ្ណោះនោះទេ ប៉ុន្តែសូម្បីតែក្នុងចំណោមមន្ត្រីអាជ្ញាធរអនុវត្តច្បាប់ខ្លះក៏ អញ្ចឹងដែរ។ ទីបីអំពើពុករលួយ។
ចំណុចនេះតែងតែត្រូវបានពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្សត្អូញត្អែរថា មិនមានយុត្តិធម៌សម្រាប់មនុស្សទូទៅ គឺអនុវត្តបានតែអ្នកទន់ខ្សោយ តែមន្ត្រីមានមានអំណាច មានលុយ និងអ្នកមានខ្នងបង្អែកគឺគ្មានបញ្ហា បើទោះជាពេលខ្លះមានការរំលោភសិទ្ធិដោយខុសច្បាប់ ឬបង្កបទល្មើសជាក់ស្ដែងក៏ដោយ។
ទីបួនទំនងជាការអនុវត្តច្បាប់នៅមានចំណុចខ្វះខាតច្រើន ពិសេសនៅតាមមូលដ្ឋាន ដែលភាគច្រើនហេតុការណ៍ត្រូវបានផ្អឹបចោលដោយអាជ្ញាធរមូលដ្ឋាន ដែលធ្វើឲ្យអាជ្ញាធរថ្នាក់កណ្ដាល និងថ្នាក់ជាតិមិនបានដឹង ឬក៏ទទួលបានរបាយការណ៍ដែរ តែរបាយការណ៍នោះមិនគ្រប់ជ្រុងជ្រោយ ឫមានការលាក់
លៀម ចំពោះអាជ្ញាធរថ្នាក់កណ្ដាល និងថ្នាក់ជាតិ ដែលពាក្យគេតែងតែនិយាយថា "ប៉ូលាឯកសារយកគាប់ថ្នាក់លើ" ។ ឆ្លៀតឱកាស មន្រ្តីសិទ្ធិមនុស្ស និងគណបក្សប្រឆាំងបានវាយសម្រុកចាប់យកចំណុចអវិជ្ជមានវាយប្រហារដោយ ចំៗដល់ចំណាត់ការរបស់អាជ្ញាធរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ ចំណុចនេះបានធ្វើឲ្យរាជរដ្ឋាភិបាលមួម៉ៅ ខឹងសម្បារ ក្ដៅក្រហាយ កើតទុក្ខមិនសុខចិត្ត ដោយធ្វើការឆ្លើយតប និងរិះគន់វិញថា ជាព័ត៌មានបំផ្លើស មិនពិត គ្មានមូលដ្ឋានច្បាស់លាស់ និងបង្ខូចកេរ្តិ៍ឈ្មោះដល់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យប្រទេសក្លាយជានីតិរដ្ឋនោះ។
បញ្ហានៃការបន្ទោសគ្នានេះមិនមែនជារឿងចម្លែកឡើយ តែវាសឹងតែក្លាយជារឿងប្រពៃណីទៅហើយរវាងស្ថាប័នទាំងពីរនេះ។
រឿងសំខាន់គឺមិនមែនការបន្ទោស ការប្រមាថ ការប្រើពាក្យតិះដៀល និងដៀមដាម ឬការគំរាមគ្នានោះទេ។
កម្ពុជាជារដ្ឋមួយ មានពូជសាសន៍ថ្លៃថ្នូរបវររុងរឿងចារក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលពិភពលោកទទួលស្គាល់
ថាពិតជាអញ្ចឹងមែនតាំងពីសម័យអង្គរមក ម្ល៉េះ។
ហេតុនេះ ទាំងរាជរដ្ឋាភិបាល ទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ពិសេសអ្នកដែលនឹងទទួលបានជំនួយពីគណៈកម្មការសហគមន៍អឺរ៉ុបខាងមុខនេះ ត្រូវលើកយកបញ្ហាអវិជ្ជមានមកដាក់លើតុ ពិភាក្សាគ្នាដោយត្រង់ៗមិនលាក់លៀម និងដោយភក្ដី ខិតខំស្វែងរកចំណុចខ្លាំងរួមដើម្បីពង្រឹងបន្ថែម និងរកចំណុចខ្សោយដើម្បីលុបបំបាត់។ ទាំងអស់គ្នាមិនមែនចាំតែរកចំណុចខ្សោយរបស់ភាគីម្ខាងៗ ដើម្បីប្រយោជន៍នយោបាយតែរៀងៗខ្លួននោះទេ។ ការធ្វើបែបនេះ អ្នកដែលរងគ្រោះពីការរំលោភសិទ្ធិនោះគឺពលរដ្ឋតូចតាច ពិសេសស្ត្រី ដែលត្រូវបានគេប្រើហង្សា
រំលោភបំពានរាល់ថ្ងៃ។
យើងត្រូវរួមគ្នាជួយពង្រឹងការអប់រំ ការផ្សព្វផ្សាយបន្ថែមពីសេចក្ដីថ្លៃថ្នូរ និងសិទ្ធិជាមូលដ្ឋាន និងសិទ្ធិស្របច្បាប់របស់
មនុស្សដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស និងក្នុងក្របខ័ណ្ឌសកល និងពីការដាក់ទោសអ្នករំលោភសិទ្ធិ
មនុស្ស និងគូកនទៅតាមច្បាប់កំណត់ឲ្យបានដល់សហគមន៍ជនបទនានា។
ការអប់រំ និងការផ្សព្វផ្សាយនេះត្រូវធ្វើជាប្រចាំ និងដោយស្មោះត្រង់ ដោយបង្ហាញពីផលប្រយោជន៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។
មានតែការរួមសហការគ្នាប៉ុណ្ណោះ ទើបយើងអាចស្តាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិយើងឡើងវិញបាន ហើយអាចពង្រឹងសិទ្ធិរបស់ពលរដ្ឋ ពិសេសសិទ្ធិស្ត្រីរបស់យើង ដើម្បីការអភិវឌ្ឍ ក្នុងដំណាក់កាលដែលពិភពលោក
ស្ថិតនៅក្នុងសកលភាវូបនីយកម្ម។
ឫមួយក៏សុខចិត្តទទួលយកលុយបរទេសមកអនុវត្តការងារ ហើយបណ្ដោយឲ្យពួកគេចេះតែប្រមាទ និងប្រដៅកម្ពុជាជាហូរហែតរៀងទៅពីរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ?


No comments:

Post a Comment