Monday, March 16, 2009

តម្លៃនៃការចូលរួមរបស់កុមារក្នុងការងារអភិវឌ្ឍន៍សង្គម

តម្លៃនៃការចូលរួមរបស់កុមារក្នុងការងារអភិវឌ្ឍន៍សង្គម

ភ្នំពេញ៖ កុមារដែលជាទូទៅត្រូវបានកំណត់ថា ជាក្រុមមនុស្សដែលមានអាយុក្រោម១៨ឆ្នាំ។ ជារឿយៗក្រុមនេះស្ថិតក្នុងស្ថានភាពដែលងាយរងគ្រោះ និងពុំសូវត្រូវបានផ្ដល់ឱកាសឲ្យមានការចូលរួមនៅក្នុងសង្គម។
លោក កែវ ផល្លា មន្ត្រីផ្នែកការចូលរួមរបស់កុមារនៃអគ្គលេខាធិការដ្ឋានរបស់ គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសិទ្ធិកុមារបានឲ្យដឹងតាមរយៈបទពិសោធន៍ការងារកន្លងមកថា ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពមួយល្អប្រសើរជាងមុន ក៏ការឲ្យតម្លៃលើការចូលរួមរបស់កុមារក្នុងចំណោមប្រជាជនកម្ពុជា ពុំទាន់មានលក្ខណៈទូលំទូលាយនៅឡើយ។ មនុស្សចាស់ភាគច្រើនពុំបានឲ្យតម្លៃពេញលេញដល់គំនិតទស្សនៈរបស់ កុមារ ដោយយល់ឃើញថា កុមារនៅមានភាពក្មេងខ្ចីទាំងវ័យ ចំណេះដឹង និងបទពិសោធន៍ជីវិត។ ពួកគាត់ពុំបានមើលឃើញពីតម្លៃ និងប្រយោជន៍ដែលកុមារអាចចូលរួមចំណែកចំពោះការអភិវឌ្ឍន៍សង្គមជាតិ ឡើយ។ លោក ផល្លា បានបន្តឲ្យដឹងថា ជាឧទាហរណ៍ជាក់ស្ដែង សុភាសិតបុរាណមួយឃ្លាដែលពោលថា "មិនជឿចាស់ស្រឡះដៃធេង បើជឿក្មេងរលីងសក់ក្បាល" នៅតែដក់ជាប់ក្នុងគំនិតទស្សនៈរបស់មនុស្សចាស់មួយចំនួនធំ។ ទស្សនៈនេះបាន និងកំពុងបង្កជាឧបសគ្គដ៏ធំធេងដល់ដំណើរការលើកកម្ពស់ការចូលរួម របស់កុមារនៅប្រទេសកម្ពុជា។
បើតាមទស្សនៈរបស់លោកការផ្សព្វផ្សាយឲ្យមានការយល់ដឹង ច្បាស់លាស់អំពីសិទ្ធិ និងតម្លៃនៃការចូលរួមរបស់កុមារ និងអប់រំឲ្យមានការយល់គ្នាបានល្អរវាងមនុស្សចាស់ និងកុមារ ជាវិធីសាស្ត្រល្អមួយសម្រាប់ជួយដល់ការលើកកម្ពស់ការចូលរួមរបស់ កុមារ។ ការចូលរួមរបស់កុមារបានផ្ដល់នូវតម្លៃ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារផ្ទាល់ និងសង្គមជាតិទាំងមូល រួមមានដូចជា ជួយរួមចំណែកដល់ការអភិវឌ្ឍន៍ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីរបស់កុមារ ដើម្បីអាចឲ្យពួកគេបានបំពេញតួនាទីជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅថ្ងៃអនាគតជាដើម។ ម្យ៉ាងទៀតការផ្ដល់ឱកាសឲ្យកុមារបានចូលរួមមានន័យថា បានផ្ដល់ឱកាសឲ្យពួកគេបានចូលរួមចំណែកកសាងសង្គម និងបានត្រៀមខ្លួនដើម្បីក្លាយខ្លួនជាអ្នកដឹកនាំសង្គមនៅថ្ងៃ ខាងមុខ។
កន្លងមក រាជរដ្ឋាភិបាល ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលមានក្រុមប្រឹក្សាជាតិដើម្បីកុមារជា សេនាធិការអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការលើក កម្ពស់ស្ថានភាពនៃការចូលរួមរបស់កុមារនៅក្នុងសង្គមកម្ពុជា។ ជាក់ស្ដែងតាមរយៈគម្រោងតស៊ូមតិដើម្បីការចូលរួមរបស់កុមាររបស់ គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ដែលឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN International Cambodia) និងអង្គការន័រវេស្ស៍សង្គ្រោះកុមារនៅកម្ពុជា (Save the Children Norway
in Cambodia) កុមារដែលជាសមាជិកក្លឹបកុមារចំនួនជាង២០០ក្លឹបនៅ១១ខេត្ត -ក្រុង បានទទួលនូវការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពទាំងចំណេះដឹងទូទៅ និងចំណេះដឹងជំនាញជាប្រចាំពីអង្គការសាមី និងគណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ។ ក្លឹបកុមារដែលសម្របសម្រួលដោយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងនេះបានចងក្រងជាបណ្ដាញមួយឈ្មោះថា បណ្ដាញកុមារអ្នកតស៊ូមតិ។ បណ្ដាញនេះត្រូវបានផ្ដួចផ្ដើមចងក្រងដោយគណៈកម្មាធិការអង្គការ មិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (គ.អ.ស.ក) ក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមកុមារឲ្យមានសមត្ថភាព គ្រប់គ្រាន់ក្នុងការងារតស៊ូមតិដើម្បីឲ្យជួយដោះស្រាយបញ្ហារបស់ កុមារទាំងក្នុងសហគមន៍ ថ្នាក់ជាតិ និងអន្តរជាតិ។ ជាសក្ខីភាព កុមារដែលត្រូវបានបោះឆ្នោតឲ្យធ្វើជាតំណាងបណ្ដាញតាមខេត្តក្រុង នីមួយៗត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី ការផ្ដល់អនុសាសន៍លើរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីការអនុវត្តន៍ សិទ្ធិកុមារនៅកម្ពុជាកាលពីពេលកន្លងមក។ ក្រុមកុមារដែលជាសមាជិកអ្នកដឹកនាំបណ្ដាញកុមារអ្នកតស៊ូមតិទាំង នោះ ក៏ធ្លាប់បានចូលរួមជាតំណាងឲ្យកុមារកម្ពុជាក្នុងសន្និបាតថ្នាក់ តំបន់ និងថ្នាក់ពិភពលោកស្ដីពីការរៀបចំផែនការ និងគោលនយោបាយដែលពាក់ព័ន្ធនឹងបញ្ហាកុមារផងដែរ។
កុមារា ជា សុជាតិ អាយុ១១ឆ្នាំជាអនុប្រធានបណ្ដាញកុមារអ្នកតស៊ូមតិប្រចាំស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុបានបង្ហាញពីអារម្មណ៍សប្បាយរីករាយរបស់ខ្លួនដែល ទទួលបាននូវចំណេះដឹងជាច្រើននាពេលកន្លងមក តាមរយៈអង្គការសហគមន៍សុវត្ថិភាពកុមារ CCBO និង គ.អ.ស.ក រួមមានដូចជាចំណេះដឹងស្ដីពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ ពលកម្មកុមារ អំពើហិង្សាលើកុមារ មិត្តអប់រំមិត្ត ការតស៊ូមតិ និងភាពជាអ្នកដឹកនាំជាដើម។ ជាមួយនឹងចំណេះដឹងដ៏មានសារសំខាន់ទាំងនេះ សុជាតិតែងតែឆ្លៀតឱកាសផ្សព្វផ្សាយចែករំលែកដល់សមាជិកក្នុងគ្រួសារ និងមិត្តភក្ដិនៅសាលាជារឿយៗ។ សុជាតិបាននិយាយថា "ពេលណាខ្ញុំបានមករៀន ពេលត្រឡប់ដល់ផ្ទះវិញ អ៊ំនិងបងៗតែងជជីកសួរខ្ញុំថា តើឯងទៅរៀនបានចេះអ្វីខ្លះ? ហើយពួកគាត់បានឲ្យខ្ញុំនិយាយរៀបរាប់ពីអ្វីដែលខ្ញុំបានរៀន ឲ្យពួកគាត់ស្ដាប់"។ សុជាតិមិនត្រឹមតែបានចែករំលែកការយល់ដឹងរបស់ខ្លួនទៅដល់ គ្រួសារ និងកុមារក្នុងសហគមន៍ប៉ុណ្ណោះទេ គេថែមទាំងបានប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីជួយដោះស្រាយបញ្ហា កុមារក្នុងសហគមន៍ទៀតផង។ "ខ្ញុំធ្លាប់ជួយកុមារម្នាក់នៅក្បែរផ្ទះដែលខ្ញុំរស់នៅ"។
តាមការរៀបរាប់របស់សុជាតិមានកុមារម្នាក់រស់នៅក្បែរផ្ទះរបស់ ប្អូនក្នុងភូមិកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលធ្លាប់ជាសិស្សឆ្នើមមួយរូបក្នុងថ្នាក់ បានធ្លាក់ខ្លួនរៀនសូត្រពុំបានលទ្ធផលល្អ ដោយសារតែពុំទទួលបានការលើកទឹកចិត្តពីម្ដាយ និងតែងទទួលនូវការវាយធ្វើបាបជាញឹកញាប់។ សុជាតិបានជួយដោះស្រាយបញ្ហារបស់មិត្តខ្លួនតាមរយៈការស្វែងរក ពេលវេលាទំនេរ ដើម្បីជជែកលេងជាមួយម្ដាយរបស់កុមារនោះ ដើម្បីព្យាយាមពន្យល់គាត់ឲ្យយល់ពីតម្រូវការភាពកក់ក្ដៅ និងការលើកទឹកចិត្តរបស់កុមារ និងបានបង្ហាញពីអត្ថប្រយោជន៍នៃការយកចិត្តទុកដាក់លើផ្លូវចិត្ត របស់កូនដែលមិនត្រឹមធ្វើឲ្យកូនសប្បាយចិត្តប៉ុណ្ណោះទេ ថែមទាំងអាចជាឈ្នួនជួយដល់ការសិក្សារបស់កុមារទៀតផង។ សុជាតិ ក៏បានពន្យល់ម្ដាយកុមារឲ្យយល់ពីសញ្ញាណនៃសិទ្ធិកុមារផងដែរ។ ទន្ទឹមនឹងនេះ សុជាតិក៏មិនភ្លេចណែនាំមិត្តរបស់ខ្លួន កុំឲ្យធ្វើកិច្ចការដែលម្ដាយមិនសប្បាយចិត្ត និងព្យាយាមស្ដាប់ដំបូន្មានរបស់គាត់ផងដែរ។
ជាការពិតគំនិត និងសម្ដីរបស់កុមារអាយុជាង១០ឆ្នាំរូបនេះ ពុំទទួលបានការយកចិត្តទុកដាក់ស្ដាប់ និងពិចារណាពីម្ដាយរបស់កុមារភ្លាមៗឡើយ។ ទោះយ៉ាងណាក៏ដោយ ការព្យាយាមនិងភាពប៉ិនប្រសប់ របស់សុជាតិបានជួយឲ្យគេទទួលបានជោគជ័យក្នុងកិច្ចការសប្បុរសធម៌ របស់ខ្លួននៅពេលក្រោយមក។ "រហូតមកដល់ពេលនេះ ខ្ញុំបានសង្កេតឃើញថា មីងដែលនៅក្បែរផ្ទះរបស់ខ្ញុំនេះ លែងសូវវាយជេរស្ដីមិត្តរបស់ខ្ញុំទៀតហើយ ហើយមិត្តខ្ញុំក៏ចាប់ផ្ដើមរៀនបានពូកែឡើងវិញដែរ"។ នេះបើតាមសម្ដីរបស់សុជាតិ ទង្វើរបស់កុមារសុជាតិជាគំរូល្អមួយដែលបង្ហាញពីតម្លៃនៃការចូល រួមរបស់កុមារក្នុងការដោះស្រាយបញ្ហាកុមារក្នុងសហគមន៍។
ជាមួយគ្នានេះ កុមារនៅអាចចូលរួមក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្ត ទាក់ទងនឹងបញ្ហាកុមារក្នុងសហគមន៍របស់ខ្លួនផងដែរ។ ជាក់ស្ដែងតំណាងបណ្ដាញកុមារអ្នកតស៊ូមតិមកពីភូមិជីចេះ ភូមិស្វាយសរ និងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចូលជួបតំណាងក្រុមប្រឹក្សាឃុំ និងតំណាងអាជ្ញាធរមូលដ្ឋានស្នាអន្សា ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងមក ដើម្បីលើកពីបញ្ហាកុមារដែលកំពុងកើតមានក្នុងសហគមន៍ ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ពីក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមូលដ្ឋាន។ បញ្ហាចម្បងៗដែលកុមារបានលើកឡើងនាឱកាសនោះមានដូចជា កុមារប្រកបមុខរបរឡើងត្នោត និងកុមារបោះបង់ការសិក្សាទៅរកការងារធ្វើនៅទីក្រុង និងខេត្តផ្សេងៗ។
លោក មេឃុំ និងជំទប់បានប្រាប់តំណាងកុមារថា លោកក៏បានដឹងពីរឿងនេះដែរ ថែមទាំងធ្លាប់បានចុះនិយាយអប់រំឪពុកម្ដាយកុមារទាំងនោះទៀតផង ហើយបច្ចុប្បន្នលោកកំពុងតែស្វែងរកអង្គការដែលមានបណ្ដុះបណ្ដាល ជំនាញផ្នែកត្បាញកន្ទេល ហូល ស៊ឹង ក្រមា ភ្លេងការ ភ្លេងពិណពាទ្យ...ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងទប់ស្កាត់ការធ្វើចំណាកស្រុក។ លោកក៏មានគម្រោងសហការជាមួយនាយកសាលាគ្រប់ភូមិគោលដៅ ដើម្បីផាកពិន័យឪពុកម្ដាយណា ដែលមិនឲ្យកូនទៅរៀន ឬប្រើប្រាស់អំពើហិង្សាលើកុមារ។ លោកក៏ធ្លាប់បានចុះណែនាំអប់រំដល់ប្រជាជនក្នុងភូមិឲ្យយល់ពី តម្លៃកុមារ គុណប្រយោជន៍នៃការសិក្សារបស់កុមារ ផលប៉ះពាល់អាក្រក់នៃការកេងប្រវ័ញ្ចលើពលកម្មកុមារ និងការប្រើប្រាស់អំពើហិង្សាលើកុមារ។ ជាមួយនឹងសកម្មភាពទាំងនេះ លោកមេឃុំបានជួបរឿងព្រៃផ្សៃជាក់ស្ដែងមួយ ដែលគ្រួសារមួយបានប្រើអំពើហិង្សាលើកូនបង្កើតរបស់ខ្លួនដោយចង ព្យួរជើងឡើងលើវាយធ្វើបាបដូចសត្វធាតុ។ លោកបានចុះណែនាំពន្យល់ហេតុផលដើម្បីឲ្យគ្រួសារនោះបញ្ឈប់អំពើ ព្រៃផ្សៃបែបនេះ ទីបំផុតគ្រួសារនោះបានធ្វើចំណាកស្រុកចេញឆ្ងាយពីឃុំរបស់លោក។ លោកមេឃុំក៏បានអំពាវនាវសុំឲ្យកុមារនៅតាមក្លឹបជួយតាមដាន និងរាយការណ៍រាល់បញ្ហាទាំងឡាយណាដែលបានជួបប្រទះ ដើម្បីងាយស្រួលដល់ក្រុមប្រឹក្សាឃុំចាត់វិធានការអន្តរាគមន៍ទាន់ពេល ជាពិសេសសូមឲ្យកុមារនៅក្នុងក្លឹបជួយណែនាំដល់មិត្តភក្ដិដែល ឈប់រៀន ឲ្យចូលសាលារៀនវិញផង។ គួរបញ្ជាក់ថា កិច្ចប្រជុំស្រដៀងគ្នានេះ តែងតែត្រូវបានរៀបចំជារឿយៗនៅតាមខេត្ត-ក្រុងទាំង១១ដែល ប្រតិបត្តិការដោយ គ.អ.ស.ក និងអង្គការដៃគូ។
នៅក្នុងបរិបទជាច្រើន គេសង្កេតឃើញមានការផ្ដល់ឱកាសឲ្យកុមារបានចូលរួមក្នុង ព្រឹត្តិការណ៍ធំៗរបស់សង្គម ប៉ុន្តែក៏មានការចូលរួមជាច្រើនធ្វើឡើងគ្រាន់តែយកកុមារឲ្យ ចូលរួមដើម្បីល្អមើល ដោយពុំបានផ្ដល់នូវការចូលរួមដ៏ពេញលេញមួយដល់ពួកគេ។ លោក កែវ ផល្លា បានធ្វើការកត់សម្គាល់ផ្ទាល់ខ្លួនថា នៅមានការយល់ពុំច្បាស់លាស់នៅឡើយក្នុងសង្គមកម្ពុជាសព្វថ្ងៃពី អត្ថន័យពិតនៃការចូលរួមរបស់កុមារ។ លោកបានបង្ហាញថា ការចូលរួមរបស់កុមារពិតគឺជាដំណើរការដែលកុមារអាចចូលរួមសម្ដែង គំនិត ទស្សនៈ ដែលគំនិតទស្សនៈទាំងនោះ ត្រូវបានគេយកទៅពិចារណាថ្លឹងថ្លែង ដើម្បីធ្វើសេចក្ដីសម្រេចចិត្តក្នុងគោលបំណងការពារឧត្ដមប្រយោជន៍ របស់កុមារ។
គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារបាន ធ្វើការអំពាវនាវថា ប្រសិនជាមានអ្វីដែលទាក់ទងទៅដល់កុមារ គឺអាចទំនាក់ទំនងមកគណៈកម្មាធិការនេះបានតាមរយៈលោកពិសីមន្ត្រីនៃ អង្គការនេះដែលមានលេខទំនាក់ទំនង ០២៣ ៨៨២ ៤១២៕


No comments:

Post a Comment