Wednesday, October 14, 2009

ជីវិត​​អាពាហ៍ពិពាហ៍: នំ​កំពុង​ពង្រីក​ខ្លួន​​ឲ្យ​ធំ​ជាង​​នាទ្បិ

សុភាសិត​ខ្មែរ​ "នំ​មិន​ធំ​ជាង​នាឡិ" កំពុង​​ឃ្លាត​ឆ្ងាយ​ពី​កម្ពុជា​​បន្តិច​ម្ដងៗ​ហើយ។ សុភាសិត​ខ្មែរ​​មួយ​នេះ​​មាន​អាយុ​កាល​​តាំង​ពីរ​យូរយារ​ណាស់​មក​ហើយៗ​វា
​ បាន​បង្កប់​​នូវ​អត្ថន័យ​យ៉ាង​ច្បាស់​ថា​ "ឪពុក​ម្ដាយ​គឺ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​លើ​ការ​ទុក​ដាក់​កូន​ចៅ​ទាំង​ ស្រុង"។ ប៉ុន្តែ​សម្រាប់​ពេល​បច្ចុប្បន្ន​ ជា​ពិសេស​នៅ​ទី​ក្រុង​ធំៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាតាបិតា​​មិន​មាន​សិទ្ធិ​អំណាច​​ពេញ​ទំហឹង​​ដូច​កាល​ពី​អតីតកាល​ទៀត​ឡើយ​ ក្នុង​ការ​ជ្រើសរើស​គូ​ស្រករ​ឲ្យ​បុត្រា​បុត្រី​របស់​ខ្លួន។
គ្រូ​ស្រករ​វ័យ​ក្មេង​ខ្មែរ​ក្នុង​សតវត្សរ៍​ទី​២១​មួយ​ចំនួន​ធំ​ជា​ពិសេស ​នៅ​ទី​ក្រុង​ភ្នំពេញ ​បាន​សម្រេច​រៀបការ​ជាមួយ​គ្នា​តាម​ការ​សម្រេច​ចិត្ត​​រវាង​គូ​ស្នេហ៍​ ទាំងពីរ​នាក់​ ពោល​គឺ​មិន​មាន​កិច្ច​អន្តរាគមន៍​ច្រើន​ពី​ចាស់​ទុំ​ឡើយ។ និយាយ​បែប​សាមញ្ញ​គូ​ស្នេហ៍​វ័យ​ក្មេង​ទាំងពីរ​នាក់​​ស្រឡាញ់​គ្នា​មើល​ ចិត្ត​​ថ្លើម​គ្នា​អស់​ចិត្ត​​សិន​ទើប​ពួក​គេ​ណែនាំ​ខ្លួន​គេ​ទាំងពីរ​នាក់​ ទៅ​ឲ្យ​​ឪពុកម្ដាយ​ទាំង​សង​ខាង​ជើង។
នេះ​គឺ​ជា​ករណី​អ្នកស្រី​ ណារី​ អាយុ​២៦​ឆ្នាំ​ ដែល​រៀបការ​អស់​រយៈពេល​​៣​ឆ្នាំ​មក​ហើយ។ នាង​ណារី​ ជា​បុគ្គលិក​របស់​ធនាគារ​​ឯកជន​​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​ ហើយ​ស្វាមី​​របស់​អ្នក​ស្រី​​ក៏​ជា​អ្នក​ធ្វើការ​នៅ​ក្នុង​ធនាគារ​នោះ​ដែរ។
គូ​ភរិយា​វ័យ​ក្មេង​ទាំងពីរ​នាក់​នេះ​ចំណាយ​ពេល​ពេញ​មួយ​ឆ្នាំ​ដើម្បី​ ស្គាល់​ចិត្ត​គ្នា​ ​មុន​ពេល​ដែល​ពួក​គេ​សម្រេច​ចិត្ត​ចូល​រោង​ការ។ ស្ត្រី​កូន​មួយ​រូប​នេះ​បាន​និយាយ​ថា​ "ខ្ញុំ​ចង់​បាន​ស្វាមី​​​មួយ​​ដែល​ខ្ញុំ​​​ជ្រើសរើស​ដោយ​ខ្លួន​ឯង។ ខ្ញុំ​រើស​ដោយ​ខ្លួន​​ឯង​ ប្រសិន​​បើ​ខុស​ ខ្ញុំ​ជា​​អ្នក​ទទួល​ខុសត្រូវ។ ប៉ុន្តែ​​បើ​ឪពុកម្ដាយ​រើស​ឲ្យ​ ខ្ញុំ​ប្រាកដ​ជា​មាន​អារម្មណ៍​ទម្លាក់​កំហុស​ទៅ​លើ​ពួក​គាត់។ អ្នក​នាង​ណារី​បាន​និយាយ​បន្ត​ទៀត​ថា​ នាង​ស្រឡាញ់​​ដោយ​ខ្លួន​ឯង​​មែន​ ប៉ុន្តែ​នាង​បាន​ពិគ្រោះ​យោបល់​យ៉ាង​ម៉ត់ចត់​ជាមួយ​ឪពុកម្ដាយ​ និង​បងប្អូន​ មុន​នឹង​ឈាន​ដល់​ថ្ងៃ​រៀបការ​នោះ។ នាង​​បាន​បញ្ជាក់​ថា​ ឪពុកម្ដាយ​​របស់​នាង​មិន​ជំទាស់​និង​សំណើ​របស់​នាង​ទេ។ អ្នកស្រី​ណារី​បាន​និយាយ​ទាំង​មោទនភាព​ថា​ "ខ្ញុំ​គិត​ថា​ បុរស​ដែល​ខ្ញុំ​រើស​ដោយ​ខ្លួន​ឯង​នេះ​ ពិត​ជា​មិន​ខុស​នោះ​ទេ"។
កញ្ញា​សុភា​ម្នាក់​ទៀត​​ មាន​អាយុ​២៣​ឆ្នាំ​​ក៏​បាន​បង្ហាញ​ទស្សនៈ​ស្រដៀង​គ្នា​ទៅ​នឹង​អ្នក​ស្រី​ ណារី​ដែរ។ សុភា​​និយាយ​ថា​ "ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​រើស​គូ​ដោយ​ខ្លួន​​​ឯង​។ បើ​ឪពុកម្ដាយ​រើស​ឲ្យ​ហើយ​ខ្ញុំ​មិន​ស្រឡាញ់​នោះ​ ខ្ញុំ​មិន​ព្រម​​ទេ"។ កញ្ញា​មួយ​ចំនួន​ទៀត​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​បាន​​និយាយ​ស្រដៀងៗ​គ្នា​ថា ​ "ពួក​គេ​ត្រូវ​តែ​មើល​ងាយ​ខ្លួន​​ឯង​ជា​មុន​សិន​ មុន​នឹង​ណែនាំ​ទៅ​ដល់​ឪពុក​ម្ដាយ​នោះ"។
  • នៅ​ជនបទ​ប្រពៃណី​ចាស់​នៅ​ដិតដាម​ ប៉ុន្តែ​​និន្នាការ​ថ្មី​​កំពុង​​វាយ​លុក​
បើ​​ផ្អែក​លើ​និន្នាការ​​ជាក់ស្ដែង​​គេ​សង្កេត​ឃើញ​​ជា​ទូទៅ​ថា​​ អាពាហ៍ពិពាហ៍​ដែល​​កើត​ឡើង​ដោយសារ​គូ​ស្នេហ៍​ផ្ទាល់​ខ្លួន​​ឯង​បាន​និង​ កំពុង​រីក​សាយ​ភាយ​ខ្លាំង​នៅ​ទី​ក្រុង​ភ្នំពេញ​ និង​​ទី​ប្រជុំ​ជន​ធំៗ​នៃ​ប្រទេស​​កម្ពុជា​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​ នេះ។ រីឯ​នៅ​ជនបទ​វិញ​អាពាហ៍ពិពាហ៍​ភាគ​ច្រើន​នៅ​តែ​​រៀបចំ​ដោយ​ឪពុកម្ដាយ​ដដែល។ ប៉ុន្តែ​និន្នាការ​​ថ្មី​នេះ​បាន​ចាប់​ផ្ដើម​​ចាក់​ឫស​បន្តិច​ម្ដងៗ​នៅ​ជនបទ ​ហើយ។
អ្នកស្រី​ អៀង​ អាយុ​២៤​ឆ្នាំ ​​មាន​កូន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក​បាន​និយាយ​​ថា​ នាង​រៀបការ​​ជាមួយ​បុរស​នៅ​ក្នុង​​ភូមិ​តាម​ការ​ណែនាំ​ពី​ម្ដាយ​របស់​នាង។ នាង​អៀង​រស់នៅ​ក្នុង​ខេត្ត​តាកែវ​ បាន​និយាយ​របៀប​អៀន​ប្រៀន​បន្តិច​នៅ​​ចំពោះ​មុខ​ម្ដាយ​របស់​នាង​ថា​ "ខ្ញុំ​សម្រេច​ចិត្ត​តែ​​តាម​ម្ដាយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។​ ម្ដាយ​ឲ្យ​ខ្ញុំ​រៀបការ​​ជាមួយ​អ្នក​ណា​ ខ្ញុំ​​រៀបការ​ជាមួយ​អ្នក​នោះ"។ រំពេច​នោះ​ម្ដាយ​របស់​នាង​អៀង​ឆ្លើយ​បន្ទរ​មក​ថា​ "កូន​ចៅ​នៅ​ជនបទ​វា​ធ្វើ​​តែ​តាម​ឪពុកម្ដាយ​ប៉ុណ្ណោះ។ ខ្ញុំ​​ទុក​ដាក់​ឲ្យ​នរណា​ វា​ធ្វើ​តាម​​ខ្ញុំ​ហើយ"។
ចំពោះ​យុវជន​វិញ​​ ពួក​គេ​ក៏​​ប្រតិបត្តិ​តាម​​ចាស់​ទុំ​ភាគ​ច្រើន​ដែរ​ ប៉ុន្តែ​​ពួក​គេ​មាន​លក្ខខណ្ឌ​​មួយ​ចំពោះ​អាណាព្យាបាល។ លក្ខខណ្ឌ​នោះ​គឺ​ឪពុកម្ដាយ​​ជា​អ្នក​ណែនាំ​មែន​ ប៉ុន្តែ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​សាមី​ខ្លួន​ដែរ។
លោក​សម្បូរ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ បាន​បញ្ជាក់​ថា​ "យើង​​ធ្វើ​តាម​ឪពុក​ម្ដាយ​ ប៉ុន្តែ​​យើង​ត្រូវ​​ពិនិត្យ​ខ្លួន​ឯង​ដែរ"។
បុរស​វ័យ​ក្មេង​ម្នាក់​ទៀត​ឈ្មោះ​ សុធា​​ អាយុ​២៦​ឆ្នាំ​ ទើប​​មាន​កូន​មួយ​នៅ​ក្នុង​បន្ទុក​ បាន​និយាយ​ថា​ អាពាហ៍ពិពាហ៍​របស់​គេ​ត្រូវ​បាន​ឪពុក​​ម្ដាយ​ជា​អ្នក​រៀបចំ​ទុក​ដាក់ ​និង​ចង្អុល​បង្ហាញ។ មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្ត​តាកែវ​ ប៉ុន្តែ​​ទើប​មក​រស់នៅ​ទី​ក្រុង​ភ្នំពេញ​បាន​ជិត​មួយ​ឆ្នាំ​ លោក​សុធា​ បាន​និយាយ​ថា​ គាត់​សុខ​ចិត្ត​​ឲ្យ​ឪពុកម្ដាយ​ជា​អ្នក​បង្ហាញ​​ផ្លូវ​​ជា​ការ​​ប្រសើរ​ជាង​ ពីព្រោះ​ឪពុកម្ដាយ​មាន​​បទពិសោធន៍​ជីវិត​ជ្រៅជ្រះ​ល្អ​ជាង។
លោក​ សុធា​ បាន​និយាយ​រិះគន់​ឥរិយាបថ​យុវជន​ និង​​យុវតី​នៅ​ទី​ក្រុង​ដែល​ស្រឡាញ់​គ្នា​មុន​ថា​ គឺ​ជា​ការ​​ស្រឡាញ់​​លើ​តែ​សម្បក​ក្រៅ​តែ​ប៉ុណ្ណោះ។ លោក​ ឃី​ កត់​ សម្គាល់​ថា​ "យុវជន​​ និង​យុវនារី​​មួយ​ចំនួន​នៅ​ទី​ក្រុង​ស្រឡាញ់​គ្នា​ដោយ​ពិនិត្យ​លើ​រូប​ សម្ផស្ស​ច្រើន​ជាង​​អត្តចរិត"។
បើ​ទោះ​បី​​ជា​អាពាហ៍ពិពាហ៍​ភាគ​ច្រើន​ត្រូវ​បាន​ផ្សំ​ផ្គំ​ដោយ​ ឪពុកម្ដាយ​ក៏​ដោយ​ ក៏​និន្នាការ​ជ្រើសរើស​គូ​ស្រករ​ដោយ​ខ្លួន​បាន​និង​កំពុង​រាលដាល​ដល់​ជនបទ​ ដែរ។ ជា​ការ​ពិត​ យុវជន​​ យុវនារី​​នៅ​ក្នុង​​ស្រុក​បាទី​ ខេត្ត​តាកែវ​ ភាគច្រើន​នៅ​តែ​គោរព​ការ​សម្រេច​ចិត្ត​​របស់​ឪពុកម្ដាយ​ក្នុង​ការ​រៀប​ អាពាហ៍ពិពាហ៍​មែន​ ប៉ុន្តែ​​សម្រាប់​នារី​មក​ធ្វើ​ការ​នៅ​រោង​ចក្រ​ ភាគ​ច្រើន​ពួក​គេ​បាន​ស្រឡាញ់​គ្នា​ហើយ​ ទើប​ប្រាប់​ឪពុកម្ដាយ​​ឲ្យ​រៀបការ​ឲ្យ។
និន្នាការ​នំ​ពង្រីក​ខ្លួន​ឲ្យ​ធំ​ជាង​នាឡិ​ ត្រូវ​បាន​​អ្នក​អភិរក្ស​មួយ​​ចំនួន​រិះគន់​​យ៉ាង​ខ្លាំង។ លោក​​មៀច​ប៉ុន​ទី​ប្រឹក្សា​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ​បាន​និយាយ​រំលឹក​ថា​ កាល​ពី​ដើម​ឡើយ​​ការ​រៀបចំ​​​ទុក​ដាក់​កូន​ចៅ​ ជា​បន្ទុក​​របស់​អាណាព្យាបាល​ ទាំង​ហិរញ្ញវត្ថុ​ ទាំង​គូ​ស្នេហ៍​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ គូ​ស្នេហ៍​វ័យ​ក្មេង​ដោយ​ខ្លួន​ឯង​​ទេ​ជា​អ្នក​ទទួល​បន្ទុក​បញ្ហា​នេះ​ ទាំងអស់។ លោក​មៀច​ ប៉ុន​ អាយុ​៧៨​ឆ្នាំ​បាន​និយាយ​ថា​ កាល​ពី​សង្គម​ចាស់​ ឪពុកម្ដាយ​ជា​អ្នក​រៀបការ​ឲ្យ​កូន​ចៅ។ ឥឡូវ​ក្មេងៗ​ស្រឡាញ់​គ្នា​ជា​មុន​ ទើប​ពួក​គេ​ណែនាំ​ទៅ​ឪពុកម្ដាយ​ទាំង​សង​ខាង។
លោក​ប៉ុន​និយាយ​របៀប​ចំអក​ថា​ "ឥឡូវ​នេះ​ក្មេងៗ​ខ្លះ​មិន​ទាំង​សួរ​យោបល់​​ឪពុកម្ដាយ​របស់​ពួក​គេ​ផង​ពួក​ គេ​គ្រាន់​តែ​ជម្រាប​ប្រាប់​ប៉ុណ្ណោះ"។ លោក​ ប៉ុន​ កត់សម្គាល់​ថា​ ស្នេហា​របស់​យុវវ័យ​បច្ចុប្បន្ន​គឺ​ជា​ស្នេហា​ដែល​កើត​ចេញ​តាមរយៈ​សម្បក​ ក្រៅ​តែ​ប៉ុណ្ណោះ​​មាន​ន័យ​ថា​​ ពួក​គេ​មើល​គ្នា​តែ​សម្ផស្ស​ក្រៅ​ទេ​ រីឯ​ស្នេហា​កាល​ពី​ដើម​ គឺ​ជា​​ស្នេហា​​ដែល​កើត​ចេញ​ពី​ការ​ស៊ើប​អង្កេត​លើ​ពូជ​ពង្សវង្ស​ត្រកូល​ យូរ។
តើ​ស្នេហា​​​របៀប​ជំនាន់​ថ្មី​​ និង​​ស្នេហា​ជាន់​ចាស់​មួយ​ណា​ល្អ​ជាង?
លោក​ ប៉ុន​ និយាយ​ភ្លាម​ថា​​ ស្នេហា​រៀបចំ​ដោយ​ចាស់​ទុំ​មាន​ស្ថិរភាព​យូរ​ជាង​ស្នេហា​កសាង​​ដោយ​គូ​​ ស្នេហ៍​ខ្លួន​ឯង។ ហេតុ​ផល​ទី​មួយ​ គឺ​ថា​ចាស់​ទុំ​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​រឿង​​ស្នេហា​ ដែល​អាច​ជួយ​ជ្រើសរើស​គូ​ស្រករ​ល្អ​សម្រាប់​កូន​ចៅ​ និង​ម្យ៉ាង​ទៀត​ពួក​គេ​យល់​ដឹង​ពី​បញ្ហា​សង្គម​ច្រើន។
ចំពោះ​ហេតុ​ផល​ទី​ពីរ​វិញ​លោក​ ប៉ុន​ ពន្យល់​ថា ​ស្នេហា​បង្កើត​​ដោយ​គូ​ស្នេហ៍​ត្រូវ​បាន​កសាង​ឡើង​មុន​ពេល​រៀបការ​ជា​ច្រើន ​ឆ្នាំ​ពេក ​​ដូច្នេះ​ស្នេហា​នេះ​​អាច​ឆាប់​នឿយណាយ​​បន្ទាប់​ពី​រៀបការ​ហើយ។ ចំណែក​​ឯ​គូ​ស្នេហា​រៀបចំ​ដោយ​ឪពុកម្ដាយ​​ អាច​​មាន​ស្ថិរភាព​យូរ​​​ ពីព្រោះ​រយៈពេល​​ស្នេហា​ទើប​ចាប់​ផ្ដើម​ថ្ងៃ​រៀបការ​តែ​ម្ដង។ លោក​ប៉ុន្តែ​​បាន​អះអាង​ថា​ ​"គ្មាន​​ការ​សិក្សា​ពី​អត្រា​នៃ​ការ​លែង​​លះ​គ្នា​រវាង​ស្នេហា​ខុស​គ្នា​ នេះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​ ស្នេហា​​តាម​របៀប​បុរាណ​លែងលះ​​គ្នា​តិច​ជាង​ស្នេហា​សម័យ​ទំនើប។
ប៉ុន្តែ​ខាង​យុវវ័យ​វិញ​យល់​ថា​​ វា​ជា​ការ​ចាំបាច់​ដែល​ពួក​គេ​ត្រូវ​យល់​ចិត្ត​ថ្លើម​គ្នា​ជា​មុន​សិន​មុន​ ពេល​សម្រេច​ចូល​រោង​ការ​ ពីព្រោះ​នេះ​គឺ​ជា​អនាគត​វែង​ឆ្ងាយ​​អស់​មួយ​ជីវិត។ យើង​មិន​អាច​ធ្វើ​ការ​ជ្រើសរើស​គូ​ស្រករ​តាម​រយៈ​ការ​​ចាប់​ដាក់​នោះ​ឡើយ។
អ្នក​ស្រី​ ជា​​ វណ្ណាត​ អតីត​ នាយិកា​ នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម ​មិន​ជំទាស់​ទៅ​នឹង​និន្នាការ​ថ្មី​នេះ​ទេ​ ប៉ុន្តែ​អ្នកស្រី​សំណូមពរ​ឲ្យ​យុវជន​ជំនាន់​ថ្មី​ត្រូវ​សម្រេច​ចិត្ត​ជាមួយ​ នឹង​ការ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ សតិសម្បជញ្ញៈ​ និង​ការ​ទទួល​​ខុសត្រូវ​ខ្ពស់។
កត្តា​សេដ្ឋកិច្ច​និង​វប្បធម៌​បរទេស​​ផ្លាស់ប្ដូរ​​ផ្នត់​គំនិត​យុវវ័យ​ ជំនាន់​​ថ្មី​ និន្នាការ​​ថ្មី​នេះ​​ត្រូវ​បាន​យុវវ័យ​ និង​គូ​ស្រករ​វ័យ​ក្មេង​មួយ​ចំនួន​ពន្យល់​ថា​ គឺ​បណ្ដាល​មក​ពី​ឥទ្ធិពល​វប្បធម៌​​បរទេស។ យុវជន​ ម៉ង់​ អាយុ​២២​ឆ្នាំ​បាន​និយាយ​ថា​​ "ពួក​យើង​​ទទួល​ឥទ្ធិពល​​ពី​សង្គម​​ខាង​ក្រៅ​តាមរយៈ​តួ​កុន​បរទេស​ដែល​ សម្រេច​ចិត្ត​​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​​ក្នុង​នោះ​មាន​ការ​ជ្រើសរើស​គូ​ ស្រករ​ផង​ដែរ"។
អ្នក​ស្រី​ ជា​ វណ្ណាត​ អតីតិ​នាយិកា ​​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ បាន​ពន្យល់​ថា​ និន្នាការ​ថ្មី​នេះ​ បណ្ដាល​មក​ពី​ការ​​ផ្លាស់ប្ដូរ​​នៃ​កត្តា​សេដ្ឋកិច្ច​ សង្គម​ខ្មែរ​ និង​ការ​រីកចម្រើន​​ផ្នែក​​បច្ចេកវិជ្ជា។ ទាក់ទង​នឹង​កត្តា​សេដ្ឋកិច្ច​ អ្នកស្រី​ ជា​ ​វណ្ណាត​ ពន្យល់​ថា​ ពី​មុន​កូន​ចៅ​ទាំងអស់​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឪពុកម្ដាយ​ ទាំង​ហិរញ្ញវត្ថុ​ ទាំង​របៀប​រស់នៅ​ ប៉ុន្តែ​​បច្ចុប្បន្ន​នេះ​ កូន​ចៅ​កាន់តែ​ច្រើន​បាន​ក្លាយ​ជា​អ្នក​​ទទួល​ខុសត្រូវ​​ផ្នែក​ហិរញ្ញវត្ថុ​ ​ដោយ​ខ្លួន​ឯង​ ដូច្នេះ​ពួក​គេ​មាន​ឥទ្ធិពល​ក្នុង​ការ​ជ្រើសរើស​គូ​ដោយ​ខ្លួន​ឯង។ តាមរយៈ​ការ​ផ្លាស់ប្ដូរ​​នេះ​ អ្នក​ស្រី​បាន​បញ្ជាក់​ថា​ "តួនាទី​ឪពុកម្ដាយ​កាន់​តែ​ចុះ​ខ្សោយ​ជាង​មុន​ក្នុង​ការ​សម្រេច​ចិត្ត​លើ​ បញ្ហា​ផ្សេងៗ​ ក្នុង​ការ​មាន​ការ​ជ្រើសរើស​គូ​ស្រករ​ផង​ដែរ"។
ទាក់ទង​ទៅ​នឹង​បច្ចេកវិជ្ជា​វិញ​អ្នកស្រី​ វណ្ណាត​ បាន​និយាយ​ថា​ ដោយ​​សារ​បច្ចេកវិជ្ជា​ជឿនលឿន​នេះ​ យុវជន​អាច​ទំនាក់ទំនង​​គ្នា​បាន​ស្រួល​​ជាង​មុន។ ពី​មុន​ យុវវ័យ​មិន​ងាយ​មាន​ឱកាស​​កសាង​ស្នេហា​នោះ​ទេ​ ពោល​គឺ​ពួក​គេ​ស្ថិត​នៅ​ក្រោម​​ការ​ឃ្លាំ​មើល​របស់​អាណាព្យាបាល។
ស្នេហា​គ្នា​មុន​អាពាហ៍ពិពាហ៍​ខុស​សីលធម៌​សង្គម​
លោក​យាយ​សុខ​ អាយុ​៧៥​ឆ្នាំ​នៅ​ក្នុង​ខេត្ត​តាកែវ​ បាន​និយាយ​រិះគន់​ការ​ស្រឡាញ់​គ្នា​មុន​ថា​​ គឺ​ជា​ទង្វើ​ខុស​នឹង​សីលធម៌​ ហើយ​អាពាហ៍ពិពាហ៍​​របៀប​នេះ​មិន​សូវ​មាន​សុភមង្គល​យូរ​អង្វែង​ទេ។ លោក​យាយ​សង្កេត​ថា​ "ស្នេហា​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​ ហើយ​​បើ​ពួក​​គេ​ផ្ដេសផ្ដាស​ជាមួយ​គ្នា​ទៀត​​នោះ​​ អាពាហ៍ពិពាហ៍​នោះ​ច្រើន​តែ​មិន​បាន​សេចក្ដី​សុខ​ និង​ច្រើន​តែ​លែង​លះ​គ្នា"។
បើ​យោង​តាម​អបិយ​ជំនឿ​ ចាស់​ទុំ​ដែល​ចែកឋាន​ទៅ​ ទាំង​ខាង​ឪពុក និង​ខាង​ម្ដាយ​មិន​ពេញ​ចិត្ត​ទេ​ នៅ​ពេល​​ដែល​ដឹង​ថា​ កូន​ចៅ​ស្រឡាញ់​គ្នា​ ហើយ​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស​ជាមួយ​គ្នា​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​នោះ។
ប៉ុន្តែ​​និន្នាការ​ពិភពលោក​ពិសេស​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មនុស្ស​​ ដែល​ពេញ​វ័យ​ មាន​ចំណូល​ចិត្ត​​ជ្រើសរើស​គូ​ស្រករ​ដោយ​ខ្លួន​ឯង។​ ភាគច្រើន​ស្រឡាញ់​គ្នា​មុន​ពេល​ឈាន​ដល់​អាពាហ៍ពិពាហ៍​ពិត​ប្រាកដ។ មនុស្ស​កាន់​តែ​មាន​បំណង​​ធ្វើ​ការ​សម្រេច​កំណត់​​អនាគត​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​ពួក​គេ​មាន​ភាព​រឹងមាំ​ខាង​ហិរញ្ញវត្ថុ។ អ្វី​​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដែរ​នោះ​ នៅ​ប្រទេស​អភិវឌ្ឍន៍​ទាំង​នោះ​​ដូចជា​នៅ​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ អាមេរិក​ និង​អាល្លឺម៉ង់​​ជា​ដើម​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដល់​ទៅ​រង្វង់​៥០​ភាគរយ​ ឯណោះ​បាន​លែងលះ​គ្នា​ទៅ​វិញ។
ដូច្នេះ​​នៅ​កម្ពុជា​ តើ​ករណី​លែងលះ​គ្នា​នឹង​រឹត​តែ​កើត​ឡើង​ដែរ​ទេ​ នៅ​ពេល​ដែល​យុវជន​​ និង​យុវតី​របស់​យើង​កាន់តែ​ច្រើន​បាន​ជ្រើសរើស​យក​វិធី​ថ្មី​មួយ​នៅ​ក្នុង​ ការ​យក​ប្ដី​ ឬ​ប្រពន្ធ​ដោយ​បញ្ចប់​អ្វី​ដែល​ហៅ​ថា​​ "នំ​មិន​ធំ​ជាង​នាឡិ?"
ពេលវេលា​នឹង​អាច​ប្រាប់​យុវជន​ និង​យុវតី​របស់​យើង​ឲ្យ​ធ្វើការ​​ជ្រើសរើស​ស្វាមី​ ឬ​ភរិយា​ដែល​ពួក​គេ​អាច​រស់​នៅ​ជាមួយ​គ្នា​ដល់​ចាស់​កោង​ខ្នង។ វា​នឹង​គ្មាន​អ្វី ជា​កំហុស​ឆ្គង​ឡើយ​​នៅ​ក្នុង​ការ​ដើរ​តាម​ទ្រឹស្ដី​​នំ​មិន​ធំ​ជាង​នាឡិ​ ឬ​នំ​ធំ​ជាង​នាឡិ។ អ្វី​សំខាន់​បំផុត​នោះ​​ គឺ​ពួក​គេ​ត្រូវ​ឆ្លាត​វៃ​​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​រក​មិត្ត​មួយ​ រយ​ឆ្នាំ​ដែល​អាច​កសាង​​គ្រួសារ​​តូច​មួយ​ជា​មួយ​គ្នា​ ដោយ​​អាច​រស់នៅ​ក្នុង​ភាព​ថ្លៃ​ថ្នូរ​នៅ​ក្នុង​សង្គម។
អ្វី​ដែល​គេ​ត្រូវ​ប្រយ័ត្ន​នោះ ​​គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រវត្តិ​នៃ​អត្រា​លែងលះ​គ្នា​ដ៏​​គួរ​ឲ្យ​ខ្លាច​ នៅ​ប្រទេស​អភិវឌ្ឍន៍​ចូល​មក​សណ្ឋិត​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ធ្វើ​ឲ្យ​កុមារ​ជា​ច្រើន​កំព្រា​ឪពុក ឬ​ម្ដាយ​​ ឬ​ក៏​រស់នៅ​ដោយ​មាន​ឪពុក​ ឬ​ម្ដាយ​ដែល​មិនមែន​ជា​ឪពុក​ម្ដាយ​បង្កើត​របស់​ខ្លួន។ ការ​ស្រាវជ្រាវ​បង្ហាញ​កុមារ​ដែល​រស់នៅ​ជាមួយ​ទាំង​ឪពុក​និង​ម្ដាយ​​បង្កើត​ របស់​​ខ្លួន​ ឆ្លាត​ជាង​កុមារ​ដែល​មិន​បាន​រស់នៅ​​ជាមួយ​ទាំង​ឪពុក​និង​ម្ដាយ​បង្កើត៕

ក្រសួង​សុខាភិបាល​ត្រៀម​ចែក​ខិត្តប័ណ្ណ​៥​សែន​សន្លឹក ​ផ្សព្វផ្សាយ​ជំងឺ​ A/H1N1


លោក​ ម៉ម ប៊ុនហេង លើក​បង្ហាញ​លិខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ពី​វិធី​ការ​ពារ​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មីភ្នំពេញ៖ លោក ​ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​នឹង​ចែក​ខិត្តប័ណ្ណ​ចំនួន​៥​ សែន​សន្លឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូល​រួម​ទស្សនា​ក្នុង​ពិធី​បុណ្យ​ អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ខែ​ នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​០១-០៣​ខែ​វិច្ឆិកា​ឆ្នាំ​២០០៩
​ដើម្បី​បន្ត ​និង​ជំរុញ​ផ្សព្វផ្សាយ​នៃ​ការ​ការពារ​ ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​ថ្មី​ប្រភេទ A/H1N1។
លោក​រដ្ឋមន្ត្រី​ ម៉ម​ ប៊ុនហេង​ បាន​បន្ត​ទៀត​ថា​ "ការ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ដើម្បី​ទប់ស្កាត់​នៃ​ការ​ឆ្លង​វីរុស​ A/H1N1នៅ​ក្នុង​ពិធី​បុណ្យ​​អុំទូក​ ក្នុង​រាជធានី​ភ្នំពេញ​ ខាង​មុខ​នេះ​ បន្ទាប់​ពី​វីរុស​នេះ​បាន​ចម្លង​ដល់​ប្រជាជន​កម្ពុជា​ និង​ជនបរទេស​មួយ​ចំនួន​ដែល​មក​កម្ពុជា​ រហូត​ទៅ​ដល់​១៣៣​ករណី​ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៣​នាក់"។
លោក​ម៉ម​ ប៊ុនហេង​ បាន​បញ្ជាក់​ទៀត​ថា​ "នៅ​ក្នុង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ទាំង​នេះ​ គឺ​បាន​បង្ហាញ​នូវ​សារ​មួយ​ចំនួន​ ដើម្បី​​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំទូក​ដឹង​ពី​ការ​ ឆ្លង​នៃ​ជំងឺ​​គ្រុនផ្ដាសាយ​ A/H1N1 និង​ដឹង​ពី​វិធី​ការ​ពារ​នៃ​ជំងឺ​នេះ​ រួម​ទាំង​ការ​ព្យាបាល​នៅ​ផ្ទះ​​ហើយ​ចំពោះ​ជន​ណា​ដែល​សង្ស័យ​ ត្រូវ​​តែ​​សម្រាក​នៅ​ផ្ទះ​ លេប​ថ្នាំ​ និង​ហូប​ទឹក​ឲ្យ​បាន​ច្រើន​សម្រាប់​ការ​ព្យាបាល"។
លោក​រដ្ឋមន្ត្រី​ ម៉ម​ ប៊ុនហេង​ បាន​បន្ថែម​ថា​ កម្ពុជា​​មាន​​ការ​ព្រួយបារម្ភ​នៃ​ការ​ឆ្លង​​ពី​វីរុស​ A/H1N1 នៅ​​ក្នុង​ពិធី​បុណ្យ​អុំទូក​ខាង​មុខ​នេះ​ ប៉ុន្តែ​​យើង​ត្រូវ​តែ​អប់រំ​​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​ ដើម្បី​ការពារ​ពួក​គេ​​ពី​ជំងឺ​នេះ។
បច្ចុប្បន្ន​នេះ​វីរុស​ A/H1N1 បាន​កំពុង​​រីករាលដាល​នៅ​តាម​សហគមន៍​ជា​ច្រើន​ ប៉ុន្តែ​​ដំណើរ​នៃ​ការ​ឆ្លង​នៃ​វីរុស​នេះ​ គឺ​មាន​កម្រិត​យឺត​នៅ​ឡើយ​ ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រសួង​​សុខាភិបាល​ ក៏​ដូចជា​​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ មាន​វិធី​ការពារ​ទាន់​ពេលវេលា។
នៅ​​ក្នុង​​សន្និសីទ​សារព័ត៌មាន​ នៅ​ក្រសួង​សុខាភិបាល​ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ លោក​រដ្ឋមន្ត្រី​ ម៉ម​ ប៊ុនហេង​ បាន​បញ្ជាក់​​ទៀត​ថា​ "ឥឡូវ​នេះ​កម្ពុជា​មាន​ថ្នាំ​ប្រភេទ​ Famiflu ចំនួន​៣៣០.០០០​គ្រាប់ នៅ​ក្នុង​ស្ដុក​ដើម្បី​ព្យាបាល​​នូវ​ករណី​៣​ដែល​ធ្ងន់ធ្ងរ"។
បើ​តាម​ការ​បញ្ជាក់​របស់​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ម៉ម​ ប៊ុនហេង​ បាន​ឲ្យ​ដឹង​ទៀត​ថា​ កម្ពុជា​​មាន​ការ​ព្រួយបារម្ភ​អំពី​ករណី​ឆ្លង​នៃ​វីរុស​ A/H1N1​ នៅ​ចុង​ឆ្នាំ​២០០៩​នេះ​ ដោយសារ​តែ​ពលរដ្ឋ​ភាគ​ច្រើន​ងាយ​ទទួល​រងគ្រោះ​ជំងឺ​​គ្រុនផ្ដាសាយ​ ប៉ុន្តែ​វេជ្ជបណ្ឌិត​នឹង​ធ្វើ​ដំណើរ​ជា​ទៀងទាត់​ទៅ​កាន់​តាម​តំបន់​ដើម្បី​ ទៅ​យក​គំរូ​ពី​ជន​ដែល​សង្ស័យ​ទូទាំង​ប្រទេស​កម្ពុជា​ការ​ពិនិត្យ​ស្វែង​រក​ នូវ​វីរុស​នេះ។
ជំងឺ​គ្រុនផ្ដាសាយ​ថ្មី​ A/H1N1 បាន​ចាប់​ផ្ដើម​ជា​លើក​ដំបូង​ កាល​ពី​ពាក់កណ្ដាល​ខែ​​មេសា​ ឆ្នាំ​២០០៩​ ដែល​ផ្ទុះ​ឡើង​នៅ​ក្នុង​​ប្រទេស​មិចស៊ីកូ​ ហើយ​ជំងឺ​នេះ​បាន​រីករាលដាល​ឆ្លង​នៅ​​ក្នុង​ល្បឿន​​មួយ​យ៉ាង​លឿង​ដល់​ប្រទេស ​ជា​​ច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក​ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដែល​បាន​បញ្ជាក់​​ពី​ករណី​នេះ​ជា​​លើក​ដំបូង​ នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០០៩​ ដែល​បាន​កើត​​ទៅ​លើ" និស្សិត​ស្រី​អាមេរិកាំង​ អាយុ​១៦​ឆ្នាំ​​ម្នាក់​ ខណៈ​ដែល​និស្សិត​នេះ​​ចុះ​កម្ម​សិក្សា​មក​ប្រទេស​កម្ពុជា​ ក្នុង​ចំណោម​ពួក​គេ​នោះ។
ការ​ស្លាប់​ដោយ​សារ​វីរុស​ A/H1N1​ នៅ​​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ ក្នុង​ចំណោម​៣​ករណី​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ កើត​ទៅ​លើ​ស្ត្រី​ឈ្មោះ​ អេង​ ហេង​ អាយុ​៤១​ឆ្នាំ​ រស់នៅ​​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ បន្ទាប់​​ពី​ករណី​ទី​១​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ រំលង​រយៈពេល​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ ករណី​ទី​២​ និង​ទី​៣​ បាន​កើន​​ឡើង​ជា​បន្តបន្ទាប់​គ្នា​ កាល​ពី​ថ្ងៃ​ទី​០៥-០៦​ ខែ​តុលា​ ដែល​ករណី​ទី​៣ បាន​កើត​​ទៅ​លើ​ស្ត្រី​អាយុ​២៥​ឆ្នាំ​ ឈ្មោះ​ ឌុប​ សុគន្ធា​ បន្ទាប់​ពី​ជន​រងគ្រោះ​​រូប​នេះ​ ត្រូវ​បាន​វះ​កាត់​យក​ទារក​ចេញ​ពី​ក្នុង​ផ្ទៃ​ ហើយ​​ដោយ​សារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក​ ទើប​​ធ្វើ​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត​​នៃ​មន្ទីរពេទ្យ​​កាល់ម៉ែត​ជួយ​សង្គ្រោះ​ បន្ទាន់។
បន្ទាប់​​ពី​ជំងឺ​​នោះ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រមុខ​ដឹកនាំ​​ និង​មន្ត្រី​ក្រសួង​​សុខាភិបាល​ រួម​​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​​បាន​ប្រកាស​ និង​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​ទប់ស្កាត់​នូវ​ការ​រីករាលដាល​ឆ្លង​ ដូចជា​ ការ​បំពាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​កំដៅ​ដោយ​ស្វ័យ​ប្រវត្តិ​ ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សិង្ហបុរី​នៅ​តាម​​ច្រក​ចេញ-ចូល​ និង​ព្រលាន​យន្តហោះ​ក្នុង​ប្រទេស​កម្ពុជា។
ប្រភព​​ពី​ទី​ភ្នាក់ងារ​ស៊ិនហួរ​បាន​ឲ្យ​ដឹង​ថា​ កាល​​ពី​ថ្ងៃ​សុក្រ​ អង្គការ​​សុខភាព​ពិភពលោក​ WHO បាន​ប្រកាស​ថា​ យ៉ាង​ហោច​ណាស់​​មាន​​មនុស្ស ៤៥២៥​នាក់​ បាន​ស្លាប់​​ដោយសារ​ជំងឺ​ប្រភេទ​ថ្មី​ A/H1N1​ នេះ​ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៣៧៨.២២៣​នាក់​ បាន​ផ្ទុក​នូវ​ជំងឺ​នេះ។
ទី​ភ្នាក់ងារ​ស៊ីនហួរ​បាន​​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​​ជាង​ ៤.០០០​នាក់​នេះ​គឺ​ ៣.២៩២​នាក់​ បាន​ស្លាប់​នៅ​​ក្នុង​ទ្វីប​អាមេរិក​ ៤៨០​នាក់​ បាន​​ស្លាប់​នៅ​អាស៊ីអាគ្នេយ៍​ និង​៤១០​នាក់​ នៅ​ក្នុង​ប្រទេស​ប៉ាស៊ីហ្វិក​ ភាគ​ខាង​លិច៕

គ.ជ.ប ​បង្ហាញ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​​បោះឆ្នោត



លោក ​ស្រី​ស៊ិន ជុំបូ អនុប្រធាន​គ.ជ.ប​និង​លោក​ទេព នីថា អគ្គលេខាធិការ​គ.ជ.ប​ បាន​ជួប​ប្រជុំ​ជា​មួយ​តំណាង​គណបក្ស​នយោបាយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាក់​ទង​ទៅ​នឹង​ការ​ពិនិត្យ​បញ្ជីភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ (គ.ជ.ប) បាន​បង្ហាញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​តុលា​នេះ​
ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​តំណាង​​គណបក្ស​នយោបាយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ជាតិ-អន្តរជាតិ​ អំពី​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​គិត​​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០០៩​ នេះ​ថា​ បាន​ចំនួន​៩៥.៤៤៦​នាក់​ ដែល​លទ្ធផល​នេះ​បាន​ទទួល​ពី​ឃុំ​សង្កាត់​ចំនួន​ ១.៥២៦​​ក្នុង​ចំណោម​​ឃុំ​សង្កាត់​ទាំង​ ១.៦២១​ទូទាំង​ប្រទេស។
ខណៈ​នេះ​ដែរ​ គ.ជ.ប ក៏​បង្ហាញ​ថា​ ការ​កែ​តម្រូវ​​ឈ្មោះ​បាន​ចំនួន​ ១៦.៣៩៨​នាក់​ និង​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ ដោយសារ​អ្នក​បោះឆ្នោត​បាន​ស្លាប់​ ត្រូវ​ដក​សិទ្ធិ​ និង​ផ្លាស់​ទី​លំនៅ​ចេញ​ សរុប​ចំនួន​ ៣៣.១៤៤​នាក់។
តាម​តារាង​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​ មាន​ចំនួន​ ៨.៤០០.៤៤៨នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ៤.៣៩៤.៦៦៧​នាក់​ ហើយ​ចំនួន​ប៉ាន់​ស្មាន​​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ ចំនួន​៣៥១.៨៦២នាក់។
លោក​ ទេព​ នីថា​ អគ្គលេខាធិការ​ គ.ជ.ប បាន​មាន​ប្រសាសន៍​ថា​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​​ និង​​​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​នេះ​ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះឆ្នោត​ មាន​ឃុំ​សង្កាត់​មួយ​ចំនួន​ បាន​រង​នូវ​ខ្យល់​ព្យុះ​ និង​ជន់​លិច​ដោយ​ទឹក​ជំនន់​ មិន​អាច​ដំណើរ​ការ​ចុះ​ឈ្មោះ​​បាន​តាម​ប្រតិទិន។ ហើយ​​ចូល​ដល់​សប្ដាហ៍​ទី​២ គ្រោះ​ធម្មជាតិ​នេះ​បាន​រាលដាល​ដល់​ឃុំ​សង្កាត់​នៃ​ខេត្ត​មួយ​​ចំនួន​ទៀត។ ទោះ​យ៉ាង​នេះ​ក្ដី​ គ.ជ.ប អាជ្ញាធរ​ដែនដី​ ក្រុមប្រឹក្សា​ និង​ស្មៀន​ឃុំ​សង្កាត់​ បាន​ជំរុញ​ការងារ​ចុះ​ឈ្មោះ​នេះ​នៅ​តាម​ទី​តាំង​ដែល​មាន​សុវត្ថិភាព។
ទន្ទឹម​​នឹង​ការ​យក​ចិត្ត​ទុកដាក់​បង្កើន​ការ​ផ្សព្វផ្សាយ​​អញ្ជើញ​ ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាន់​ពេលវេលា​​នោះ​ លោក​ ទេព​ នីថា​ បាន​បញ្ជាក់​ថា​ គ.ជ.ប​ ក៏​កំពុង​ពិនិត្យ​មើល​ទៅ​​លើ​ឃុំ​សង្កាត់​ដែល​រងគ្រោះ​ ដើម្បី​បន្ថែម​រយៈពេល​​ចុះ​ឈ្មោះ​តាម​សភាព​​ជាក់ស្ដែង។
នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ លោក​ស្រី​ ស៊ិន​ ជុំ​បូ​ អនុប្រធាន​ គ.ជ.ប បាន​មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​ការងារ​សង្កេតការណ៍​ថា​ ការងារ​របស់​ គ.ជ.ប​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​យុត្តិធម៌។ ដូច្នេះ​​នៅ​ក្នុង​នោះ​ដែរ​ ការ​សង្កេត​ការណ៍​ក៏​ត្រូវ​តែ​​ធ្វើ​​ដោយ​សេរី​ និង​យុត្តិធម៌​ដើម្បី​ឲ្យ​ការងារ​បោះឆ្នោត​មាន​លក្ខណៈ​គ្រប់គ្រាន់។ ហើយ​រៀងរាល់​ពេល​បោះឆ្នោត​ យើង​តែ​ង​មាន​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ចូល​រួម។ ចំពោះ​ការ​​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​​បោះឆ្នោត​ឆ្នាំ​២០០៩​​នេះ​ គឺ​គ.ជ.ប បាន​ផ្ដល់​​ការ​អនុញ្ញាត​ដល់​អង្គការ​ចំនួន​​៤​ និង​គណបក្ស​​នយោបាយ​ចំនួន​៥​ ដែល​បាន​​ដាក់​តំណាង​ និង​អ្នក​សង្កេតការណ៍​ដើម្បី​ចូល​រួម​សង្កេតការណ៍​មើល​ដំណើរការ​ពិនិត្យ​ បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ គឺ​អង្គការ​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម​ អង្គការ​ខុមហ្វ្រែល​អង្គការ​លើក​ស្ទួយ​សុខុមាលភាព​ជន​ក្រីក្រ​ សមាគម​ស្ត្រី​សម្រាប់​អភិវឌ្ឍន៍​សិទ្ធិ​មនុស្ស​ ឧស្សាហកម្ម​ កសិកម្ម។ រីឯ​ គណបក្ស​នយោបាយ​​ទាំង​៥​នោះ​ មាន​​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សមរង្ស៊ី​ គណបក្ស​ជាតិនិយម​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ និង​គណបក្ស​សិទ្ធិ​មនុស្ស។
ជាមួយ​គ្នា​នេះ​ លោកស្រី​ ស៊ិន​ ជុំបូ​ បាន​និយាយ​លើក​សរសើរ​ថា​ ទោះ​បី​ជា​​អង្គការ​ខុមហ្វ្រែល​ បាន​មក​ចុះ​ឈ្មោះ​សុំ​សង្កេតការណ៍​យឺតយ៉ាវ​ក៏​ដោយ​ ក៏​ប៉ុន្តែ​​អង្គការ​​នេះ​បាន​ចុះ​ទៅ​ពិនិត្យ​តាម​របៀប​សម្ភាសន៍​ ហើយ​បាន​ធ្វើ​អនុសាសន៍​មក​ដល់​ គ.ជ.ប​ កាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា​នេះ។ លោកស្រី​បាន​បញ្ចេញ​មតិ​​ផ្ទាល់​ខ្លួន​ថា​ ការ​ចុះ​ទៅ​សង្កេតការណ៍​របៀប​នេះ​ គឺ​ហាក់​ដូចជា​​ពុំ​មាន​ទម្ងន់​ ព្រោះ​ថា​ វា​ពុំ​មាន​លក្ខណៈ​យុត្តិធម៌។ លោកស្រី​បាន​លើក​ឡើង​ថា​ ការ​សម្ភាសន៍​ គឺ​អ្នក​ឆ្លើយ​​ទៅ​តាម​មនោសញ្ចេតនា​របស់​ខ្លួន។ តែ​អ្វី​ដែល​យើង​ឃើញ​ផ្ទាល់​នៅ​នឹង​កន្លែង​ វា​មាន​សភាព​សុក្រឹត្យ​ជាង។ លោកស្រី​បញ្ជាក់​​ដែរ​ថា​ អនុសាសន៍​របស់​អង្គការ​ខុមហ្វ្រែល​​នោះ​ ហាក់​ដូចជា​ដើរ​ក្រោយ​ការងារ​របស់​ គ.ជ.ប មួយ​ជំហាន។
ក្នុង​កិច្ច​ប្រជុំ​នេះ​ គ.ជ.ប ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០០៩​នេះ​ ដែល​ប្រព្រឹត្ត​​ទៅ​នៅ​តាម​សាលា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ ចាប់​ផ្ដើម​ពី​ថ្ងៃ​​ទី​១​ តុលា​មក​នោះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​​ទី​២០​ តុលា​មក​នោះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២០​ខែ​តុលា​ខាង​មុខ​នេះ។ ដូច្នេះ​​កិច្ច​ប្រជុំ​​ក៏​បាន​ផ្សព្វផ្សាយ​អំពី​ការ​ត្រៀម​លក្ខណៈ​ក្នុង​ ការ​ប្ដឹង​តវ៉ា​ការ​ដោះស្រាយ​បណ្ដឹង​នៅ​ក្នុង​អំឡុង​ពេល​ពិនិត្យ​បញ្ជី​ ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​បន្ត​​ទៀត​មុន​ពេល​ ដែល​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​២០០៩​ នេះ​ត្រូវ​បាន​ប្រកាស​សុពលភាព​នោះ៕

កម្ពុជា​​នឹង​មាន​រោងចក្រ​​អគ្គិសនី​ប្រើ​ថាមពល​នុយក្លេអ៊ែរ

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជាតិ​ បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៣​ តុលា​ ឆ្នាំ​២០០៩​ថា​
នា​ពេល​ខាង​មុខ​បន្តិច​ទៀត​នេះ​ កម្ពុជា​នឹង​មាន​រោងចក្រ​​អគ្គិសនី​ប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ។
ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី​​​ ទៀ​ បាញ់​ ថ្លែង​​នៅ​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភា​ ក្នុង​ពេល​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​មក​ការពារ​​សេចក្ដី​ព្រាង​ច្បាប់​ ស្ដី​ពី​ការ​ហាមឃាត់​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធជីវសាស្ត្រ​ និង​អាវុធ​វិទ្យុ​សកម្ម។
ដោយ​ទទួល​ស្គាល់​ពី​វិនាស​សកម្ម​នៃ​ការ​ផ្ទុះ​រោងចក្រ​អគ្គិសនី​ប្រើ​ ថាមពល​នុយក្លេអ៊ែរ​នៅ​ប្រទេស​រុស្ស៊ី​ កាល​​ពី​ពេល​កន្លង​មក​ លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់​ បាន​ពន្យល់​អង្គប្រជុំ​រដ្ឋសភា​ថា​ ថាមពល​បរមាណូ​ (នុយក្លេអ៊ែរ) មាន​ផលប្រយោជន៍​សំខាន់​ណាស់​ សម្រាប់​​បម្រើ​ឲ្យ​គោលដៅ​​សន្តិភាព​ ដោយ​វា​បង្កើត​ថាមពល​អគ្គិសនី​ ដើម្បី​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​បាន​យ៉ាង​ខ្លាំងក្លា។ កន្លង​មក​រោងចក្រ​អគ្គិសនី​ប្រើ​ថាមពល​នុយក្លេអ៊ែរ​នៅ​សហភាព​សូវៀត​ត្រូវ​ បាន​ផ្ទុះ​ ហើយ​រីកសាយ​ភាយ​វិទ្យុ​សកម្ម​ បាន​បំផ្លិចបំផ្លាញ​​អាយុ​ជីវិត​មនុស្ស។ ក៏​ប៉ុន្តែ​ឆ្លង​កាត់​បទ​ពិសោធន៍​នោះ​ ​គេ​បាន​អភិវឌ្ឍន៍​ខ្លាំងក្លា​ក្នុង​ការ​​ប្រើប្រាស់​ថាមពល​បរមាណូ។ បច្ចុប្បន្ន​ (ថាមពល​បរមាណូ) គេ​ប្រៀប​ដូច​ជា​ធុង​អាគុយ​មួយ​ ដែល​អាច​យក​មក​ដំឡើង​ទៅ​ចាំ​រោងចក្រ​អគ្គិសនី​​ដោយ​មាន​ការ​គ្រប់គ្រង​ល្អ​ សម្រាប់​គោលដៅ​សន្តិភាព​ និង​​ការ​អភិវឌ្ឍន៍​ប្រទេស។ ក៏​ប៉ុន្តែ​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ​ បាញ់​ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​គម្រោង​បង្កើត​រោងចក្រ​អគ្គិសនី​ ប្រើប្រាស់​សារធាតុ​​នុយក្លេអ៊ែរ​ នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នោះ​ឡើយ។
ទោះ​​ជា​យ៉ាង​ណា​ ក្នុង​អង្គប្រជុំ​រដ្ឋសភា​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ចាប់​ផ្ដើម​ពិនិត្យ​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​ការ​​ហាមឃាត់​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម។
ជា​សេចក្ដី​ព្រាង​ច្បាប់​ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​អះអាង​ថា​ មាន​គោលដៅ​ហាមឃាត់​ជា​ដាច់​ខាត​នូវ​ ការ​​ផលិត​ការ​កែច្នៃ​ ការ​ទទួល​ កា​រផ្ទេរ​ ការ​រក្សា​ទុក ការ​ដឹកជញ្ជូន​ និង​ការ​ប្រើប្រាស់​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធជីវសាស្ត្រ​ អាវុធវិទ្យុសកម្ម​ និង​សារធាតុ​គីមី​ ដែល​ទាក់ទង​នឹង​ការ​ផលិត​អាវុធ​ទាំង​នេះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ បាន​បន្ថែម​ថា​ ច្បាប់​នេះ​ក៏​មាន​បំណង​ធានា​សន្តិសុខ​ សណ្ដាប់ធ្នាប់​ សាធារណៈ​ ការពារ​បរិស្ថាន​ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ព្រម​ទាំង​រួម​ចំណែក​ការពារ​សន្តិសុខ​ និង​សន្តិភាព​​ក្នុង​តំបន់​និង​ពិភពលោក។
ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ដែល​​មាន​១៣​ជំពូក​ និង​៣២​មាត្រា​នោះ​ បាន​កំណត់​ពី​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​ ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​​ការពារ​​ជាតិ​ប្រធាន​ និង​មាន​ការ​ចូល​រួម​ពី​អន្តរក្រសួង​ រួម​មាន​ក្រសួង​យុត្តិធម៌​ ការពារ​ជាតិ​ មហាផ្ទៃ​ សុខាភិបាល​ ឧស្សាហកម្ម​ និង​ក្រសួង​​កសិកម្ម​ជា​ដើម។
សេចក្ដី​ព្រាង​ច្បាប់​ហាមឃាត់​អាវុធ​គីមី​ ក៏​បាន​កំណត់​​ពី​ទោស​ប្បញ្ញត្តិ​ដោយ​ត្រូវ​ផ្ដន្ទាទោស​ជនល្មើស​ដាក់​ ពន្ធនាគារ​ពី​២០​ឆ្នាំ​ទៅ​៣០​ឆ្នាំ​ ឬ​អស់​មួយ​ជីវិត​ ចំពោះ​បុគ្គល​ណា​ ដែល​ផលិត​​កែច្នៃ​​ទទួល​ផ្ទេរ​រក្សា​ទុក​ ដឹកជញ្ជូន​ឆ្លង​កាត់​ ឬ​ប្រើប្រាស់​ដោយ​ចេតនា​នូវ​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម។
ក្រៅ​ពី​នេះ​ បុគ្គល​ដែល​ផលិត​ទិញ​ លក់​ កាន់កាប់​ កែច្នៃ​ ទទួល​ ផ្ទេរ​រក្សា​ទុក​ដឹកជញ្ជូន​ឆ្លង​កាត់​ ឬ​ប្រើប្រាស់​សារធាតុ​គីមី​ ដែល​យក​ទៅ​ប្រើ​ក្នុង​វិស័យ​សុខាភិបាល​ ឧស្សាហកម្ម​ រ៉ៃ​ ថាមពល​ កសិកម្ម​ និង​ការ​ស្រាវជ្រាវ​ក្នុង​គោលដៅ​សន្តិភាព​ផ្សេង​ទៀត​ដោយ​គ្មាន​លិខិត​ អនុញ្ញាត​ពី​ក្រសួង​ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវ​ពិន័យ​អន្តរកាល​ជា​ប្រាក់​ពី​២០​លាន​រៀល​ ទៅ​៥០​លាន​រៀល។
សេចក្ដី​ព្រាង​ច្បាប់​ហាមឃាត់​អាវុធ​គីមី​ថ្មី​នេះ​ បាន​អនុញ្ញាត​ឲ្យ​​មាន​​ការ​ប្រើប្រាស់​សារធាតុ​គីមី​ នុយក្លេអ៊ែរ​ ជីវសាស្ត្រ​ និង​សារធាតុ​វិទ្យុសកម្ម​ ដែល​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល​ ឧស្សាហកម្ម​រ៉ែ​ ថាមពល​ កសិកម្ម​ ការ​ស្រាវជ្រាវ​ និង​គោលដៅ​សន្តិភាព​ផ្សេង​ទៀត​ ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។
អង្គប្រជុំ​រដ្ឋសភា​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ពិនិត្យ​ និង​អនុម័ត​អង្គារ​ម្សិលមិញ​បាន​ពិនិត្យ​ និង​អនុម័ត​​លើ​សេចក្ដី​ព្រាង​ច្បាប់​ហាមឃាត់​អាវុធ​ប្រល័យ​លោក​បាន​១៧​ មាត្រា។ រដ្ឋសភា​នឹង​ពិនិត្យ​ និង​អនុម័ត​លើ​ខ្លឹមសារ​រួម​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០០៩៕

UNIFEM នឹង​រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្ដី​ពី​វឌ្ឍនភាព​របស់​ស្ត្រី​ពិភពលោក

UNIFEM នឹង​រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្ដី​ពី​វឌ្ឍនភាព​របស់​ស្ត្រី​ពិភពលោក
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​


ភ្នំពេញ​ ឆ្នាំ​ ២០០៩​ កិច្ច​​ប្រជុំ​ផ្សព្វផ្សាយ​ឯកសារ​ វឌ្ឍនភាព​របស់​ស្ត្រី​ពិភពលោក​ ឆ្នាំ​ ២០០៨/២០០៩​ នរណា​ផ្ដល់​ចម្លើយ​ដល់​ស្ត្រី? យេនឌ័រ និង​គណនេយ្យ​ភាព​ របស់​មូលនិធិ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ (UNIFEM) ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ​បណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​​ការី​ នៅ​សណ្ឋាគារ​ភ្នំពេញ​​ ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០០៩។

ឯកសារ​​របាយការណ៍​នេះ​នឹង​បង្ហាញ​ពី​ទិន្នន័យ​ថ្មីៗ​ ដែល​ជា​ភស្តុតាង​បង្ហាញ​ថា​​ការ​​ផ្ដល់​ភាព​អង់​អាច​​ដល់​ស្ត្រី​ និង​សមភាព​យេនឌ័រ​ គឺ​ជា​កំលាំង​​​​ចលករ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ បង្កើន​សន្តិសុខ​ស្បៀង កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ ពង្រឹង​ប្រព័ន្ធ​​យុត្តិធម៌​ និង​ការ​លើក​​កម្ពស់​ប្រសិទ្ធិភាព​នៃ​ជំនួយ។ គណនេយ្យភាព​ចំពោះ​ស្ត្រី​ចាប់​ផ្ដើម​​ឡើង​​ពី​ការ​បង្កើន​ចំនួន​ស្ត្រី​ជា​ តំណាង​នៅ​ក្នុង​តួនាទី​ធ្វើ​សេចក្ដី​សម្រេច រហូត​ដល់​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ពន្យល់​បកស្រាយ​ពី​អ្នក​ធ្វើ​សេចក្ដី​សម្រេច។ លើស​ពី​នេះ​ ត្រូវ​​មាន​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​លើ​ការងារ ​ផ្សេងៗ​ ហើយ​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ គឺ​ជា​និយម​ដ៏​សំខាន់​មួយ​សម្រាប់​ប៉ាន់​ប្រមាណ​ការ​អនុវត្ត​ការងារ​របស់​ មន្ត្រី​សាធារណៈ។

រួម​ជា​មួយ​របាយការណ៍​នេះ​ UNIFEM នឹង​ធ្វើការ​ផ្សព្វផ្សាយ​ឯកសារ​​មួយ​​ផ្សេង​ទៀត​ផង​ដែរ​គឺ​ "ការ ​ធ្វើ​អោយ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​សម្រេច​បាន​សម្រាប់​ទាំងអស់​គ្នា​ យុទ្ធវិធី​ផ្អែក​លើ​សិទ្ធិ​ដែល​ឆ្លើយ​តប​យេនឌ័រ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍"។ របាយការណ៍​នេះ​នឹង​ចេញ​ផ្សាយ​ជា​ភាសាខ្មែរ​ និង​អង់គ្លេស​សម្រាប់​​អ្នក​ធ្វើ​គោលនយោបាយ​ប្រើប្រាស់​ក្នុង​ការ​ ត្រួតពិនិត្យ​ និង​​ការ​សរសេរ​របាយការណ៍។ ឯកសារ​​ទាំងពីរ​នេះ​ គឺ​ជា​ធនធាន​ដ៏​មាន​​​សារប្រយោជន៍​សម្រាប់​​ប្រទេស​កម្ពុជា​ ជួយ​ដល់​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ដំណើរ​ការណ៍​ដើម្បី​សម្រេច​បាន​នូវ​ ចំណុច​ដៅ​យេនឌ័រ​ ដែល​ដាក់​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍។

កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​នេះ​ មាន​ការ​ចូល​រួម​យោបល់​ពី​វាគ្មិន​សំខាន់ៗ​មក​ពី​វិស័យ​អភិវឌ្ឍន៍​ផ្សេងៗ​ និង​ឆ្លើយ​សំណួរ​លើ​វិធានការណ៍​ទាំងឡាយ​ដែល​ធ្វើ​ឡើង​​ដោយ​អង្គការ​​របស់​ ខ្លួន​ ក្នុង​​ការ​ធានា​អោយ​មាន​គណនេយ្យភាព​ចំពោះ​ស្ត្រី។ វាគ្មិន​ទាំងនេះ​ មាន:

-លោក​ជំទាវ​ វេជ្ជបណ្ឌិត​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ ក្រសួង​កិច្ចការ​​នារី​ នឹង​បង្ហាញ​ពី​តួនាទី​របស់​​ក្រសួង​កិច្ចការ​នារី​ដែល​ជា​យន្ត​ការ​ជាតិ​មួយ ​​សម្រាប់​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ​របស់​រដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​​នានា​របស់​ក្រសួង​ សម្រាប់​ធ្វើ​ការ​បញ្ជ្រាប​យេនឌ័រ​ទៅ​ក្នុង​គោលនយោបាយ​ជាតិ/កម្មវិធី​តាម​ វិស័យ​ និង​កម្មវិធី​ កំណែ​ទម្រង់​ជាតិ​នានា​ដើម្បី​​ធានា​ថា​សិទ្ធិ​ និង​បញ្ហា​របស់​ស្ត្រី​ ត្រូវ​បាន​គេ​គោរព​ និង​ដោះស្រាយ។ លោក​ជំទាវ​​នឹង​បញ្ជាក់​ពី​សេចក្ដី​ត្រូវការ​ចាំបាច់​​ឱ្យ​មាន​ការ​ ផ្លាស់ប្ដូរ​ឥរិយាបថ​ ដើម្បី​ផ្ដល់​ភាព​អង់​អាច​ដល់​ស្ត្រី​ និង​ភាព​រីកចម្រើន​ទៅ​មុខ​របស់​សង្គម។

-លោកស្រី​ Soccoro Reyes ប្រធាន​ផ្នែក​ សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​រដ្ឋ​អារ៉ាប់​ នៃ​ UNIFEM នឹង​មាន​​ប្រសាសន៍​ពី​សមិទ្ធិផល​ថ្មីៗ​របស់​គោលដៅ​ អភិវឌ្ឍន៍​សហស្សវត្សរ៍​ ទាំង​នៅ​ក្នុង​បរិបទ​សកល​ និង​កម្ពុជា។

-លោក​ Douglas Broderick អ្នក​សម្របសម្រួល​ប្រព័ន្ធ​អង្គការ​​សហប្រជាជាតិ​​ប្រចាំ​កម្ពុជា​ នឹង​ថ្លែង​ពី​វិធានការ​ថ្មីៗ​ដែល​ប្រព័ន្ធ​សហប្រជាជាតិ​បាន​អនុម័ត​ ដើម្បី​ធានា​អោយ​មាន​គណនេយ្យភាព​ចំពោះ​បញ្ហា​​សមភាព​យេនឌ័រ។

-លោក​ Lachlan Pontifex ប្រធាន​​ភារៈ​ធារី​ភ្នាក់ងារ​​អូស្ត្រាលី​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (AusAID)​ នឹង​ធ្វើការ​​ពន្យល់​​បកស្រាយ​ពី​គណនេយ្យភាព​របស់​ដៃ​គូ​អភិវឌ្ឍន៍​ចំពោះ​ សមភាព​យេនឌ័រ​ ដោយ​លើក​យក​ការងារ​​ដែល​កំពុង​​អនុវត្ត​របស់​ AusAID ធ្វើ​​ជា​ឧទាហរណ៍។

-លោក​ស្រី​ ប៉ុក​ ណណ្ណដា​ នាយិកា​ អង្គការ​ចម្រើន​ស្ត្រី​ នឹង​ធ្វើ​ការ​ពិភាក្សា​ទៅ​លើ​​ការ​​ចូល​រួម​របស់​ស្ត្រី​ក្នុង​ឆាក​​នយោបាយ​ និង​ តួនាទី​របស់​សង្គម​ស៊ីវិល​ក្នុង​ការ​ទាមទារ​អោយ​មាន​គណនេយ្យភាព​ និង​ការ​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ និង​ផែនការ​សកម្មភាព​របស់​រដ្ឋាភិបាល។

-លោកស្រី​ Elaine McKay ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​អង្គការ​ UNIFEM នឹង​​ធ្វើ​ជា​អ្នក​​សម្របសម្រួល​កិច្ច​​ពិភាក្សា។ លោកស្រី​ នឹង​ចូល​រួម​ផ្ដល់​យោបល់​បន្ថែម​លើ​គោលបំណង​នៃ​ការ​ផ្សព្វផ្សាយ​​ឯកសារ​​​ ទាំងពីរ​នេះ​ និង​ចំណុច​ទាក់ទង​​ទៅ​នឹង​ការ​អភិវឌ្ឍន៍​កម្មវិធី​ និង​គោលនយោបាយ​ទៅ​អនាគត។

UNIFEM​ គឺ​ជា​មូលនិធិ​របស់​ស្ត្រី​នៅ​អង្គការ​​សហ​ប្រជាជាតិ។ អង្គការ​នេះ​ ផ្ដល់​នូវ​ការ​គាំទ្រ​ជា​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ដល់​កម្មវិធី​ និង​យុទ្ធសាស្ត្រ​ល្អៗ​ ដែល​ជួយ​ដល់​ការ​លើក​​កម្ពស់​សិទ្ធិ​ ការ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ និង​សុវត្ថិភាព​សេដ្ឋកិច្ច​របស់​ស្ត្រី​។ UNIFEM ធ្វើ​ការ​ជា​ដៃ​គូរ​ជាមួយ​អង្គការ​អភិវឌ្ឍន៍​នានា​របស់​សហប្រជាជាតិ​ រដ្ឋាភិបាល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ជាមួយ​បណ្ដាញ​ដទៃ​ទៀត​ ក្នុង​គោលបំណង​លើក​កម្ពស់​សមភាព​យេនឌ័រ។ UNIFEM​ ដាក់​បញ្ចូល​បញ្ហា​ និង​កង្វល់​របស់​ស្ត្រី​ទៅ​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ តំបន់​ និង​សកល​ ដោយ​ជួយ​គាំ​ទ្រ​ដល់​​កិច្ច​​សហប្រតិបត្តិការ​ និង​​ផ្ដល់​ជំនួយ​បច្ចេកទេស​ លើ​​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ និង​ការ​ផ្ដល់​ភាព​អង់​អាច​ដល់​ស្ត្រី៕

template

ត្រូវកំចាត់បិសាចកាមគុណ

នៅ​ក្នុង​លេខ​ចេញផ្សាយ​របស់​ខ្លួន​សម្រាប់​ថ្ងៃ​សៅរ៍-អាទិត្យ​ ទី ១០-១១​ ខែ​តុលា​កន្លង​ទៅ​នេះ កាសែត​កោះ​សន្តិភាព​បាន​រាយការណ៍​ថា ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ដោយ​សារ​ការ​ចាប់​រំលោភ​ក្នុង​រយៈ​ពេល ៣ ត្រីមាស​នា​ឆ្នាំ ២០០៩ នេះ​គឺ​ជា​អនីតិជន។
កាសែត​បាន​ដកស្រង់​ការ​កត់​ត្រា​ទុក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ ​ពី​សេចក្ដី​រាយការណ៍​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ករណី​រំលោភ​សេពសន្ថវៈ​​នៅ​ក្នុង​រយៈ​ពេល​នេះ​គឺ​មាន​ចំនួន ២១៦ ករណី​ មាន​ជនរងគ្រោះ​សរុប​ទាំងអស់ ២២៥ នាក់​ ដែល​ក្នុង​នោះ​មាន​អនីតិជន​ចំនួន ១៣៧ នាក់​ ដែល​ស្មើនឹង ៦១% ហើយ​ថា ករណី​រំលោភ​សេពសន្ថវៈ​នេះ​បាន​​កើន​ឡើង ៥ ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ ២០០៨។
បើ​តាម​តួលេខ​បាន​បញ្ជាក់​ថា ខេត្ត​បាត់​ដំបង​មាន​ការ​ចាប់​រំលោភ​សេពសន្ថវៈ​រហូត​ដល់​ទៅ ៤៣ ករណី ដែល​ជា​ចំនួន​ខ្ពស់​ជាង​គេ ខណៈ​ដែល​រាជធានី​ភ្នំពេញ​ស្ថិត​នៅ​ក្នុង​លំដាប់​ទី ២ គឺ​មាន ២២ ករណី ហើយ​ថា ការ​ចាប់​រំលោភ​ដោយ​អ្នក​ជិត​ខាង​រស់​នៅ​ក្នុង​​ភូមិ​ជា​មួយ​គ្នា​មាន​ចំនួន ​ច្រើន​ជាង​គេ​គឺ​រហូត​ដល់ ១០៣ ករណី ខណៈ​ដែល ៤០ ករណី​ដោយ​សាច់​ញាតិ ៣៥ ករណី​ដោយ​អ្នក​ស្គាល់​គ្នា​ ៩ ករណី​ដោយ​សង្សារ​ និង ២៤ ករណី​​មិន​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង។
នេះ​ជា​តួលេខ​មួយ​ដែល​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​របស់​ខ្លួន។ តើ​មាន​ប៉ុន្មាន​ករណី​ទៀត ដែល​សារព័ត៌មាន​មិន​បាន​ទទួល​ ដោយ​សារ​តែ​ការ​លាក់លៀម ការ​គំរាម​មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន និង​ការ​ដោះស្រាយ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ?
បើ​និយាយ​ពី​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ គឺ​វា​កម្រ​មាន​ស្ត្រី ឬ​ក៏​កុមារ​ប្រព្រឹត្តិ​មក​លើ​បុរស​ និង​មនុស្ស​ពេញ​វ័យ​ណាស់ តែ​បញ្ច្រាស​មក​វិញ ស្ត្រី និង​កុមារ ពិសេស​កុមារី​ជា​ជន​រងគ្រោះ​នៃ ​អំពើ​នេះ។ វា​ពិត​ជា​មិន​ត្រូវ​អត់ឱន​ទាល់​តែ​សោះ​ចំពោះ​ការ​ចាប់​រំលោភ​សេពសន្ថវៈ​មក​ លើ​ស្ត្រី​ និង​កុមារ​ដែល​មាន​កម្លាំង​ទន់​ខ្សោយ ខណៈ​ដែល​ពួកគេ​ជាចលករ​មួយ​មិន​អាច​ខ្វះ​បាន ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ដូច​គ្នា​នឹង​បុរស និង​មនុស្ស​ពេញវ័យ​មួយ​ចំនួន​ដែរ​នោះ។ ជាង​នេះ​ទៅ​ទៀត អ្វី​ដែល​រឹតតែ​មិន​ត្រូវ​លើកលែង​ទោស​ទៅ​ទៀត​នោះ​គឺ​ពួក​បិសាច​កាមគុណ​ល្មោភ ​តណ្ហា ដែល​សូម្បី​តែ​កុមារ​ក៏​មិន​លើក​លែង​ឲ្យដែរ។
រឿង​ចាប់​រំលោភ​សេពសន្ថវៈ​នេះ វា​កើត​មាន​គ្រប់​សណ្ឋាន និង​មាន​ចរិត​ថោកទាប និង​ព្រៃផ្សៃ​ផ្សេងៗ​គ្នា ដូច​ជា​ថា មនុស្ស​ក្បាល​កញ្ចាស់​វ័យ​រក​ធម៌​អារ​ហើយ​នោះ​ក៏​បាន​ចាប់​រំលោភ​​ក្មេង​ស្រី​អាយុ ​ក្រោម ១០ ឆ្នាំ​ក៏​មាន។ ម្យ៉ាងទៀត រឿង​ដែល​មិន​គួរ​ឲ្យ​កើត​មាន​នោះ​គឺ​បុរស​ជា​ឪពុក​មួយ​ចំនួន​មាន​រូប​ សម្បត្តិ​ជា​មនុស្ស តែ​ចិត្ត​ជា​សត្វ​តិរច្ឆាន​ចាប់​រំលោភ​កូន​ស្រី​បង្កើត​របស់​ខ្លួន ដើម្បី​បំពេញ​កាមទេព និង​ការ​នឹក​គិត​ឃើញ​បែប​ឆ្កួត​លីលា
ជាង​នេះ​ទៅ​ទៀត វា​ពិត​ជា​សាហាវ​យង់ឃ្នង​បំផុត ដែល​ពួក​អន្តរធាន​ខ្លះ​មិន​ត្រឹម​តែ​ចាប់​រំលោភ​កុមារ​នោះ​ទេ តែ​ពួក​លោក​មហា​អប្រីយ៍​ទាំង​នោះ​បាន​សម្លាប់​ក្មេង​ស្រី​ដែល​ជា​ជន​រងគ្រោះ ​នោះ​ចោល​ទៅ​ទៀត ដូច​ជា​ករណី​ការ​រំលោភ​​សម្លាប់​យក​សព​កុមារី​​ពីរ​នាក់​ចង​ព្យួរ​នឹង​ដើមឈើ​ពី ​សំណាក់​ពពួក​ទមិឡ​ចិត្ត​អន្យតិរ្ថិយ​កាល​ពី​ថ្ងៃ​ទី ៥ ខែ ​កុម្ភៈ នា​ឆ្នាំ​នេះ​នៅ​ឯ​ខេត្ត​ពោធិ៍សាត់។ ឯ​ករណី​មួយ​ទៀត​គួរ​ឲ្យ​តក់ស្លុត​នោះ​គឺ​បាន​កើត​មាន​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ​នៅ​ក្នុង​ខេត្ត​កំពុង​ចាម​ ដែល​ពួក​អន្ធពាល​ចំនួន ៧ នាក់​បាន​រំលោភ​ក្មេង​ស្រី​អាយុ ១១ ឆ្នាំ ហើយ​មាន​មេខ្លោង​ម្នាក់​ជា​អ្នក​ដៃ​ដល់​បាន​ចាក់​ជា​ច្រើន​កាំបិត​លើ​រាង​ កាយ និង​អារក​សម្លាប់​នាង​យ៉ាង​សាហាវ​ពន់ពេក (កាសែត ឌឹ ឃែមបូឌាដេលី ថ្ងៃ ព្រហស្បតិ៍ ទី ២៤ កញ្ញា ឆ្នាំ ២០០៩) ។
តើ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​កន្លង​មក​បណ្ដាល​មក​ពី​មូលហេតុ​អ្វី?
ជា​ការ​ពិត​មាន​កត្តា​មួយ​ចំនួន​ដែល​បាន​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង ដូចជា​ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត ការ​សាបព្រួសវប្បធម៌ និង​សិល្បៈ​ស្រើបស្រាល​ហួសហេតុ រូបភាព និង​វីដេអូ​អាសអាភាស​អាច​រក​បាន​ដោយ​ងាយ​ជាដើម ខណៈដែល​ការ​អនុវត្ត​ច្បាប់​នៅ​ធូររលុង​ខ្លះ ដែល​ប្រកា​នេះ​ចាំ​បាច់​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ ស្ត្រី និង​កុមារ​របស់​យើង​ពិត​ជា​រង​គ្រោះ​កាន់​តែ​ច្រើន និង​ធ្ងន់ធ្ងរ​ជាង​នេះ។
យើង​គួរ​ពិនិត្យ​មើល​លើ​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​កម្ពុជា​របស់ ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ថា អត្រា​កុមារី​ពិសេស​នៅ​តាម​តំបន់​ជនបទ ដែល​បោះបង់​ចោល​សាលា​ចាប់​ពី​បឋមសិក្សា​ឡើង​ទៅ​នៅ​មាន​ចំនួន​ច្រើន ខណៈ​ដែល​​កុមារី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រងគ្រោះ ដោយសារតែ​ពួក​បិសាច​ស្រេកឃ្លាន​កាមគុណ​ល្មោភ​តណ្ហា។ បើ​តែ​យ៉ាង​នេះ តើ​ស្ថានភាព​ស្ត្រី​​និង​កុមារ​កម្ពុជា​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ នា​ពេល​អនាគត​នោះ?
ជា​ការ​ពិត មាន​ការងារ​ខ្លះ​ដែល​ត្រូវ​ចាត់​វិធានការ​ពង្រឹង​បន្ថែម បើ​ទោះ​ជា​មាន​ហើយ​ខ្លះ​ក៏​ដោយ។ ចំណុច​ទី​មួយ​គឺ​ការ​អប់រំ​នៅ​តាម​សហគមន៍។ ចំណុច​នេះ​ពិត​ជា​មាន​សារសំខាន់​បំផុត ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ច្បាប់​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។
កន្លង​មក​ក៏​មាន​ការ​អប់រំ​ និង​បណ្ដុះបណ្ដាល​ពី​បញ្ហា​ទប់ស្កាត់​ការ​ចាប់​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ និង​កុមារ​ នេះ​ដែរ តែ​ស្ថាប័ន​រដ្ឋាភិបាល ពិសេស​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​អប់រំ ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត​កិច្ច​សហការ​ ជា​មួយ​សហគមន៍​ភូមិ តាម​រយៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​សាលា​រៀន​បន្ថែម​ទៀត ដើម្បី​ផ្សព្វផ្សាយ​ពី​ចំណេះ​ដឹង​ទូទៅ និង​ច្បាប់​ដោយ​ឡែក​ដែល​ទាក់ទិន​នឹង​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ និង​ក្រម​ព្រហ្មទណ្ឌ។ ការ​បោះពុម្ព និង​ចែកចាយ​ប័ណ្ណ​ព័ត៌មាន​ដែល​មាន​សារ​សំខាន់ៗ​ភ្ជាប់​ដោយ​រូបភាព​ដែល​ ទាក់ទាញ​ស្ដី​ពី​បញ្ហា​នេះ​ជូន​ដល់​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន​ក៏​ជា​ មធ្យោបាយ​មួយ​ពញ្ញាក់​ស្មារតី​ដល់​អ្នក​ភូមិ​ផង​ដែរ ដើម្បី​ឲ្យ​ពួកគេ​បាន​យល់​កាន់​តែ​ច្បាស់​ពី​ទោស​ទណ្ឌ​នៃ​ការ​ប្រព្រឹត្ត​បទ ​ឧក្រិដ្ឋ​នេះ និង​មានការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន ពិសេស​ពួក​បុរសៗ​ដែល​មិន​ទាន់​បាន​យល់​ ឬ​ក៏​យល់​មិនទាន់​បាន​ច្បាស់លាស់​ពី​បញ្ហា​បទល្មើស​ដែល​បណ្ដាល​មក​ពី​ការ​ ចាប់​រំលោភ​សេពសន្ថវៈ​នេះ។
ចំណុច​ទីពីរ​ក៏​ជា​កត្តា​ដ៏​ចម្បង​ដែរ​គឺ​ការ​ពង្រឹង​ការ​អនុវត្ត​ ច្បាប់។ ស្ថាប័ន​តុលាការ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​ត្រូវ​បង្កើន​ការ​តាម​ចាប់ និង​ដាក់​ពិន័យ​ពួក​អ្នក​ប្រព្រឹត្ត​បទល្មើស​ទៅ​តាម​មាត្រា​ដែល​មាន​ចែង​នៅ​ ក្នុង​ច្បាប់​ជា​ធរមាន។ ការ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​គួរ​តែ​ត្រូវ​លុបបំបាត់។ ពិត​មែន​ហើយ ការ​សម្របសម្រួល ការ​អនុគ្រោះ និង​ការ​បំភ្លេច​ស្លាកស្នាម​អាស្រូវ​ពី​អតីតកាល គឺ​ជា​វប្បធម៌​របស់​ខ្មែរ​ដែល​មាន​តាំង​តែ​ពី​សម័យ​កាល​មុនៗ​មក​ម្លេះ ដែល​ទង្វើ​នេះ​ជា​ការ​យោគយល់ ជា​ការ​អត់ឱន និង​ជា​ការ​ប្រោសប្រណី ដើម្បី​លើក​លែង​ទោស​កំហុស​ឲ្យ​អ្នក​ប្រព្រឹត្ត។
ប៉ុន្តែ​ករណី​បទឧក្រិដ្ឋ​​អនាចារ​លើ​ស្ត្រី និង ​កុមារ​បែប​នេះ​គឺ​មិន​ត្រូវ​យក​ការ​សម្របសម្រួល​មក​ធ្វើ​ជា​អាទិភាព​នោះ​ទេ បើ​មិន​ដូច្នោះ​ទេ អំពើ​នេះ​កើត​មាន​មិន​ឈប់​ឈរ និង​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា។ អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ត្រូវ​បន្ធូរបន្ថយ​ទម្ងន់​ទោស​ដល់​អ្នក​ ប្រព្រឹត្ត​ឡើយ ហើយ​មិន​ត្រូវ​ព្យាយាម​ឲ្យ​មាន​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ឲ្យ​អ្នក​ប្រព្រឹត្ត​គ្រាន់​តែ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ជន​ រងគ្រោះ​ជា​ការ​ស្រេច​នោះ​ទេ។ ក្នុង​ករណី​នេះ រាជ​រដ្ឋាភិបាល ពិសេស​ក្រសួង​សាមី​ត្រូវ​ហ៊ាន​ដាក់​ពិន័យ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុង​ ការ​ជួយ​ធ្វើ​អន្តរាគមន៍​ណាមួយ ដើម្បី​បន្ធូរបន្ថយ​ទោស ឬ​ក៏​ឲ្យ​ជន​ល្មើស​បាន​រួច​ខ្លួន​ ពី​អំពើ​ចាប់​រំលោភ​សេពសន្ថវៈ​មក​លើ​ស្ត្រី និង​កុមារ​នេះ។ រាជ​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​កាត់​សាច់​ស្អុយ​របស់​ខ្លួន​ចេញ បើ​មិន​ដូច្នោះ​ទេ សាច់​ស្អុយ​នេះ​នឹង​កាន់​តែ​ស្អុយ និង​រីក​កាន់​តែ​ធំ​ឡើង ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​កុមារ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​ខ្លួន ក៏​ដូច​ជា​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​សហប្រជាជាតិ​ដែរ​នា​ឆ្នាំ ២០១៥ ដែល​ក្នុង​នោះ​ក៏​មាន​ចំណុច​មួយ​ស្ដី​ពី​ការ​លើក​ស្ទួយ​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​សិទ្ធិ​អំណាច​របស់​ស្ត្រី និង​កុមារ​ដែល។
ការ​ចាត់​វិធានការ​ខាង​លើ​គឺ​ត្រូវ​ធ្វើ​ឲ្យ​ដូច​ជា​ភ្លៀង​រលឹម គឺ​មិនមែន​ដូច​​ចំហេះ​នៃ​ភ្លើង​ចំបើង​នោះ​ទេ។ ដូចនេះ យើង​ទាំង​អស់​គ្នាត្រូវ​រួមគ្នា​ជួយ​សង្គ្រោះ​ស្ត្រី និង​កុមារ ពិសេស​កុមារី​របស់​យើង ដោយ​ត្រូវ​កំចាត់​ពួក​បិសាច​កាមគុណ ព្រោះថា ស្រ្តី និង​កុមារ​គឺ​ជា​តម្លៃ​នៃ​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង​ទាំង​មូល​ដែរ៕