Friday, November 28, 2008

ព្រះពុទ្ធសាសនាកម្ពុជានៅពុំទាន់អាចងើបឡើងវិញ

ព្រះពុទ្ធសាសនាកម្ពុជានៅពុំទាន់អាចងើបឡើងវិញពីការលុបបំបាត់របស់ពួកខ្មែរក្រហមបានទេ បើទោះជាព្រះសង្ឃជាច្រើនអាចឆ្លងផុតពីអំពើគួរអោយភ័យខ្លាចជាច្រើនឆ្នាំនៃរបបនេះក៏ដោយ។
តាមពិតទៅ ព្រះសង្ឃដែលមានចំណេះវិជ្ជាជ្រៅជ្រះ ភាគច្រើនជាព្រះសង្ឃចាស់ៗ ហើយ
បើទោះជាមិនត្រូវអស់ជីវិតនឹងគ្រាប់កាំភ្លើង ក៏ត្រូវអស់ជីវិតនឹងទុរ្ភិក្ស ជំងឺ ឬក៏ការអស់កម្លាំងដែរ។
រហូតមកដល់ពេលនេះ មិនទាន់មានសៀវភៅណាមួយនិយាយពី«ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត»នោះឡើយ។ អ្នកស្រាវជ្រាវអៀន ហារី សាស្រ្តាចារ្យសិក្សាពីព្រះពុទ្ធសាសនានៅមហាវិទ្យាល័យខមប៊្រីយ៉ា (Cumbria) នៅប្រទេសអង់គ្លេស បានជួសឡើងវិញនូវការបំភ្លេចនេះ តាមរយៈការបោះពុម្ពផ្សាយសៀវភៅមួយក្បាលក្រោមចំណងជើងថា «ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត» ដោយសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា( DC-Cam)។ ព្រះសង្ឃត្រូវគេចាប់ផ្សឹក វត្តអារ៉ាមប្រែក្លាយជាកន្លែងផ្សេងៗតាមតម្រូវការបដិវត្តន៍ រូបបដិមាត្រូវបានគេលួចឬបំផ្លាញ... : សាសនាមិនមានសិទ្ធិមានវត្តមាននៅក្នុងរជ្ជកាលបង្ហូរឈាម និងលទ្ធិបំផ្លាញបដិមារបស់ពួកខ្មែរក្រហមនោះទេ។ លោកអៀន ហារី ពណ៌នាគួរអោយចាប់អារម្មណ៍ និងច្បាស់លាស់ពីព្រះពុទ្ធសាសនានៅក្នុងសម័យកាលដ៏វឹកវររបស់ពួកខ្មែរក្រហម។
នយោបាយដំបូងនៃការទាក់ទាញព្រះសង្ឃ
ក្រសួងធម្មការ និងសាសនាក្នុង«តំបន់រំដោះ»ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ១៩៧៤ បន្ទាប់ពីពួកខ្មែរក្រហមត្រូវប្រឈមមុខនឹងអប្រជាប្រិយភាព ដោយសារតែការឃោសនាប្រឆាំងនឹងពុទ្ធសាសនារបស់ពួកកុម្មុយនីស្ត ចន្លោះឆ្នាំ១៩៧២និង១៩៧៣នៅក្នុងតំបន់
«រំដោះ» នេះនិងការដាក់ទណ្ឌកម្មទៅលើព្រះសង្ឃ (បង្ខំអោយលាចាកសិក្ខាបទ) ព្រមទាំងការរិះគន់ព្រះសង្ឃថាជា«ព្រះសង្ឃសុំទាន» ឬរិះគន់ថាព្រះពុទ្ធសាសនាមិនមានលក្ខណៈជាតិនិយម ព្រោះសាសនានេះមាន«ដើមកំណើតមកពីប្រទេសឥណ្ឌ និងឆ្លងកាត់តាមប្រទេសថៃ»។ ការបង្កើតក្រសួងនេះគឺដើម្បីបញ្ចុះបញ្ចូលព្រះសង្ឃអោយស្រឡាញ់របបកុម្មុយនីស្ត និងចុះចូលជាមួយពួកគេ (ដោយពួកគេបានលើកសរសើរពីប្រភពជាកសិកររបស់ព្រះសង្ឃ) ហើយយកព្រះសង្ឃធ្វើជាឧបករណ៍ឃោសនា។ ប្រតិបត្តិការបានជោគជ័យ ការរិះគន់ក៏ឈប់...
មួយរយៈក្រោយមក នៅថ្ងៃទី១៧ មេសា ១៩៧៥ អៀង សារី ដែលជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់ប៉ុល ពត បានប្រកាសថា សេរីភាពសាសនានឹងត្រូវបើកទូលាយដល់ក្រុមសាសនិកទាំងអស់នៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យថ្មី។ ក្រោយមក សេរីភាពនេះត្រូវបានធានានៅក្នុងមាត្រា២០នៃច្បាប់រដ្ឋធម្មនុញ្ញដែលបានប្រកាសឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ (សូមអានអត្ថបទភ្ជាប់នៅខាងក្រោម)។ ប៉ុន្តែនេះជាការសន្យាមួយដែលមានតែនៅលើក្រដាសប៉ុណ្ណោះ...។ ព្រះសង្ឃត្រូវគេចាប់ផ្សឹកទាំងអស់ ហើយជួនកាលត្រូវបានគេសម្លាប់ និងដកហូតឋានៈសំខាន់នៅក្នុងសង្គមខ្មែរថែមទៀត។ ព្រះសង្ឃជាច្រើនត្រូវគេបង្ខំអោយរៀបការ។ នេះជាឆន្ទៈនៃរបបមួយដែលបន្តុះបង្អាប់បុព្វជិតដែលចូលរួមជាមួយរបបចាស់ ដើម្បីបំបាក់មុខពួកខ្មែរក្រហម និងជារបបមួយដែលចង់បានភាពដូចគ្នាឥតខ្ចោះនៅក្នុងសង្គម។

ព្រះសង្ឃបដិវត្តន៍
នៅពេលខ្មែរក្រហមបានអំណាច ព្រះសង្ឃគឺជាក្រុមបញ្ញវ័ន្តកម្ពុជា។ ដូច្នេះលោកអៀន ហារី ពន្យល់ថា វាធម្មតាទេដែលព្រះសង្ឃបានអភិវឌ្ឍគំនិតជឿនលឿននិយម និងនយោបាយនោះ។ «ព្រះសង្ឃខ្លះបានសម្រេចចិត្តយ៉ាងឆាប់រហ័សចូលរួមជាមួយក្រុមទ័ពព្រៃកុម្មុយនីស្ត ព្រោះព្រះអង្គត្រូវបានអូសទាញ តាមរយៈគំនិតជឿនលឿននិយមរបស់ព្រះសង្ឃ ដែលជាអ្នកនាំមកនូវភាពប្រសើរឡើងនៃស្ថានការណ៍។ គេអាចប្រដូចព្រះសង្ឃនឹងនិស្សិតនៅក្នុងបដិវត្តន៍ខែឧសភា ឆ្នាំ១៩៦៨នៅប្រទេសបារាំងដែរ។ និស្សិតទាំងនោះមានវ័យក្មេង មានចំណេះដឹង ហើយដឹងច្បាស់ពីអ្វីដែលកើតឡើងនៅក្នុងប្រទេសពួកគេ។ ដូច្នេះ ពួកគេចង់កែប្រែសង្គម។ ប៉ុន្តែព្រះពុទ្ធសាសនាក៏មានបំណងធ្វើអោយមានការកែប្រែដែរ តែក្នុងអារម្មណ៍ផ្លូវចិត្ត។ ព្រះសង្ឃ និងជនកុម្មុយនីស្តមានការវិភាគឃើញដូចគ្នាពីចក្រពត្តិនិយម។ នៅដើមឆ្នាំ១៩៧០ វាមិនមែនជារឿងកម្រទេដែលគេឃើញព្រះសង្ឃអានសៀវភៅកុម្មុយនីស្ត ដូចជាសៀវភៅក្រហមរបស់ម៉ៅ សេងទុង ជាដើម»។
ហេតុនេះ ព្រះសង្ឃមួយចំនួនគឺជាអ្នកគាំទ្របដិវត្តន៍តាំងពីពេលដំបូងៗម៉្លេះ ហើយបង្រៀនបន្តពីគោលការណ៍បដិវត្តន៍។ ចំណុចមួយនៃការឃោសនារបស់ពួកខ្មែរក្រហម គឺធ្វើយ៉ាងណាជំរុញព្រះសង្ឃក្មេងៗអោយលាចាកសិក្ខាបទ ដើម្បីចូលបម្រើទ័ពបដិវត្តន៍។

លោក អៀន ហារី បានអោយដឹងថា ព្រះសង្ឃធម្មតាៗត្រូវបានគេបញ្ចុះបញ្ចូលថា បក្សកុម្មុយនីស្តកម្ពុជាការពារទឹកដីកម្ពុជា និងសាសនាពីការឈ្លានពានបរទេស។ នៅក្នុងតំបន់«រំដោះ»ដែលបានធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកខ្មែរក្រហម មុននឹងការក្តោបក្តាប់ប្រទេសទាំងមូល គេតែងតែឃើញព្រះសង្ឃមានសង្ឃដីកាដំបូងគេនៅពេលមានកិច្ចប្រជុំនយោបាយ គឺមុនពួកកម្មាភិបាល។
ព្រះសង្ឃដូចជាព្រះសង្ឃចាស់ៗ គឺប្រសប់បញ្ចុះបញ្ចូលកសិករ ព្រោះសង្ឃដីកាព្រះសង្ឃងាយស្រួលបញ្ចុះបញ្ចូលប្រជាពលរដ្ឋច្រើនជាងសុន្ទរកថាកុម្មុយនីស្តត្រង់ៗរបស់កម្មាភិបាល។ ដូច្នេះ ព្រះសង្ឃបានជួយដល់ការត្រួសត្រាយផ្លូវនៃជ័យជំនៈរបស់ពួកខ្មែរក្រហម។
វត្តអារ៉ាមងាកចេញពីតួនាទីដើមពួកកុម្មុយនីស្ត ក៏ដូចជាសាធារណរដ្ឋខ្មែររបស់លន់ នល់មុនដែរ
ពួកគេយល់ឃើញថា វត្តអារ៉ាមគឺជាទីកន្លែងការពារដ៏ល្អសម្រាប់មូលដ្ឋានទ័ព។ ចន្លោះពីខែតុលា និងខែធ្នូ ឆ្នាំ១៩៧៥ វត្តអារ៉ាមស្ទើរតែទាំងអស់ដែលនៅមាននៅកម្ពុជា ត្រូវបានបិទទ្វារ។ លោក អៀន ហារី បានលើកឡើងថា ពួក
ខ្មែរក្រហមប្រើវត្តអារ៉ាមជាកន្លែងហ្វឹកហាត់ អប់រំកែប្រែ កន្លែងជួសជុលយានយន្ត ច្បារបន្លែ ឃ្លាំងអាវុធ កន្លែងចិញ្ចឹមសត្វ ឬជាមណ្ឌលធ្វើទារុណកម្ម និងសម្លាប់មនុស្ស។ ជួនកាល វត្តអារ៉ាមត្រូវបានគេវាយបំបាក់ដើម្បីយកធ្វើជាគ្រឿងសំណង់។
បំផ្លាញរាល់ដានព្រះពុទ្ធសាសនាបើទោះជាខ្មែរក្រហមបានដកបដិមាមាសចេញពីវត្តអារ៉ាមនានាយ៉ាង
យកចិត្តទុកដាក់ក៏ដោយ ក៏ជានិច្ចកាល បដិមាធ្វើពីស៊ីម៉ង់ត៍គេចមិនផុតពីការវាយកម្ទេចទេ តាមពាក្យស្លោកបដិវត្តន៍ : «ប្រសិនបើមិត្តវាយកម្ទេចពុទ្ធបដិមាមួយ មិត្តនឹងចំណេញបានស៊ីម៉ង់ត៍មួយបាវ»។
ប៉ុន្តែ អ្នកភូមិមួយចំនួននៅតែអាចលាក់វត្ថុសាសនាបាន ហើយអាចការពារផុតពីការបំផ្លិចបំផ្លាញ។ ក៏ដូចនៅក្នុងគ្រប់ប្រព័ន្ធអំណាចផ្តាច់ការដែរ ពិធីដុតភ្លើងបូជាយញ្ញបានធ្វើអោយគម្ពីរមួយចំណែកយ៉ាងធំបាត់បង់អស់ រីឯសំណេរនៅលើសាស្រ្តាស្លឹករឹតវិញ បើមិនត្រូវគេដុតបំផ្លាញនៅដើមដំបូងនារបបនេះទេ ក៏ត្រូវគេយកទៅប្រើសម្រាប់ធ្វើថ្នាំដែរ។
បើទោះជាព្រះពុទ្ធរូប និងវត្ថុសាសនាផ្សេងទៀតបានទទួលរងនូវការបំផ្លាញដោយដៃពួកខ្មែរក្រហម ក៏ដូចជាគ្រឹះស្ថានសាសនាជាច្រើនទៀតក៏ដោយ ក៏ វាហាក់ដូចជាទង្វើទាំងនេះមិនមែនកើតចេញពី
សារាចររួមមួយនោះទេ។

អវត្តមាននយោបាយសាសនាពិតប្រាកដរបស់អង្គការគ្មានសំណៅណាមួយបង្ហាញពីការសម្រេចរបស់អង្គការ
ក្នុងការបំផ្លាញវត្តអារ៉ាម ឬលុបបំបាត់បុព្វជិតពុទ្ធសាសនាត្រូវបានគេរកឃើញនោះទេរហូតមកដល់ថ្ងៃនេះ។
លោកអៀន ហារី វិភាគថា៖ «បើតាមទស្សនៈលេនីន គេមិនចាំបាច់និយាយពីសាសនាទេ ពីព្រោះ
តែកាលណាមានបដិវត្តន៍កើតឡើង បញ្ហាសេដ្ឋកិច្ចកើនឡើងហើយ គឺគ្មានកន្លែងនៅសល់សម្រាប់សាសនាទៀតទេ សាសនាគឺត្រូវតែស្លាប់ដោយឯកឯង។ គ្រប់យ៉ាងស្ថិតក្រោមការត្រួតពិនិត្យ ហើយសាសនាបាត់បង់គ្រឹះរបស់ខ្លួន។
ដូច្នេះ ពួកខ្មែរក្រហមមិនចាំបាច់រៀបចំនយោបាយសាសនាទេ»។
ម្យ៉ាងវិញទៀត លោកបន្ថែមថា បើទោះជាមេដឹកនាំ ដូចជាលោកខៀវ សំផនជាដើម ប្រកាសជាចំហប្រឆាំងនឹងព្រះពុទ្ធសាសនាក៏ដោយ ក៏អ្នកផ្សេងទៀតដូចជាប៉ុល ពត អៀង សារី ឬនួន ជា ជាដើមមិនបានបង្ហាញការច្រានចោលសាសនានៅពេលដំបូងនៃរបបរបស់ពួកគេនោះទេ។
គ្រប់យ៉ាងគឺអាស្រ័យនឹងបុគ្គលម្នាក់ៗ ។ នៅតាមទីកន្លែងផ្សេងៗ អាកប្បកិរិយាចំពោះបុព្វជិតគឺមានលក្ខណៈខុសគ្នា។ នៅថ្នាក់មូលដ្ឋាន ប្រធានមូលដ្ឋានមួយចំនួនបង្ហាញទឹកចិត្តអាណិតអាសូរចំពោះព្រះសង្ឃ បើទោះជាលោកសឹក ហើយក៏ដោយ។ ជាទូទៅ មេខ្មែរក្រហមតូចតាចអនុវត្តតាមបញ្ជា ពួកគេមិនប្រថុយនឹងតវ៉ានោះទេ ដោយខ្លាចត្រូវប្រឈមមុខនឹងការសងសឹកធ្ងន់ធ្ងរ។

ព្រះសង្ឃមិនហ៊ានប្រឆាំងនឹងបញ្ជាថ្មី

ការរើបំរះគឺមានតិចតួចណាស់ ហើយជានិច្ចអ្នកធ្វើការតវ៉ាច្រើនជាព្រះសង្ឃចាស់ៗ មានឋានៈខ្ពស់។ ឧទាហរណ៍ព្រះសង្ឃទាំងនេះបានព្យាយាមប្រឆាំងនឹងការប្រមាថវត្តអារ៉ាមរបស់ព្រះអង្គ។ ជាទូទៅ ព្រះសង្ឃទាំងនេះមិនត្រូវគេសម្លាប់ដោយសារជាព្រះសង្ឃទេ តែគឺដោយសារមិនព្រមស្តាប់តាមបង្គាប់
របស់ពួកខ្មែរក្រហម (សឹក រៀបការ សម្លាប់សត្វ ឬពីព្រោះព្រះសង្ឃមានៈចង់បន្តប្រតិបត្តិព្រះពុទ្ធសាសនា)។
លោកអៀន ហារី វាយតម្លៃថា បើទោះជាមានព្រះសង្ឃមិនជាច្រើនដែលចុះញ៉មនឹងពួកអាវខ្មៅខោខ្មៅ
ដែលចង់ធ្វើព្រះសង្ឃទៅធ្វើការងារដូចប្រជាជនឯទៀតដែរក៏ដោយ ដើមកំណើតដើមនៃបុព្វជិត។
«មនុស្សជាច្រើនគ្មានបំណងខ្លាំងក្លាក្នុងការបន្តការសិក្សាព្រះពុទ្ធសាសនាទេ។ អ្នកទាំងនោះជា
បុរសក្រីក្រវ័យក្មេង ត្រូវបានជំរុញពីក្រុមគ្រួសារអោយចូលបួសដើម្បីបានផលចំណេញផ្នែកសេដ្ឋកិច្ច
ក៏ដូចជាការអប់រំ និងសាសនចក្រផងដែរ។ ពួកគេមិនចង់រស់នៅវត្តអារ៉ាមណាស់ណាទេ
ប៉ុន្តែពួកគេគ្មានអ្វីធ្វើផ្សេងពីនេះ»។
ការបោះបង់ចោលការប្រតិបត្តិពុទ្ធសាសនា និងរាល់សញ្ញាសម្គាល់នៃសាសនានេះអាចបង្កើនភ័ព្វសំណាងនៃការរស់រានមានជីវិត។ ព្រះសង្ឃភាគច្រើន
បានយល់ព្រម ហើយលាចាកសិក្ខាបទ ព្រោះដើម្បីកុំអោយប៉ះពាល់គោលការណ៍របស់ពុទ្ធសាសនាហិនយាន។ អ្នកស្រាវជ្រាវរូបនេះរម្លឹកថា វត្តភាគច្រើនត្រូវបានគេលុបបំបាត់ព្រះសង្ឃ«ជាមួយនឹងអំពើហិង្សាតិចតួចបំផុត»។ លោកបន្ថែមទៀតថា ព្រះសង្ឃទី១ដែលមិនព្រមបង្ហាញភាពសហការ ត្រូវគេសម្លាប់នៅនឹងកន្លែង។ នេះជាការបង្ហាញដ៏ល្អមួយដើម្បីអោយព្រះសង្ឃដទៃទៀតខ្លបខ្លាច។ លោកអៀន ហារី លើកឡើងជាបឋមពីលក្ខណៈពិសេសរបស់សាសនាព្រះពុទ្ធ ដែល«មិនចង់កសាងផ្លូវលោកទេ ប៉ុន្តែគឺធ្វើយ៉ាងណាអោយបានទៅឋាននិព្វាន្ត»។ បើអីចឹង តើព្រះសង្ឃទៅប្រឆាំងនឹងពួកខ្មែរក្រហមធ្វើអ្វី?

No comments:

Post a Comment