Tuesday, November 25, 2008

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)
សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ (ប្រសូត ១១ មីនា ព.ស.២៤២៧/គ.ស.១៨៨៣ សុគត ២៥ កញ្ញា ព.ស.២៥១៣/គ.ស.១៩៦៩) ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។មាតិកា
[លាក់]
• ១ ព្រះរាជជីវប្រវត្តិ
• ២ ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
• ៣ កុមារបរិច្ឆេទ (កំណត់អំពីភាពនៃកុមារ)
• ៤ បព្វជ្ជាបរិច្ឆេទ (កំណត់អំពីបព្វជ្ជា)
• ៥ ឧប្បសម្បទាបរិច្ឆេទ (កំណត់អំពីឧបសម្បទា)
• ៦ បរិយត្តិបរិច្ឆេទ (កំណត់អំពីការសិក្សា)
• ៧ បេសកកម្មបរិច្ឆេទ (កំណត់អំពីការទទួលបម្រើកិច្ចការ)
• ៨ ឋានន្តរបរិច្ឆេទ (កំណត់អំពីឋានន្តរ)
o ៨.១ ព្រះកិច្ចការដែលសម្ដេចទ្រង់បានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស
• ៩ សមណសក្ដិបរិច្ឆេទ (កំណត់អំពីសមណស័ក្តិ)
• ១០ ឥស្សរិយបរិច្ឆេទ (កំណត់អំពីឥស្សរិយយស)
• ១១ ពុទ្ធវុឌ្ឍិបរិច្ឆេទ (កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក និងផ្លូវព្រះពុទ្ធសាសនា)
• ១២ សម្ដេចព្រះសង្ឃរាជ

ព្រះរាជជីវប្រវត្តិ
ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
សម្ដេច ព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា
គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
កុមារបរិច្ឆេទ (កំណត់អំពីភាពនៃកុមារ)
សម្ដេច កាលឋិតនៅក្នុងកុមារភាព មានព្រះជន្មាយុរវាង១២ឆ្នាំ ព្រះមាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្រ របស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បព្វជ្ជាបរិច្ឆេទ (កំណត់អំពីបព្វជ្ជា)
លុះ សម្ដេចមានព្រះជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរ ក្នុងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៤៤១ គ.ស.១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្ស អស់រយៈកាលពីរឆ្នាំ ទើបចេញអំពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះពុទ្ធគ្រូ ទេព សោ នាកុដិថែវប្របកំពែងខាងជើងក្នុងកាលព.ស.២៤៤៣ គ.ស.១៨៩៩។
ឧប្បសម្បទាបរិច្ឆេទ (កំណត់អំពីឧបសម្បទា)
សម្ដេច លុះបានព្រះជន្មាយុគម្រប់២១ព្រះវស្សាបានទ្រង់និមន្តត្រឡប់ទៅសូម ឧបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញ ដោយមានព្រះតេជព្រះគុណ ព្រះពុទ្ធឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោជាព្រះឧបជ្ឈាយ៍ កាលលោកនៅជាចៅអធិការវត្តពោធិព្រឹក្សមានព្រះតេជព្រះគុណ កែ ម៉ម មិស្សនាគោ ជាគ្រូសូត្រស្ដាំ និងព្រះតេជព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជាគ្រូសូត្រឆ្វេង សូត្របំពេញកិច្ចឧបសម្បទានៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៤៤៨ គ.ស.១៩០៤។ សម្ដេចទ្រង់ទទួលព្រះនាមប្បញ្ញត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញឧបសម្បទាជាភិក្ខុភាពរួចហើយ ទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈវិញទៀត។
បរិយត្តិបរិច្ឆេទ (កំណត់អំពីការសិក្សា)
សម្ដេចព្រះសង្ឃរាជ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ មានភាសាបារាំង ជាដើម។ ការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានជោគជ័យប្រសើរណាស់ ឃើញមានតែសម្ដេចសង្ឃរាជដែលរៀនចម្រើនលូតលាស់ មានល្បឿនឈ្នះលោកឯទៀតៗ។ សម្ដេចចាប់រៀនដំបូងមេសូត្រ ប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទអំពីព្រះពុទ្ធឃោសាចារ្យព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈាយ៍ នៃសម្ដេចព្រះសង្ឃរាជ។
សម្ដេច ព្រះសង្ឃរាជ ដែលទ្រង់ចាប់រៀនវិជ្ជាណាមួយ មានវិជ្ជាបាលីជាដើម គឺរៀនដោយយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែង ឥតមានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយ។
សម្ដេចទ្រង់ទទួល ការសិក្សានោះគឺ សិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាវិជ្ជាណាមួយដោយលេងៗ ទេ។ វិជ្ជាខាងភាសាបាលី ភាសាសំស្ក្រឹត និងភាសាបារាំង សុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍ហ្មត់ចត់ ជ្រាលជ្រៅលំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្ដេចអាចរៀន អាចយល់ច្បាស់លាស់ ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់។
សម្ដេចទ្រង់ចេះ ដឹងយល់ធ្លុះធ្លាយចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើម ទាំងអក្សរសាស្ត្ររបស់ជាតិ និងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផល ជាច្រើនណាស់។ ភាសាសៀម ភាសាលាវ និងភាសាបារាំង ដែលសម្ដេចបានរៀន អាចនិយាយប្រាស្រ័យទាក់ទងនឹងជនជាតិសៀម ជាតិលាវ និងជាតិបារាំងបាន។ សម្ដេចឈ្លាសវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចភាសាជាតិដទៃបាន។
ភាសាអង់គ្លេស និងភាសាវៀតណាម ក៏សម្ដេចបានរៀន អាចមើល សរសេរនិយាយ ប្រាស្រ័យបានច្រើនដែរ។
ក្នុង សម័យដែលសម្ដេចកំពុងសិក្សាវិជ្ជាខាងបាលីក្នុងរវាងគ.ស. ១៩១០ ឃើញថាសម្ដេចមានព្រះកិត្តិស័ព្ទល្បីថា ជាព្រះថេរៈ ស្ទាត់ជំនាញពូកែខាងភាសាបាលី អាចនិយាយភាសាបាលី បានជាងភិក្ខុ សាមណេរឯទៀត ដែលរៀនជាមួយគ្នាក្នុងសម័យនោះ។
នៅព.ស.២៤៥៧ គ.ស.១៩១៣ សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
ព.ស.២៤៥៩ គ.ស.១៩១៥ សម្ដេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសុរាម្រឹត។
ក្រៅពីភាសាខ្មែរ ដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឫសគល់ពិតប្រាកដ សម្ដេចបានសិក្សាភាសាបាលី អាចអាន ឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់ គឺសំនៀងលង្កា ភូមា មន សៀម និងលាវ ឥតមានទើសទាក់់ភ្លាំងភ្លាត់ឡើយ។
ព.ស.២៤៦៦ និង២៤៦៧ គ.ស.១៩២២ និង១៩២៣ សម្ដេចកាលនៅជាព្រះគ្រូសង្ឃសត្ថា (ជាមួយនឹងសម្ដេចព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាលនៅជាព្រះគ្រូសង្ឃវិជ្ជា) បានធ្វើជាសមណៈសិស្ស និមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកជាដើម នៅសាលាបារាំងសែសចុងបូព៌ាប្រទេស នាក្រុងហាណូយ (វៀតណាមខាងជើង) ក្នុងសំណាក់លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិបារាំងសេស ជាចាងហ្វាងសាលានេះ។
បេសកកម្មបរិច្ឆេទ (កំណត់អំពីការទទួលបម្រើកិច្ចការ)
ព.ស.២៤៦៣ គ.ស.១៩១៩ សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការ កាន់កិច្ចការផ្ទាល់ លុះត្រាបានចប់ចុងចប់ដើម។
ព.ស.២៤៦៩ គ.ស.១៩២៥ សម្ដេចបានធ្វើជាសមាជិក នៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធនៃសៀវភៅនានា ដែលសាលាបាលីជាន់ខ្ពស់ បោះពុម្ពផ្សាយ។
ព.ស. ២៤៧០ គ.ស.១៩២៦ តមកជាច្រើនឆ្នាំ សម្ដេចបានទទួលការតែងតាំងជាមេប្រយោគ ក្នុងការប្រឡងយកវិញ្ញាបនប័ត្របឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់ បារាំង-ខ្មែរ នៅក្រុងភ្នំពេញ។
ព.ស.២៤៧១ គ.ស.១៩២៧ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិក នៃក្រុមជំនុំផ្ទៀងសម្រេចខាងវចនានុក្រមខ្មែរ ហើយសម្ដេចទ្រង់បានទទួលភារៈធ្វើវចនានុក្រម តែមួយព្រះអង្គឯង ដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ១ភាគ២ បាន៥គ្រាហើយ។
ក្នុងឆ្នាំដដែលនេះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកនៃក្រុមអភិបាលជំនុំផ្ដាច់ឆ្នាំ សម្រាប់បណ្ណាល័យ
កម្ពុជា ដែលសព្វថ្ងៃហៅថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ព.ស.២៤៧៤ គ.ស.១៩៣០ សម្ដេចទ្រង់បានទទួលការតែងតាំង ក្នុងមុខងារជាចាងហ្វាងរង
នៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ។
ក្នុងឆ្នាំដដែលនោះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកជំនួយនៃ ក្រុមជំនុំព្រះត្រៃបិដក
នៅពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។
ព.ស. ២៤៧៦ គ.ស.១៩៣២ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការ ស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃ នៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះ
ទៅក្នុងវចនានុក្រមខ្មែរ។
ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានទទួល ការតែងតាំងជាសមាជិក នៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិ បោះពុម្ពផ្សាយ។
ព.ស.២៤៧៨ គ.ស.១៩៣៤ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើស
ពាក្យខ្មែរប្រៀបធៀបនិងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ។
ព.ស.២៤៧៩ គ.ស.១៩៣៥ សម្ដេចទ្រង់បានទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ។
ឋានន្តរបរិច្ឆេទ (កំណត់អំពីឋានន្តរ)
• ព.ស.២៤៨៦ គ.ស.១៩៤២ សម្ដេចទ្រង់បានទទួលឋានន្តរ ជាចាងហ្វាងនៃ សាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ដែលសព្វថ្ងៃកែប្រែឈ្មោះជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
• ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចទ្រង់បានទទួលតំណែងជាចៅអធិការវត្តឧណ្ណាលោម។
• ព.ស.២៤៨៩ គ.ស.១៩៤៥ សម្ដេចទ្រង់បានទទួលនាទីជាអធិបតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់សង្ឃ។
• ព.ស.២៤៩១ គ.ស.១៩៤៧ សម្ដេចទ្រង់បានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ ក នៃ គណៈកម្មការជាតិខាងការសិក្សា។
• ព.ស. ២៤៩២ គ.ស.១៩៤៨ សម្ដេចទ្រង់បានទទួលនាទីជាប្រធានគណៈកម្មការធម្មវិន័យពិនិត្យការ ផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រ។
• គ.ស. ១៩៦១ រហូតមក សម្ដេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគមអ្នកនិពន្ធខ្មែរធ្វើ ជាព្រះប្រធាននៃ ការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមវិទ្យុជាតិ រៀងរាល់ថ្ងៃសុក្រ។
• គ.ស.១៩៦៨ ទ្រង់ទទួលឋានៈជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ។
• គ.ស.១៩៦៩ ព្រះអង្គទ្រង់ទទួលការតែងតាំងជាប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
ព្រះកិច្ចការដែលសម្ដេចទ្រង់បានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស
• នៅព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភួនៃមន្ត្រីសង្ឃ ទៅកាន់ក្រុងវៀងច័ន្ទន៍ និងក្រុងហ្លួងព្រះបាង ប្រទេសលាវ ដើម្បីរួបរួមក្នុងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ ផង ដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរងនៅប្រទេសលាវ ផង។
• ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានដឹកនាំ គណៈប្រតិភូព្រះសង្ឃខ្មែរទៅធ្វើទស្សនាចរណ៍ចំពោះវត្តខ្មែរទាំងឡាយក្នុងដែនកូសាំងស៊ីន កម្ពុជាក្រោម។
• នៅព.ស.២៤៨៣ គ.ស.១៩៣៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសលាវ ម្ដងទៀត ដើម្បីប្រជុំប្រឹក្សាកិច្ចការ នៃពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ និងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសលាវ ផង ដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិលាវឲ្យមានការសិក្សាព្រះបរិយត្តធម៌ និងការប្រតិបត្តិព្រះពុទ្ធសាសនា ឲ្យស្របគ្នាតាមរបៀបការសិក្សា និងការប្រតិបត្តិព្រះពុទ្ធសាសនា នៃប្រទេសកម្ពុជា ទាំងប្រជាជាតិនៅក្នុងទីប្រជុំជន និងក្នុងខេត្តនានា នៃព្រះរាជាណាចក្រលាវ ខំប្រឹងយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រតិបត្តិឲ្យបានត្រឹមត្រង់គន្លងព្រះពុទ្ធសាសនា ផង។
• ព.ស.២៤៨៧ គ.ស.១៩៤៣ សម្ដេចទ្រង់បានទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហើយនៅ
ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានទ្រង់ទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបមក។
• ព.ស. ២៤៩៤ គ.ស.១៩៥០ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនៅប្រជុំសន្និសីទដើម្បី បង្កើតពុទ្ធិកសមាគមពិភពលោកនៅក្រុងកោលម្បូ ប្រទេសស្រីលង្កា ទ្វីប។
• នៅព.ស.២៤៩៧ គ.ស.១៩៥៣ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុឆន្ទៈប្រឹក្សាសម្រេចរឿងឆដ្ឋសង្គាយនា
នៅក្រុងរង្គូន សហភាពភូមា។
• ក្នុងឆ្នាំជាបន្ទាប់នៅព.ស.២៤៩៨ គ.ស.១៩៥៤ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនិមន្តនៅកាន់ក្រុងរង្គូន ប្រទេសភូមា ម្ដងទៀត ដើម្បីរួបរួមក្នុងការប្រជុំធ្វើឆដ្ឋសង្គាយនាសម័យប្រជុំដំបូង។
• កន្លងមួយឆ្នាំក្រោយមក ព.ស.២៤៩៩ គ.ស.១៩៥៥ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ទីឆដ្ឋសង្គាយ នៅក្រុងរង្គូន ប្រទេសភូមា ជាលើកទីបីដើម្បីប្រជុំ ហើយបិទសម័យប្រជុំប្រចាំឆ្នាំ។
• នៅព.ស.២៥០៣ គ.ស.១៩៥៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ក្រុងជកត៌ា និងក្រុងសឹម៉ារ៉ាំង
កោះជ្វា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យវិសាខបូជា។
• ព.ស. ២៥០៣ ចូលរួមពិធីបញ្ចុះខណ្ឌសីមា និងពិធីសន្មតរោងឧបោសថ ព្រមទាំងជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រ អ្នកប្រទេសនោះចំនួនបីរូបផង។
សមណសក្ដិបរិច្ឆេទ (កំណត់អំពីសមណស័ក្តិ)
ដោយ ព្រះមហាវិរិយភាពរបស់សម្ដេច ដែលទ្រង់បានបំពេញទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោកដែលយើងបានឃើញជាភស្តុតាង សម្ដេចក៏បានឡើងសមណស័ក្តិជាលំដាប់លំដោយ ដូចតទៅនេះគឺ៖
• ព.ស.២៤៥៤ គ.ស.១៩១០ សម្ដេចបានទទួលការតែងតាំងក្នុងសមណស័ក្តិ ជាព្រះបាឡាត់សាក្យបុត្តិយ៍ (បាឡាត់របស់ព្រះសក្យវង្ស នុត វត្តឧណ្ណាលោម)។
• ព.ស.២៤៥៦ គ.ស.១៩១២ សម្ដេចបានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រម សម្រាប់ថ្នាក់ឯករបស់សម្ដេចព្រះសង្ឃរាជព្រះនាម ទៀង)។
• ព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចបានឡើងសមណស័ក្តិជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស)។
• ព.ស.២៤៨៤ គ.ស.១៩៤០ សម្ដេចបានឡើងសមណស័ក្តិជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទី២)។
• ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចបានឡើងជាសមណស័ក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ទី១)។
• ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានឡើងសមណស័ក្តិខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
• ព.ស. ២៤៩៤ គ.ស.១៩៥០ ព្រះករុណាជាអម្ចាស់ជីវិតទ្រង់បានប្រោសប្រទានប្រគេនព្រះឋានៈជា សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ។
• លុះដល់មកព.ស.២៤៩៨ គ.ស.១៩៥៤ រដ្ឋាភិបាលសហភាពភូមា បានប្រគេនព្រះឋានៈសម្ដេចជា ព្រះអគ្គមហាបណ្ឌិតសហភាពភូមា។
• ស្រាប់តែដល់មកព.ស.២៥០១ គ.ស.១៩៥៧ រដ្ឋាភិបាលសហភាពភូមា បានសូមតម្លើងព្រះឋានៈសម្ដេចជា ព្រះអភិធជៈមហារដ្ឋគរុ នៃសហភាពភូមាទៀត ដែលជាសមណស័ក្តិដ៏ខ្ពស់បំផុតមានតែមួយអង្គក្នុងសហភាពភូមា។
• ខែ កុម្ភៈ គ.ស.១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរ ផង។
• ព.ស.២៥០៧ គ.ស.១៩៦៣ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋ នៃប្រទេសកម្ពុជា ទ្រង់បានប្រោសប្រទានព្រះឋានៈសម្ដេចជា សម្ដេចព្រះសង្ឃរាជថ្នាក់ទី១។
• ថ្ងៃទី២៨ ឧសភា ១៩៦៧ ទ្រង់បានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រ ពេញលក្ខណៈអំពីសម្ដេចព្រះប្រមុខរដ្ឋ ក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
ឥស្សរិយបរិច្ឆេទ (កំណត់អំពីឥស្សរិយយស)
គ្រឿងឥស្សរិយយសដែលសម្ដេចបានទទួលមានដូចតទៅនេះ គឺ៖
• មេដាយអស្សឫទ្ធិមុនីសារភរណ៍ នៅព.ស.២៤៦១ គ.ស.១៩១៧។
• មេដាយអស្សឫទ្ធិព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៦៧ គ.ស.១៩៣២។
• មេដាយអស្សឫទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ នៅព.ស.២៤៧៦ គ.ស.១៩៣២។
• មេដាយសេនានៃបណ្ឌិតសភា សាធារណរដ្ឋបារាំង នៅព.ស.២៤៨១ គ.ស.១៩៣៧។
• មេដាយអស្សឫទ្ធិដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៨៦ គ.ស.១៩៤២។
• មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៨៨ គ.ស.១៩៤៤។
• មេដាយសេនាដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៩២ គ.ស.១៩៤៨។
• មេដាយមហាសិរីវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥០៥ គ.ស.១៩៦២។
• មេដាយមហាសិរីវឌ្ឍសុវត្ថារា នៅព.ស.២៥០៦ គ.ស.១៩៦៣។
• មេដាយជាតូបការ ដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា នៅ
ព.ស.២៥១៣ គ.ស.១៩៦៩។ ពុទ្ធវុឌ្ឍិបរិច្ឆេទ (កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក
និងផ្លូវព្រះពុទ្ធសាសនា)កិច្ចការឯទៀតរបស់សម្ដេច ក្រៅពីមុខការខាងសិក្សាដែលសុទ្ធតែជាការមានប្រយោជន៍ជាសាធារណៈក្នុងព្រះពុទ្ធសាសនា និងប្រទេសជាតិនោះ នៅមានច្រើនទៅទៀត និយាយដោយសង្ខេបគឺចាប់តាំងពីឆ្នាំឆ្លូវសប្តស័ក ព.ស.២៤៧០
គ.ស.១៩២៤ រៀងមក សម្ដេចបានធ្វើការឧបត្ថម្ភវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) ក្នុងសង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានព្រំប្រទល់ជាប់គ្នានឹងសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាទីជាតិភូមិរបស់សម្ដេច ដូចមានសេនាសនភ័ណ្ឌតទៅនេះ៖
• សម្ដេចបានជាវដីជុំវិញវត្តចំនួនជាង៣ហិកតា ពង្រីកទីវត្តឲ្យធំទូលាយច្រើនជាងពីដើម។
• បានជួយឧបត្ថម្ភលើកថ្នល់ ភ្ជាប់ពីថ្នល់ជាតិចូលមកវត្តសុរភី និងពោធិព្រឹក្ស រួមចម្ងាយ៣គឺឡូម៉ែត្រ។
• បាន ស្ថាបនាវិហារបេតុងអារម៉េ សាលាបាលីរង (ពុទ្ធិកបឋមសិក្សា) រៀបចំទីវត្តពោធិព្រឹក្សទាំងមូល ឲ្យមានទេសភាពសមរម្យតាមសម័យនិយម។
• បានស្ថាបនាស្ពានធំមួយ និងស្ពានតូចមួយសុទ្ធតែបេតុងអារម៉េ ឆ្លងស្ទឹងតូចរាំងព្រំប្រទល់ សង្កាត់រលាំងកែន និងសង្កាត់រកាកោះ។
• បានឧបត្ថម្ភក្នុងការ ស្ថាបនាសាលាបឋមសិក្សាបំពេញវិជ្ជា សុរភីពោធិព្រឹក្ស៣ខ្នង តាំងពីគ.ស.១៩៤៨ រៀងរហូតដល់សាលានេះឡើងដល់ថ្នាក់ឧត្ដមដ្ឋាន សម្រាប់កូនចៅអ្នកស្រុកជើងវត្តសុរភី និងវត្តពោធិព្រឹក្ស។
• បានឧបត្ថម្ភឲ្យគេធ្វើថ្នល់លំមួយ ចាក់ក្រួសបាយក្រៀម ប្រើការបានដោយស្រួល។
• បានជាវទីដី៣ហិកតាកន្លះទុកដាក់ជាសាសនសម្បត្តិរៀងទៅ។
• បានស្ថាបនាខ្លោងទ្វាររបងអារម៉េមួយ។
• បានស្ថាបនា អាវសថសាលា (សាលាសំណាក់) ១ខ្នង។
• បានចាត់ការឲ្យជីកស្រះមួយទំហំ១០០ម៉ែត្របួនជ្រុង នៅត្រង់ទីថ្នល់បែកចេញពីថ្នល់ជាតិក្នុងសង្កាត់រកាកោះ។
• បានជួយឧបត្ដម្ភជីកអណ្ដូងបុកប្រើស្នប់៣កន្លែង។
• បានស្ថាបនាគិលានដ្ឋានមួយខ្នង ប្រសូតិគ្រឹះ (មន្ទីរសម្ភព) មួយខ្នង ដោយបេតុងអារម៉េ។
• បានធ្វើកំពែងបេតុងអារម៉េ បណ្ដោយ១០០ម៉ែត្រ ទទឹង៥២ម៉ែត្រ ព័ទ្ធជុំវិញមន្ទីរពេទ្យទាំងពីរខ្នងនេះ។
• បានស្ថាបនាអគារគព្ភិនីសំណាក់ក្នុងកំពែងនោះដែរ។
• បានស្ថាបនាអគារបេតុងអារម៉េ២ខ្នង ក្រៅកំពែងនោះសម្រាប់គិលានសមណៈ។
• បានចាត់ការឲ្យលើកទំនប់ទឹក១កន្លែងបណ្ដោយ៩០០ម៉ែត្រ ទទឹង៨០០ម៉ែត្រ (ដោយសម្ដេចព្រះនរោត្ដម សីហនុ ឧបយុវរាជព្រះប្រមុខរដ្ឋ ទ្រង់សព្វព្រះទ័យបានប្រោសប្រទានព្រះរាជានុញ្ញាតឲ្យលើកទំនប់ទឹកនោះ)។
• បាន ឧបត្ថម្ភឲ្យវេយ្យាវច្ចករដាំដំណាំលើទីដីខាងលើនេះ ជាប្រយោជន៍ដល់គិលានដ្ឋាន និងប្រសូតិគ្រឹះរបស់សម្ដេចទៅក្នុងអនាគតកាល (ស្ថាបនកម្មទាំងនេះនៅក្នុងភូមិស្រែបន្ទាយ សង្កាត់រកាកោះ)។
• បាន លះបង់ទីដីមួយកន្លែង ដែលសម្ដេចបានជាវហើយនោះជូនព្រះរាជរដ្ឋាភិបាលឲ្យស្ថាបនាអគារមណ្ឌល
នីតិកម្ម (ប៉ុស្តិប៉ូលីស) និងមន្ទីររាជសហករណ៍។ល។
• បានផ្ដើមគំនិតធ្វើសមាគមកសាងមន្ទីរពេទ្យព្រះសង្ឃ ក្រុងភ្នំពេញ។
• បានកសាងវិហារវត្តឧណ្ណាលោម ដែលជាវិហារធំបំផុតជាងវិហារទាំងអស់ក្នុងប្រទេសកម្ពុជា ហើយមានបីជាន់
ក្នុងព.ស.២៤៩៩ គ.ស.១៩៥៦។
• បានផ្ដើមកសាងព្រះសក្យមុនីចេតិយ នៅខាងកើតស្ថានីយ៍រាជាយស្ម័យយាន។
• បានទំនុកបម្រុង ព្រមទាំងចាត់ចែងសមណនិស្សិតបញ្ជូនឲ្យទៅរៀនឯបរទេស មានប្រទេសឥណ្ឌា ភូមា ជាដើម។
• បានបង្កើតការសិក្សាធម្មវិន័យ ដើម្បីសិក្ខាកាមកុលបុត្រទូទៅពេញប្រទេសកម្ពុជា។
• បានបង្កើតការអប់រំយុវជនដោយសីលធម៌ដែលនៅក្នុងវត្តឧណ្ណាលោម ឬវត្តឯទៀតៗ ដែលមានយុវជននៅវត្តជាច្រើននាក់។
• បានផ្ដើមកសាងឈាបនដ្ឋាន (ទីបូជាសព) ក្នុងវត្តឧណ្ណាលោម ដែលមានលោកអ្នកឧកញ៉ាតេជះ តាន់ ម៉ៅ ជាអ្នកចេញប្រាក់កសាងឲ្យកើតមានក្នុងប្រទេសកម្ពុជា មុនដំបូងបង្អស់ គ.ស.១៩៥៣។
• បានផ្ដើមសង់ឧបដ្ឋានសាលាសម្រាប់មន្ត្រីសង្ឃ ដែលនិមន្តមកក្នុងឱកាសអនុសំវច្ឆរមហាសន្និបាត ដើម្បីប្រជុំទទួលភត្តាហារ និងសម្រាប់ភ្ជុំបិណ្ឌ ដែលគហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញប្រាក់កសាង។
• បានបង្កើតឲ្យមានការហាត់រៀនប្រឡងសូត្របាតិមោក្ខបាលី។
• បាន រៀបចំតាំងគណៈកម្មការសង្ឃ និងគណៈកម្មការគ្រហស្ថតាមផ្លូវការគ្រប់វត្តទាំងអស់ ដើម្បីរៀបចំទីវត្ត
ឲ្យស្អាត ទាំងមានរបៀបរៀបរយ តាំងពីឆ្នាំ១៩៥៥ដរាបមក។
សម្ដេចព្រះសង្ឃរាជ

No comments:

Post a Comment