Saturday, May 16, 2009

ការ​ចូល​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម

ការ​ចូល​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 12/12/2008 15:04 ម៉ោងសកល

ចាប់តាំងពីឆ្នាំ១៩៧៣ ពួក​ខ្មែរ​ក្រហម​ដណ្តើម​កាន់កាប់​ទឹកដី​កម្ពុជា​បាន​មួយ​ផ្នែក​ធំ។ រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​បាន​ប្រមូល​ផ្តុំ​កម្លាំង​មក​ការពារ​ទីក្រុង​ ភ្នំពេញ ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​ចុង​ក្រោយ។

នៅ​ថ្ងៃ ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ទីក្រុង​ភ្នំពេញ​ក៏​បាន​ធ្លាក់​ក្នុង​ដៃ​ទាហាន​ខ្មែរ​ក្រហម ហើយ​របប​សាធារណរដ្ឋ​ខ្មែរ​ក៏​បាន​ដួលរលំ​ជា​ស្ថាពរ។ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ថ្មី​មួយ​ទៀត ដឹកនាំ​ដោយ​ពួក​ខ្មែរ​ក្រហម។របប​លន់​ ណុល​សល់​តែ​ក្រុង​ភ្នំពេញ

នៅក្នុងកំឡុងខែមិថុនា ឆ្នាំ​១៩៧៤ មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិភាក្សា​អំពី​ផែនការ​វាយលុក​ចូល​ទីក្រុង​ភ្នំពេញ។ នៅ​ពេល​នោះ ផ្លូវ​ចេញ​ចូល​ក្រុង​ភ្នំពេញ​ត្រូវ​បាន​កាត់​ផ្តាច់​អស់​ទៅ​ហើយ។ ​ការ​ដឹក​ជញ្ជូន​ចេញ​ចូល​ក្រុង​ភ្នំពេញ​អាច​ធ្វើ​ទៅ​បាន​តែ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ប៉ុណ្ណោះ។ នៅ​ដើម​ឆ្នាំ​១៩៧៥ ចរាចរណ៍​តាម​ផ្លូវ​ទឹក​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​​ទៀត ដោយ​ពួក​ខ្មែរ​ក្រហម​បាន​ដាក់​ពង្រាយ​មីន​ប្រឆាំង​នាវា នៅ​តាម​​ដង​ទន្លេរ​មេគង្គ។ ការ​ដឹកជញ្ជូន​ស្បៀង​ចូល​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ផ្គត់ផ្គង់​​ប្រជាជន​​ដល់​ទៅ​ប្រមាណ​២លាន​នាក់ អាច​ធ្វើ​ទៅ​បាន​តែ​តាម​ផ្លូវ​អាកាស​ប៉ុណ្ណោះ។

ដោយមើលឃើញនូវលក្ខ័ណ្ឌ ​ដែល​មាន​អំណោយ​ផល​បែប​នេះ សាឡុត ស ក៏​បាន​បញ្ជា​ទៅ​គ្រប់​មេបញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​ឲ្យ​​ប្រុងប្រៀប​បើក​ ការ​វាយលុក ដើម្បី​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ។ ក្នុង​ពេល​ជាមួយ​គ្នា​គណៈ​កម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា​ក៏​ បាន​ជួប​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​អំពី​ផែនការ​ដែល​ត្រូវ​ធ្វើ​ ក្រោយ​ពី​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ​បាន​ហើយ។ នៅ​ពេល​នោះ​ហើយ ដែល​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​សម្រេច​ថា​នឹង​ជម្លៀស​ប្រជាជន​ចេញ​ពី​ ភ្នំពេញ និង​ក្រុង​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​លន់ ណុល។ ​សម្រាប់​ពួក​ខ្មែរ​ក្រហម អ្នកណា​ក៏​ដោយ​ដែល​មិន​បាន​ចូលរួម​ធ្វើ​បដិវត្តន៍​​ជាមួយ​ពួក​គេ ត្រូវ​ចាត់​ទុក​ថា​ជា “ខ្មាំង” ទាំង​អស់។

“ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី”

សេនា​ប្រមុខ​លន់​ ណុល ប្រធានាធិបតី​សាធារណរដ្ឋ​ខ្មែរ

សេនា​ប្រមុខ​លន់​ ណុល ប្រធានាធិបតី​សាធារណរដ្ឋ​ខ្មែរ

រដ្ឋាភិបាលរួបរួមជាតិកម្ពុជា បាន​កាត់​ទោស​ប្រហារ​ជីវិត​ឥស្សរជន​៧រូប​នៃ​របប​សាធារណៈរដ្ឋ​ខ្មែរ ពី​បទ​ក្បត់​ជាតិ។ ក្នុង​ចំនោម​៧​រូប​នោះ​រួម​មាន លន់ ណុល សិរិមតៈ អ៊ិន តាំ ចេង ហេង Sosthène Fernandez
លន់ ណុន (ប្អូន​ប្រុស​របស់​លន់ ណុល) និង ឡុង បូរ៉េត។

នៅដើមខែមេសា ឆ្នាំ១៩៧៥ ទាហាន​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​ធ្វើការ​បាញ់​ផ្លោង​លើ​ព្រលាន​យន្តហោះ​ ក្រុង​​​ភ្នំពេញ​ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ​ចូល​ក្រុង​ ភ្នំពេញ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ទៀត។

នៅសហរដ្ឋអាមេរិកឯណោះវិញ ប្រធានាធិបតី Gerald Ford ដែល​បាន​ឡើង​មក​ជំនួស​តំណែង លោក Richard Nixon កាល ​ពី​ខែ​សីហា ឆ្នាំ១៩៧៤ បាន​ព្យាយាម​ស្នើ​សុំ​ឲ្យ​សភា​អាមេរិក​​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​ រដ្ឋាភិបាល​លន់ ណុល។ ក៏ប៉ុន្តែ សភា​អាមេរិក​បាន​ច្រាន​ចោល​សំណើ​​នេះ។

ថ្ងៃទី១២ មេសា មន្រ្តី និង​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ក៏ ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​ឧទ្ធម្ភាចក្រ​។ ចំណែក លន់ ណុល និង​ក្រុម​​គ្រួសារ​វិញ បាន​ចាក​ចេញ​ពី​ភ្នំពេញ​តាំង​ពី​ថ្ងៃទី១ មេសា ម្ល៉េះ។

ថ្ងៃទី១៣ មេសា ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុង​បាន​ធ្លាក់​​ក្នុង​ដៃ​ទាហាន​ខ្មែរ​ ក្រហម។ ពីរ​ថ្ងៃ​ក្រោយ​មក​ទៀត ទាហាន​ខ្មែរ​ក្រហម​នៅ​ប៉ែក​ខាង​កើត​ក៏​ដណ្តើម​កាន់​កាប់​បាន​ក្រុង​តាខ្មៅ។ ខ្សែ​ក្រវ៉ាត់​ការពារ​ក្រុង​ភ្នំពេញ​ក៏​បាន​ដួល​រលំ។

យោងតាមលោកស្រី Elizabeth Beckher នៅ ​ថ្ងៃ​ទី១៦ មេសា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ទ័លច្រក ក៏​បាន​ផ្ញើទូរលេខ​មួយ​ច្បាប់​ថ្វាយ​សម្តេច នរោត្តម សីហនុ ដែល​កំពុង​គង់​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ​ស្នើ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​មួយ ជា​ថ្នូរ​នឹង​ការ​ថ្វាយ​អំណាច​​​ដល់​ព្រះអង្គ​វិញ។ ប៉ុន្តែ សំណើ​​នេះ​​ត្រូវ​បាន​សម្តេច នរោត្តម សីហនុ ច្រាន​ចោល។

១៧​មេសា មហា​ជោគជ័យ ប្រជា​ប្រុស​ស្រី​ចាកក្រុង​ចូល​ស្រែ​

នៅព្រឹកថ្ងៃទី១៧ មេសា ប្រមាណ​ជា​ម៉ោង ៨ និង​៣០នាទី មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ខ្មែរ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច ក្នុង​គម្រោង​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​តាម​ឧទ្ធម្ភាចក្រ។ ប៉ុន្តែ មាន​តែ​មេដឹកនាំ​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ដែល​បាន​រត់​ចេញ​ពី​ទីក្រុង​ភ្នំពេញ​រួច។ មេដឹកនាំ​មួយ​ចំនួន​ធំ ក្នុង​នោះ​រួម​មាន​ទាំង​នាយករដ្ឋមន្រ្តី ឡុង បូរ៉េត ផង​ដែរ​នោះ ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ចាប់​ខ្លួន និង​សម្លាប់​ចោល។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែល​បាន​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ប្រទេស ក៏​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់​ចោល នៅ​ថ្ងៃ​នោះ​ដែរ។

ទាហាន​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​១៧ មេសា ១៩៧៥(រូបថតឯកសារ៖ AFP)

ទាហាន​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​១៧ មេសា ១៩៧៥
(រូបថតឯកសារ៖ AFP)

នៅម៉ោងប្រមាណ ​១១ ព្រឹក​ថ្ងៃ​ទី១៧ មេសា ឆ្នាំ​១៩៧៥ ទាហាន​ខ្មែរ​ក្រហម បាន​ធ្វើ​ដំណើរ​​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ក្រោម​ការ​អបអរសាទរ​ពី​សំណាក់​ប្រជាជន​​ដែល​រស់​នៅ​ទីនោះ។ ក៏ប៉ុន្តែ មិន​យូរ​ប៉ុន្មាន អំណរ​នឹង​ជ័យជំនះ អំណរ​​នឹង​​ការ​ដែល​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​នេះ ក៏​បាន​រលាយ​បាត់បង់​ទៅវិញ​ ក្រោយ​ពេល ដែល​ទាហាន​ខ្មែរ​ក្រហម​ចាប់​ផ្តើម​បង្ខំ​ឲ្យ​ប្រជាជន​ចាក​ចេញ​ភ្លាមៗ​ពី​ ទីក្រុង​ភ្នំពេញ។ អ្នក​ដែល​ចចេស​មិន​ព្រម​ធ្វើ​តាម ត្រូវ​ទាហាន​ខ្មែរ​ក្រហម​បាញ់​សម្លាប់​ចោល។

របបសាធារណៈរដ្ឋខ្មែរ​ត្រូវ​បាន​ដួល​រលំ​ជា​ស្ថាពរ ជំនួស​មក​វិញ​ដោយ​របប​ថ្មី​មួយ​ទៀត ដឹកនាំ​ដោយ បក្ស​កុម្មុយនិស្ត​កម្ពុជា ឬ​ខ្មែរ​ក្រហម។

ផែនការ​៨ចំណុច​ មហា​រុងរឿង​ មហា​លោត​ផ្លោះ!

សាឡុត ស ហៅ​ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា

សាឡុត ស ហៅ​ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា

យោងតាមលោក Raoul Jennar
នៅ​ចន្លោះ​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៥ ឧសភា ឆ្នាំ​១៩៧៥ សាឡុត ស ដែល​បាន​ប្តូរ​ឈ្មោះ​មក​ជា ប៉ុល ពត និង នួន ជា បាន​ប្រកាស​ឲ្យ​ដឹង​នូវ​គោល​នយោបាយ​សំខាន់ៗ​ចំនួន​៨ចំនុច នៃ​របប​គ្រប់គ្រង​ថ្មី​នេះ។ គោលនយោបាយ​ទាំង​នោះ​រួម​មាន៖

ទី១ ជម្លៀសប្រជាជន​ចេញ​ពី​ទីក្រុង ហើយ​ប្រជាជន​ត្រូវ​បែង​ចែក​ជា​ពីរ​ប្រភេទ គឺ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​រំដោះ​មុនថ្ងៃ១៧ មេសា ដែលគេឲ្យ​ឈ្មោះថា “ប្រជាជន​ចាស់” និង​ប្រជាជន​ដែល​ទើប​តែ​ជម្លៀស​ចេញ​ពី​ទីក្រុង ក្រោយ​ថ្ងៃ​១៧ មេសា ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”។

ទី២ លុបបំបាត់​ចោល​​នូវសេដ្ឋកិច្ច​ទីផ្សារ។
ទី៣ លុបបំបាត់ចោល​នូវ​ការ​ចាយ​លុយ។
ទី៤​ ព្រះសង្ឃ​ទាំងអស់​ត្រូវ​ចាប់​ផ្សឹក ហើយ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ស្រែ។
ទី៥ សម្លាប់ចោលទាំងអស់​រាល់​មន្រ្តី​ដែល​ធ្វើ​ការ​ឲ្យ​របប​លន់ ណុល។
ទី៦ បង្កើត​ជា​សហករណ៍​នៅ​ទូទាំង​ប្រទេស។
ទី៧ បណ្តេញជនជាតិ​វៀតណាម​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។
ទី៨ ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន ជា​ពិសេស ព្រំដែន​វៀតណាម។

ក៏ប៉ុន្តែ មកទល់នឹង​ពេល​នោះ របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឡើយ​ទេ។ ពួក​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ប្រើ​ឈ្មោះ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ដដែល រហូត​ដល់​ដើម​ឆ្នាំ​១៩៧៦ ទើប​របប កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ៕

រចនាសម្ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

រចនាសម្ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 13:17 ម៉ោងសកល

ពីខែមេសា ឆ្នាំ១៩៧៥ ដល់​ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហម​បាន​កាន់​អំណាច​ក្រោម​ផ្លាក​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ដែល​កាល​ណោះ មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ​រដ្ឋ និង ប៉ែន នុត ជា​នាយក​រដ្ឋមន្រ្តី។

រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបាន ​បាត់​ឈ្មោះ​ចាប់​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ បង្កើត​ឡើង នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។នួន ជា អនុលេខា​បក្ស និង​ជា​ប្រធាន​សភា​កម្ពុជា​ប្រជា​ធិបតេយ្យ(រូបថត​ឯកសារ៖ Reuters)

នួន ជា អនុលេខា​បក្ស និង​ជា​ប្រធាន​សភា​កម្ពុជា​ប្រជា​ធិបតេយ្យ
យោងតាមរដ្ឋធម្មនុញ្ញ ដែល​បាន​ប្រកាស​ឲ្យ​ប្រើ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​១៩៧៦ សភា​តំណាង​ប្រជាជន គឺ​ជា​អំណាច​នីតិ​បញ្ញត្តិ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ សមាជិក​សភា ដែល​មាន​២៥០រូប​ត្រូវ​ជ្រើស​រើស​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ និង​ជា​សម្ងាត់ សម្រាប់​អណត្តិ​៥ឆ្នាំ។ ប្រធាន​សភា​តំណាង​ប្រជាជន​កម្ពុជា នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​នួន ជា។ ឈិត ជឿន ហៅ​ម៉ុក គឺ​ជា​អនុប្រធាន​ទី​មួយ។

គណៈប្រធានរដ្ឋ​គឺ​ជា​ ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ​បាន​បន្ត​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ដល់​ខែ​មេសា ឆ្នាំ​១៩៧៦។ ក្រោយ​ពី​ព្រះអង្គ​លាលែង​ចេញ​ពី​តំណែង ខៀវ សំផន ក៏​បាន​ឡើង​កាន់​តំណែង​នេះ​ជំនួស​ព្រះអង្គ។

យោងតាមលោក Raoul Jennar រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ មាន​រចនាសម្ព័ន្ធ​​ដូច​តទៅ៖

សភា​តំណាង​ប្រជាជន​បដិវត្តន៍​កម្ពុជា
នួន ជា ប្រធាន
ឈិត ជឿន ហៅ ម៉ុក អនុ​ប្រធាន

រដ្ឋាភិបាល
ខៀវ សំផន ប្រមុខ​រដ្ឋ
ប៉ុល ពត ជា​នាយក​រដ្ឋមន្រ្តី
ឈឹម សាមោក ជា​នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី

ឧបនាយករដ្ឋមន្រ្តី
អៀង សារី ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស
សុន សេន ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ
វន វ៉េត ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី
ហ៊ូ នឹម រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ និង​ព័ត៌មាន
អៀង ធីរិទ្ធិ (ប្រពន្ធ​របស់ អៀង សារី) ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច
យុន យ៉ាត (ប្រពន្ធ​របស់ សុន សេន) ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ ង​អប់រំ
ជួន ជឿន រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
កង ចាប រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌
ចេង អន ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម
នន សួន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម
កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម
ជួន ម៉ុម រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​វិទ្យាសាស្រ្ត
តូច ភឿន រដ្ឋមន្រ្តី​ក្រសួង​សាធារណការ

សាឡុត ស ហៅ​ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រជា​ធិបតេយ្យ(រូបថត​ឯកសារ៖ Reuters)

សាឡុត ស ហៅ​ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រជា​ធិបតេយ្យ
(រូបថត​ឯកសារ៖ Reuters)

ក៏ប៉ុន្តែ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អង្គការ​ដែល​មាន​អំណាច​លើស​អ្វីៗ​ទាំង​អស់​នោះ គឺ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​មក​ទល់​នឹង​ពេល​នោះ​ត្រូវ​ពួក​ខ្មែរ​ក្រហម​ខ្លួន​ឯង​ដាក់​ឈ្មោះ​ថា “អង្គការបដិវត្តន៍” ហើយ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា “អង្គការ”។

នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈ​កម្មាធិការ​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​អំណាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ​នានា អនុម័ត​គោល​នយោបាយ​រដ្ឋាភិបាល និង​លក្ខន្តិកៈ​ផ្សេងៗ​នោះ គឺ​គណៈ​អចិន្រ្តៃយ៍​បក្ស​ ដែល​មាន​សមាជិក​៥រូប​ គឺ​ប៉ុល ពត ជា​លេខា នួន ជា ជា​អនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជា​សមាជិក។

បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការ​ដែល​មាន​អំណាច​លំដាប់​ទីពីរ​ក្នុង​បក្ស គឺ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស។ សមាជិក​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​នេះ​រួម​មាន សមាជិក​ទាំង​៥រូប​នៃ​គណៈអចិន្រ្តៃយ៍ បូក​ជាមួយ​នឹង​មនុស្ស​ពីរ​នាក់​ទៀត​គឺ សុន សេន និង តាម៉ុក។ នៅ​ឆ្នាំ​១៩៧៧ មនុស្ស​បី​រូប​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ចូល​បន្ថែម​ទៅ​ក្នុង​គណៈ​កម្មាធិការ​ មជ្ឈិម​បក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។

រចនាសម្ព័ន្ធ​បក្ស​កុម្មុយនិស្ត​កម្ពុជា

គណៈ​អចិន្រ្តៃយ៍ (៥រូប)
ប៉ុល ពត លេខាបក្ស
នួន ជា អនុលេខា​បក្ស
អៀង សារី សមាជិក
សោ ភឹម សមាជិក
វន វ៉េត សមាជិក

គណៈ​កម្មាធិការ​មជ្ឈិម​បក្ស (១០​រូប)
ប៉ុល ពត
នួន ជា
អៀង សារី
សោ ភឹម
វន វ៉េត
សុន សេន
ឈិត ជឿន ហៅ​ម៉ុក
ខៀវ សំផន
ញឹម រស់
កែ ពក

នៅក្នុងចំនោមសមាជិក ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ដ៏​មាន​អំណាច​នេះ មាន​តែ​នួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែល​នៅ​រស់​រាន​មាន​ជីវិត​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ អ្នក​ផ្សេង​ទៀត​បាន​ស្លាប់​បាត់​អស់​ទៅ​ហើយ។

វន វ៉េត និង​ញឹម រស់ ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​ចោល​នៅ​ឆ្នាំ​១៩៧៨។ សោ ភឹម បាន​សម្លាប់​ខ្លួន​ឯង​នៅ​ឆ្នាំ១៩៧៨​ដែរ។ សុន សេន ត្រូវ​បាន ប៉ុល ពត បញ្ជា​ឲ្យ​គេ​សម្លាប់​ចោល​ទាំង​គ្រួសារ​នៅ​ឆ្នាំ​១៩៩៧។ ក្រោយ​មក ប៉ុល ពត ខ្លួន​ឯង​ត្រូវ​បាន​ពួក​ខ្មែរក្រហម​គ្នាឯង​ចាប់​ខ្លួន​យក​មក​កាត់ទោស​ឲ្យ​ ជាប់គុក​អស់​មួយ​ជីវិត​ពី​បទ​ធ្វើ​ឃាត​លើ សុន សេន នេះ។ ក៏​ប៉ុន្តែ ប៉ុល ពត បាន​ស្លាប់​ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៩៨។ ចំណែក​តាម៉ុក​វិញ ​ស្លាប់​ដោយ​ជម្ងឺ​នៅ​ឆ្នាំ​២០០៦ ក្រោយ​ពី​បាន​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា​កម្ពុជា​ អស់​រយៈពេល​ប្រមាណ​៧​ឆ្នាំ។

ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខា​បក្ស​ប្រចាំ​ភូមិភាគ​ក៏​ជា​មនុស្ស​ដែល​មាន​អំណាច​ខ្លាំង​ដែរ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៕


បដិវត្តន៍​ខ្មែរ​ក្រហម​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០

បដិវត្តន៍​ខ្មែរ​ក្រហម​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 14:48 ម៉ោងសកល
ចាប់តាំង ​ពី​បាន​សម្រេច​ចិត្ត​បើក​ការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ នៅ​ឆ្នាំ​១៩៦៧ រហូត​មក​ទល់​នឹង​ឆ្នាំ១៩៧០ ពួក​ខ្មែរ​ក្រហម​​មាន​ទាហាន​តិចតួច​បំផុត។ ទាហាន​ទាំង​នោះ​សោត​ក៏​មិន​បាន​ទទួល​​កា​រហ្វឹកហ្វឺន និង​បំពាក់​អាវុធ​យុទ្ធភ័ណ្ឌ​អ្វី​ធំដុំ​ដែរ។
ក៏​ ប៉ុន្តែ ក្រោយ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម ទៅ​ចូលរួម​ក្នុង​ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​សម្តេច នរោត្តម សីហនុ ក្រោយ​ពី​ព្រះអង្គ​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​មក កងទ័ព​ខ្មែរ​ក្រហម​បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ ប្រជាជន​កម្ពុជា​ផង និង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ផង។សម្តេច​នរោត្តម សីហនុ ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ខ្មែរ​ក្រហម​ នៅ​ឆ្នាំ​១៩៧៣

សម្តេច​នរោត្តម សីហនុ ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ខ្មែរ​ក្រហម​ នៅ​ឆ្នាំ​១៩៧៣

ពីសត្រូវ​ក្លាយ​មក​ជា​មិត្ត

នៅ ​ថ្ងៃទី១៨ ខែ​មិនា ឆ្នាំ១៩៧០ ក្នុង​ពេល​ដែល​សម្តេច នរោត្តម សីហនុ កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត លន់ ណុល និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បាន​រៀបចំ​ឲ្យ​រដ្ឋសភា​ជាតិ​ធ្វើ​ការ​បោះឆ្នោត​ទម្លាក់​ព្រះអង្គ​ចេញ​ពី​ តំណែង​ជា​ប្រមុខ​រដ្ឋ។

ចាក​ចេញ​ពី​ម៉ូស្គូ សម្តេច នរោត្តម សីហនុ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ នៅ​ក្នុង​អំឡុង​ពេល​នោះ គណៈប្រតិភូ​មួយ​ក្រុម​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ដឹកនាំ​ដោយ សាឡុត ស​ (ប៉ុល ពត) ដែល​ទើប​តែ​បញ្ចប់​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ក៏​កំពុង​ស្ថិត​នៅ​ក្រុង​ប៉េកាំង​ដែរ។ ក៏​ប៉ុន្តែ យោង​តាម​អត្ថបទ​ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ព្រះ​បាទ នរោត្តម សីហនុ ព្រះ​អង្គ​បាន​អះអាង​ថា ព្រះ​អង្គ​មិន​បាន​ជួប​ជា​មួយនឹង​សាឡុត ស ទេ នៅ​ប៉េកាំង​នោះ។

នៅ​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​១៩៧០ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាង​ជើង សម្តេច នរោត្តម សីហនុ បាន​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​មួយ ហើយ​ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់​ចូល​ព្រៃ​កាន់​អាវុធ​ ដើម្បី​តស៊ូប្រឆាំង​នឹង​របប លន់ ណុល។ ​ខ្មែរ​ក្រហម ដែល​ជា​អតីត​គូ​សត្រូវ​របស់​ព្រះអង្គ​ក៏​បាន​ចូល​រួម​ក្នុង​រណសិរ្ស​រួបរួម​ ជាតិ​នេះ​ដែរ។

ចិន​ ជើង​មួយ​ចង់​ជាន់​ទូក​ពីរ

បើ​យោងតាម​លោក​ស្រី Elizqbeth Becker ក្នុង​សៀវភៅ ដែល​មាន​ចំនង​ជើង​ថា “ទឹកភ្នែកកម្ពុជា” (Les larmes du Cambodge) ចិន ដែល​បាន​សម្តែង​ការ​គាំទ្រ​ដល់​​សម្តេច នរោត្តម សីហនុ និង​ពួក​ខ្មែរ​ក្រហម​នោះ ក្នុង​ពេល​ជាមួយ​គ្នា បែរ​ជា​បាន​បញ្ជូន​តំណាង​ពិសេស​របស់​ខ្លួន​ឲ្យ​មក​ចរចា​​ជាមួយ​ លន់ ណុល​ទៅ​វិញ។ ​ក្នុង​ការ​ចរចា​នោះ ចិន​បាន​សន្យា​ថា​នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​ លន់ ណុល ប្រសិន​បើ​​គាត់​យល់​ព្រម​តាម​ល័ក្ខខ័ណ្ឌ​ចំនួន​បី។ ទី​មួយ អនុញ្ញាតិ​ឲ្យ​ចិន​ដឹក​ជញ្ជូន​សព្វាវុធ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​ឲ្យ​​ពួក​កុម្មុយនិស្ត​វៀតណាម។ ទីពីរ អនុញ្ញាតិ​ឲ្យ​វៀតណាម​តាំង​ទ័ព​នៅ​លើ​ទឹកដី​កម្ពុជា។ និងទីបី ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ សម្តែង​ការ​គាំទ្រ​ជា​ផ្លូវការ​ដល់​ពួក​កុម្មុយនីស្ត​វៀតណាម។

ឥរិយាបថ ​របស់​ចិន​នេះ​បង្ហាញ​ថា អាទិភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ពេល​នោះ​គឺ​បដិវត្តន៍​របស់​ពួក​ កុម្មុយនិស្ត​វៀតណាម មិន​មែន​កុម្មុយនិស្ត​ខ្មែរ​នោះ​ទេ។ ក្រុង​ប៉េកាំង​នឹង​សុខ​ចិត្ត​បោះបង់​ចោល​ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ហើយ​មក​គាំទ្រ​រដ្ឋាភិបាល លន់​ ណុល វិញ ប្រសិន​បើ​រដ្ឋាភិបាល​នេះ​យល់​ព្រម​គាំទ្រ​បដិវត្តន៍​វៀតណាម។ នេះ​ក៏​ព្រោះ​តែ​ចិន​យល់​ថា ពួក​កុម្មុយនិស្ត​វៀតណាម​មាន​កម្លាំង​មាំមួន​ជាង​ពួក​កុម្មុយនិស្ត​ខ្មែរ ក្នុង​ការ​ទប់ទល់​ជាមួយ​អាមេរិក។

ក៏ប៉ុន្តែ ដោយ លន់ ណុល បដិសេធ​មិន​ទទួល​យក​ល័ក្ខខ័ណ្ឌ​ទាំង​បី​​ខាង​លើ​នេះ ក្រុង​ប៉េកាំង​ក៏​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ សាធារណរដ្ឋ​ខ្មែរ ហើយ​ប្រកាស​ទទួល​ស្គាល់​ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា របស់​សម្តេច នរោត្តម សីហនុ ដែល​បាន​បង្កើត នៅ​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​១៩៧០។

ប្រជាប្រិយភាព​សម្តេច នរោត្តម សីហនុ ចំណេញ​ដល់​ពួក​ខ្មែរ​ក្រហម

ការ​ចូលរួម​ក្នុង​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ធ្វើ​ឲ្យ​ពួក​ខ្មែរ​ក្រហម​ទទួល​​បាន​នូវ​ផល​ចំណេញ​ពីរ។

ទីមួយ ក្រោម​ផ្លាក​​រដ្ឋាភិបាល​រួបរួម​ជាតិ ដែល​មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ ពួក​ខ្មែរ​ក្រហម​ទទួល​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ កម្ពុជា ដែល​គាំទ្រ​ព្រះអង្គ។ សាឡុត ស ដែល​ធ្លាប់​តែ​ជា​ជន​បះបោរ​មួយ​រូប​លាក់​ខ្លួន​ពី​ការ​តាម​ចាប់​ពី​សំណាក់​ រដ្ឋាភិបាល​​កម្ពុជា​នោះ បាន​ក្លាយ​ទៅ​ជា​មេ​បញ្ជាការ​កង​ទ័ព​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​ដ៏​មាន​ ប្រជាប្រិយ​នេះ។

ទីពីរ ចលនា​ខ្មែរ​ក្រហម​ នៅ​ពេល​នេះ​ បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាង​ជើង។ សូម​រំលឹក​ថា កាល​ពី​មុន វៀតណាម​ជួយ​ដល់​ពួក​ខ្មែរ​ក្រហម​ត្រឹម​តែ​ផ្តល់​កន្លែង​លាក់​ខ្លួន​ពី​ការ​ តាម​ប្រមាញ់​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម​ប៉ុណ្ណោះ។ តែ​ចាប់​ពី​ពេល​ខ្មែរ​ក្រហម​បាន​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​ កម្ពុជា កងទ័ព​វៀតណាម ដែល​កាលណោះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កងទ័ព​ខ្លាំង​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ ថែម​ទាំង​បាន​ជួយ​ច្បាំង​នឹង​ទាហាន​លន់ ណុល ជំនួស​ពួក​ខ្មែរ​ក្រហម​ទៀត​ផង។

ក្រោយ ​ពេល​ត្រលប់​ពី​ប៉េកាំង​មក​ដល់​រតនគិរី​វិញ សាឡុត ស បាន​​សម្រេច​ប្តូរ​ស្នាក់ការ​កណ្តាល​បក្ស​ទៅ​កាន់​ស្រុក​​សន្ទុក ខេត្ត​កំពង់ធំ​វិញ។ ចាប់​តាំង​ពី​ពេល​ចាប់ផ្តើម​ធ្វើ​បដិវត្តន៍​មក ទើប​តែ​ពេល​នោះ​ទេ ដែល សាឡុត ស សម្លឹង​ឃើញ​នូវ​ឱកាស​ដែល​ខ្លួន​អាច​ដណ្តើម​កាន់​អំណាច​នៅ​កម្ពុជា​បាន។

នៅ ​ចុង​ឆ្នាំ​១៩៧០ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ដែល​បាន​ភៀស​ខ្លួន​ទៅ​វៀតណាម​កាល​ពី​ឆ្នាំ១៩៥៤ ក៏​បាន​វិល​ត្រលប់​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ធ្វើ​បដិវត្តន៍​ជាមួយ​នឹង​ខ្មែរ​កុម្មុយនិស្ត​ក្នុង​ស្រុក។ ប៉ុន្តែ ក្រុម​ខ្មែរ​ហាណូយ​នៅ​ពេល​នោះ​មិន​ត្រូវ​បាន​គេ​ផ្តល់​តំណែង​ក្នុង​ជួរ​ ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​នោះ​ទេ។ តំណែង​សំខាន់ៗ​នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​ក្រុម​ខ្មែរ​ក្រហម​ស្និទ្ធ​នឹង សាឡុត ស ដដែល។

សម្ព័ន្ធភាព​ល្អូកល្អឺន​ចាក់​ទឹក​មិន​លេច ​រវាង​ពួក​កុម្មុយនិស្ត​វៀតណាម និង​ពួក​កុម្មុយនិស្ត​ខ្មែរ​មាន​រយៈពេល​តែ​បីឆ្នាំ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​១៩៧៣ សម្ព័ន្ធភាព​រវាង​ខ្មែរក្រហម និង​វៀតណាម​ក៏​បាន​ឈាន​មក​ដល់​ទីបញ្ចប់៕

ភូមិសាស្រ្ត​រដ្ឋបាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

ភូមិសាស្រ្ត​រដ្ឋបាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 14:13 ម៉ោងសកល
នៅ ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​មិន​ត្រូវ​បាន​បែងចែក​ជា​ខេត្ត-ក្រុង​នោះទេ តែ​ត្រូវ​បែង​ចែក​ចេញ​ជា​ភូមិភាគ និង​តំបន់​វិញ។ លេខា​បក្ស​ប្រចាំ​​ភូមិភាគ ភាគច្រើន​​សុទ្ធ​តែ​ជា​សមាជិក​ គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​គឺ​ជា​ស្តេច​ត្រាញ់​នៅ​ក្នុង​ភូមិភាគ ដែល​ពួក​គេ​កាន់​កាប់។ពួកខ្មែរក្រហមបានធ្វើការបែងចែក​ទឹកដី​ប្រទេស​កម្ពុជា​ជា​ភូមិភាគ​ តាំង​ពី​មុន​ឆ្នាំ​១៩៧៥​ម៉្លេះ។ ភូមិភាគ​នីមួយៗ គឺ​ជា​ការ​យក​ខេត្ត​ពីរ​ឬ​ច្រើន ឬ​កាត់​យក​ខេត្ត​នេះ​ខ្លះ ខេត្ត​នោះ​ខ្លះ មក​ដាក់​បញ្ចូល​គ្នា។ ភូមិភាគ​នីមួយៗ​ត្រូវ​បែង​ចែក​ជា​តំបន់ ហើយ​តំបន់​នីមួយៗ​ត្រូវ​បែង​ចែក​ជា​ស្រុក ឃុំ និង​សហករណ៍​បន្ត​ទៀត។

នៅតាមភូមិភាគនីមួយៗ លេខា​បក្ស​ប្រចាំ​ភូមិភាគ​គឺ​ជា​អ្នក​មាន​អំណាច​សម្រេច​លើ​អ្វីៗ​ទាំង​អស់​ នៅ​ក្នុង​ភូមិភាគ​របស់​ខ្លួន។ អ្នក​ដែល​មាន​អំណាច​បន្ទាប់​ពី​ភូមិភាគ គឺ​សហករណ៍។ សហករណ៍​នីមួយៗ​ដឹកនាំ​ដោយ ប្រធាន​សហករណ៍​មួយ​រូប និង​សហការី​២រូប​ផ្សេង​ទៀត។ យោង​តាម​លោក David Chandler សហករណ៍ ​មាន​អំណាច​ធ្វើ​សេចក្តី​សម្រេច​លើ​អ្វីៗ​ទាំងអស់​​នៅ​ក្នុង​​រង្វង់​​ដែនដី ​របស់​ខ្លួន ដូចជា ការ​កំណត់​របប​ចំណី​អាហារ ទំហំ​ការងារ​ដែល​​ប្រជាជន​ត្រូវបំពេញ ឬ កំណត់​ថា​កុមារ​ណា​ដែល​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កង​ចល័ត ជាដើម ។ល។

នៅឆ្នាំ១៩៧៦ កម្ពុជា​ប្រជាធិបតេយ្យ​​ត្រូវ​បាន​បែង​ចែក​ជា​៧​ភូមិភាគ ដែល​រួម​មាន ៣២​តំបន់។
១ ភូមិភាគនិរតី ឬភូមិភាគ៤០៥
យោងតាមលោកស្រី Elizabeth Becker ភូមិភាគ ​និរតី​គឺ​ជា​ភូមិភាគ​ធំ​ជាង​គេ មាន​ប្រជាជន​ក្រីក្រ​ជាង​គេ ប៉ុន្តែ មាន​កងទ័ព​ខ្លាំង​ជាង​គេ។ លេខា​ភូមិភាគ​និរតី គឺ​ឈិត ជឿន ហៅ​តាម៉ុក។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​កំពត និង​ខេត្ត​តាកែវ​ទាំង​មូល ស្រុក​ពីរ​ក្នុង​ខេត្ត​កំពង់​ស្ពឺ គឺ​ស្រុក​សំរោង​ទង និង​ស្រុក​គង​ពិសី និង​ស្រុក​ប្រាំ​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​កណ្តាល​ស្ទឹង ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កៀន​ស្វាយ និង​ស្រុក​លើក​ដែក។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​បួន​តំបន់ គឺ​តំបន់​១៣ តំបន់​៣៣ តំបន់​៣៥ និង​តំបន់២៥។
ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣
ភូមិភាគ ​នេះ​ដឹកនាំ​ដោយ សោ ភឹម ដែល​បាន​ធ្វើ​អត្តឃាត​ នៅ​ឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​ប៉ុល ពត បញ្ជូន​ទាហាន​ឲ្យ​មក​ចាប់​ខ្លួន​។ ភូមិភាគ​នេះ​រួម​មាន ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង​ទាំង​មូល ស្រុក​ទាំងអស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម ស្រុក​ឆ្លូង​ក្នុង​ខេត្ត​ក្រចេះ និង​ស្រុក​បី​ទៀត​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​ខ្សាច់​កណ្តាល ស្រុក​ល្វាឯម និង​ស្រុក​មុខ​កំពូល។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​៥​តំបន់ គឺ​តំបន់​២០ តំបន់​២១ តំបន់​២២ តំបន់​២៣ និង​តំបន់​២៥។
ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០
លេខា ​ភូមិភាគ​ពាយ័ព្យ​ គឺ​ញឹម រស់។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​ពោធិសាត់ និង​បាត់ដំបង​ទាំង​មូល ហើយ​ចែក​ចេញ​ជា​៧​តំបន់ ពី​តំបន់​១ ដល់​តំបន់​៧។
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣
ចាប់ពីឆ្នាំ១៩៧០ រហូត​ដល់​ឆ្នាំ​១៩៧៦​ ភូមិភាគ​នេះ​ដឹកនាំ​ដោយ កុយ ធួន ហៅ ធុច។ ក្រោយ​ពី កុយ ធួន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម នៅ​ឆ្នាំ​១៩៧៦ កែ ពក ត្រូវ​បាន​តែង​តាំង​ជា​លេខា​ភូមិភាគ​នេះ​ជំនួស​ កុយ ធួន។ នៅ​ឆ្នាំ​១៩៧៧ ភូមិភាគ​ឧត្តរ​នេះ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ភូមិភាគ​កណ្តាល​វិញ។ ចំណែក​ភូមិភាគ​ភូមិភាគ​ឧត្តរ​ចាស់​ត្រូវ​បាន​រើ​ទីតាំង​ទៅ​តាំង​នៅ​ខេត្ត​ ខេត្តសៀមរាប ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ​វិញ។ ភូមិភាគ​ឧត្តរ​ថ្មី​នេះ​ដឹកនាំ​ដោយ កង ចាប។

ទី៥ ភូមិភាគ​កណ្តាល

គឺ ​ជា​ភូមិភាគ​បង្កើត​ថ្មី ដោយ​មាន​ទីតាំង​នៅ​ត្រង់​ភូមិភាគ​ឧត្តរ​ចាស់ ពោល​គឺ​រួមមាន​​ខេត្ត​កំពង់ធំ​ទាំងមូល ស្រុក​ទាំង​អស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​លិច​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម និង​ស្រុក​ព្រែកប្រសប់ ក្នុង​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​ត្រូវ​បាន​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​៤១ តំបន់​៤២ និងតំបន់​៤៣។ លេខាភូមិភាគ​កណ្តាល គឺ កែ​ ពក។

ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១

ភូមិភាគ ​នេះ​ដឹកនាំ​ដោយ ជូ ជេត ហើយ​​រួមមា​នខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កំពង់ស្ពឺ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៥​តំបន់ គឺ​តំបន់​៣១ តំបន់​៣២ តំបន់​៣៧ តំបន់១៥ និង​តំបន់​១១។

ទី៧ ភូមិភាគឥសាន្ត ឬភូមិភាគ១០៨

ណៃ សារ៉ាន់ ហៅ យ៉ា បាន​កាន់​តំណែង​ជា​លេខា​ភូមិភាគ​ឥសាន្ត​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​១៩៧៦ ពេល​ដែល ណៃ សារ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ក្នុង​គុក​ទួល​ស្លែង។ ម៉ែន សាន ត្រូវ​បាន​តែងតាំង​ជា​លេខា​ភូមិភាគ​ជំនួស ណៃ សារ៉ាន់។ ភូមិភាគឥសាន្ត​រួមមាន ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៦​តំបន់ គឺ​តំបន់​១០១ តំបន់​១០២ តំបន់​១០៤ តំបន់​១០៥ តំបន់​១០៧ និង​តំបន់​៥០៥។

ក្រៅពីនេះ មាន​តំបន់​មួយ​ចំនួន​ត្រូវ​បាន​ផ្តាច់​ចេញ​ពី​ភូមិភាគ ឲ្យ​ទៅ​ជា​តំបន់​ស្វយ័ត​វិញ។ តំបន់​ទាំង​នោះ​រួម​មាន តំបន់​សៀមរាប-ឧត្តរមានជ័យ ឬ​តំបន់១០៦ និង​តំបន់​ព្រះវិហារ ឬតំបន់១០៣ ដែល​ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឧត្តរ តំបន់​ក្រចេះ ឬ​តំបន់៥០៥ និង​តំបន់​មណ្ឌលគិរី ឬ​តំបន់​១០៥ ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឥសាន្ត។ តំបន់​កំពង់សោម​ក៏​ត្រូវ​បាន​ចាត់​ជា​តំបន់​ស្វយយ័ត​ដែរ៕

Friday, May 15, 2009

ស្ត្រី​ខ្មែរ​ម្នាក់​ប្ដឹង​ទៅ​ស្ថានទូត​បែលហ្សិក​ ឲ្យ​ប្ដី​ផ្ដល់​អាហារកិច្ច​ចិញ្ចឹម​កូន

ស្ត្រី​ខ្មែរ​ម្នាក់​ប្ដឹង​ទៅ​ស្ថានទូត​បែលហ្សិក​ ឲ្យ​ប្ដី​ផ្ដល់​អាហារកិច្ច​ចិញ្ចឹម​កូន

កំពង់ធំ៖ ស្ត្រី​ខ្មែរ​ម្នាក់​ ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​បុរស​ជនជាតិ​បែលហ្សិក​ កាល​ពី​អំឡុង​ឆ្នាំ​១៩៩២ ឥឡូវនេះ​បាន​ធ្វើ​ពាក្យ​បណ្ដឹង​មួយ​ ដាក់​ចូល​ទៅ​ស្ថានទូត​នៃ​ប្រទេស​បែលហ្សិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទាមទារ​សុំ​ឲ្យ​ប្ដី​របស់​ខ្លួន​ដែល​លួច​គេច​ត្រឡប់​ទៅ​ស្រុក​វិញ​ នោះ​ ជួយ​ផ្ដល់​អាហារកិច្ច​ចិញ្ចឹម​កូនស្រី​ម្នាក់​ ដែល​ជា​តំណក់​ឈាម​របស់​បុរស​ជនជាតិ​បែលហ្សិក​នោះ។

អង្គុយ​នៅ​លើ​គ្រែ​ខាងមុខ​ផ្ទះ​ឈើ​ដ៏​តូច​មួយ​ស្ថិត​ក្នុង​ ភូមិ​អាចារ្យល័ក្ខ ​ឃុំ​អាចារ្យល័ក្ខ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ ស្ត្រី​វ័យ​៤១​ឆ្នាំ​ឈ្មោះ​ឈន ច័ន្ទ​សុផល បាន​និយាយ​រៀបរាប់​អំពី​ចំណង​ស្នេហ៍​របស់​នា​ង ​ជាមួយ​នឹង​បុរស​ជនជាតិ​បែលហ្សិក​ម្នាក់​នោះ​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩២ រូប​គាត់​ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​មនុស្សធម៌​មួយ​នៅ​ក្នុង​ខេត្ត​ កំពង់ធំ គឺ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន។ នាង​បាន​ស្គាល់​បុរស​ជនជាតិ​បែលហ្សិក​ម្នាក់​ដែល​កាល​ណោះ​គាត់​គឺ​ជា​ វេជ្ជបណ្ឌិត​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​នេះ​ដែរ។

ស្ត្រី ឈន ច័ន្ទសុផល បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​បែលហ្សិក​ម្នាក់​នោះ​គាត់​ឈ្មោះ វិលីម ក្រោយ​ពី​បាន​ស្គាល់​គ្នា​ វិលីម​តែងតែ​តាម​និយាយ​សុំ​សេចក្ដី​ស្នេហា​ពី​នាង​ជា​ញឹកញាប់ តែ​កាលណោះ​រូប​នាង​មិន​ស្រឡាញ់​លោក វិលីម​ទេ ពីព្រោះ​គាត់​មាន​វ័យ​ចាស់​ជាង​ច្រើន​ពេក។ ទោះបី​នាង​មិន​ព្រម​ស្រឡាញ់ ក៏​លោក​វីលីម​នោះ​នៅតែ​ព្យាយាម​ និង​បាន​ចូល​ស្ដីដណ្ដឹង​តាម​ប្រពៃណី​ខ្មែរ ​ហើយ​នាង​ក៏​បាន​រៀបការ​ជាមួយ​នឹង​លោក​វិលីម​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់ ​ខ្មែរ​យើង ដោយ​មាន​ចាស់ទុំ​និង​ភ្ញៀវ​កិត្តិយស​ចូលរួម​យ៉ាង​ច្រើន​កុះករ។

ក្រោយ​ពេល​រៀបការ​បាន​៦-៧​ខែ គាត់​មាន​ផ្ទៃពោះ លោក​វីលីម​បាន​កុហក​គាត់​ថា ផ្លាស់​ធ្វើ​ការ​នៅ​ឯ​ភ្នំពេញ តែ​តាម​ការពិត​វិលីម​បាន​លួច​គេច​វិលត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ ​ដោយ​បន្សល់ទុក​នូវ​លុយកាក់​ឲ្យ​គាត់​តែ​បន្តិចបន្តួច​តែប៉ុណ្ណោះ។ បន្ទាប់​ពី​បាន​ដឹង​ថា​វិលីម​ត្រឡប់​ទៅ​ស្រុក​វិញ បងស្រី​បាន​ព្យាយាម​សរសេរ​សំបុត្រ​ទាក់ទង​ទៅ​គាត់​ហើយ​លោក​វិលីម​បាន​សរសេរ​ សំបុត្រ​ផ្ញើ​មក​គាត់​ចំនួន​២​ដង ហើយ​ក៏​បាត់​ឈឹង​រហូត​ទៅ។

ស្ត្រី ឈន ច័ន្ទ​សុផល បាន​បន្ត​ថា សព្វថ្ងៃ​នេះ​បងស្រី​រស់​នៅ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ដែល​កូន​ស្រី​ជា​តំណក់​ឈាម​របស់​លោក​វិលីម​នោះ​ឈ្មោះ វិលីម មាសសុទ្ធសុផាណា នាង​មាន​អាយុ​១៦​ឆ្នាំ​ហើយ សព្វថ្ងៃ​រៀន​នៅ​ថ្នាក់​ទី​៧​F នៃ​វិទ្យាល័យ​អាចារ្យល័ក្ខ​ កំពង់ធំ។

ដោយសារ​តែ​ការ​អស់​សង្ឃឹម និង​ការ​ទន្ទឹង​រង់ចាំ​តទៅ​ទៀត​ ហើយ​មាន​ជីវភាព​ខ្វះខាត​ផង​នោះ គាត់​បាន​សរសេរ​ពាក្យបណ្ដឹង​មួយ​ ដាក់​ជូន​ទៅ​ស្ថានទូត​នៃ​ប្រទេស​បែលហ្សិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទាមទារ​សុំ​ឲ្យ​ប្ដី​របស់​គាត់ ​ជួយ​ផ្ដល់​លុយ​អាហារកិច្ច​សម្រាប់​ចិញ្ចឹម​កូន។ ពាក្យបណ្ដឹង​នេះ​រូប​គាត់​មិន​បាន​យក​ទៅ​ដាក់​នៅ​ស្ថានទូត​ខ្លួនឯង​ទេ គឺ​គាត់​ពឹង​ពាក់​ចាងហ្វាង​កាសែត​ម្នាក់​ឲ្យ​ជួយ​យក​ទៅ​ដាក់​ឲ្យ ​ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ (៦ ឧសភា ២០០៩) គាត់​នៅ​មិន​ទាន់​ដឹង​ថា​ពាក្យបណ្ដឹង​នោះ​ទៅ​ដល់​ស្ថានទូត​បែលហ្សិក​ហើយ​ឬ​ នៅ​ទេ។

គាត់​សម្គាល់​ឃើញ​ថា កន្លង​ទៅ​នេះ​មាន​ស្ត្រី​ខ្មែរ​យើង​មួយ​ចំនួន​តែងតែ​ចង់​បាន​ប្ដី​បរទេស ពីព្រោះ​យក​ប្ដី​បរទេស​មាន​លុយ​ដុល្លារ​ចាយ ប៉ុន្តែ​វា​មិន​ជោគជ័យ​ទាំងអស់​នោះ​ទេ មាន​អ្នក​ខ្លះ​ក៏​ត្រូវ​ខក​ខ្លួន និង​ស្រក់​ទឹកភ្នែក​ដោយ​សារ​ប្ដី​បរទេស​នេះ​ដែរ។ រឿងរ៉ាវ​របស់​ស្ត្រី​ឈន ច័ន្ទសុផល គឺ​ជា​មេរៀន​មួយ​ដែល​ស្ត្រី​ខ្មែរ​យើង​គួរ​តែ​យក​ទៅ​ពិចារណា៕

អ្នក​បើកបរ​យានយន្ត​ជាង​កន្លះ​លាន​នាក់ ​មិន​ទាន់​មាន​ប័ណ្ណ​បើកបរ

អ្នក​បើកបរ​យានយន្ត​ជាង​កន្លះ​លាន​នាក់ ​មិន​ទាន់​មាន​ប័ណ្ណ​បើកបរ

ភ្នំពេញ៖ ចំនួន​យានយន្ត​ដែល​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​​ផ្លូវ​សាធារណៈ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​កើន​ដល់​ ១.១៦៩.៤១១​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​​៩៣៥.៤២១​គ្រឿង​ ដោយ​មិន​បាន​រាប់​​បញ្ចូល​​យានយន្ត​ដោយ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការពារ​ ជាតិ​ និង​ក្រសួង​មហាផ្ទៃ​នោះ​ទេ។ តែ​ចំនួន​ប័ណ្ណ​បើកបរ​យានយន្ត ដែល​បាន​ចេញ​​ដោយ​ក្រសួង​សាធារណការ​ រហូត​មក​ទល់​ពេល​នេះ​ ទើប​តែ​មាន​ចំនួន​ប្រមាណ​ជា​៤១៣.៤៥២​ប័ណ្ណ​ បាន​ន័យ​ថា​ នៅ​អ្នក​បើកបរ​​ជាង​ពាក់​កណ្ដាល​ទៀត​មិន​ទាន់​មាន​ប័ណ្ណ​បើកបរ​ ជា​ពិសេស​អ្នក​បើកបរ​ម៉ូតូ។

លោក​ កែវ​ សាវិន​ ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន ​នៃ​ក្រសួង​សាធារណការ ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​ឧសភា​ថា​ ចំនួន​យានយន្ត​​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​សាធារណការ​រយៈពេល​៤​ខែ​ដើម​ឆ្នាំ​២០០៩​​នេះ​ មាន​ចំនួន​៨៥.០៩១​គ្រឿង​ក្នុង​​នោះ​មាន​ម៉ូតូ​ចំនួន​ ៧៥.៤៤៥គ្រឿង។ នៅ​ទូទៅ​​ប្រទេស​ពេល​នេះ​មាន​យានយន្ត​ចំនួន​ ១.១៦៩.៤១១​គ្រឿង​ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៩៣៥.៤២១​គ្រឿង​ចំនួន​យានយន្ត​ នេះ​មិន​បាន​គិត​បញ្ចូល​យានយន្ត​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​​ការពារ​ជាតិ​ និង​ក្រសួង​មហាផ្ទៃ​នោះ​ទេ។

ប្រភព​ដដែល​បាន​និយាយ​ឲ្យ​​ដឹង​ទៀត​ថា​ ចំនួន​យានយន្ត​មាន​រហូត​ដល់​ជាង​​១​លាន​គ្រឿង​ហើយ​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​ ផ្លូវ​សាធារណៈ​ តែ​ចំនួន​អ្នក​បើកបរ​ដែល​មាន​ប័ណ្ណ​បើកបរ​រហូត​មក​ទល់​ពេល​នេះ​ ទើប​តែ​មាន​​ចំនួន​៤១៣.៤៥២​នាក់​ បាន​ន័យ​ថា​ មាន​អ្នក​បើកបរ​ចំនួន​ជាង​ពាក់កណ្ដាល​នៃ​​ចំនួន​យានយន្ត​ កំពុង​តែ​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ​ ដែល​ជា​ប្រការ​មួយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​បាន​ តិច​ ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរ​ច្រើន​ ជា​ពិសេស​អ្នក​បើកបរ​ម៉ូតូ។

ការ​ផ្ដល់​ប័ណ្ណ​បើកបរ​ គិត​តាំង​ពី​ដើម​ទី​រហូត​មក​ទល់​ពេល​នេះ​ត្រូវ​បាន​គេ​និយាយ​ឲ្យ​ដឹង​ថា​ បើ​រាប់​ទាំង​ប័ណ្ណ​បើកបរ​ម៉ូត​ដែល​មាន​កម្លាំង​លើស​១២៥​​សេសេ​ផង​នោះ​ ទើប​តែ​បាន​ចំនួន​១៦.០០០​ប័ណ្ណ​ប៉ុណ្ណោះ។

យោង​តាម​ច្បាប់​ចរាចរ​ដែល​កំពុង​តែ​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ គឺ​តម្រូវ​​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ទាំងអស់​​ត្រូវ​មាន​ប័ណ្ណ​បើកបរ។ ក្រុម​អ្នក​រៀបចំ​ច្បាប់​ចរាចរ​ដែល​បាន​តម្រូវ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ត្រូវ​ មាន​ប័ណ្ណ​បើកបរ​នេះ​ បន្ទាប់​ពី​សង្កេត​ឃើញ​ថា​ គ្រោះ​ថ្នាក់​ចរាចរ​ដែល​បាន​កើត​មាន​ឡើង​​​កន្លង​មក​នេះ​ ភាគ​ច្រើន​​បង្ក​ឡើង​ដោយ​អ្នក​ប្រើប្រាស់​ម៉ូតូ​ដែល​មិន​បាន​សិក្សា​ ស្វែងយល់​ពី​ច្បាប់​ចរាចរ៕

Thursday, May 14, 2009

អ្នក​ទទួល​ពានរង្វាន់​ពិភពលោក​អាយុ​១៦​ឆ្នាំ

អ្នក​ទទួល​ពានរង្វាន់​ពិភពលោក​អាយុ​១៦​ឆ្នាំ ពន្យល់​ពី​របៀប​ផលិត​ប្រេង​ម៉ាហ្សូត​ល្ហុងខ្វង
ភ្នំពេញ៖ ប្រេង​ម៉ាហ្សូត​ផលិត​ចេញពី​ផ្លែ​ល្ហុងខ្វង គឺ​ជា​ថាមពល​ដ៏​សំខាន់​សម្រាប់​ប្រទេស​ក្រីក្រ។ នៅ​អាស៊ី​ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​ការ​ផលិត​ប្រេង​ម៉ាហ្សូត​ពី​ផ្លែ​ ល្ហុងខ្វង​នេះ គឺ​ប្រទេស​ហ្វីលីពីន បន្ទាប់មក​ប្រទេស​ចិន​ក៏​មាន​ផលិត​ដែរ ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ពឹងផ្អែក​ប្រេង​នាំចូល ការ​រក្សា​លំនឹង​តម្លៃ និង​ការ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន។

កញ្ញា សំអាង ម៉ានីន ដែល​ទើប​វិលត្រឡប់​ពី​ទទួល​ពានរង្វាន់​មេដាយ​មាស​ផ្នែក​ថាមពល​ ពានរង្វាន់​ជា​អ្នក​មាន​ការ​ប្រឹងប្រែង​ហ្មត់ចត់​ក្នុង​ការ​សិក្សា​ ស្រាវជ្រាវ និង​អ្នក​ផ្ដួចផ្ដើម​ដំណោះស្រាយ​ថាមពល ព្រមទាំង​ពានរង្វាន់​អាហារូបករណ៍​៤​ឆ្នាំ រៀន​នៅ​សកលវិទ្យាល័យ​ល្បីឈ្មោះ​នៅ​ក្រៅ​ប្រទេស ​បាន​ចាត់ទុក​ការផលិត​ប្រេង​ម៉ាហ្សូត​ពី​ល្ហុងខ្វង​ថា ​ជា​ថាមពល​ដ៏​មាន​សារ​សំខាន់។ វត្ថុធាតុ​ដើម​នៃ​ការ​ផលិត​ជីវៈ​ប្រេង​ម៉ាហ្សូត​គឺ​ប្រជាពលរដ្ឋ​កម្ពុជា​អាច ​ដាំ​បាន​ដោយ​របៀប​សាមញ្ញ។
តាម​ការ​ប្រសិទ្ធ​នាម​ថា អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​កញ្ញា សំអាង ម៉ានីន ដែល​ជា​យុវនារី​ខ្មែរ ​ម្នាក់ឯង​ទទួល​បាន​ពានរង្វាន់​ពិភពលោក​ចំនួន​បី​បាន​រៀបរាប់​ឲ្យដឹង​ថា ដើម​ល្ហុងខ្វង​បន្ទាប់​ពី​បណ្ដុះ​ហើយ​គេ​យក​ទៅ​ដាំ​រយៈពេល​៦​ខែ រួច​វា​នឹង​ឲ្យផល​ដល់​រយៈពេល​ពី​៦០​ទៅ​៧០​ឆ្នាំ។ ក្នុង​ផ្លែ​ល្ហុងខ្វង​១០០​គីឡូក្រាម អាច​ផលិត​បាន​ប្រេង​ម៉ាហ្សូត​ពី​៣០​ទៅ​៣៥​លីត្រ។ ប្រេង​ម៉ាហ្សូត​ផ្លែ​ល្ហុងខ្វង​នេះ​នឹង​ត្រូវ​ប្រើ​ជា​ថាមពល​សម្រាប់​ចាក់​ ម៉ាស៊ីន​គោយន្ត ម៉ាស៊ីន​បូម​ទឹក និង​គ្រឿង​ចក្រ​ធ្វើ​កសិកម្ម។

អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អាយុ​១៦​ឆ្នាំ​ សំអាង ម៉ានីន បាន​ឲ្យ​ដឹង​​ពី​រូបមន្ត​នៃ​ការ​ផលិត​ប្រេង​ម៉ាហ្សូត​ពី​ផ្លែ​ល្ហុងខ្វង​ថា ជា​ដំបូង​ត្រូវ​យក​គ្រាប់​ផ្លែ​ល្ហុងខ្វង​លីង​ឲ្យ​មាន​កម្ដៅ​៦០​​អង្សា​សេ ដើម្បី​ឲ្យ​គ្រាប់​ល្ហុងខ្វង​បញ្ចេញ​សារធាតុ​ប្រេង​បាន​ច្រើន។ បន្ទាប់​មក គេ​ត្រូវ​បក​សម្បក​ខាង​ក្រៅ​ចេញ ដោយ​ទុក​សាច់​ស​ខាង​ក្នុង។
ពេល​បាន​សាច់​ស​នៃ​គ្រាប់​ល្ហុងខ្វង​ហើយ គេ​យក​វា​ទៅ​កៀប​ដោយ​ប្រើ​កម្លាំង​សង្កត់​ខ្លាំង​ដើម្បី​យក​ប្រេង។ បន្ទាប់​មក​ត្រូវ​យក​ប្រេង​នេះ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ក្រឡុក ដើម្បី​បំបែក​កាកសំណល់​ដែល​នៅ​ក្នុង​ប្រេង។
ក្រោយ​ការ​ក្រឡុក​ជាតិ​ប្រេង​ល្ហុងខ្វង​រួច​គេ​យក​ប្រេង​នេះ​ដាក់​ចម្រោះ ​ដោយ​អេប៉ុង និង​ក្រណាត់​ចំនួន​២៦​ជាន់។ ការ​ធ្វើ​របៀប​នេះ​ដើម្បី​ឲ្យ​ប្រេង​ល្ហុងខ្វង​មាន​ជាតិ​ថ្លា។ បន្ទាប់​ពី​ចម្រោះ​ដោយ​អេប៉ុង​និង​ក្រណាត់​២៦​ជាន់​ហើយ​ គេ​យក​ប្រេង​នេះ​ទៅ​ច្រោះ​និង​តម្រង​ចម្រោះ​ប្រេង​រថយន្ត​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រេង​កាន់​តែ​ថ្លា និង​ថែមទាំង​ដក​ចេញ​កាកសំណល់​ពី​ក្នុង​ប្រេង។
កញ្ញា ម៉ានីន រៀបរាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ប្រេង​បង្ហូរ​ចេញ​ពី​ការ​ចម្រោះ​តម្រង​ប្រេង​រថយន្ត​នេះ ពុំ​ទាន់​ក្លាយ​ជា​ប្រេង​ម៉ាហ្សូត​ទេ។ វា​គ្រាន់​តែ​ជា​ប្រេង​គ្រាប់​ល្ហុងខ្វង​តែប៉ុណ្ណោះ។ បន្ទាប់​ពី​នេះ គេ​ត្រូវ​ធ្វើ​​វា​តាម​ភាសា​អង់គ្លេស​ថា Titrantion ធ្វើ​តាម​រូបមន្ត​នេះ ដើម្បី​ឲ្យ​ដឹង​ថា តើ​មាន​ជាតិ​ខ្លាញ់​នៅ​ក្នុង​ប្រេង​តិច​ឬ​ច្រើន។
ខណៈពេល​អនុវត្ត​រូបមន្ត​ខាងលើ​នេះ ជា​លទ្ធផល​ពុំ​ក្លាយ​ជា​ប្រេង​ម៉ាហ្សូត​ទេ​គឺ​ក្លាយ​ជា​សប៊ូ ឬ​ចាហ៊ួយ។ ប៉ុន្តែ​សាប៊ូ​នេះ​ពុំ​គ្រប់គ្រាន់​តាម​ស្តង់ដារ​ជា​សាប៊ូ​ដែល​អាច​ប្រើ​បាន ​ទេ។ ដូច្នេះ​គេ​ត្រូវ​ឈាន​ទៅ​ធ្វើ​លក្ខខណ្ឌ​មួយ​​ទៀត​គឺ​ការ​បំប្លែង​ជាតិ​ ខ្លាញ់​ទាំងអស់​នោះ​ឲ្យ​ទៅ​ជា​ប្រេង។ លក្ខខណ្ឌ​នេះ​ត្រូវ​ប្រើ​អាស៊ីត​ និង​មេតាណុល​តាម​កម្រិត​មួយ​​រួច​ចាក់​ចូល​ប្រេង​ល្ហុងខ្វង។ ប្រេង​លាយ​ជាមួយ​អាស៊ីត និង​មេតាណុល​នេះ​ត្រូវ​យក​ទៅ​ក្រឡុក​លើ​ភ្លើង ឲ្យ​មាន​កម្ដៅ​៥៥​អង្សា​សេ​ក្នុង​រយៈពេល​មួយ​ម៉ោង។ បន្ទាប់​មក​រក្សា​ទុក​ប្រេង​ក្រឡុក​ឲ្យ​វា​រង​រួច​យក​ជាតិ​ខ្លាញ់​ចេញ​ឲ្យ​ អស់ ដោយ​យក​តែ​ប្រេង​សុទ្ធ ដើម្បី​យក​ទៅ​ពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស​មួយ​លើក​ទៀត។ ការ​ធ្វើ​របៀប​នេះ​គឺ​ឲ្យ​ដឹង​ពី​បរិមាណ​ប៉ូតាស្យូម​អ៊ីដ្រុកស៊ីត ទើប​ឈាន​ទោ​ធ្វើ​លក្ខខណ្ឌ​មួយ​លើក​ទៀត គឺ​ការ​បំប្លែង​ឲ្យ​ទៅជា​ប្រេង​ម៉ាហ្សូត។

កញ្ញា​ ម៉ានីន ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ដំណើរការ​ផលិត​បាន​ចេញ​ជា​ប្រេង​ម៉ាហ្សូត​ហើយ​គេ​ត្រូវ​យក​វា​ ធ្វើ​ពិសោធន៍ ដោយ​យក​ប្រេង​ម៉ាហ្សូត​ធ្វើ​សំយោគ​ជា​មួយ​ទឹក ដើម្បី​ឲ្យ​ដឹង​ថា ប្រេង​ម៉ាហ្សូត​នេះ​មាន​ជាតិ​ខ្លាញ់ ឬ​យ៉ាង​ណា។ ប្រសិន​បើ​ប្រេង​ម៉ាហ្សូត​នេះ​អស់​ជាតិ​ខ្លាញ់ គឺ​ប្រេង​មាន​ជាតិ​ថ្លា តែ​បើ​នៅ​ជាតិ​ខ្លាញ់​ប្រេង​នឹង​មាន​ពណ៌​ល្អក់។

ក្រោយ​ពី​ការ​ធ្វើ​បម្លែង​រវាង​ប្រេង​ប្រេង និង​ទឹក​រួចហើយ គេ​យក​ប្រេង​ទោ​រំហួត​ជា​មួយ​ពន្លឺ​ព្រះអាទិត្យ​រយៈពេល​៣​ម៉ោង ដើម្បី​ឲ្យ​ទឹក​ហួត​ចេញ​អស់។ បន្ទាប់​មក យក​ជាតិ​ប្រេង​នេះ​ទៅ​ច្រោះ​នឹង​តម្រង​រថយន្ត​ជា​ថ្មី​ទៀត ដើម្បី​បញ្ជាក់​ថា ប្រេង​ម៉ាហ្សូត​នេះ​ថ្លា​ល្អ គ្មាន​ជាតិ​ទឹក ជាតិ​ខ្លាញ់​អ្វី​ទាំង​អស់ សម្រាប់​យក​ទៅ​ប្រើប្រាស់​គ្រឿង​ចក្រ​កសិកម្ម។

កញ្ញា​ម៉ានីន អធិប្បាយ​ដោយ​បញ្ជាក់​ឲ្យ​ដឹង​ថា ទម្រាំ​សិក្សា​ស្រាវជ្រាវ​ឈាន​ដល់​ការ​ផលិត​បាន​ជា​ប្រេង​ម៉ាហ្សូត​​ពី​ផ្លែ ​ល្ហុងខ្វង​នេះ នាង​បាន​ចំណាយ​ពេលវេលា​ទាំង​យប់​ទាំង​ថ្ងៃ​ជា​ច្រើន​ខែ។ ក្នុង​រយៈពេល​សិក្សាស្រាវជ្រាវ​នេះ​ទៀត​សោត ការ​ធ្វើ​ខុស​ពុំ​ចេញ​លទ្ធផល គឺ​រាប់​ដង​មិន​អស់​ទេ។ នា​បន្ថែម​ថា ការ​សិក្សាស្រាវជ្រាវ​តាម​អ៊ិនធើណេត គឺ​ធ្វើ​មិន​ចេញ​អ្វី​សោះឡើយ។ វា​ចេញ​តែ​ចាហួយ និង​សាប៊ូ​ដែល​ប្រើ​មិន​កើត​តែ​ប៉ុណ្ណោះ។

សំអាង ម៉ានីន ឲ្យ​ដឹង​បន្ត​ថា​ដោយ​មាន​ការ​ខិតខំ​ព្យាយាម​យ៉ាង​អំណត់​ដូច​នេះ ទើប​ការ​រក​ឃើញ​រូបមន្ត​របស់​នាង​មាន​ភាព​ច្បាស់លាស់ ធ្វើ​ឲ្យ​គណៈកម្មការ​អន្តរជាតិ ដែល​មាន​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ប្រមាណ​ជិត​១,២៥០​នាក់ មក​ពី​៦០​ប្រទេស​ទទួល​ស្គាល់ និង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ប្រកាស​ប្រគល់​ពានរង្វាន់​ចំនួន​បី​សម្រាប់​នាង​តែ​ម្នាក់​ឯង។ នាង​បន្ត​ថា ការ​ប្រកួត​ប្រជែង​ស្នាដៃ​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​​​រយៈពេល​៥​ថ្ងៃ (​១៥-២០​ខែ​មេសា) នៅ​ទី​ក្រុង​ហូស្តុន រដ្ឋ​តិចសាស់​សហរដ្ឋអាមេរិក នា​ពេល​កន្លង​មក ធ្វើ​ឲ្យ​គ្រប់​ជនជាតិ​លើ​ពិភព​លោក​ចាប់​អារម្មណ៍​ពី​កម្ពុជា។

យុវនារី សំអាង ម៉ានីន បច្ចុប្បន្ន​រៀន​ថ្នាក់​ទី​១១ នៃ​សាលា​អន្តរជាតិ ZAMAN រាជធានី​ភ្នំពេញ។ ឪពុក​របស់​ ម៉ានីន​ឈ្មោះ ព្រៃ សំអាង មាន​អាយុ​៤៩​ឆ្នាំ ជា​នាយក​គណនេយ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ និង​អ្នក​ស្រី​ ហេង ច័ន្ទលីដា អាយុ​៤៥​ឆ្នាំ ជា​ម្ដាយ​កំពុង​ធ្វើការ​ជា​មន្ត្រី​សមាគម​ថែទាំ​សុខភាព​គ្រួសារ​នៅ​កម្ពុជា​ ហៅ​កាត់​ថា រ៉ាក់។

ឪពុក​និង​ម្ដាយ​របស់​ ម៉ានីន ​ឲ្យ​ដឹង​ថា លោក​មាន​កូន​​ស្រី​តែ​ម្នាក់​គត់​គឺ សំអាង ម៉ានីន។ លោក​បាន​មាន​ប្រសាសន៍​​សរសើរ​ ម៉ានីន​ ថា​តាំង​ពី​តូច​មក​នាង​រៀន​ពូកែ​រហូត មាន​ពិន្ទុ​ប្រចាំ​ខែ​គឺ​លេខ​១​ដល់​លេខ​៥​ជា​និច្ច។

ចំណែក​យុវនារី ម៉ានីន បាន​បង្ហាញ​ទស្សនៈ​របស់​នាង​ថា បន្ទាប់​ពី​ការ​រក​ឃើញ​ពី​កា​រ​ផលិត​ប្រេង​ម៉ាហ្សូត​ពី​ផ្លែ​ល្ហុងខ្វង ដោយ​​បាន​ទទួល​ពានរង្វាន់​ពិភពលោក​ផ្នែក​ថាមពល កាល​ពី​ពាក់កណ្ដាល​ខែ​មេសា​កន្លង​មក នាង​បាន​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​នេះ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។ ព្រោះ​ការ​រក​ឃើញ​នេះ អន្តរជាតិ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ហេតុ​នេះ​នាង​ចង់​ឲ្យ​រូបមន្ត​ដែល​រក​ឃើញ​នេះ​បាន​ក្លាយ​ជា​សារប្រយោជន៍​ សម្រាប់​សង្គម​ជាតិ​ខ្មែរ៕