Friday, November 28, 2008

នាយករដ្ឋមន្ត្រី Somchai ប្រកាសភាពអាសន្ន

នាយករដ្ឋមន្ត្រី Somchai ប្រកាសភាពអាសន្ន

តាំងពីព្រឹកមិញមក អស់មានទៀតហើយយន្តហោះដែលហោះហើរតភ្ជាប់ទីក្រុងបាងកក ពីបរទេសក៏ដូចពីក្នុងប្រទេស ពីព្រោះអាកាសយានដ្ឋាន Don Mueang ដែលឋិតនៅប៉ែកខាងជើងនៃទីក្រុងបាងកក ក៏ត្រូវបានបិទដែរ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិ Survarnabhumi វិញបន្តឋិតនៅ ក្រោមការកាន់កាប់របស់បណ្តាបាតុករដដែល ទោះបីជាកាលពីម្សិលមិញ អគ្គមេបញ្ជាការកងទ័ពបានបញ្ជាឲ្យពួកគេចាកចេញជាបន្ទាន់ពីព្រលានយន្តហោះនេះក៏ដោយ។ នៅក្នុងបរិបទបែបនេះ លោកនាយករដ្ឋមន្ត្រីSomchai បានសម្រេចប្រកាសដាក់អាកាសយានដ្ឋានទាំងពីរក្នុងភាពអាសន្ន។ ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលថៃ ក្រោមអធិបតីភាពរបស់លោក Somchai បានបើកអង្គប្រជុំនៅទីក្រុង Chiang Mai នាពេលដែលនៅរាជធានីបាងកកឯណេះ ភាពតានតឹងកំពុងមានកំរិតខ្ពស់។
កងប៉ូលិសថៃនៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុងបាងកក

អាជ្ញាធរបានសម្រេចបិទអាកាសយានដ្ឋាន Don Mueang ក្រោយពីពួកបាតុករនៃបក្សសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យបានសាកល្បងសម្រុកចូលទៅក្នុងព្រលានយន្តហោះនេះ។ គោលដៅរបស់ពួកគេ គឺរារាំងមិនឲ្យមានយន្តហោះដឹកសមាជិករដ្ឋាភិបាលធ្វើដំណើរទៅកាន់ទីក្រុងChiang Mai ជាទី ដែលលោកនាយករដ្ឋមន្ត្រីSomchai កំពុងស្នាក់នៅ តាំងពីម្សិលមិញមកម៉្លេះ។
សូមជំរាបថា កាលពីម្សិលមិញ យន្តហោះរបស់លោកSomchaiដែលធ្វើដំណើរមកពីប្រទេសPérou បានទៅចុះនៅChiang Mai ដោយហេតុតែពួកបាតុករបានចូលកាន់កាប់អាយានដ្ឋានអន្តរជាតិSuvarnabhumi នៅទីក្រុង បាងកក។ គឺនៅChiang Mai នេះតែម្តងដែលរដ្ឋាភិបាលថៃបានរួមប្រជុំគ្នា នៅថ្ងៃនេះ ដើម្បីពិនិត្យមើលស្ថានភាពធ្ងន់ធ្ងរឡើងជាលំដាប់នៃប្រទេស។ ដើម្បីបង្ហាញថា ខ្លួននៅក្តាប់ស្ថានភាពបាននិងថាខ្លួនជារដ្ឋាភិបាលស្របច្បាប់ អាជ្ញាធរថៃ នៅតែអះអាងថាគេនឹងរៀបចំជំនួបកំពូលASEAN តែអាចនឹងពន្យារពេលលើកវាទៅធ្វើនៅថ្ងៃក្រោយ ក្រោយថ្ងៃ១៤ទៅ១៧ធ្នូដូចការគ្រោងទុក។ សូមជំរាបថា ដោយហេតុតែវិបត្តិនយោបាយនៅបាងកក រដ្ឋាភិបាលថៃបានសម្រេចចិត្តទៅរៀបចំជំនួបកំពូល នៅChiang Mai ដែលជាដែនអំណាចរបស់អតីតនាយករដ្ឋមន្ត្រីThaksinវិញ។
ប្រទេសបាក់បែកជាពីរ
នៅបាងកកឯណេះវិញ ស្ថានភាពមានលក្ខណៈច្របូកច្របល់និងតានតឹងខ្លាំង។ ស្ថាប័នរដ្ឋបន្តគាំងដំណើរ រដ្ឋាភិបាលអស់មានវត្តមាននៅក្នុងរាជធានី គ្មានដំណឹងអ្វីសោះឡើយជុំវិញការឈ្វេងយល់របស់ព្រះមហាក្សត្រ ព្រះចៅ Bhumibol។ ចំណែកកងទ័ពវិញ ដូចជានៅលាក់បំណងពិតរបស់ខ្លួននិងមានជំហរគួរឲ្យសង្ស័យ ពីព្រោះកាលពីម្សិលមិញ អគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយAnupong Paochinda បានតម្រូវឲ្យលោកនាយករដ្ឋមន្ត្រី Somchai រំលាយរដ្ឋសភានិងរៀបចំការបោះឆ្នោតមុនអាណត្តិ។ ទោះជាលោកអគ្គមេបញ្ជាការបាននិយាយម្តងហើយម្តងទៀតថាកងទ័ពនឹងមិនធ្វើអន្តរាគមន៍ក៏ដោយ ក៏គេមិនអាចបំភ្លេចបានដែរថា ឧត្តមសេនីយAnupong Paochinda បានចូលរួមធ្វើរដ្ឋប្រហារទម្លាក់លោកThaksin នៅខែកញ្ញាឆ្នាំ២០០៦។ ហើយអ្នកណាក៏ដឹងដែរថា ឧត្តមសេនីយរូបនេះស្និទ្ធជាមួយបក្សសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យជាងបក្សពួកលោកThaksinដែលជាអ្នកក្តាប់រដ្ឋអំណាចសព្វថ្ងៃ។ ក្នុងន័យដូចគ្នានេះដែរ ក្រុមអ្នកសង្កេតការណ៍ខ្លះក្នុងនោះរួមមានជាអាទិ៍លោកJi Ungpakorn សាស្រ្តាចារ្យមហាវិទ្យាល័យChulalongkorn នាំគ្នាចោទកងទ័ពថាចូលដៃជាមួយពួកបាតុករ បានបើកដៃឲ្យបាតុករចូលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ។
យ៉ាងណាក៏ដោយ ប្រទេសថៃដែលកំពុងបាក់បែកជាពីររវាងបក្សប្រឆាំង ពួកអ្នកពាក់អាវយឺតពណ៌លឿងគាំទ្រដោយព្រះបរមរាជវាំង និងពួកអ្នកពាក់អាវយឺតពណ៌ក្រហមស្មោះស្ម័គ្រនឹងលោកThaksinនិងរដ្ឋាភិបាលបច្ចុប្បន្ន អាចនឹងធ្លាក់លង់ខ្លួនទៅក្នុងសង្គ្រាមស៊ីវិល៕

No comments:

Post a Comment