Saturday, February 21, 2009

រាត្រីស្រមោលសមួយ បានប្រារពឡើង

ប្រ៊ុសស៊ែលៈ រាត្រីស្រមោលសមួយ បានប្រារពឡើង កាលពីខែកញ្ញាកន្លងទៅនេះ នាសាលដ៏ធំ ក្នុងឧស្យានមួយ នៃទីក្រុងប្រ៊ុសស៊ែលប្រទេសប៊ែលស៊ិក។ ការប្រារពពិធីនេះ ធ្វើឡើងដើម្បីប្រមូលថវិកាសាងសងអគារក្មេងកំព្រា នៅតំបន់ស្ទឹងឆាយ (ក្បាលឆាយ) ក្នុងក្រុងព្រះស៊ីហនុ។
លោក នួន ប៊ុនហេង ជាប្រធានសមាគមន៍មិត្ដភាពខ្មែរ ប៊ែលស៊ិក និងជាប្រធានមូលនិធិជួយក្មេងកំព្រា មានប្រសាសន៍ថា ដោយមើលឃើញពីភាពលំបាកវេទនា របស់ក្មេងកំព្រា នៅតំបន់រមណីដា្ឋន ក្បាលឆាយ និងមណ្ឌលទេសចរណ៍នានា ក្នុងក្រុងព្រះសីហនុ ទើបលោក រួមជាមួយបងប្អូនខ្មែរ រស់នៅប្រទេសប៊ែកស៊ិក បានរួបរួមគា្នឡើង ដើម្បីបង្កើតគំរោងសាងសងមជ្ឈមណ្ឌលក្មេងកំព្រានេះឡើង។
គំរោងសាងសងនេះនឹងត្រូវចំណាយអស់ប្រមាណទឹកប្រាក់ចំនួន៧ម៉ឺនដុលា្ល សំរាប់ជំហានដំបូង នាខែវិច្ឆិការនេះ។ ដើម្បីសំរេចគំរោងនេះ លោកនួន ប៊ុនហេងនិងក្រុមរបស់គាត់កំពុងតែស្វះ ស្វែងរកថវិកាពីសំនាក់សប្បុរសជនខ្មែរ និងបរទេសដើម្បីអោយចប់សព្វគ្រប់នាឆ្នាំក្រោយ។ លោក បញ្ជាក់ថា បនា្ទប់ពីសាងសង់រួច មជ្ឈមណ្ឌលនេះ នឹងប្រមូលផ្តុំក្មេងកំព្រាទាំងនោះដោយផ្ដល់កន្លែងសា្នក់នៅសមរម្យ អាហារ រៀនសូត្រ និង ជំនាញមួយចំនួនដូចជា កាត់ដេរ ចញ្ចឹមសត្វ និងចំលាក់។
ដោយមានសេចក្កតីអាណិតនិងស្រលាញ់ក្មេងៗ លោក នួន ប៊ុនហេងនិយាយថា៖ «យើងនឹងព្យាយាម អប់រំក្មេង ទាំងនោះអោយកា្លយជាពលរដ្ឋល្អក្នុងសង្គម ដែលអាចពឹងពាក់លើខ្លួនឯងបាន។»
អ្នកស្រី យិន សុវណា្ណ គណនេយ្យករគំរោងសាងសង់ មជ្ឈមណ្ឌលនេះ មានប្រសាសន៍ថា ប្លង់អគារនេះ សង់ពីបេតុងលើផ្ទៃដី ទំហំបណោ្ដយ១២០ម៉ែត្រ ទទឹង ២០ម៉ែត្រ ដែលមានកំពស់ពីរជាន់។ គណនេយ្យកររូបនេះ បន្ថែមទៀតថា អគារនឹងបែងចែកចេញជា បន្ទប់សំរាប់ក្មេងគេង ការិយាល័យសំរាប់បុគ្គលិកធ្វើការ បន្ទប់បាយ និងទីធា្លសំរាប់ក្មេងរត់លេង។
ជាមួយនឹងទឹកចិត្តស្រដៀងគ្នានេះ មានមិត្ដបរទេសមួយចំនួន ក៏ដូចជា អង្គការសប្បុរសជនខ្លះ បានសន្យា នឹងជួយដល់គំរោងនេះ ប៉ុន្ដែគេចាំមើល ការសាងសង់អគារសិន។ លោកស្រី យិន សុវណា្ណ បញ្ជាក់ថា៖ «លុយសំរាប់ ជួយចិញ្ចឹមអប់រំក្មេង មិនមានបញ្ហាចោទឡើយ ដោយឡែកចំនុចដែលសំខាន់គឺថវិកាសាងសង់អគារ»។
ភារៈធារីស្ដីទីនៃសា្ថនទូតខ្មែរប្រចាំប្រទេសប៊ែស៊ិក លោក នង សាកល ប្រាប់អោយដឹងថា លោកមានការសប្បាយ ចិត្ដ និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្ដ របស់ប្រជាពលរដ្ឋខ្មែរ នៅប៊ែលស៊ិកទាំងអស់ ដែលបានចូលរួម អភិវឌ្ឍន៍ប្រទេស តាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល កម្ពុជា។
លោក ភារៈធារីស្ដីទី បានបន្ដថា ទោះបីជាពួកគាត់បានសុខសប្បាយហើយក្ដី ប៉ុន្ដែ ពួកគាត់នៅតែ នឹកឃើញពីគ្រា លំបាក ដែលជំរុញទឹកចិត្ដគាត់ នឹកដល់ស្រុកកំនើត។ ពួកគាត់បានជួយកសាង សាលារៀន ជីកអណ្ដូងទឹក ធ្វើសា្ពន់ ថា្នល់ជាច្រើន រួចមកហើយ។
លោក នួន ប៊ុនហេង ជាប្រធានគំរោងបាន សំណូមពរដល់រាជរដា្ឋភិបាលថ្មីនេះ មេតា្ដដាក់ជាគោលនយោបាយ បន្ថែមទៀតក្នុងការជួយលើកកំពស់ក្មេងអនាថា ក្មេងកំព្រា ជនពិការ ដើម្បីឲ្យពួកគាត់មានអនាគត់ល្អ និងឈាន ទៅដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសទាំងស្រុង។

ប៊ែលស៊ិកជាប្រទេសតូចមួយក្នុងទ្វីបអឺរ៉ុប

ប៊ែលស៊ិកជាប្រទេសតូចមួយក្នុងទ្វីបអឺរ៉ុប ប៉ុន្ដែខាងកិច្ចការទំនាក់ទំនងអន្ដរជាតិ និងសា្នក់ការនយោបាយធំៗ គឺមានវត្តមាននៅក្នុងប្រទេសនេះ ហើយអ្វីដែលគេមិនអាចបំភ្លេចបាន ជាពិសេសនោះ រាជធានីប្រ៊ុសស៊ែល នេះតែ ម្ដង។ សា្ថនទូតនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្កើតឡើងនៅទីនោះដើម្បីផ្សាភ្ជាប់ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ រវាងសហគមន៍អឺរ៉ុបនិងកម្ពុជាផងដែរ។

ក្រោមសេចក្ដីសំរេច របស់រាជរដា្ឋភិបាលកម្ពុជា សា្ថនទូតខ្មែរ ប្រចាំប្រទេសប៊ែលស៊ិក បានបង្កើតឡើង ក្នុងឆ្នាំ២០០៥ ក្រោមការដឹកនាំ របស់លោកជំទាវ ស៊ុន សាភឿន ឯកអគ្គរាជទូតខ្មែរ។ បនា្ទប់ពីបានទទួលការតែងតាំង ពីរាជរដា្ឋភិបាលកម្ពុជា លោកជំទាវ ស៊ុន សាភឿន រួមទាំងមន្ដ្រីមួយចំនួន បានរៀបចំបង្ដើតសា្ថនទូត ខ្មែរប្រចាំ ប្រទេសប៊ែលស៊ិកនេះឡើង។
លោកជំទាវ ស៊ុន សាភឿនបាននិយាយថា៖ «យើងមកដល់ភា្លម ជាមួយនឹងបាទដៃ ទទេសា្អត។ យើងស្វះស្វែងរក ទីតាំង ទិញសំភារៈ រថយន្ដ ដោយប្រើរយៈពេលយ៉ាងយូរទើបបានដូចសព្វថ្ងៃនេះ»។ ដោយមានការ ជួយជ្រោមជ្រែង ពីសំណាក់ ប្រជាជនខ្មែរនៅទីនេះក្នុងការរៀបចំសា្ថនទូត អ្នកស្រីបន្តថា៖ «យើងបានប៉ុណ្ណេះដោយសារ ការចូលរួមរបស់បងប្អូន ទាំងការរកទីតាំង ទាំងការងារសព្វបែបយ៉ាង។ បងប្អូនជួយខ្ញុំក៏ដូចជួយជាតិទាំងមូល ព្រោះខ្ញុំធ្វើអ្វីៗដើម្បីជាតិរបស់យើង។»
ភារៈធារីស្ដីទីនៃសា្ថនទូតខ្មែរប្រចាំប្រទេសប៊ែស៊ិក លោក នង សាកល មានប្រសាសន៍ថា ថ្វីត្បិតតែសា្ថនទូត មានទំហំតូចប្រៀបធៀបនឹងប្រទេសដ៏ទៃ ប៉ុន្ដែទំហំការងារនិងតួនាទីរបស់វា គឺមានសារសំខាន់ ណាស់មិនចាញ់ ប្រទេសផ្សេងឡើយ។ គាត់បន្ដថា ការងាររបស់សា្ថនទូតនេះមានទំនាក់ទំនងការទូតជាមួយប្រទេស៤គឺ ប្រទេសនីឌឺលែន(ហូឡង់) លុចសំប៊ួ អូទ្រីស និង ប្រទេសប៊ែលស៊ិក ហើយការងារដ៏សំខាន់មួយ ទៀតនោះ គឺទំនាក់ ទំនងរវាងសហភាពអឺរ៉ុបនេះតែម្ដង។
ទាក់ទងនឹងលទ្ធផល នៃការទំនាក់ទំនង ការទូតជាមួយ ប្រទេសទាំង៤ខាងលើ លោក នង សាកល បានបន្ថែមថា៖ «ប្រទេសទាំងនេះបានជួយយើងយ៉ាងច្រើន ដូចជា បានគាំទ្រកម្ពុជាយើងនូវភាព ជាដៃគូនយោបាយ នៅសហគមន៍ អន្ដរជាតិ ព្រមទាំងបានផ្ដល់ជំនួយបច្ចេកទេស ភាពជាដៃគូយ៉ាងល្អលើ វិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ជាដើម។»
ទាំងមានទឹកចិត្តសប្បាយ លោក នង សាកល បានបញ្ជាក់ថា៖ «ចំពោះកន្លែងធ្វើការ មិនសំខាន់ឡើយ តែយើង បានប្ដេជា្ញចិត្ដខ្ពស់ ដើម្បីសំរេចការងារជូនជាតិរបស់យើង ទោះបីជាមានមន្ដ្រីសា្ថនទូតតិចក៏ដោយ ប៉ុន្ដែយើងបាន ប្រឹងប្រែងបំពេញភារកិច្ចអស់ពីសមត្ថភាព។»
លោក នង សាកលយល់ឃើញថា បនា្ទប់ពីបានបោះជំហ៊ានតាំងពីឆ្នាំ២០០៥មក សា្ថន ទូតបានចូលរួមចំណែក នាំកម្ពុជាអោយសហគមន៍អឺរ៉ុបសា្គល់កាន់តែច្បាស់ ពីភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្ដរជាតិ។ ការផ្សាភា្ជប់ទំនាក់ទំនង ការទូតបានជំរុញឲ្យប្រទេសកម្ពុជាមានភាពរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងការគោរពសិទ្ធិមនុស្ស។
សហគមន៍អឺរ៉ុប ជាសហគមន៍មានការរីចំរើន ដែលប្រទេសលើសាកលលោកកោតស្ញប់ស្ញែង លោក នង សាកល យល់ឃើញថា សហគមន៍អឺរ៉ុប បានចូលរួមចំណែកជួយ អភិវឌ្ឍន៍ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ និងភាពជាដៃគូ យ៉ាងល្អជាមួយកម្ពុជា។ តួយ៉ាងកម្ពុជាបានកំពុងនាំចូល ផលិតផលកាត់ដេរ ចូលមកក្នុងសហគមន៍អឺរ៉ុប។ ថ្មីៗនេះ ផងដែរ ក្រុមប្រតិភូសង្កេតការបោះឆោ្នតអឺរ៉ុប ក៏បានចុះសង្កេតការ ពីដំណើរប្រព្រឹត្ដទៅ នៃការបោះឆោ្នតជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី៤នៅកម្ពុជាទៀតផង។
គួបញ្ជាក់ដែរថា នៅរាជធានីប្រ៊ុសស៊ែល្ស គឺជាទីកន្លែងដែលផ្នែកទំនាក់ទំនងអន្តរជាតិធំៗ មានវត្តមាននៅទីនេះ ដូចជាសា្នក់ការសភាអឺរ៉ុប ក្រុមប្រឹក្សាសហភាពអឺរ៉ុប គណៈកមា្មធិការសហគមន៍អឺរ៉ុបដែលមានសមាជិកទាំង២៧ប្រទេស ហើយចំនុចមួយទៀតនោះគឺទីសា្នក់ការអង្គការ ណាតូរឺអូតង់(NATO) ក៏មានទីតាំងនៅទីនេះផងដែរ។
ទាំងទឹកមុខញញឹមរួមនឹងសំដីរោះរាយរាក់ទាក់ពេលបានជូបជនជាតិខ្មែរ អ្នកស្រី ឈឹម សុវណ្ណនី អាយុ ៤៧ឆ្នាំ ដែលបានមករស់នៅប្រទេសប៊ែលស៊ិក តាំងពីឆ្នាំ២០០៤មក បាននិយាយថា៖ «បងប្អូនខ្មែរយើងតែងតែមកជួបជុំគា្ន ៣ទៅ៤ដង ក្នុងមួយឆ្នាំ ដូចជា ក្នុងពិធី បុណ្យទាន ចូលឆ្នាំខ្មែរ និងពិធីអង្គាសប្រាក់ជួយកុមារ កំព្រានៅកម្ពុជា ជាដើម។ បងប្អូនខ្លះគាត់ធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីមកជួបគា្ន។ »

មានប្រសាសន៍ស្រដៀងគ្នានេះដែរ លោក ឡេង ឃុនហេង តំណាង ប្រជាពលរដ្ឋខ្មែរ នៅប៊ែលស៊ិកបាន មាន ប្រសាសន៍ថា លោកជំទាវ ស៊ុន សាភឿន ជាស្ដ្រី ដែលបានបង្កើតសា្ថនទូតតំបូង នៅប៊ែលស៊ិក។ «គាត់បានដឹកនាំ ពួកយើង ឲ្យរក្សា នូវទំនៀមទំលាប់និងប្រពៃណី ដ៏ផូរផង់របស់ជាតិខ្មែរ។»
រួមជាមួយគ្នានេះ លោក នង សាកល ភារៈធារីស្ដីទី ប្រចាំសា្ថតទូត ខ្មែរនៅប៊ែលស៊ិក បាននិយាយ ទៅកាន់បងប្អូនខ្មែ ដែលរស់នៅក្រៅប្រទេសទាំងអស់ថា៖ «សូមចាត់ទុកសា្ថនទូត ហាក់បីដូចជាប្រទេសរបស់ខ្លួន ពេលមានបញ្ហាអ្វី សូមនឹកដល់សា្ថនទូត ពួកយើង នៅចាំជួយ គ្រប់ពេលវេលា។ សូមកុំមានការរអែងចិត្ដអោយសោះ»៕

សាលាក្រុងភ្នំពេញ និងក្រុមហ៊ុន ៧NG នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩

សាលាក្រុងភ្នំពេញ និងក្រុមហ៊ុន ៧NG នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ បានសំរេចផ្តល់ ទឹកប្រាក់ចំនួន ២០.០០០
ដុល្លារ ក្នុងមួយគ្រួសារ សំរាប់ឲ្យប្រជាពលរដ្ឋ ផ្លាស់ទីលំនៅ ចេញពី តំបន់ដីក្រហម ដើម្បីយក តំបន់នោះ ធ្វើការ អភិវឌ្ឍន៍ដោយសាងសង់អគារពាណិជ្ជកម្មជំនួសវិញ ។ ផ្ទុយទៅវិញប្រសិនបើប្រជពលរដ្ឋ នៅតែមិនយល់ព្រម យកចំនួនទឹកប្រាក់នេះ តំលៃអាច នឹងធ្លាក់ មក នៅ ១៥.០០០ ដុល្លារវិញ ។
ក្នុងចំនោមប្រជាពលរដ្ឋចំនួន ១.៤៦៥ គ្រួសារនៅតំបន់ដីក្រហម នៅសល់តែ ៩១ គ្រួសារតែប៉ុណ្ណោះ ដែលមិនព្រម ទទួលយក សំណើររបស់ក្រុមហ៊ុន។ ចំពោះគ្រួសារដែលស្ម័គ្រចិត្ដទទួលយកផ្ទះ ក្រុមហ៊ុនបានផ្ដល់នូវផ្ទះ១ល្វែង ទំហំ ៤ ម៉ែត គុណ ១២ ម៉ែត សំរាប់មួយគ្រួសារ រួមជាមួយ ទឹកប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៧៧៧.៧០០ រៀល អង្ករ ៣០គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និង ធុងទឹកចំណុះ៦០លីត្រ ចំនួនមួយ។ ចំនែកគ្រួសារ ដែលស្ម័គ្រចិត្ដទទួលយកប្រាក់ជំនួសផ្ទះល្វែង ក្រុមហ៊ុនបានផ្ដល់លុយចំនួន ១៥.០០០ ដុល្លារ ព្រមទាំង សំភារៈ ឧបត្ថម្ភបន្ថែមដូចខាងលើ។
កន្លងមកមានប្រជាពលរដ្ឋខ្លះ ទាមទារលុយពីក្រុមហ៊ុនចំនួនពី ៣០.០០០ ទៅ ៦០.០០០ដុល្លារ ហើយក្រុមហ៊ុន ក៏បាន ឆ្លើយតបទៅវិញថា មិនអាចផ្ដល់ឲ្យក្នុងតំលៃខ្ពស់ដល់ថ្នាក់ហ្នឹងឡើយ។
ទាំងទឹកមុខក្រៀមក្រំ និងទទួលបន្ទុកចិញ្ចឹមចៅចំនួន បួននាក់ អ៊ំស្រី ស៊ឹម សារីន រស់នៅតំបន់ដីក្រហម បានឲ្យដឹង ថា ប្រជាជននៅទីនេះសុទ្ធតែអ្នកក្រ ភាគច្រើនប្រកបរបរលក់ដូរតិចតូចគ្រាន់ចិញ្ចឹមគ្រួសារ។ «បើឲ្យពួកយើងរើទៅ កន្លែងផ្សេង តើពួកយើងបាន អីហូប ហើយរកស៊ីអីទៅ ព្រោះតំបន់ដែលត្រូវ ផ្លាស់ទៅនៅឆ្ងាយ ប្រហែល ៥០គីឡូ ម៉ែត ពីភ្នំពេញ»។
នៅក្នុងកិច្ចប្រជុំតុមូលស្ដីពី «ការអភិវឌ្ឍតំបន់ដីក្រហម និង ដំណោះស្រាយ» រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅ សណ្ឋាគារសាន់វ៉េ (SUN WAY) កាលពីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៩ លោកបណ្ឌិត ឈឹម ផលវរុណ នាយក វិទ្យាស្ថានពលរដ្ឋវិជ្ជា បានសង្កត់ធ្ងន់ថា ផ្អែកលើច្បាប់ភូមិបាល ប្រជាពលរដ្ឋនៅតំបន់ដីក្រហម ដែលរស់នៅ លើផ្ទៃដីទំហំប្រមាណ ៣,៦ ហិចតា គ្មានកម្មសិទ្ធិក្នុងការកាន់កាប់ដីធ្លីទាំងនោះឡើយ។
«ច្បាប់ភូមិបាលបានចំនាយពេល៩ខែក្នុងរដ្ឋសភា ដើម្បីកែលំអលើបញ្ហាតំបន់ដីក្រហម ហើយច្បាប់នេះ បានបន្ទន់ ច្រើនហើយ សំរាប់ការដោះស្រាយជាមួយប្រជាពលរដ្ឋនៅទីនោះ» នេះបើតាមប្រសាសន៍របស់លោក បណ្ឌិត ឈឹម ផលវ រុណ។ «ពេលខ្លះពួកគាត់ទាមទារហួសហេតុពេក គឺលើសពីអ្វីដែលពួកគាត់គួរទទួលបាន»។
ក្នុងកិច្ចប្រជុំកាលពីព្រឹកមិញនេះផងដែរ ឯកឧត្ដម ម៉ាន់ ឈឿន អភិបាលរងរាជធានីភ្នំពេញបានរំលឹកថា កាលពីខែ មិនា ឆ្នាំ២០០៦ប្រជាពលរដ្ឋក្នុងសហគមន៍ដីក្រហមបានជួបពិភាក្សាជាច្រើនលើក ច្រើនសារជាមួយក្រុមហ៊ុន ៧NG ហើយ បានឯកភាពគ្នាជាមួយអាជ្ញាធរដែនដី រៀបចំកិច្ចសន្យាសាងសង់ផ្ទះ ជាន់ផ្ទាល់ដីសំរាប់១គ្រួសារទទួលបាន ផ្ទះ១ល្វែង ទំហំ ៤ម៉ែត គុណ ១២ម៉ែត សរុបចំនួន១៤៦៥ល្វែងដើម្បីប្ដូរជាមួយទីតាំងចាស់នៅសហគមន៍ដីក្រហម ជូនទៅ ក្រុមហ៊ុន ដើម្បីធ្វើការអភិវឌ្ឍន៍ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល។
គួរជំរាបជូនផងដែរថា លទ្ធផលនៃការរៀបចំផ្ទេរលំនៅដ្ឋានប្រជាពលរដ្ឋ ពីសហគមន៍ដីក្រហម ខណ្ឌចំការមន មករស់នៅទីតាំងថ្មី ក្នុងបុរីសន្ដិភាព២ ខ័ណ្ឌដង្កោ មកដល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួន១.៣៧៤គ្រួសារ ស្មើនឹង ៩៣% នៃចំនួនសរុប១.៤៥៦ គ្រួសារបានយល់ព្រម និងផ្លាស់ទីលំនៅរួចរាល់ហើយ នៅសល់តែ ៩១ គ្រួសារ ទៀត ដែលមិនព្រមចាកចេញ។