Thursday, May 14, 2009

មេរៀនមួយសម្រាប់ស្ត្រីក្នុងចំណងអាពាហ៍ពិពាហ៍

មេរៀនមួយសម្រាប់ស្ត្រីក្នុងចំណងអាពាហ៍ពិពាហ៍
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

នា​ពេល​ថ្មីៗ​នេះ កាសែត​ក្នុង​ស្រុក​មួយ​បាន​ផ្សាយ​ថា ស្ត្រី​ខ្មែរ​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់​ធំ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ស្ថានទូត ​នៃ​ប្រទេស​បែលហ្សិក​ប្រចាំ​កម្ពុជា ដើម្បី​ទាមទារ​សុំ​ឲ្យ​ប្ដី​របស់​ខ្លួន​​ជា​ជនជាតិ​បែលហ្សិក​ដែល​បាន​លួច​ គេច​ខ្លួន​ត្រឡប់​ទៅ​ស្រុក​វិញ​ ហើយ​បាត់​ដំណឹង​សូន្យ​ឈឹង​នោះ​ឲ្យ​ជួយ​ផ្ដល់​អាហារកិច្ច​ចិញ្ចឹម​កូនស្រី។

កាសែត​​បាន​រាយការណ៍​ថា ស្ត្រី​ខ្មែរ​រូប​នោះ​បាន​ពឹង​ពាក់​ចាងហ្វាង​កាសែត​ម្នាក់​ឲ្យ​ជួយ​យក​ពាក្យបណ្ដឹង​នេះ​ទៅ​ស្ថានទូត​បែលហ្សិក ដោយ​គាត់​មិន​ទាន់​បាន​ដឹង​ថា ពាក្យបណ្ដឹង​នោះ​បាន​ទៅ​ដល់​ស្ថានទូត​បែលហ្សិក​ឬ​ក៏​អត់​នោះ​ទេ។

ជា​ការ​ពិត ករណី​បែប​នេះ​ទំនង​ជា​ករណី​ដ៏​កម្រ​មួយ ដែល​មាន​ជនជាតិ​ស្បែក​ស​ច្រមុះ​ស្រួច​លួច​រត់​ចោល ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ប្រពន្ធ​កូន​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ ស្របច្បាប់​បែបនេះ។ មែន​ហើយ ពិត​ជា​មាន​ច្រើន​ដែល​បុរស​បរទេស​បាន​រួម​មេត្រី​ជា​មួយ​ស្ត្រី​ខ្មែរ ដោយ​ខ្លះ​បាន​កូន ហើយ​ខ្លះ​ទៀត​ក៏​មិន​ទាន់​បាន ហើយ​ពួកគេ​បាន​ដាក់​មេផាយ​បិត​សាប៊ូ​បាតជើង​រត់​ចោល​នារី​ខ្មែរ​គ្មាន​ងាក​ ក្រោយ ទុក​ឲ្យ​នារី​ខ្មែរ​ចិញ្ចឹម​កូន​លេង​តែ​ម្នាក់​ឯង​យ៉ាង​កណ្ដោចកណ្ដែង​ក្នុង​ វាលវដ្តសង្សារ​នេះ។ ប៉ុន្តែ​ករណី​នេះ​ច្រើន​តែ​កើត​មាន​ចំពោះ​គូស្នេហ៍​ដែល​មិន​មាន​មង្គលការ​ ស្រប​ច្បាប់ ពិសេស​នៅ​ជំនាន់​អ៊ុនតាក់​នា​ឆ្នាំ ១៩៩០-៩៣ ដែល​កាល​ពី​ពេល​នោះ​មាន​ជន​បរទេស​ទាំង​អាស៊ី អឺរ៉ុប ទាំង​អាហ្វ្រិក និង​អាមេរិក​រាប់​សែន​នាក់​ដែល​បាន​មក​ជួយ​សម្របសម្រួល​ការងារ​បោះឆ្នោត​ ជាតិ​លើក​ដំបូង​នៅ​កម្ពុជា​យើង បន្ទាប់​ពី​សង្គ្រាម​ហែកហួរ​គ្នា​អស់​រយៈ​ពេល ២០ ឆ្នាំ​គឺ​ចាប់​ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៩០។ បច្ចុប្បន្ន​មាន​កូន​អ៊ុនតាក់​ច្រើន​ណាស់​ដែល​ពួក​គេ​រស់​នៅ​ពេញ​វ័យ តែ​មិន​ដឹង​ឪពុក​នៅ​ទី​ណា។ អ៊ុនតាក់​ជា​ពាក្យ​ដែល​បាន​មក​ពី​អក្សរ​អង់គ្លេស​ថា UNTAC (United Nations Transitional Authority in Cambodia) ដោយ​មាន​ន័យ​ថា អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា។​

ឥឡូវ​យើង​និយាយ​តែ​ពី​រឿង​គូស្នេហ៍​ដែល​​មាន​មង្គលការ ឬ​មាន​ចំណង​អាពាហ៍ពិពាហ៍​ស្របច្បាប់​វិញ​ម្ដង។ ករណី​ស្រដៀង​គ្នា​ទៅ​នឹង​ស្ត្រី​នៅ​ខេត្ត​កំពង់ធំ​ខាង​លើ​នេះ​គឺ​ពិត​ជា​កើត ​មាន​រាប់​មិន​អស់​ចំពោះ​បុរស​អាស៊ី។ ចុះ​បុរស​ខ្មែរ​របស់​យើង​វិញ​យ៉ាង​ម៉េច​ដែរ? ពិបាក​នឹង​និយាយ​ណាស់ គឺ​ហា​ទៅ​វា​ស្លាក់​ខ្ជាក់​ទៅ​វា​ស្លែង តែ​បើ​មិន​និយាយ គឺ​មិន​បាន គឺ​ត្រូវតែ​រំលឹក​ខ្លះ​ព្រោះ​នៅ​ក្នុង​សង្គម​របស់​យើង ករណី​បែប​នេះ​គឺ​មាន​ច្រើន​មែន​ទែន។ មាន​បុរស​ជា​ច្រើន​បាន​បោះបង់​ចោល​ប្រពន្ធ​កូន​ទុក​ឲ្យ​រស់​នៅ​វេទនា ហើយ​ខ្លួន​បែរ​ជា​ទៅ​រស់​នៅ​ជា​មួយ​នារី​ផ្សេង​យ៉ាង​ត្រជាក់ចិត្ត។ ចំណែក​ឯ​ស្ត្រី​ជា​ភរិយា ពិសេស​ស្ត្រី​រស់​នៅ​តាម​តំបន់​ជនបទ ដែល​ការ​អប់រំ​ផ្នែក​ចំណេះ​ដឹង​ទូទៅ​របស់​ពួក​គេ​មាន​កម្រិត​ទាប ហើយ​មិន​អាច​ទទួល​សេវា​ការពារ​ផ្នែក​ច្បាប់​បាន​គ្រប់គ្រាន់​នោះ បែរ​ជា​ទទួល​រងគ្រោះ ដែល​ពួកគេ​ជាទូទៅ​នៅតែ​គិត​ថា​ជា​ផល​កម្ម​របស់​ពួកគេ​ទៅ​វិញ ។ ការ​គិត​បែប​នេះ​ពិត​ជា​មាន​កំហុស​យ៉ាង​ធ្ងន់​មិន​ត្រឹម​តែ​ចំពោះ​ខ្លួន​ឯង​ ប៉ុណ្ណោះ​នោះ​ទេ តែ​ថែម​ទាំង​ចំពោះ​កូន​ចៅ និង​ក្នុង​សង្គម​គ្រួសារ​ទាំងមូល ដោយ​បណ្ដោយ​ឲ្យ​បុរស​កំហូច​មិន​បាន​បំពេញ​តួនាទី និង​ការ​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​ស្វាមី និង​ជា​ឪពុក។ សូម្បី​តែ​សត្វ​តិរច្ឆាន​ក៏​វា​រក​ចំណី​ឲ្យ​កូន​របស់​វា​ស៊ី​បាន​ធំធាត់ និង​បង្រៀន​ឲ្យ​ចេះ​ដើរ រត់ លូន​និង​អាច​រក​ចំណី​បាន​ខ្លះ​ដែរ មុន​នឹង​ពួកវា​បោះបង់​កូន​របស់​ខ្លួន​ចោល​នោះ។ ចុះ​មនុស្ស​វិញ? បើ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ដូច​ខាង​លើ​នោះ​ទេ​គឺ​ពិត​ជា​អន់​ជាង​សត្វ​ តិរច្ឆាន​ទៅទៀត។ យើង​សូមទោស​ក្នុង​ការ​និយាយ​បែប​នេះ​ដល់​លោក​បុរសៗ​ដែល​គ្មាន​ការ​ទទួល​ខុស​ ត្រូវ​ចំពោះ​ប្រពន្ធ​កូន​នោះ!

មិន​អាច​ប្រកែក​បាន​ទេ​ដែល​ថា ស្ត្រី​ខ្មែរ​យើង​ភាគច្រើន​មាន​ការ​អត់ធ្មត់ ខាំ​មាត់​សង្កត់​ចិត្ត អោប​ទុក្ខ​ក្នុង​ដើម​ទ្រូង សុខចិត្ត​លំបាក​ទាំង​កាយ​ទាំង​ចិត្ត​តែ​ម្នាក់​ឯង ដោយ​បណ្ដោយ​ឲ្យ​ស្វាមី​វង្វេង​បឹង​ពុល​នឹង​កាមទេព​ទៅ​មួយ​ខ្យល់ និង​ទុក​ឱកាស​បាន​កែ​ខ្លួន​វិល​មក​រក​ទ្រនំ​ដើម​សាង​ជីវិត​ថ្មី​លើ​ចំណង​ ស្នេហ៍​ចាស់​វិញ។ ការ​ទុក​ឱកាស​បែបនេះ ព្រោះ​ស្ត្រី​ខ្មែរ​យល់ថា ខ្លួន​មិន​ចង់​ឲ្យ​បុរស​ជា​ស្វាមី​ដែល​ខ្លួន​បាន​ស្រឡាញ់​អោប​នៅ​នឹង​ដើម​ ទ្រូង និង​ជា​ឧពុក​របស់​កូន​របស់​ខ្លួន​ត្រូវ​ជាប់​ទោស​ទណ្ឌ​ពី​ការ​ប្ដឹងផ្ដល់​ នោះ​ឡើយ។ ជា​ការ​ពិត មាន​បុរស​ខ្លះ​ក៏​បាន​ភ្ញាក់​ខ្លួន​ដូច​ខ្មោច​ប្រាំពីរ​ថ្ងៃ ហើយ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ជួបជុំ​ប្រពន្ធ​កូន​តាម​សម្រួល ហើយ​ក៏​មាន​បុរស​ខ្លះ​ទៀត ដែល​ខ្មែរ​យើង​តែងតែ​និយាយ​ថា "កែ​មិន​ឡើង" ដោយ​បណ្ដោយ​ខ្លួន​ទៅ​តាម​កាម​តណ្ហា​មួយ​ទំហឹង យក​មួយ​ទៅ​មួយ​ព្រោះ​ខ្លួន​មាន​មន្ត​ស្នេហ៍ ហើយ​មិន​ចូលចិត្ត​របស់​ដដែលៗ​នោះ​ទេ។ ពួកគេ​ពិត​ជា​មាន​សំណាង​អី​ម្លេះ​ហ៎្ន!

ទាក់ទិន​នឹង​បញ្ហា​នេះ ស្ត្រី​ត្រូវ​ដឹង​សិទ្ធិ​របស់​ខ្លួន ហើយ​ហ៊ាន​ក្រោក​ឈរ​ឡើង​ដើម្បី​សេរីភាព​ស្របច្បាប់។ ស្ត្រី​ត្រូវ​តែ​ដឹង​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន ដើម្បី​ត្រៀម​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​ជា​យថាហេតុ។ ឧទាហរណ៍​មួយ​របស់​ស្ត្រី​នៅ​ខេត្ត​កំពង់ធំ​នេះ គឺ​ជា​មេរៀន​មួយ​ដែល​ស្ត្រី​ខ្មែរ​គ្រប់​រូប​ត្រូវ​តែ​ចង​ចាំ ហើយ​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ចំណង​អាពាហ៍ពិពាហ៍ មិន​ថា​ឡើយ​ជាមួយ​បុរស​ជនជាតិ​បរទេស​នោះ​ទេ តែ​ក៏​ជា​មួយ​នឹង​បុរស​កម្ពុជា​ដូច​គ្នា​ដែរ។ ការ​យល់​ច្បាស់​ពី​ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ដោយ​រួម​ទាំង​ច្បាប់​ផ្សេងៗ​ទៀត ដូច​ជា​ច្បាប់​ស្ដី​ពី​ឯក​ពន្ធភាព ដែល​រៀបរាប់​ពី​ទោស​ទណ្ឌ​នៃ​ការ​ផិត​ក្បត់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ និង​ច្បាប់​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រងគ្រោះជាដើម គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​គ្រប់ៗ​រូប​ក្នុង​ការ​ការពារ​ ខ្លួន​ឯង​ផង និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ផង ដូច​ជា​កូន​ចៅ និង​អ្នក​ដែល​រស់​ជុំវិញ​ខ្លួន ក៏​ដូច​ជា​អ្នក​រស់នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ដែរ។

ស្ត្រី​ទាំង​អស់​ត្រូវ​គិត​ថា ខ្លួន​មិន​មែន​ឯកោ​នោះ​ទេ ព្រោះ​ខ្លួន​កំពុង​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​សម្បូណ៌​ដោយ​ច្បាប់។ស្ត្រី​ ត្រូវ​ចេះ​ស្វះស្វែង​រក​ការ​ប្រឹក្សា​យោបល់​តាមរយៈ​សហគមន៍ តាមរយៈ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឬ​ក៏​តាមរយៈ​អ្នក​តំណាងរាស្ត្រ​របស់​ខ្លួន។ ជាង​នេះ​ទៅ​ទៀត​នៅ​ប្រទេស​របស់​យើង​ឥឡូវ ក៏​មាន​សមាគម​អ្នក​ច្បាប់​ ដែល​មាន​មេធាវី​ជួយ​ការពារ​ក្ដី​ឲ្យ​ជន​រងគ្រោះ​ក្រីក្រ​ដោយ​មិន​គិត​ថ្លៃ​ សេវា​ទៀត​ផង។

ដោយ​សារ​តែ​ជួយ​លើកស្ទួយ​សិទ្ធិ​ស្ត្រី​ និង​យេនឌ័រ​នេះ​ហើយ ទើប​សង្គម​របស់​យើង​តែងតែ​បាន​ប្រារព្ធ​ពិធី​ទិវា​នារី​អន្តរជាតិ ៨ មីនា ដើម្បី ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ការងារ​​នៅ​ក្នុង​សង្គម និង​ទិវា​យុទ្ធនាការ ១៦ ថ្ងៃ (បំពាក់​បូ​ពណ៌​ស) ដែល​ជា​ទិវា​បង្ហាញ​ពី​សកម្មភាព​ប្រឆាំង​នឹង​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​និង​កុមារ។ ម្យ៉ាងទៀត យើង​មាន​អង្គការ​ស្ត្រី យើង​មាន​បណ្ដាញ​ស្ត្រី ហើយនិង​មាន​អង្គការ​គាំទ្រ​ការងារ​ស្ត្រី ដែល ​ទាំងអស់​ខាង​លើ​នេះ​ពិត​ជា​អាច​ជួយ​ការពារ​ស្ត្រី​តាម​ផ្លូវ​ច្បាប់​បាន។ ការ​យល់ដឹង និង​ការ​ហ៊ាន​ប្រឈម​ទៅ​នឹង​បញ្ហា​តាម​ផ្លូវ​ច្បាប់​គឺ​អាច​ឲ្យ​ស្ត្រី​ទទួល​ បាន​ផល​ប្រយោជន៍​ស្របច្បាប់ មិន​ថា​ឡើយ​ពី​ចំណង​អាពាហ៍ពិពាហ៍​នោះ​ទេ តែ​ក៏​បាន​មក​ពី​ការងារ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម​ទាំងមូល​ដែរ។ នៅ​ក្នុង​សង្គម​មួយ បើ​ស្ត្រី​ជា​ច្រើន​មាន​បញ្ហា​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ដោយ​មិន​បាន​ទទួល​ផល​ ស្រប​ច្បាប់​ពី​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នោះ នោះ​នាំ​ឲ្យ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​គេ​មាន​បញ្ហា ហើយ​បើ​ក្រុម​គ្រួសារ​ជា​ច្រើន​មាន​បញ្ហា នោះ​វា​ជា​បន្ទុក​មួយ​ដ៏​ធំ​នៅ​ក្នុង​សង្គម​ដែល​ជា​អម្រែក​មួយ​ដ៏​ធ្ងន់​ របស់​មេ​ដឹកនាំ​ប្រទេស។

ហេតុនេះ ខណៈ​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង និង​លើកស្ទួយ​ពីសង្គម ស្ត្រី​ខ្លួន​ឯង​ត្រូវតែ​ខិតខំ​ស្វែងយល់​ពី​សិទ្ធិ ដើម្បី​ការពារ​ផល​​ប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន របស់​គ្រួសារ និង​របស់​សង្គម​ទាំង​មូល​ផង។ បន្ថែម​ពី​លើ​នេះ ស្ត្រី​ត្រូវ​មាន​ជំនឿ​លើ​ខ្លួន​ឯង ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើ​ ដោយ​មិន​ត្រូវ​ពឹងផ្អែក​លើ​សេដ្ឋកិច្ច​ទាំង​ស្រុង​ពី​បុរស​ជា​ស្វាមី​នោះ​ ទេ។ ពាក្យ​បុរាណ​មួយ​ឃ្លា​បាន​ពោល​ថា "សំណាប​យោង​ដី ស្រី​យោង​បុរស"។ ពាក្យ​មួយ​ឃ្លា​នេះ​ពិតជា​មាន​ន័យ​ទូលំទូលាយ ដែល​អាច​បញ្ជាក់​បាន​ថា ស្ត្រី​គឺ​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន​ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ និង​ទាំង​នៅ​ក្នុង​សង្គមជាតិ​ទាំងមូល។

និយាយ​សរុប​មក​វិញ មេរៀន​ដែល​កើត​មាន​ចំពោះ​ស្ត្រី​ខាង​លើ​គឺ​ជា​បទពិសោធន៍​មួយ​ដែល​យើង​ទាំង​ អស់​គ្នា​ត្រូវតែ​ចងចាំ ហើយ​ស្ត្រី​គ្រប់រូប​ត្រូវតែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ចំណង​ អាពាហ៍ពិពាហ៍​មុន​នឹង​សម្រេច​ចិត្ត​រួមសំវាស​នឹង​បុរស​ណា​ម្នាក់។ មនុស្ស​គ្រប់ៗ​រូប​ទាំង​ស្ត្រី​ទាំង​បុរស​មាន​សិទ្ធិ​ស្មើ​គ្នា​ដែល​មាន​ចែង ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស៕

ការ​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​រក​ការងារ​ធ្វើ​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ

ការ​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​រក​ការងារ​ធ្វើ​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

រាជធានី​ភ្នំពេញ៖ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​រៀបចំ​បើក​សិក្ខាសាលា​មួយ​ស្ដី​ពី​ការ​ពិគ្រោះ​យោបល់​លើ​​គោលនយោបាយ​ ទេសន្ដរប្រវេសន៍​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​សណ្ឋាគារ​សាន់វ៉េ​ កាល​ពី​ថ្ងៃ​ទី​៦​ ឧសភា​ ក្រោម​អធិបតីភាព​លោក​ សេង​ សក្ដា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង​ការងារ។

ថ្លែង​សុន្ទរកថា​ នៅ​ក្នុង​ឱកាស​នោះ​លោក​ សេង​ សក្ដា​ បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​ (ឬ​ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ) កំពុង​ក្លាយ​ជា​ផ្នែក​​មួយ​យ៉ាង​សំខាន់​នៃ​ទី​ផ្សារ​​ការងារ​នា​យុគសម័យ​ បច្ចុប្បន្ន​នេះ​ ទាំង​នៅ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ និង​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ទន្ទឹម​នឹង​នេះ​ ទេសន្ដរប្រវេសន៍​ការងារ​ក៏​បាន​បង្កើត​ឡើង​នូវ​បញ្ហា​​ស្មុគស្មាញ​ជា​ច្រើន​ ផង​ដែរ​ ដោយ​ក្នុង​នោះ​មាន​មតិ​ពីរ​លើក​ឡើង​ផ្សេង​ពី​គ្នា​ គឺ​មួយ​គាំទ្រ​ការ​ធ្វើ​ទេសន្ដរប្រវេសន៍​​ការងារ​​ និង​មួយ​ទៀត​ជំទាស់​នឹង​ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ។ ចំពោះ​មតិ​គាំទ្រ​យល់​ថា​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​បាន​ជួយ​កាត់​បន្ថយ​អត្រា​ភាព​គ្មាន​ ការងារ​ធ្វើ​​នៅ​ក្នុង​ប្រទេស​បញ្ជូន​បំពេញ​កង្វះ​ខាត​កម្លាំង​ពលកម្ម​ក្នុង ​ប្រទេស​ទទួល​ផ្ដល់​​ឲ្យ​ពលករ​ទេសន្ដរប្រវេសន៍​ទទួល​បាន​នូវ​ឱកាស​អភិវឌ្ឍន៍ ​ជំនាញ​នៅ​ក្រៅ​ប្រទេស​ និង​បញ្ជូន​ប្រាក់បញ្ញើ​ត្រឡប់​មក​ធ្វើ​ការ​វិនិយោគ​លើក​កម្ពស់​សេដ្ឋកិច្ច​ ប្រទេស​របស់​ខ្លួន​វិញ។ ចំណែក​ឯ​មតិ​ជំទាស់​វិញ​យល់​ថា​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​ គឺ​ជា​ការ​បរាជ័យ​ក្នុង​ការ​បង្កើត​ការងារ​សមរម្យ​ ការ​បាត់បង់​ធនធាន​​មនុស្ស​ក្នុង​ប្រទេស​បញ្ជូន​ បង្កើន​ភាព​ប្រកួតប្រជែង​ទី​ផ្សារ​ការងារ​ក្នុង​ប្រទេស​ទទួល​ជា​ពិសេស​ចំពោះ ​កម្មករ​មាន​ជំនាញ​តិចតួច​ និង​ការ​គំរាមកំហែង​​ចំពោះ​សន្តិសុខ​របស់​ប្រទេស​ទទួល។

លោក​អគ្គនាយក​បន្ត​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​ឃើញ​ថា​ មាន​ចំណុច​រួម​​មួយ​ពោល​គឺ​ ប្រសិន​បើ​ទេសន្តរប្រវេសន៍​ការងារ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រព័ន្ធ​ ​ស្រប​ច្បាប់​មាន​ការ​គ្រប់គ្រង​ច្បាស់លាស់​ត្រឹមត្រូវ​ និង​​មាន​តម្លាភាព​ នោះ​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​គ្រប់​គ្នា​ទាំងអស់​ ទាំង​ប្រទេស​ទទួល​ ទាំង​ប្រទេស​បញ្ជូន​ ទាំង​ភ្នាក់ងារ​បញ្ជូន​ និង​ជា​ពិសេស​​ពលករ​ខ្លួន​ឯង។ ម្យ៉ាង​វិញ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​ គឺ​ជា​ប្រធានបទ​ដ៏​រសើប​មួយ​សម្រាប់​ទាំង​រាជរដ្ឋាភិបាល​ ក៏​ដូចជា​អង្គការ​អន្តរជាតិ​ និង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​កំពុង​​ធ្វើការ​នៅ​ក្នុង​​ប្រទេស​ កម្ពុជា។ ក្នុង​ពេល​កន្លង​មក​ ភាគ​ច្រើន​នៃ​ការ​​អន្តរាគមន៍​ និង​ការ​សិក្សា​ស្រាវជ្រាវ​នានា​ដែល​ទាក់ទង​នឹង​ចលនា​បំលាស់ទី​របស់​ ប្រជាពលរដ្ឋ​ គឺ​​ផ្ដោត​ទៅ​លើ​ការ​ជួញដូរ​មនុស្ស​ ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ និង​ការ​ធ្វើ​បំលាស់​ទី​ដោយ​បង្ខំ។ ប៉ុន្តែ​​ចាប់​ពី​ឆ្នាំ​២០០៤​មក​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​​មួយ​ សម្រាប់​​ការ​សិក្សា​ស្រាវជ្រាវ​ និង​​សកម្មភាព​​គម្រោង​នានា។

ជា​ក្រឹត្យក្រម​ធម្មជាតិ​ និង​សង្គម​ ជីវិត​មនុស្ស​រស់នៅ​ គឺ​អាស្រ័យ​ដោយសារ​ការ​ធ្វើ​ការងារ​ ដូច្នេះ​បំលាស់ទី​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​​គឺ​ជា​បញ្ហា​ដែល​ពេល​ខ្លះ​ មិន​អាច​ចៀសវាង​បាន​ឡើយ។ ជា​ទូទៅ​ បំលាស់ទី​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ចេញ​ក្រៅ​ប្រទេស​ គឺ​ជា​ការងារ​រងគ្រោះ​ប្រសិន​បើ​មិន​មាន​វិធានការ​សមស្រប​ដើម្បី​ការពារ​ជន​ ទាំង​នោះ​ជា​ពិសេស​​ចំពោះ​ស្ត្រី និង​កុមារ។ យើង​សង្កេត​ឃើញ​ផង​ដែរ​ថា​ ឫស​គល់​នៃ​ការ​ជួញដូរ​មនុស្ស​ ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ការ​រីក​រាលដាល​នៃ​ជំងឺ​អេដស៍​ គឺ​ដោយសារ​​កត្តា​នៃ​ភាព​ក្រីក្រ​មិន​មាន​ការ​ងារ​ធ្វើ​ និង​ស្វែង​រក​ការងារ​ធ្វើ​ដោយ​ប្រថុយប្រថាន។ ដូច្នេះ​ ការ​ដោះស្រាយ​បញ្ហា​ការងារ​ដោយ​សមរម្យ​តាម​រយៈ​ការ​រៀបចំ​គោលនយោបាយ​ដើម្បី​ គ្រប់គ្រង​ទេសន្ដរប្រវេសន៍​ការងារ​ (ទាំង​ចូល​-ទាំង​ចេញ)​ ជា​កត្តា​ចាំបាច់​បំផុត៕

Saturday, May 9, 2009

រួម​គ្នា​ការពារ​​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ពី​ការ​​បៀតបៀន​ផ្លូវ​ភេទ និង​អំពើហិង្សា

រួម​គ្នា​ការពារ​​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ពី​ការ​​បៀតបៀន​ផ្លូវ​ភេទ​ និង​អំពើហិង្សា

ភ្នំពេញ៖ ការ​បៀតបៀន​ផ្លូវ​ភេទ​​អំពើហិង្សា​ តែ​ង​កើត​​មាន​ជា​ញឹកញាប់​លើ​ស្ត្រី​​ផ្សព្វផ្សាយ​ស្រាបៀរ​ ហើយ​សុវត្ថិភាព​សុខភាព​​ និង​សិទ្ធិ​របស់​នារី​​លក់​ស្រាបៀរ​បាន​ត្រូវ​គេ​រំលោភ​បំពាន​នោះ​ អង្គការ​ឃែរ​ សហការ​ជាមួយ​ក្រសួង​កិច្ចការនារី​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធានា​សុវត្ថិភាព​ថ្លៃថ្នូរ​របស់​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ។

កាល​ពី​ថ្ងៃអង្គារ​ ៥​ឧសភា​ ឆ្នាំ​២០០៩​ នៅ​ឯ​ភោជនីយដ្ឋាន​​បឹងយក្សឡោម​ អង្គការ​ឃែរ​ និង​ក្រសួង​កិច្ចការនារី​បាន​ចាប់​ដៃ​គ្នា​បង្កើត​យុទ្ធនាការ​​សាកល្បង​ថ្នាក់​ជាតិ​មួយ​ស្ដី​ពី​ "កន្លែង​​ធ្វើការ​គ្មាន​អំពើហិង្សា"។ យុទ្ធនាការ​ដែល​ធ្វើ​ឡើង​ក្នុង​ភោជនីយដ្ឋាន​ចំនួន​៦​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​នៅ​ព្រែកលៀប​នេះ​ ចូល​រួម​ពី​លោកស្រី​ ហោ​ ម៉ាលីន​ អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ លោក​ ជីវ​ ផល្លី​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ អ្នក​ស្រី​ ប៉ូឡា​ គ្លីសុន​ ប្រធាន​កម្មវិធី​​ស្គិច​អង្គការ​ឃែរ​ ព្រម​ទាំង​ក្រុម​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ និង​ម្ចាស់​ហាង។

យុទ្ធនាការ​ "កន្លែង​ធ្វើការ​គ្មាន​អំពើហិង្សា" នេះ​មាន​គោលបំណង​ចម្បង​ដូចជា​កាត់បន្ថយ​រាល់​ទម្រង់​នៃ​ការ​បៀតបៀន​ផ្លូវ​ភេទ​ និង​អំពើ​ហិង្សា​ដែល​ជា​រឿយៗ​កើត​មាន​ចំពោះ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ និង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​កន្លែង​​ធ្វើការ​ ហើយ​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​នៅ​ក្នុង​ចំណោម​អតិថិជន​បុរស​ស្ត្រី​ដែល​ស្វែងរក​ការ​កម្សាន្ត​នៅ​តាម​គ្រឹះស្ថាន​កម្សាន្ត​ចំពោះ​ការងារ​​ផ្សព្វផ្សាយ​ស្រាបៀរ។

សេចក្ដី​រំពឹង​​ទុក​របស់​យុទ្ធនាការ​នេះ​សង្ឃឹម​ថា​​ នឹង​មាន​ការ​ថយ​ចុះ​នូវ​ចំនួន​​ឧប្បត្តិហេតុ​ទាក់ទង​នឹង​អំពើហិង្សា​ និង​ការ​​បៀតបៀន​ផ្លូវ​ភេទ​មក​លើ​ស្ត្រី​​ផ្សព្វផ្សាយ​ស្រាបៀរ​ តាមរយៈ​ការ​រាយការណ៍​​ដោយ​ស្ត្រី​ផ្ទាល់​ ម្ចាស់​ហាង​ និង​​បុគ្គលិក​ក្នុង​ហាង​ ហើយ​ចំនួន​នៃ​ការ​រាយការណ៍​ក្នុង​ចំណោម​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​នឹង​កើន​ឡើង​ ជា​ពិសេស​រំពឹង​ថា​ នឹង​ទទួល​​បាន​ការ​សហការ​ពី​មណ្ឌល​កម្សាន្ត​ផ្សេងៗ​ទៀត។

លោកស្រី​ ប៉ូឡា​ គ្លីសុន​ ប្រធាន​កម្មវិធី​របស់​អង្គការ​ឃែរ​ បាន​មាន​ប្រសាសន៍​ថា​ យុទ្ធនាការ​នេះ​នឹង​ជួយ​ឲ្យ​ស្ត្រី​ផ្សព្វផ្សាយ​​ស្រាបៀរ​ទទួល​បាន​នូវ​ការ​គោរព​ ការ​ការពារ​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ​និង​អំពើហិង្សា។ ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត​​ឲ្យ​រាយការណ៍​ និង​ទទួល​បាន​នូវ​សុវត្ថិភាព​ សន្តិសុខ​ និង​កន្លែង​​ធ្វើការ​​មួយ​ដែល​មាន​សុវត្ថិភាព។ ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ត្រូវ​ការ​ "ការ​គោរព" ព្រោះ​ពួក​គាត់​ប្រៀប​ដូចជា​ ម្ដាយ​ កូនស្រី​ បងស្រី​ ប្អូនស្រី​ ចៅស្រី​ របស់​លោក​អ្នក​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត​ អង្គការ​ឃែរ​គាំទ្រ​ដល់​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ ក្នុង​ការ​បង្កើត​ក្រុម​សាមគ្គី​ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​សមាជិក​រហូត​ដល់​២០០​នាក់​នៅ​ទី​ក្រុង​ភ្នំពេញ។

អ្នកស្រី​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​អង្គការ​ វិស័យ​ឯកជន​រួម​គ្នា​ទប់ស្កាត់​ការ​បៀតបៀន​ផ្លូវ​ភេទ​ ការ​ប្រើ​អំពើហិង្សា​ចំពោះ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ។ លោកស្រី​ ហោ​ ម៉ាលីន​ អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ​ក៏​បាន​សម្ដែង​​មតិ​ចាប់​អារម្មណ៍​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​យុទ្ធនាការ​ "កន្លែង​​ធ្វើការ​គ្មាន​អំពើហិង្សា" ថា​យើង​ត្រូវ​លើក​ស្ទួយ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ដូច្នេះ​ស្ត្រី​ត្រូវ​តែ​​ចៀស​ផុត​ពី​អំពើហិង្សា​ការ​បៀតបៀន​​ផ្លូវ​ភេទ​ ហើយ​បាន​នូវ​សុវត្ថិភាព​ សុខភាព​ និង​សិទ្ធិ។

អ្នកស្រី​បាន​ទទួល​ស្គាល់​ថា​ អំពើហិង្សា​ និង​​ការ​បៀតបៀន​ផ្លូវ​ភេទ​ ការ​រំលោភ​នៅ​តែ​មាន​ តែ​កាត់​បន្ថយ​​បាន​ច្រើន។ ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​នេះ​មាន​ប្រសិទ្ធភាព​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​សាមគ្គី​គ្នា​ទាំង​រដ្ឋាភិបាល​ អង្គការ​ ម្ចាស់​ហាង​ និង​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ខ្លួន​ឯង។

លោកស្រី​បន្ថែម​ថា​ ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ត្រូវ​ចេះ​​ការពារ​ខ្លួន​ឯង​​ថា​ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​បញ្ចៀស​ពី​បញ្ហា​ទាំង​នេះ​ ដូចជា​កុំ​ស្លៀកពាក់​សិចស៊ី​ពេក​ កុំ​អង្គុយ​​ផឹក​ជាមួយ​ភ្ញៀវ​ជា​ដើម។ ម្យ៉ាង​ទៀត​​ត្រូវ​ចេះ​សាមគ្គី​គ្នា​នៅ​ក្នុង​ហាង​នីមួយៗ​ និង​ហ៊ាន​រាយការណ៍​ ឬ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ចំណែក​​ម្ចាស់​ហាង​បើ​កើត​មាន​បញ្ហា​អ្វី​ គឺ​ត្រូវ​​រាយការណ៍​ និង​ប្រមូល​ភស្ដុតាង​ឲ្យ​បាន​គ្រប់គ្រាន់​ ហើយ​គួរ​រៀបចំ​ត្រួតពិនិត្យ​រាល់​ហេតុការណ៍​ដែល​បាន​កើត​ឡើង។

ជាមួយ​គ្នា​នេះ​លោក​វរសេនីយ៍​ ជីវ​ ផល្លី​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ​ក៏​បាន​ទទួល​ស្គាល់​ចំពោះ​ការ​កើត​ឡើង​នៃ​​អំពើហិង្សា​ និង​ការ​បៀតបៀន​ផ្លូវ​ភេទ​​លើ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ។ ដូច្នេះ​​សំខាន់​​គួរ​រួបរួម​គ្នា​ធ្វើ​ដូចម្ដេច​ ដើម្បី​ទប់ស្កាត់ ​និង​កាត់បន្ថយ។

លោក​បញ្ជាក់​ថា​ កន្លង​មក​ស្ត្រី​រងគ្រោះ​មិន​ប្ដឹង​ដោយ​យល់​ថា​ការ​ប្ដឹង​មិន​បាន​ការ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​​លោក​ណែនាំ​ឲ្យ​មាន​ការ​ប្ដឹង​​មក​នគរបាល​មាន​សមត្ថកិច្ច។ កន្លង​មក​លោក​ក៏​បាន​ចាត់​វិធានការ​ស៊ើប​អង្កេត​ករណី​ដូច្នេះ​ជា​ច្រើន​ដែរ​ ហើយ​ក៏​បាន​បញ្ជូន​សំណុំ​រឿង​​ទៅ​តុលាការ​ដែរ​ ប៉ុន្តែ​​បាន​ស្នើ​ទៅ​អង្គការ​ឃែរ​ ឬ​ក្រសួង​កិច្ចការ​នារី​ជួយ​តាមដាន​ឃ្លាំ​មើល​ផង​ថា​ តើ​តុលាការ​បាន​ចាត់​តាម​នីតិវិធី​ឬ​អត់។

ក្នុង​ឱកាស​នោះ​ នាង​ កែវ​ ចាន់ពិសី​ តំណាង​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​បាន​ឡើង​សម្ដែង​មតិ​ថា​ តាមរយៈ​យុទ្ធនាការ​នេះ​ យើង​ខ្ញុំ​សង្ឃឹម​ថា​ នឹង​អាច​ជួយ​ដល់​ភ្ញៀវ​ក៏​ដូចជា​ម្ចាស់​ហាង​មេការ​មួយ​ចំនួន​ធ្វើការ​កែប្រែ​ឥរិយាបថ​ប្រព្រឹត្ត​ក៏​ដូចជា​​ការ​គិត​ពី​ការ​ ដែល​គាត់​ធ្លាប់​មើល​ងាយ​លូកលាន់​ រហូត​​ដល់​ការ​ប្រើ​អំពើហិង្សា​លើ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​​ ឲ្យ​មក​ជា​ការ​ឲ្យ​តម្លៃ​ និង​លើក​កម្ពស់​សិទ្ធិ​ប្រកប​ការងារ​របស់​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​វិញ។

ពិសី​ ក៏​​បាន​លើក​ឡើង​ពី​ឧប្បត្តិហេតុ​ធំៗ​ដែល​កើត​ឡើង​ថ្មីៗ​កន្លងទៅ​​នេះ​ចំពោះ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ ដែល​​បុរស​ជា​ភ្ញៀវ​បាន​ប្រើ​អំពើហិង្សា​ បៀតបៀន​ផ្លូវ​ភេទ​ បង្ខំ​ឲ្យ​ផឹក​ស្រាបៀរ​ និង​​ប្រើ​ពាក្យ​សម្ដី​មាក់ងាយ៕






ហ្វាំងឡង់​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ទឹកប្រាក់ ១៨,៦​លាន​អឺរ៉ូ​

ហ្វាំងឡង់​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ទឹកប្រាក់ ១៨,៦​លាន​អឺរ៉ូ​ សម្រាប់​អនុវត្ត​គម្រោង​៣
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ហ្វាំងឡង់​ប្រចាំ​នៅ​កម្ពុជា​លោក ឡារស៍ ប៊ែក​ស្ត្រូម (Lars Backstrom) បាន​បញ្ជាក់​ច្បាស់​ថា ប្រទេស​ហ្វាំងឡង់​បាន​នឹង​បន្ត​ជួយ​​ ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ទឹកប្រាក់​ចំនួន​១៨,៦​លាន​អឺរ៉ូ សម្រាប់​អនុវត្ត​គម្រោង​សំខាន់ៗ​៣ រួម​មាន​គម្រោង​ដោះមីន ការ​ជួញដូរ​កុមារ​និង​ស្រី និង​គម្រោង​អភិវឌ្ឍន៍​បឹងទន្លេសាប។

លោក​ឯកអគ្គរដ្ឋទូត​ហ្វាំងឡង់​បាន​បញ្ជាក់​អំពី​ជំនួយ​នេះ​នៅ​ក្នុង​ខណៈ​ពេល លោក​ត្រូវ​បាន​ទទួល​ជួប​សន្ទនា​ជាមួយ​លោក ឡុង វិសាលោ រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​ឧសភា​នេះ​នៅ​ទីស្ដីការ​ក្រសួងការបរទេស។

លោក​ ហ៊ុល ផានី ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជំនួយ​របស់​រដ្ឋាភិបាល​ហ្វាំងឡង់​ជូន​ដល់​កម្ពុជា​ក្នុង​ទឹកប្រាក់​១៨,៦​លាន​អឺរ៉ូ​នេះ​គឺ ​សម្រាប់​នៅ​ឆ្នាំ​២០០៨​​មាន​ទឹកប្រាក់​៦,៧​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ​២០០៩​មាន​ទឹកប្រាក់​៥,៦​លាន​អឺរ៉ូ​​ សម្រាប់​ឆ្នាំ​២០១០​​មាន​ទឹកប្រាក់​២,៣​លាន​អឺរ៉ូ ​សម្រាប់​ឆ្នាំ​២០១១​មាន​ទឹកប្រាក់​២,៥​លាន​អឺរ៉ូ ​និង​សម្រាប់​ឆ្នាំ​២០១២​មាន​ទឹកប្រាក់​១,៥​លាន​អឺរ៉ូ។

លោក ឡុង វិសាលោ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ហ្វាំងឡង់​ ដែល​បាន​ជួយ​ដល់​កម្ពុជា​តាំងពី​ដើម​រៀង​មក​​រហូត​ដល់​បច្ចុប្បន្ន​ និង​នៅ​នែ​បន្ត​ជួយ​តទៅ​រហូត​ដល់​ឆ្នាំ​២០១២។

យោង​លើ​ជំនួយ​មនុស្ស​ធម៌​អន្តរជាតិ​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​នា​ឆ្នាំ​១៩៧៩ ជាពិសេស​ជំនួយ​ពី​ប្រទេស​ហ្វាំងឡង់​នោះ​លោក ឡុង វិសាលោ បាន​បញ្ជាក់​ថា រហូត​មកដល់​បច្ចុប្បន្ន​កម្ពុជា​មាន​ការ​រីកចម្រើន​រឹងមាំ និង​បាន​ចូលរួម​បញ្ជូន​កម្លាំង​ថែរក្សា​សន្តិភាព​តាម​រយៈ​អង្គការ​សហប្រជាជាតិ ទៅ​ជួយ​ដោះមីន​នៅ​​ប្រទេស​ស៊ូដង់ និង​បន្ត​ទៅ​ជួយ​ដោះមីន​នៅ​ប្រទេស​ឆាដ និង​អហ្វ្រិកកណ្ដល​ទៀត​តាម​សំណូមពរ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​លើកឡើង​អំពី​សភាពការណ៍​មួយ​ចំនួន​នៅ​កម្ពុជា​ថា ប្រទេស​កម្ពុជា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក​នោះ​ទេ។ ផ្ទុយទៅវិញ​ផលិតផល​ស្រូវ​ទទួល​បាន​ទិន្នផល​ល្អ ដែល​ឆ្នាំ​២០០៨​បាន​នាំចេញ​លក់​នៅ​ក្រៅ​ប្រទេស​ចំនួន​៣​លាន​តោន។ ដោយសារ​កម្ពុជា​ជា​ប្រទេស​កសិកម្ម រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​យកចិត្ត​ទុកដាក់​សាង​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​ច្រើន​ទូទាំង​ប្រទេស​សម្រាប់​ជំរុញ​ទិន្នផល​ស្រូវ​ឲ្យ​កើន​ឡើង​ថែមទៀត។ ទន្ទឹម​នឹង​នេះ​កម្ពុជា​នៅតែ​បន្ត​នាំចេញ​សំលៀកបំពាក់​ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​ប្រទេស​ហ្វាំងឡង់​ដែរ ទោះបី​នៅ​ពេល​នេះ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ជាង​៣​ភាគរយ​ក៏ដោយ។

នៅ​ក្នុង​​ការ​ពិភាក្សា​គ្នា​នេះ​ លោក​ឯកអគ្គរដ្ឋទូត​ ហ្វាំងឡង់ ក៏បាន​ប្រគល់​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់​ជូន​ចំពោះ​ លោក​រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្ដីពី​ការ​គាំទ្រ​បេក្ខភាព​គ្នា​ទៅវិញ​ទៅមក ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​សម្រាប់​ឆ្នាំ ២០១៣-២០១៤៕





Thursday, May 7, 2009

ប្រជុំ​រៀបចំ​ពិធី​បុណ្យ​ខួប​គំរប់​​៥៧៥​ឆ្នាំ​កំណើត ​របស់​រាជធានី​ភ្នំពេញ

ប្រជុំ​រៀបចំ​ពិធី​បុណ្យ​ខួប​គំរប់​​៥៧៥​ឆ្នាំ​កំណើត ​របស់​រាជធានី​ភ្នំពេញ
រាជធានី​ភ្នំពេញ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦​ ឧសភា​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​ក្នុង​ពិធី​បុណ្យ​ខួប​គំរប់​​​៥៧៥​ឆ្នាំ​កំណើត​រាជធានី​ភ្នំពេញ និង​ពិនិត្យ​បណ្ដាញ​លូ​ និង​ដើមឈើ​ដែល​ពុក​គល់​ក្នុង​រដូវ​ភ្លៀង​ ក្រោម​អធិបតីភាព​​លោក​ សុខ​ សម្បត្តិ​ អភិបាល​ខណ្ឌ។ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​នោះ​មាន​អស់​​លោក​ លោកស្រី​ជា​អភិបាល​រង​ខណ្ឌ​ មន្ត្រី​សង្កាត់​ទាំង​១១​ មន្ត្រី​នគរបាល​ និង​កងរាជអាវុធហត្ថ​ប្រចាំ​ខណ្ឌ។


លោក​ សុខ​ សំអឿន​ បាន​ថ្លែង​ថា​ តាម​​សង្កាត់​ទាំង​១១​ត្រូវ​យក​ចិត្ត​ទុកដាក់​ការពារ​ថែទាំ​សួន​ច្បារ​ ផ្លូវ​ បណ្ដាញ​លូ​ និង​ដើមឈើ​ដែល​ពុក​គល់​អាច​បង្ក​មហន្តរាយ​ ព្រោះ​ជា​រដូវភ្លៀង​ បើ​មាន​សភាពការណ៍​បែប​នេះ​ត្រូវ​រាយការណ៍​ទៅ​សាលា​ខណ្ឌ​​សុំ​គោលការណ៍​ដើម្បី​ចាត់​វិធានការ​ឲ្យ​ទាន់​ពេលវេលា។ ជាមួយ​គ្នា​នេះ​ដែរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ត្រូវ​​ពិនិត្យ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​​ដែល​កើត​មាន​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន។ ដោយ​ឡែក​សាលា​រាជធានី​ភ្នំពេញ​នឹង​សិក្សា​​អំពី​ការ​រៀបចំ​ចំណត​នៅ​កំណាត់​ដង​មហាវិថី​ព្រះមុនីវង្ស​ គឺ​នៅ​ចន្លោះ​ផ្លូវ​លេខ​​១៨៤​ និង​១០៦​ ប៉ុន្តែ​ចំពោះ​ការ​សិក្សា​ត្រូវ​លំអិត​ទាំង​ការ​ផ្គត់ផ្គង់​​ និង​តំរូវការ​សម្រាប់​គ្រប់​ផ្លូវ​ទាំងអស់​នៅ​ជុំវិញ​មហាវិថី​ព្រះមុនីវង្ស​ដូចជា​ផ្លូវ​លេខ​១៨៤​ ផ្លូវ​​លេខ​១០៦ ផ្លូវ​លេខ​៦៣​ ផ្លូវ​លេខ​១០៧​ជា​ដើម។

លោក​អភិបាល​ខណ្ឌ​ដូន​ពេញ​បាន​បន្ត​ថា​ ចំណត​ដែល​មាន​ស្រាប់​បច្ចុប្បន្ន​ឃើញ​ថា​ បាន​បម្រើ​ការ​សម្រាប់​អតិថិជន​មិន​បាន​គ្រប់គ្រាន់​ទៅ​នឹង​តំរូវការ​ទេ។ មាន​កន្លែង​​មួយ​ចំនួន​​អាច​ចត​រថយន្ត​បាន​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មហាវិថី​ព្រះមុនីវង្ស។ ចំណត​ឯកជន​មួយ​ចំនួន​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់។ ចំពោះ​ចិញ្ចើម​ផ្លូវ​ដែល​មាន​ទទឹង​ធំ​ទូលាយ​លើស​ពី​តំរូវ​ការ​សម្រាប់​ចំណត​រថយន្ត​ និង​ថ្មើរជើង​ (ចិញ្ចើម​ផ្លូវ​ដែល​មាន​ទទឹង​ចាប់​ពី​៦​ម៉ែត្រ​ឡើង​ទៅ) សាលា​រាជធានី​ភ្នំពេញ​អាច​ធ្វើ​ជា​ទី​ធ្លា​សម្រាប់​ជួល​ឲ្យ​ម្ចាស់​ហាង​ ឬ​ម្ចាស់​ផ្ទះ​របស់​ពួក​គាត់​វិញ​​ សម្រាប់​ដាក់​តាំង​ទំនិញ​ ឬ​លក់​ដូរ​របស់​របរ​ផ្សេងៗ​នៅ​ក្រៅ​ផ្ទះ​ដោយ​គ្រោង​គិត​ថា​ យក​តម្លៃ​៥​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​សម្រាប់​មួយ​ខែ។ ដោយ​ឡែក​រថយន្ត​ចត​ក្នុង​មួយ​ម៉ោង​យក​តម្លៃ​​១.៣០០​រៀល​ (ចត​ម៉ោង​ទី​មួយ) ប៉ុន្តែ​បើ​ចត​ចាប់​ពី​ម៉ោងទី​ពីរ​ឡើង​ទៅ​យក​តម្លៃ​​១.៧០០​រៀល​ក្នុង​មួយ​ម៉ោង​ ហើយ​ម៉ូតូ​ចត​ក្នុង​​​មួយ​ម៉ោង​៥០០​រៀល (សម្រាប់​ម៉ោង​ទី​មួយ) ប៉ុន្តែ​​បើ​ចត​លើស​ពី​មួយ​ម៉ោង​ឡើង​ទៅ​យក​តម្លៃ​រួម​១.៥០០​រៀល​។ រៀបចំ​​ចំណត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​ ការ​ចេញ​ចូល​ក្នុង​ចំណត​នៃ​យានជំនិះ​បាន​ស្រួល​មិន​បង្ក​ឲ្យ​ស្ថានភាព​នៃ​លំហូរ​ចរាចរណ៍​មាន​ភាព​កកស្ទះ​ និង​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ការ​ចត​យាន​ជំនិះ​របស់​ខ្លួន​​បាន​ត្រឹមត្រូវ​ ព្រម​ទាំង​អាច​ឲ្យ​យើង​ទាញ​ថវិកា​បដិភាគ​សម្រាប់​ការងារ​គ្រប់គ្រង​ និង​ថែទាំ​ ជា​ពិសេស​ចូល​រួម​ចំណែក​ក្នុង​ការងារ​ពង្រឹង​​សុវត្ថិភាព​ចរាចរណ៍​ដូចជា​អ្នក​ថ្មើរ​ជើង។ល។ កំរិត​ការ​ចូល​ក្រុង​នៃ​យានយន្ត​ពិសេស​ក្នុង​តំបន់​ទី​ប្រជុំ​ជន។

លោក​ សុខ​ សម្បត្តិ​ បាន​បញ្ជាក់​ថា​ នៅ​​ក្នុង​ឆមាស​ទី​២​ ឆ្នាំ​២០០៩​ ខាង​មុខ​ សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​គំរប់​៥៧៥​ឆ្នាំ​កំណើត​​រាជធានី​ភ្នំពេញ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ​ ដូច្នេះ​ទាំង​សមត្ថកិច្ច​ជំនាញ​ និង​អាជ្ញាធរ​សង្កាត់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​សន្តិសុខ​ឲ្យ​បាន​ខ្ពស់​ព្រោះ​ក្នុង​ពិធី​នេះ​មាន​ការ​ប្រឡង​ប្រណាំង​ស្វែង​យល់​ពី​រាជធានី​ភ្នំពេញ​ កម្មវិធី​សិល្បៈ​ និង​កម្មវិធី​ផ្សេងៗ​ទៀត​​បំផុស​ចលនា​មហាជន​បន្ត​ចូល​រួម​ជំរុញ​ការ​កសាង ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ និង​មាន​រៀបចំ​អង្គមិទ្ទិញ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។ ប្រវត្តិសាស្ត្រ​នៃ​រាជធានី​ភ្នំពេញ​បាន​ត្រូវ​ចារឹក​ក្នុង​ទំព័រ​ពង្សាវតារ​ជាតិ​ខ្មែរ​តាំង​ពី​យូរ​លង់​មក​ម្ល៉េះ​ គឺ​ក្នុង​អំឡុង​ដើម​សតវត្ស​ទី​១៥​នៃ​គ្រិស្តសករាជ​ដែល​មក​ទល់​បច្ចុប្បន្ន​មាន​អាយុ​កាល​គំរប់​៥៧៥​ឆ្នាំ​ហើយ។

ក្នុង​មោទនភាព​ជាតិ​ខ្មែរ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ អាជ្ញាធរ​រាជធានី​​ភ្នំពេញ​នឹង​ប្រារព្ធ​​ពិធី​បុណ្យ​ខួប​គំរប់​៥៧៥​ឆ្នាំ​យ៉ាង​​អធិកអធម​ក្នុង​ឆមាស​ទី​២​ ឆ្នាំ​២០០៩​ ខាង​មុខ​ ដើម្បី​​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​កត់ត្រា​ចងចាំ​គ្រប់ៗ​គ្នា​ពី​ប្រវត្តិ​នៃ​ការ​កកើត​ និង​អបអរសាទរ​​ចំពោះ​ចំណាស់​របស់​រាជធានី​ភ្នំពេញ។ ម្យ៉ាង​ទៀត​បាន​មើល​ឃើញ​ពី​ការ​ខិតខំ​កសាង​ និង​អភិវឌ្ឍន៍​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ហើយ​ឆ្លង​តាម​ព្រឹត្តិការណ៍​នេះ​រាជធានី​ភ្នំពេញ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​សប្បាយ​ និង​ស្វែង​យល់​បាន​កាន់​តែ​ច្រើន​ថែម​ទៀត៕





គុណ​ប្រយោជន៍​របស់​ឪឡឹក

គុណ​ប្រយោជន៍​របស់​ឪឡឹក

​​​​​​អាកាសធាតុ​ក្ដៅ បើ​បាន​ទទួលទាន​ផ្លែ​ឪឡឹក​មួយ​ចំណិត ប្រាកដ​ជា​មាន​អារម្មណ៍​ស្រស់ស្រាយ​ពី​ព្រោះ​ផ្លែ​ឪឡឹក​មិន​គ្រាន់​តែ​មាន​ពណ៌​សម្បុរ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អត្ថប្រយោជន៍​របស់​វា​មាន​ច្រើន​ស្ទើរ​តែ​ស្មាន​មិន​ដល់។

វីតាមីន C ខ្ពស់

ពេល​ណា​យើង​ឧស្សាហ៍​ផ្ដាសាយ សូមសាកល្បង​ទទួល​ទាន​ផ្លែ​ឪឡឹក​ចំណិត​ធំៗ​មួយ​ថ្ងៃ​មួយ​ចំណិត​ធំៗ​មួយ​ថ្ងៃ​មួយ​ចំណិត​ពេល​នោះ​អាការ​ផ្ដាសាយ​នឹង​បាត់​ទៅ​ដោយ​ខ្លួន​ឯង ពីព្រោះ​ផ្លែ​ឪឡឹក​មាន​វីតាមីន C មិន​ចាញ់​ផ្លែឈើ​ដទៃ​ទៀត​ឡើយ។

ការ​ពារ​ការ​ឆ្លង​មេរោគ

ទឹក​ផ្អែម​ឪឡឹក​មាន​បេតាខារ៉ូទីន ដែល​រាងកាយ​ចាំបាច់​ត្រូវ​ប្រើ​ក្នុង​ការ​បង្កើត​វីតាមីន A ទុក​សម្រាប់​ប្រយុទ្ធ​ជា​មួយ​មេរោគ។ មិន​តែ​ប៉ុណ្ណោះ​បេតាខារ៉ូទីន​ក៏​បាន​ជួយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​ស្ត្រី​ស្បែក​ស្អាត​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង។

ជួយ​កាត់​បន្ថយ​ភាព​ធាត់

បើ​ចង់​ឆ្អែត​ពោះ ប៉ុន្តែ​មិន​ចង់​ធាត់​នោះ​គឺ ផ្លែ​ឪឡឹក​នេះ​ហើយ​ដែល​ជា​អាហារ​ដ៏​ល្អ​បំផុត ពី​ព្រោះ​ផ្លែ​ឪឡឹក​​មួយ​ចំណិត​ធំ​គឺ​មាន​ថាមពល​ត្រឹម​តែ ៩៦ កាឡូរី​ប៉ុណ្ណោះ។ ដូច្នេះ​សុភាព​នារី​ដែល​មិន​ចង់​ដុះ​ក្បាល​ពោះ មិន​គួរ​មើល​រំលង​ផ្លែ​ឪឡឹក​ឡើយ។

ជួយ​បណ្ដេញ​ជាតិ​ពុល

ក្នុង​ផ្នែក​ឪឡឹក​មាន​សារធាតុ​ម៉្យាង​ហៅថា លីខូពីន (Lycopene) ដែល​មាន​អង់ទី​អុកស៊ីដេន​ជួយ​ក្នុង​ការ​បណ្ដេញ​ជាតិ​ពុល​ក្នុង​រាងកាយ​របស់​យើង។ មិន​តែ​ប៉ុណ្ណោះ សារធាតុ​លីខូពីន​ក៏​បាន​ជួយ​បេះ​ដូង ទប់​ស្កាត់​ជំងឺ​មហារីក​ទៀត​ផង។

ជួយ​ដំបៅ​ឆាប់​ជា

សារធាតុ​ស៊ីទ្រូលីន (Citrulline) ដែល​មាន​នៅ​ក្នុង​ផ្លែ​ឪឡឹក​នឹង​ជួយ​ប៉ះប៉ូវ​ជាលិកា ធ្វើ​ឲ្យ​ដំបៅ​ឆាប់​ជា​ហួស​ពី​ការ​ស្មាន។ ដូច្នេះ​អ្នក​ដែល​មាន​អាជីព​ខាង​វាយតប់​ទាំងឡាយ មិន​គួរ​ខកខាន​ទទួល​ទាន​ផ្លែ​ឪឡឹក​ឡើយ។

ជួយ​ឲ្យ​​អារម្មណ៍​ល្អ

ប្រសិន​បើ​រាងកាយ​ខ្វះ​ប៉ូតាស្យូម ពេល​នោះ​អារម្មណ៍​នឹង​មិន​ល្អ ឆាប់​ឆេវឆាវ ប៉ុន្តែ​ផ្លែ​ឪឡឹក​នេះ​ហើយ​ដែល​អាច​ពាំនាំ​យក​ប៉ូតាស្យូម​កម​ឲ្យ​អ្នក។ បើ​កាន់​តែ​ហូប​កាន់តែ​ល្អ មនុស្ស​ម្នា​ក៏​កាន់​តែ​ស្រឡាញ់​​យើង​ច្រើន៕






ប្រយ័ត្ន​អ្នក​ឆ្លាត​មហា​ហួសហេតុ​នាពេល​ផ្ដាសាយ​ជ្រូក​

ប្រយ័ត្ន​អ្នក​ឆ្លាត​មហា​ហួសហេតុ​នាពេល​ផ្ដាសាយ​ជ្រូក​

បើ​និយាយ​ពី​រឿង​ផ្ដាសាយ​ជ្រូក ពលរដ្ឋ​របស់​យើង​ភាគច្រើន​ទំនង​ជា​បាន​ដឹង ព្រោះ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​គឺ​បញ្ជូន​សារ​បាន​យ៉ាង​លឿន​បំផុត ពិសេស​​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​រលកអាកាស​គឺ​វិទ្យុ និង​ទូរទស្សន៍។ វា​មិន​ខុស​នឹង​ពាក្យ​មួយ​ឃ្លា​ដែល​សកម្មជន​ផ្នែក​ការងារ​សុខភាព​តែងតែ​ពោល​ថា "ជំងឺ​ឆ្លង​លឿន​ណាស់ តែ​សារ​របស់​អ្នក​ព័ត៌មាន​លឿន​ជាង​ការ​ចម្លង​ជំងឺ​ទៅ​ទៀត"។

ជាង​នេះ​ទៅ​ទៀត ការ​និយាយ​តៗគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ឬ​ថា ក្អែក​មួយ​ជា​ក្អែក​ដប់​គឺ​ពេល​ខ្លះ​រហ័ស និង​មាន​ប្រសិទ្ធភាព​ជាង​បណ្ដាញ​សារព័ត៌មាន​ទៅ​ទៀត ហើយ​ទី​ផ្សារ​គឺ​ជា​ទីប្រជុំជន​មួយ​ដែល​ការ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​រហ័ស​បំផុត ហើយ​ការ​និយាយ​នោះ​អាច​នឹង​យក​មក​បន្ត​មកដល់​សមាជិក​គ្រួសារ អ្នកជិតខាង និង​សហគមន៍។

នៅ​ត្រង់​ចំណុច​នេះ អ្វី​ដែល​ថា ក្អែក​មួយ​ទៅជា​ក្អែក​ដប់​ ឬ​ការ​និយាយ​តៗគ្នា​គឺ​ពិត​ជា​ល្អ​ម្យ៉ាង​ដែរ ពិសេស​រឿងរ៉ាវ​ដែល​មានន័យ​វិជ្ជមាន មាន​ផល​ល្អ ផ្ដល់​នូវ​សេចក្ដី​សុខ និង​ទទួល​បាន​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ។ ប៉ុន្តែ​វា​ពិត​ជា​មាន​ការ​ប្រឈម និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ប្រសិន​បើ​សារ​នោះ​បំភ្លៃ​មាន​ន័យ​អវិជ្ជមាន ដែល​អាច​ធ្វើ​ឲ្យ​ជន​ឆក់​ឱកាស​និយម ឬ​ក៏​ហៅ​ម្យ៉ាង​ទៀត​ថា អ្នក​ឆ្លាត​មហា​ហួសហេតុ និង​ឈ្មួញ​ដែល​កំពុង​ឡុងចុង​នឹង​ទំនិញ​របស់​ខ្លួន​អាច​ស្ដារ​ហាងឆេង​របស់​ខ្លួន​ឡើង​វិញ​បាន​យ៉ាង​ងាយ​ដោយសារ​តែ​ការ​បញ្ជូន​សារ​នេះ ខណៈ​ដែល​ការ​យល់ដឹង​របស់​ពលរដ្ឋ​យើង ពិសេស​អ្នក​រស់នៅ​តាម​ជនបទ​នៅ​មាន​កម្រិត។ ឧទាហរណ៍​មួយ​ជាក់ស្ដែង នៅ​ពេល​ដែល​មាន​ជំងឺ​សារស៌ (SARS) បាន​ផ្ទុះ​ឡើង​ជា​លើកដំបូង​កាល​ពី​ពាក់កណ្ដាល​ខែ វិច្ឆិកា ឆ្នាំ ២០០២ ហើយ​បាន​ឆក់​យកជីវិត​អ្នកជំងឺ​ចំនួន ៧៧៤ នាក់ នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​ជាង ៨.០០០ នាក់ ក្នុង​ប្រទេស​ចំនួន ២០ ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក។ កាល​ពី​ពេលនោះ នៅ​កម្ពុជា គេ​នាំ​គ្នា​ផ្អើល​ហូប​សណ្ដែក​ខៀវ​ស្ទើរ​ពេញ​មួយ​នគរ។ អ្នកខ្លះ​ដាស់​គ្នា​ទាំង​កណ្ដាល​អាធ្រាត្រ ក្រោក​ឡើង​ទាំង​អារម្មណ៍​មិងមាំង​នាំ​គ្នា​ស្ងោរ​សណ្ដែក​ហូប​មួយ​ទំហឹង បើ​ទោះ​ជា​មិន​ចង់​ក៏​ដោយ ព្រោះ​គេ​បាន​ឭ​តៗ​គ្នា​ថា សណ្ដែក​ខៀវ​អាច​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​សារស៌​បាន។ បញ្ហា​នេះ ឈ្មួញ​ដែល​មាន​សណ្ដែក​ខៀវ​ពេញ​ឃ្លាំង ហើយ​គ្មាន​ហាង​ឆេង​ជា​យូរ​មក​ហើយ​នោះ​បាន​ដៃ​បញ្ចេញ​គ្មាន​សល់ បើ​ទោះ​ជា​សណ្ដែក​ខ្លះ​ដុះ​ផ្សិត​បាត់​គុណភាព​ក៏ដោយ។ កុំ​ថា​ឡើយ​ថៅកែ​ធំៗ សូម្បី​តែ​ហាង​លក់​ទំនិញ​ល្មមៗ ដោយ​រួម​ទាំង​ហាង​ចាប់ហួយ (គ្រឿងទេស) តូចៗ​ផង​ក៏​បាន​ឱកាស​ដំឡើង​ថ្លៃ​ដែរ។ សូម​អបអរ​សាទរ​ដល់​លោក​ថៅកែ​សណ្ដែក និង​ម្ចាស់​ហាង​ដែល​បាន​ចំណេញ​មួយក្ដារ​យ៉ាង​ចាស់ដៃ។ ដំណឹង​ដែល​ថា សណ្ដែក​ខៀវ​អាច​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​សារស៌​ទំនង​ជា​ចេញ​ពី​លោក​ថៅកែ​សណ្ដែក ដែល​មហា​ឆ្លាត​ហួសហេតុ​ចេះ​ក្ដាប់​ឱកាស ឆក់​ឱកាស និង​វាយ​លុក។ សូម​ជួយ​អរ​ផង​លោក​មហា​ឆ្លាត!

ជា​ការ​ពិត ព័ត៌មាន​នេះ​មិន​អាក្រក់​ពេក​ទេ ព្រោះ​សណ្ដែក​ខៀវ​មិន​បាន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ។ អ្វី​ដែល​យើង​បារម្ភ​គឺ​ខ្លាច​ក្រែង​តែ​ព័ត៌មាន​ដែល​និយាយ​តៗ​គ្នា​នោះ​គឺ​អវិជ្ជមាន​ប្រកប​ដោយ​គ្រោះថ្នាក់ ដូចជា​ការ​និយាយ​តៗ​គ្នា​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​អាច​ជា​វិញ​បាន ប្រសិន​បើ​គេ​រួមភេទ​ជា​មួយ​អ្នក​នៅ​បរិសុទ្ធ​ព្រហ្មចារី​ដោយ​មិន​បាច់​ពាក់​ស្រោម​អនាម័យ។ ការ​និយាយ​តៗ​គ្នា​បែប​នេះ ហើយ​ប្រសិន​បើ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជឿ​មែន​នោះ នោះ​វា​ពិតជា​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​សង្គម​មនុស្ស ព្រោះ​មេរោគ​អេដស៍​នឹង​ឆ្លង​បន្ត ដែល​ធ្វើ​ឲ្យ​សង្គម​អន្តរាយ និង​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់។ ប្រកា​នេះ​ពិតជា​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ​ចំពោះ​អ្នក​ប្រឌិត​ដំណឹង​អគតិ​បែបនេះ ហើយ​ពួកគេ​ត្រូវ​តែ​ទទួល​ទោស​ទៅ​តាម​ច្បាប់​កំណត់។

ឥឡូវ ខណៈ​ដែល​យើង​កំពុង​អង្គុយ​រង់ចាំ​មើល​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ការ​រីក​​​រាលដាល​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក (swine flu) ឬ​ហៅថា មេរោគ​ផ្ដាសាយ​ជ្រូក ឬ​ក៏​ថា មេរោគ​គ្រុន A(H1N1) ដែល​ពិភពលោក​កំពុង​ជ្រួល​ច្របល់​នោះ តើ​នៅ​កម្ពុជា​មាន​ព័ត៌មាន​អ្វី​ដែល​អ្នក​ឆក់​ឱកាស ​ឬ​ពួក​អ្នក​មហា​ឆ្លាត​ទាំងឡាយ​ចង់​បង្អើល​នោះ?

រឿង​នេះ ស្ត្រី ពិសេស​ស្ត្រី​មេផ្ទះ​ជា​អ្នក​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ ដែល​នឹង​ទទួល និង​រង​ផល​ប៉ះពាល់​មុនគេ។ ពិត​ជា​មិន​អាច​ប្រកែក​បាន​ទេ​ដែល​ថា ស្ត្រី​កម្ពុជា​ភាគច្រើន​ជា​ស្ត្រី​មេផ្ទះ​ទទួល​បន្ទុក​ការងារ​ដ៏​ធំធេង​នៅ​ឯ​លំនៅឋាន បើ​ទោះ​ជា​ពេល​ខ្លះ​ពួកគេ​មាន​ការងារ​មមាញឹក​នៅ​ខាង​ក្រៅ​ក៏ដោយ។ ជា​ធម្មជាតិ ឬ​ក៏​ថា​ពី​កំណើត ស្ត្រី​ភាគច្រើន​ចូល​ចិត្ត​ដាំ​ស្ល​ បើ​ទោះ​ជា​ពួក​គេ​មាន​ការងារ​ច្រើន​នៅ​ឯ​ការិយាល័យ​ដូច​គ្នា​នឹង​បុរស​យ៉ាងណាក៏ដោយ។ ជាង​នេះ​ទៅ​ទៀត ស្ត្រី​មេផ្ទះ​ទទួល​ខុស​ត្រូវ​ការងារ​នៅ​ឯ​លំនៅឋាន​នោះ​ភាគច្រើន​ជា​អ្នក​ទៅ​ផ្សារ​ទិញ​ម្ហូបម្ហា​ដូច​ជា​បន្លែ និង​ត្រី​សាច់​ជាដើម។ ប្រសិន​បើ​មាន​បញ្ហា​មេរោគ​គ្រុន A(H1N1) កើត​មាន​នោះ នោះ​ពួក​គេ​ពិត​ជា​ទទួលរង​មុន​គេ​នៅ​ក្នុង​ក្រុម​គ្រួសារ។ នៅ​ក្នុង​គ្រួសារ​មួយ បើ​ស្ត្រី​មេផ្ទះ​ទទួល​រង​ប៉ះពាល់​ដល់​សុខភាព​ហើយ នោះ​បញ្ហា​នឹង​អាច​កើត​មាន​នៅ​ក្នុង​គ្រួសារ​ទាំងមូល ហើយ​បើ​ស្ត្រី និង​គ្រួសារ​របស់​គេ​ប៉ះពាល់​គឺ​សហគមន៍​ក៏​ដូច​ជា​សង្គម​ទាំងមូល​ពិតជា​ប៉ះពាល់​ដែរ។

នៅ​ត្រង់​ចំណុច​នេះ ការ​បង្កើន​ការ​យល់​ដឹង ការអប់រំ ការ​ផ្សព្វផ្សាយ និង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ទាំង​ជំងឺ​ទាំង​ជន​ឆក់​ឱកាស​និយម​ និង​ឈ្មួញ​កំហូច​ខ្លះ ឬ​ក៏​ថា​អ្នក​ឆ្លាត​មហា​ហួសហេតុ​នោះ​គឺជា​ចំណុច​សំខាន់។ អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​សុខាភិបាល​ចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន​ ដោយ​រួម​ទាំង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​និង​សហគមន៍​ត្រូវ​ខ្នះខ្នែង យកចិត្តទុកដាក់ ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដោយ​ប្រកាន់​យក​ស្មារតី​យោគយល់ មនុស្សធម៌ និង​វិជ្ជាជីវៈ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​របស់​យើង។ ទន្ទឹម​នឹង​នេះ អ្នក​ព័ត៌មាន​ដែល​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​នោះ​គឺ​ត្រូវ​ផ្ដល់​ព័ត៌មាន​ថ្មីៗ ព័ត៌មាន​ដែល​ជា​បច្ចុប្បន្នភាព និង​ផ្អែក​លើ​ការ​ពិត​របស់​អ្នក​ជំនាញ​ផ្នែក​សុខភាព និង​វិទ្យាសាស្ត្រ​ដោយ​មិន​ធ្វើ​បុរេនិច្ឆ័យ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ដល់​ពលរដ្ឋ​របស់​យើង ពិសេស​ដល់​អ្នក​ដែល​ការ​យល់ដឹង​របស់​ពួកគាត់​នៅ​មាន​កម្រិត​នោះ។

យើង​ពិត​ជា​គាំទ្រ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់​ដល់​បញ្ហា​មេរោគ A(H1N1) នេះ។ បើ​ទោះ​ជា​វា​មិនទាន់​បាន​កើត​មាន​នៅ​ក្នុង​អាណាចក្រ​របស់​យើង​ក៏​ដោយ ក៏​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​នយោបាយ​មួយ​ជា​បន្ទាន់​នា​ពេល​ថ្មីៗនេះ​ជូន​ជន​រួម​ជាតិ​របស់​លោក​ស្ដី​ពី​បញ្ហា​សកល​មួយ​នេះ។ ជាង​នេះ​ទៅ​ទៀត លោក​នាយករដ្ឋមន្ត្រី​​កាល​ពី​ថ្ងៃ​ទី ២៩ មេសា ក៏បាន​ស្នើសុំ​ឲ្យ​មាន​ការ​រៀប​ចំ​កិច្ចប្រជុំ​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស​ទាំង​ដប់​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ដី​ពី​ការទប់ស្កាត់​មេរោគ​នេះ​ដែរ ហើយ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ប្រទេស​ថៃ​សម្រេច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដែល​គេ​កំណត់​ជា​លើក​ដំបូង​ថា​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ៧-៨ ឧសភា នេះ។

ព័ត៌មាន​ចុង​ក្រោយ​ស្ដី​ពី​មេរោគ​ផ្ដាសាយ​ជ្រូក ឬ​មេរោគ A(H1N1) នេះ គឺ​កើត​មាន​នៅ​ក្នុង​ទ្វីប​អាមេរិក និង​ទ្វីប​អឺរ៉ុប ហើយ​ហុងកុង​នៃ​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ញូស៊ីលែន​ជា​ប្រទេស​ដំបូង​ដែល​ត្រូវ​បាន​គេ​ប្រកាស​ថា មាន​មេរោគ A(H1N1) នេះ​បាន​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​មុន​គេ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ទាក់​ទិន​នឹង​បញ្ហា​​នេះ លោក Haruhiko Kuroda ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​និយាយ​នៅ​ថ្ងៃ ៥ ឧសភា នា​ទី​ក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី​ថា រដ្ឋាភិបាល​អាស៊ី​ត្រូវ​តែ​រួម​គ្នា​ទប់ទល់​នឹង​បញ្ហា​នេះ​ជា​បន្ទាន់ បើមិនដូច្នោះទេ ពួកគេ​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ដែល​ខ្លួន​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ​ស្រាប់។

ដើម្បី​បាន​ដឹង​ខ្លះ​ពី​រោគសញ្ញា​របស់​មេរោគ A(H1N1) នេះ កាសែត​ក្នុង​ស្រុក​មួយ​បាន​ដក​ស្រង់​សំដី​មន្ត្រី​ជំនាញ​ដោយ​និយាយ​ថា ត្រូវ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ក្ដៅ​ខ្លួន​ខ្លាំង ហៀរ​សម្បោរ ឈឺ​ក ក្អក រាក ចង់​ក្អួត អស់​កម្លាំង និង​ឈឺ​ក្បាល​ជាដើម។

ដោយសារ​តែ​មាន​ការ​ភ័យខ្លាច និង​សង្ស័យ​ថា ផ្ដាសាយ​ជ្រូក ឬ​មេរោគA(H1N1) នេះ​អាច​ឆ្លង​ពី​ជ្រូក​មក​មនុស្ស ទើប​អាជ្ញាធរ​នៃ​ប្រទេស​អេហ្ស៊ីប​បាន​សម្លាប់​ជ្រូក​រាប់ពាន់​ក្បាល បើ​ទោះ​ជា​គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ពី​ការ​ឆ្លង​នេះ​ក៏​ដោយ។ ចំណែក​នៅ​ឯ​ខេត្ត​អាល់បឺតា (Alberta) របស់​ប្រទេស​កាណាដា​វិញ មន្ត្រី​កសិកម្ម និង​សុខាភិបាល​ក៏​បាន​និយាយ​ថា ខ្លួន​បាន​ដាក់​សត្វ​ជ្រូក​ប្រហែល ២២០ ក្បាល​របស់​កសិករ​ឲ្យ​នៅ​ដាច់​ពី​គេ បើ​ទោះ​ជា​ពួក​គេ​បញ្ជាក់​ថា ការ​បរិភោគ​សាច់​ជ្រូក​មិន​មាន​បញ្ហា​ឡើយ​នៅ​ពេល​ចម្អិន​វា​ឲ្យ​បាន​ឆ្អិន​ត្រឹមត្រូវ​នោះ។​

នៅ​កម្ពុជា​យើង បើ​ទោះ​ជា​នៅ​មិន​ទាន់​បាន​​រក​ឃើញ​ថា​ មេរោគA(H1N1) នេះ​កើត​មាន​ទាំង​នៅ​សត្វ​ជ្រូក ទាំង​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​ក៏​ដោយ ក៏​បងប្អូន​ជា​ច្រើន​ដែល​កំពុង​​ប្រកប​របរ​ទទួលទាន​ពី​ការ​លក់​សាច់​ជ្រូក​នៅ​តាម​ទីផ្សារ​បាន​ត្អូញត្អែរ​ថា ពួកគាត់​លក់​សាច់​ជ្រូក​មិន​សូវ​ដាច់ ដោយសារ​តែ​មាន​ការ​ភ័យខ្លាច​ពី​អ្នក​ទិញ។

ហេតុនេះ យើង​ត្រូវ​ត្រៀម​ខ្លួន និង​រួម​គ្នា​ដើម្បី​សុខភាព ភាព​សុខសាន្ត និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​យើង​ទាំង​អស់​គ្នា ពិសេស​ទប់ស្កាត់ និង​ប្រយ័ត្ន​ការ​ឆក់​ឱកាស​របស់​ពួក​ឈ្មួញ​មួយ​ចំនួន​ដែល​មហា​ឆ្លាត​ហួសហេតុ​រង់​ចាំ​តែ​ទាញ​ប្រយោជន៍​ពី​ភាព​ភ័យខ្លាច​របស់​អ្នកដទៃ​នៅ​ពេល​មាន​បញ្ហា៕