Saturday, March 14, 2009

ព្រះមហាក្សត្រិយានីនៃព្រះរាជាណាចក្រអេស៉្បាញ


ព្រះមហាក្សត្រិយានីនៃព្រះរាជាណាចក្រអេស៉្បាញ យាងទស្សនាកម្មវិធីសាលារៀនបើកចំហ - សេចក្ដីប្រកាស
ព័ត៌មានព្រះមហាក្សត្រិយានីនៃព្រះរាជាណាចក្រអេស៉្បាញ យាងទស្សនាកម្មវិធីសាលារៀនបើកចំហ ដែលជា គម្រោងសហការផ្ដួចផ្ដើមរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការវិទ្យាស្ថានបើកទូលាយ ក្នុងការប្រើ
ប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាដើម្បីលើកកម្ពស់គុណភាពអប់រំនៅប្រទេសកម្ពុជា ។

ថ្ងៃនេះ ព្រះមហាក្សត្រិយានី សូហ្វីយ៉ា នៃព្រះរាជាណាចក្រអេស្ប៉ាញបានយាងធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិ
អប់រំ ដែលជាស្ថាប័នអប់រំមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកបណ្ដុះបណ្ដាលគ្រូបង្រៀននៅគ្រប់វិទ្យាល័យទាំងអស់ក្នុងប្រទេសកម្ពុជា ។
នៅវិទ្យាស្ថានជាតិអប់រំ ព្រះមហាក្សត្រិយានីបានយាងទតទីកន្លែងនៃកម្មវិធីសាលារៀន
បើកចំហដែលជាគម្រោងផ្ដួចផ្ដើមដើម្បីបញ្ចូលបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា
ជាភាសាខ្មែរក្នុងប្រព័ន្ធអប់រំ ។ ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់សហប្រតិបត្តិការអេស្ប៉ាញ
KhmerOS និងកម្មវិធីសាលារៀនបើកចំហ បានផលិតកម្មវិធីកុំព្យូទ័រឥតគិតថ្លៃជាភាសាខ្មែររួមមាន
កម្មវិធីវាយអត្ថបទ សៀវភៅបញ្ជី និងកម្មវិធីកុំព្យូទ័រ និងអ៊ីនធឺណិតជាមូលដ្ឋានជាច្រើនទៀត ។
បច្ចុប្បន្ន កម្មវិធីទាំងនេះ កំពុងត្រូវបានប្រើប្រាស់នៅគ្រប់មជ្ឈមណ្ឌលគរុកោសល្យ និងវិក្រឹត្តការ និងគ្រប់វិទ្យាល័យដែលមានកុំព្យូទ័រក្នុងព្រះរាជាណាចក្រ កម្ពុជា ។
ក្រសួងបានទទួលស្គាល់ថា ការប្រើប្រាស់បច្ចេកវិទ្យាយ៉ាងទូលំទូលាយ ដែលជាសារធាតុយ៉ាងចាំបាច់មួយ
សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា គឺអាចធ្វើទៅបានលុះត្រាតែបច្ចេកវិទ្យានេះប្រើប្រាស់ជាភាសាជាតិរបស់ខ្លួន ។
មិនតែប៉ុណ្ណោះ ក្រសួងក៏យល់ឃើញដែរថា ប្រព័ន្ធអប់រំគឺ ជាយានមួយ
សម្រាប់សាបព្រោះចំណេះដឹងខាងបច្ចេកវិទ្យាទៅពាសពេញប្រទេសយ៉ាងលឿនបំផុត ។
ព្រះមហាក្សត្រិយានី បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងពិសេសអំពីលទ្ធផល
នៃបន្ទប់ពិសោធន៍ស្រាវជ្រាវកុំព្យូទ័រតម្លៃទាបសម្រាប់វិស័យអប់រំ ដែលជាផ្នែកមួយនៃកម្មវិធីសាលារៀន
បើកចំហ ហើយបច្ចុប្បន្នកំពុងសិក្សា និងបង្កើតនូវកុំព្យូទ័រដែលប្រើប្រាស់អគ្គិសនី និងតម្រូវការថែទាំតិចតួច
បំផុត ដែលកម្រមាននៅក្នុងប្រទេសកម្ពុជា ។ កុំព្យូទ័រទាំងនេះ រួមទាំងការស្រាវជ្រាវបច្ចុប្បន្នទៅលើ
កម្មវិធីសិក្សា ការអប់រំពីចម្ងាយនិងករតភ្ជាប់ នឹងក្លាយជាផ្នែកមួយនៃគម្រោងផែនការមេសម្រាប់បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យាក្នុងវិស័យអប់រំ ។ គម្រោងផែនការមេនេះ បច្ចុប្បន្នកំពុងត្រូវបានក្រសួងអប់រំ យុវជន
និងកីឡា និង អង្គការវិទ្យាស្ថានបើកទូលាយ រៀបចំឡើង ។
គម្រោង KhmerOS និងកម្មវិធីសាលារៀនបើកចំហ ប្រតិបត្តិការក្រោមការជួយឧបត្ថម្ភហិរញ្ញវត្ថុ
ពីសហប្រតិបត្តិការអេស្ប៉ាញ (Spanish Cooperation), UNESCO និង InWent ។


សិក្ខាសាលាថ្នាក់ជាតិស្ដីពីកម្មវិធីអប់រំ "វិថីសន្តិភាពសម្រាប់កុមារ

សិក្ខាសាលាថ្នាក់ជាតិស្ដីពីកម្មវិធីអប់រំ "វិថីសន្តិភាពសម្រាប់កុមារ"
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកថ្ងៃទី
១១ មីនា បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការងារអស់រយៈពេល៥ឆ្នាំដើម្បីបង្កើតកម្មវិធីអប់រំ
"វិថីសន្តិភាពសម្រាប់កុមារ"រួចមក អង្គការទស្សនៈពិភពលោកដោយសហការជាមួយក្រសួង
អប់រំ យុវជន និងកីឡា នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពីកម្មវិធីអប់រំ "វិថីសន្តិភាពសម្រាប់កុមារ"។
កម្មវិធីអប់រំនេះ គឺជាវិធីសាស្ត្រនៃការអប់រំមួយដែលគេអាចប្រើដើម្បីពង្រឹងដល់កុមារ និងយុវជន ក្នុងនាមជាអ្នកកសាងសន្តិភាពនៅក្នុងសហគមន៍របស់ពួកគេ។
គម្រោងអប់រំសន្តិភាពរបស់អង្គការទស្សនៈពិភពលោក បានធ្វើការបណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និង
អនុវិទ្យាល័យចំនួន២៧ និងកុមារនៅតាមសហគមន៍ស្ដីពីកម្មវិធីវិថីសន្តិភាពសម្រាប់កុមារ។ បន្ទាប់ពីបានទទួលការបណ្ដុះបណ្ដាលនោះរួចមក ពួកគេបានចាប់ផ្ដើមធ្វើការបំផុសចលនា
ដល់ក្រុមរបស់ពួកគេ និងធ្វើការអំពាវនាវដល់សមាជិក
សហគមន៍ ដើម្បីនាំយកមកនូវសន្តិភាពដល់ភូមិរបស់ពួកគេ។ ការបណ្ដុះបណ្ដាលនេះ
បានផ្ដល់អំណាចដល់សិស្សានុសិស្ស និងកុមារដើម្បីធ្វើការអំពាវនាវដល់សហគមន៍ឲ្យការពារកុមារ។
កម្មវិធី "វិថីសន្តិភាពសម្រាប់កុមារ" មាន៦ជំពូក ដែលរួមមានការស្វែងយល់ តើយើងជានរណា
ភាពផ្សេងៗគ្នា សមភាពយេនឌ័រ ការសប្បាយដោយមិនឲ្យនរណាម្នាក់មានការឈឺចាប់ទំនាក់ទំនងល្អ
និងមានសុវត្ថិភាព និងការកសាងសន្តិភាព។
លោក កេតុ ច័ន្ទតូ ជាអ្នកគ្រប់គ្រងកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោកបានបង្ហាញពីសមិទ្ធផលគួរ
ឲ្យកត់សំគាល់ក្រោយពីការអនុវត្តនូវកម្មវិធីនេះរួចមក។
លោកមានប្រសាសន៍ថា "សិស្សានុសិស្ស និងកុមារជាច្រើននាក់បានចូលរួមក្នុងក្លឹបយុវជន និងក្លឹបកុមារ។ បន្ទាប់ពីបានចូលរួមក្នុងការបណ្ដុះបណ្ដាលនោះរួចមក ពួកគេបានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយគ្នា។ ពួកគេចេះជួយគ្នាទៅវិញទៅមក ពួកគេមានភាពក្លាហាន និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការបញ្ឈប់អំពើ
ហិង្សា ការប្រើប្រាស់គ្រឿងញៀន និងបង្កើតឲ្យមាននូវសិទ្ធិកុមារនៅក្នុងភូមិរបស់ពួកគេ។ បន្ទាប់ពីការបំពាក់បំប៉នឲ្យមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ ពួកគេក៏បន្តសម្របសម្រួលនូវការបណ្ដុះ
បណ្ដាលដល់ក្លឹបកុមារនៅក្នុងភូមិរបស់ពួកគេ។
ដើម្បីទទួលស្គាល់នូវស្នាដៃដ៏មានអត្ថប្រយោជន៍នៃកម្មវិធីនេះដែលជួយកសាងសហគមន៍ឲ្យប្រសើរឡើង
នោះ ក្រសួងអប់រំយុវជន និងកីឡាបានអនុញ្ញាតឲ្យបោះពុម្ពផ្សាយកម្មវិធីអប់រំ "វិថីសន្តិភាពសម្រាប់កុមារ"
ដែលជាស្នាដៃ និងរៀបរៀងឡើងដោយអង្គការទស្សនៈពិភពលោកដើម្បីយកទៅប្រើប្រាស់ជាមេរៀន
បណ្ដុះបណ្ដាលក្នុងកម្មវិធីបំណិនជីវិតមូលដ្ឋាន។ កម្មវិធីនេះអាចយកទៅប្រើប្រាស់ចាប់ពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យសម្រាប់ការអប់រំក្នុង ឬក្រៅប្រព័ន្ធ។
ប្រធានមន្ទីរអប់រំទាំង២៣ខេត្ត និងរាជធានី តំណាងនាយកដ្ឋាននីមួយៗដូចជា នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការនាយកដ្ឋានបឋមសិក្សា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅតំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិប្រមាណជា៣០អង្គការនឹងមានវត្តមាននៅក្នុងសិក្ខាសាលានេះ។ នាឱកាសនោះផងដែរ សៀវភៅស្ដីពីកម្មវិធីអប់រំ "វិថីសន្តិភាពសម្រាប់កុមារ" នឹងត្រូវចែកជូនដល់មន្ទីរអប់រំ យុវជន និងកីឡា
ខេត្ត និងរាជធានី"៕

Friday, March 13, 2009

ស្ត្រីថែសួនមុខសាលាខេត្តឧត្តរមានជ័យប្រឹងដើម្បីចិញ្ចឹមជីវិតចៅ

ស្ត្រីថែសួនមុខសាលាខេត្តឧត្តរមានជ័យប្រឹងដើម្បីចិញ្ចឹមជីវិតចៅកំព្រា៤នាក់
សំរោង-ឧត្តរមានជ័យ៖ យាយចាស់អាយុ៦២ឆ្នាំម្នាក់ គេប្រទះឃើញរាល់ថ្ងៃនៅម្តុំសួនច្បារនានា មុខសាលាខេត្តឧត្តរមានជ័យ ភូមិឈូក សង្កាត់១ ក្រុងសំរោង។ គាត់រស់នៅភូមិដីថ្មី សង្កាត់១ ក្រុងសំរោង ហើយខំប្រឹងធ្វើការដោយបានកម្រៃ១០.០០០រៀលដែរក្នុងមួយថ្ងៃ សម្រាប់យកទៅចិញ្ចឹមជីវិតចៅកំព្រា៤នាក់
ក្នុងបន្ទុក និងប្តីឈឺម្នាក់។
ក្នុងសង្គមខ្មែរ តាយាយ ម៉ែឪ ចិញ្ចឹមមើលថែកូនជារឿងធម្មតា។ តែបើកូនចៅតស៊ូព្យាយាមចិញ្ចឹមមើលថែទាំតាយាយ
ម៉ែឪ ទើបជារឿងមិនធម្មតា។ ប៉ុន្តែបើពិនិត្យលើភាពលក្ខណៈមួយនៃការថែទាំចិញ្ចឹមនេះទើបយើងឃើញតម្លៃរបស់វា។
យាយ កែវ អាន ដែលមានអាយុ៦២ឆ្នាំនេះ ចិញ្ចឹមចៅៗដល់ទៅ៤នាក់ ដែលចៅស្ទើរទាំងអស់ចេះតែបរិភោគជាជាងជួយធ្វើការងារបានសម្រាប់ចិញ្ចឹមជីវិត។ ពួកគេជាក្មេងកំព្រាម៉ែឪ ស្លាប់ដោយសារជំងឺ។ ឯប្តីគាត់មានជំងឺដេកកន្ទេលរាល់ថ្ងៃ។
ពេលឃើញយាយចាស់នេះកំពុងស្រោចផ្កា និងកូនឈើឲ្យស្រស់បំព្រងឡើងក្នុងរដូវប្រាំងក្ដៅហួតហែងនេះ មនុស្សភាគច្រើនដែលបានឃើញអាចគិតថា ជីវិតនឹងចិត្តស្ត្រីនេះស្រស់បំព្រងដែរ។ ប៉ុន្តែអ្វីៗជាការគិតយល់ខុស។ គាត់ក្រៀមក្រំដោយអម្រែកនៃបន្ទុកចិញ្ចឹមចៅៗ។
យាយ កែវ អាន ប្រាប់រស្មីកម្ពុជាថា គាត់មិនយល់ថាជាសិទ្ធិស្ត្រីអ្វីទេ។ តែអម្រែកបន្ទុកក្នុងគ្រួសារគាត់ធ្ងន់ធ្ងរហើយ។
ខាងសង្គមកិច្ច ឬខាងមន្ទីរកិច្ចការនារី ពុំដែលចាប់អារម្មណ៍ពីគាត់ទេ។ គាត់ត្រូវធ្វើការស៊ីឈ្នួលសេរី សម្រាប់ថែទាំសួនច្បារមុខសាលាខេត្តឧត្តរមានជ័យ ដោយបានប្រាក់ឈ្នួល១០.០០០រៀលក្នុងមួយថ្ងៃ។ ប្រាក់នោះត្រូវបែងចែកឲ្យល្អិតល្អន់ណាស់ គឺទិញអង្ករ ម្ហូបបន្លែ របស់ប្រើប្រាស់និងថ្នាំពេទ្យ។ ហេតុនេះប្រាក់នេះទោះជាប្រាប់ថាវាគ្រប់គ្រាន់ក៏ពិបាកជឿដែរ ពិសេសគឺនៅពេលមានវិបត្តិសេដ្ឋកិច្ចនាពេលនេះ។
នៅពេលនេះគេអាចនិយាយថា៖ ការលើកកម្ពស់សិទ្ធិនារី គួរពិនិត្យមើលលើស្ថានភាពជីវភាពស្ត្រីចំណាស់នេះថា តើគាត់ស្ថិតក្រោមសំពាធនៃការរំលោភសិទ្ធិនារី ឬអត់? ហើយមន្ទីរសង្គមកិច្ចដែលចាយប្រាក់រដ្ឋរាប់សិបលានរៀល
ក្នុង១ខែៗ ឬមន្ទីរកិច្ចការនារីដែលថាឈឺឆ្អាល លើកស្ទួយនារី គួរជួយធ្វើអ្វីខ្លះដល់ស្ត្រីនេះ។ ហើយស្ត្រីក្នុងស្ថានភាពអាក្រក់ជាងនេះរាប់សិបរយនាក់ទៀត តើពួកគេធ្លាប់បានជួប និយាយផ្ដល់កម្លាំងចិត្ត ឬគិតគូរឬទេ?
អភិបាលខេត្តឧត្តរមានជ័យ ខ្វល់ខ្វាយច្រើនពីការស្តារ និងអភិវឌ្ឍន៍ខេត្តមួយនេះរបស់គាត់។ ការរៀបចំកសាងផ្លូវ ស្ថាបនាសួនច្បារឲ្យមានផ្កា មានឈើស្រស់បៃតង ជាបញ្ហាត្រូវដោះស្រាយប្រចាំថ្ងៃទៀត។ លោកដាក់បញ្ហាឲ្យ
ធ្វើការងារនេះ រហូតដល់បង្ការការសម្លាប់សត្វក្នុងបឹងស្នោនាកណ្ដាលទីរួមខេត្តនេះ។
ស្ត្រីចំណាស់ម្នាក់ខាងលើបានស៊ីឈ្នួលថែសួនច្បារ ដោយបានកម្រៃប៉ុណ្ណោះដែរ។ បើគ្មានរបរនេះទៀតទេ ពុំដឹងថាវាសនា ជីវភាពគាត់នឹងទៅជាយ៉ាងណាទេ។ គេចង់ឲ្យមានអ្នកផ្សេងទៀតគិតគូរដល់ស្ត្រីជាពលរដ្ឋនេះបន្ថែមទៀត៕


កម្ពុជាមានក្រុមហ៊ុនទូរស័ព្ទជិត១០ និងមានទូរស័ព្ទដៃជាង៤លាន

កម្ពុជាមានក្រុមហ៊ុនទូរស័ព្ទជិត១០ និងមានទូរស័ព្ទដៃជាង៤លាន
ភ្នំពេញ៖ មន្ត្រីក្រសួងប្រៃសណីយ៍បាននិយាយថា ប្រជាជនកម្ពុជាបានប្រើទូរស័ព្ទដៃ(ទូរស័ព្ទចល័ត)
ប្រមាណជាង៤លានគ្រឿងក្នុងទូទាំងប្រទេស។ ក្នុងប្រជាជន១០០នាក់ មាន២៥នាក់ មានទូរស័ព្ទដៃប្រើ។ បច្ចុប្បន្ននេះទូរស័ព្ទដៃបានក្លាយទៅជាឧបករណ៍ត្រចៀកទិព្វពេញនិយមរបស់ប្រជាជនខ្មែរ
ពិសេសយុវវ័យបានប្រើទូរស័ព្ទដៃសម្រាប់ប្រាស្រ័យទាក់ទងគ្នាផង និងជាឧបករណ៍តន្ត្រីសម្រាប់កំដរអារម្មណ៍ផង។

មន្ត្រីក្រសួងប្រៃសណីយ៍បាននិយាយនៅថ្ងៃទី១១ ខែមីនាថា ក្រុមហ៊ុនដែលមករកស៊ីវិនិយោគលើវិស័យទូរស័ព្ទច
ល័ត ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ក្រោមការគ្រប់គ្រងរបស់ក្រសួងមានចំនួនជិត១០ក្រុមហ៊ុន ហើយមានអង់តែន
ទូរស័ព្ទប្រមាណ៤.០០០ទៅ៥.០០០កំពុងមានសកម្មភាពបម្រើសេវាចាប់ខ្យល់នៅទូទាំងប្រទេស។
ក្នុងនោះមានក្រុមហ៊ុន ០១២ ០១៦ ០៩៧ ០១១ ០១០ ០៩៨ ០១៣ ០១៨ និង០៩០។ បណ្ដាក្រុមហ៊ុនទាំង
នេះបាន និងកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវ។
មន្ត្រីរូបនេះបានឲ្យដឹងថា មានក្រុមហ៊ុនខ្លះទាក់ទាញអតិថិជនរហូតហ្វ្រ៊‌ី(Free) ការហៅចេញ៣០០នាទីក៏
មាន ហើយមានក្រុមហ៊ុនខ្លះ ហ្វ្រ៊‌ី(Free) ស៊ីមកាត (លេខទូរស័ព្ទ) ទៅអតិថិជនទទេទៀតផង។
លោក ម៉ូវ ចរិយា អគ្គនាយកក្រសួងប្រៃសណីយ៍បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី១១មីនាថា ការរកស៊ីវិនិយោគលើវិស័យទូរគមនាគមន៍មកដល់ពេលនេះ គឺមានតែក្រុមហ៊ុនអតីត០១៧ មួយប៉ុណ្ណោះដែលក្ស័យធន។ បើតាមលោក ចរិយា ចំនួនទូរស័ព្ទដៃដែលប្រើបច្ចុប្បន្ននេះនៅមិនទាន់គ្រប់តម្រូវការនៅឡើយទេ។ ប៉ុន្តែដោយសារមានការប្រកួតប្រជែងធ្វើឲ្យតម្លៃការហៅចេញជាមធ្យមពី៤ទៅ៣សេនលុយដុល្លារប្រហាក់ប្រហែល១៦៤រៀលក្នុងមួយនាទី។ តម្លៃនេះប្រហាក់ប្រហែលទៅនឹងតម្លៃនៃអ្នកប្រើទូរស័ព្ទក្នុងតំបន់។ លោកអគ្គនាយកទទួលស្គាល់ថា ការហៅចេញឆ្លងប្រព័ន្ធ អ្នកប្រើ ឬអតិថិជនជួបការលំបាកជាខ្លាំង ដែលធ្វើឲ្យអ្នកប្រើទូរស័ព្ទឈឺក្បាល ហើយការយកថ្លៃទៅលើការហៅឆ្លងប្រព័ន្ធក៏ថ្លៃជាងប្រទេសជិតខាងផងដែរ។
លោក ម៉ូវ ចរិយា បញ្ជាក់ថា យើងកំពុងសាងច្បាប់តេឡេក្រុម (Telecom) ដើម្បីជម្នះនូវផលលំបាកទាំងនេះ។ ការនិយាយចេញឆ្លងប្រព័ន្ធពិបាកបែបនេះ ធ្វើឲ្យអតិថិជនអ្នកប្រើទូរស័ព្ទដៃមួយចំនួនប្រើទូរស័ព្ទដៃលើសពី១បើធៀបទៅនឹងអ្នកប្រើទូរស័ព្ទដៃនៅប្រទេសជិតខាង។ មួយចំនួនធំអ្នកនៅទីក្រុង ឬទីប្រជុំជនខេត្ត ក្រុង ប្រើទូរស័ព្ទដៃ
ពី២ទៅ៣គ្រឿងក្នុងមនុស្សម្នាក់។ អ្នកខ្លះប្រើទូរស័ព្ទ៤គ្រឿងក្នុងម្នាក់ក៏មាន។ ខុសពីប្រទេសដទៃៗគេប្រើតែទូរស័ព្ទមួយគ្រឿងអាចហៅឆ្លងប្រព័ន្ធទៅទីណាក៏បាន។
ទោះជាយ៉ាងនេះក្ដីការចំណាយលុយទៅលើការប្រើទូរស័ព្ទដៃមិនត្រូវបានគេបញ្ជាក់ច្បាស់
លាស់ទេសម្រាប់ប្រជាជនខ្មែរម្នាក់៕

Thursday, March 12, 2009

អនាគតនឹងតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនទទួលយកជនពិការធ្វើការ

អនាគតនឹងតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនទទួលយកជនពិការធ្វើការ
រាជធានីភ្នំពេញ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននិយាយឲ្យដឹងថា ជនពិការទាំងឡាយមិនចាំបាច់បន្តការព្រួយបារម្ភរបស់ខ្លួន អំពីការពិបាករកការងារធ្វើនោះឡើយ គឺធ្វើយ៉ាងណាខិតខំកសាងអភិវឌ្ឍន៍ចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែខ្ពស់ ព្រោះអនាគតមិនជាយូរប៉ុន្មានទៀតទេ តាមក្រសួងមន្ទីរស្ថាប័នរដ្ឋ និងឯកជន នឹងមានតម្រូវឲ្យទទួលយកជនពិការឲ្យទៅបម្រើការងារ ដើម្បីបើកទីផ្សារការងារដល់ជនពិការកម្ពុជា។
លោកជំទាវបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានទស្សនៈធំទូលំទូលាយណាស់ នៅក្នុងការការពារ និងផ្ដល់ផលប្រយោជន៍ដល់
ជនពិការ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបាននឹងកំពុងកសាងផ្លូវច្បាប់ដើម្បីការពារដល់ជនពិការ ហើយច្បាប់នេះបច្ចុប្បន្នកំពុងរង់ចាំសភាពិភាក្សា នៅពេលខាងមុខនេះ។
លោកជំទាវ អ៊ឹង កន្ថាផាវី បាននិយាយបែបនេះ កាលពីថ្ងៃទី ១០ មីនា ខណៈពេលដែលលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី៩៩ ដែលរៀបចំឡើងដោយអង្គការជនពិការកម្ពុជា នៅទីស្នាក់ការដែលមានទីតាំងស្ថិតនៅក្នុងបរិមាណវត្តថាន់។
លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាយើងមានជនពិការរាប់ម៉ឺននាក់ ហើយពួកគាត់ភាគច្រើនកំពុងប្រឈមមុខនឹងបញ្ហារៀបរាប់មិនអស់ ជាពិសេសស្ត្រី និងកុមារពិការ។ ស្ត្រី និងកុមារពិការភាគច្រើនមានជីវភាពរស់នៅយ៉ាងពិបាកវេទនា ដោយសារភាពក្រីក្រ។ ស្ត្រី និងកុមារពិការត្រូវស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវិត ដោយមានការលំបាក និងមានការរើសអើង។ ជួនកាលពួកគេត្រូវបោះបង់ចោលការសិក្សា ដែលជាមូលហេតុធ្វើឲ្យស្ត្រី និងកុមារពិការមានចំណេះដឹងនៅមានកម្រិតទាប។
ស្ត្រី និង កុមារពិការ ក៏មានវាសនាពិបាកជាងស្ត្រី និងកុមារទូទៅដែរ ពួកគេទទួលរងនូវការរំលោភបំពានលើរាងកាយ និងកម្លាំងពលកម្ម ជាជនរងគ្រោះនៃអំពើហិង្សានៅក្នុងគ្រួសារ និងការជួញដូរជាទំនិញ។ល។ ស្ត្រី និងកុមារពិការភាគច្រើនបានបាត់បង់នូវឱកាសចូលរួមក្នុងសកម្មភាពសង្គម ដោយឲ្យស្ត្រី និងកុមារពិការពួនសម្ងំនៅក្នុងផ្ទះ ដោយសារភាពខ្មាសអៀន ស្ត្រី និងកុមារពិការភាគច្រើនមិនអនុញ្ញាតឲ្យចូលធ្វើការដោយគិតថា ស្ត្រី និងកុមារពិការមានគំនិតផ្ដួចផ្ដើមតិចតួច និងដោយសារពួកគេមានពិការភាពជាប់ខ្លួន។
ម្យ៉ាងវិញទៀត វប្បធម៌ និងច្បាប់ស្ត្រីជាគំនាបមួយធ្វើឲ្យស្ត្រីពិការពុំមានសេចក្ដីក្លាហាននៅក្នុងសង្គម និងពុំហ៊ានប្រឈមមុខនឹងបញ្ហាដែលពួកគេមាន ហើយពួកគេតស៊ូទ្រាំរស់នៅដោយផ្អែកទៅលើកម្មផល ដែលអង្គការជនពិការកម្ពុជាយល់ឃើញថា វាជាជំនឿមួយដែលធ្វើឲ្យប៉ះពាល់ការអភិវឌ្ឍន៍ និងការចូលរួមរបស់ជនពិការនៅក្នុងសង្គម។
ដោយសារតែនៅក្នុងប្រទេសកម្ពុជារបស់យើង ការរើសអើង អំពើហិង្សា និងខ្វះសេវាអប់រំពិសេស ទាំងអស់នេះហើយ ដែលបណ្ដាលឲ្យពួកគេប្រឈមមុខនឹងភាពក្រីក្រ ហើយភាពក្រីក្រនេះ គឺបណ្ដាលមកពីការមិនដាក់បញ្ចូលស្ត្រី និងកុមារពិការនៅក្នុងការអភិវឌ្ឍន៍របស់សង្គម។
នៅក្នុងអនុសញ្ញាស្ដីពីជនពិការ ដែលរាជរដ្ឋាភិបាលបានចុះហត្ថលេខាទទួលស្គាល់នៅថ្ងៃទី ១ តុលា ឆ្នាំ ២០០៧ នៅទីក្រុងញូវយ៉ក មាត្រាទី៦ នៃច្បាប់នេះបានចែងថា ១- រដ្ឋភាគីទទួលស្គាល់ថា ស្ត្រី និងកុមារពិការងាយរងការរើសអើងច្រើនបែបយ៉ាង ចំពោះបញ្ហានេះត្រូវចាត់វិធានការនានា ដើម្បីធានាឲ្យពួកគេ ទទួលភាពស្មើភាព និងពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់។ ចំណុចទី ២- រដ្ឋភាគីត្រូវចាត់រាល់វិធានការសមស្រប ដើម្បីធានាឲ្យស្ត្រីទទួលបានការអភិវឌ្ឍន៍ វឌ្ឍនភាព និងផ្ដល់សិទ្ធិអំណាចឲ្យបានពេញលេញក្នុងគោលបំណង ដើម្បីធានាពួកគេឲ្យអនុវត្តន៍ និងទទួលបានសិទ្ធិមនុស្ស និងសេរីភាពជាសារវន្ត ដូចមានចែងក្នុងអនុសញ្ញានេះ។ ការចុះហត្ថលេខាលើអនុសញ្ញាស្ដីពីសិទ្ធិជនពិការ និងការរៀបចំសេចក្ដីព្រាងច្បាប់ ដើម្បីលើកស្ទួយ និងការពារសិទ្ធិជនពិការនេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខពិតជាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើជនពិការរបស់យើង។ ក្នុងនាមស្ត្រីពិការទាំងអស់ និងបងប្អូនពិការគ្រប់ប្រភេទ ទាំងអស់ជឿក់លើសម្ដេចនាយក និងអនុម័តសេចក្ដីព្រាងច្បាប់ជនពិការ និងផ្ដល់សច្ចាប័នដល់អនុសញ្ញាស្ដីពីសិទ្ធិពិការ និងផ្ដល់សច្ចាប័នដល់អនុសញ្ញាស្ដីពីសិទ្ធិជនពិការនៅក្នុងអាណត្តិនេះជាក់ជាពុំ


សម្ដេចតេជោ "ការពង្រឹងគុណភាពឧត្ដមសិក្សាគឺជាបញ្ហាចម្បងបំផុត"

សម្ដេចតេជោ "ការពង្រឹងគុណភាពឧត្ដមសិក្សាគឺជាបញ្ហាចម្បងបំផុត"

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍ថា ក្នុងដំណើរឆ្ពោះទៅរកសកលភាវូបនីយកម្មសេដ្ឋកិច្ច ក្នុងនោះ
សកលភាវូបនីយកម្មថ្នាក់ឧត្ដមសិក្សាគឺជាមុខងារគន្លឹះមួយដ៏មានសារសំខាន់សម្រាប់អភិវឌ្ឍន៍
ការអប់រំឲ្យប្រកបដោយគុណភាពប្រសិទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នេះនៅក្នុងឱកាសប្រគល់សញ្ញាប័ត្រដល់និស្សិត
នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន ១.៦២១នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ២០០៩។
សម្ដេចតេជោបានមានប្រសាសន៍ថា ការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសមួយ គឺទាមទារ
ឲ្យមានការរៀបចំរចនាសម្ព័ន្ធនៃវិស័យសេដ្ឋកិច្ចដោយបង្កើនឲ្យមានភាពជឿនលឿននៅក្នុងបច្ចេក
វិជ្ជាផលិតកម្មពីសេដ្ឋកិច្ចប្រើកម្លាំងពលកម្មច្រើនឈានឆ្ពោះទៅរកសេដ្ឋកិច្ចប្រើមូលធន និងកម្លាំងប្រាជ្ញាពោលគឺ "សេដ្ឋកិច្ចមួយដែលផ្អែកលើចំណេះដឹង"។ ការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងការរៀបចំប្រព័ន្ធសេដ្ឋកិច្ចបែបនេះគឺទាមទារជាចាំបាច់នូវការអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា និងអនុវត្ត
បានជាប់ប្រចាំលើការងារពង្រឹង និងពង្រីកវិស័យឧត្ដមសិក្សា ការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលត្រូវតែធ្វើឲ្យប្រាកដឡើងថា ការអប់រំរបស់យើងនឹងអាចគាំទ្រ ហើយឆ្លើយតបបានចំពោះការផ្លាស់ប្ដូរ និងការបង្កើនល្បឿនអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ សម្ដេចតេជោបានបង្ហាញជំនឿយ៉ាងមុតមាំថា "តម្លៃនៃការអប់រំ គឺនៅតែជាកត្តាស្នូលសម្រាប់អភិវឌ្ឍន៍បុគ្គលភាព និងអភិវឌ្ឍន៍បុគ្គលភាព និងអភិវឌ្ឍន៍ជាតិ"។
សម្ដេចបានបន្តថា បញ្ហានៅចំពោះមុខគឺសាកលវិទ្យាល័យជាតិត្រូវខិតខំយកចិត្តទុកដាក់ផ្លាស់ប្ដូរមុខមាត់នៃវិស័យ អំពីវិសាលភាពនៃកម្មវិធីអប់រំបណ្ដុះបណ្ដាលរបស់ខ្លួនឲ្យទៅជាសកលវិទ្យាល័យខ្នាតទូលាយ ដែលអាចស្ដែងឡើងនូវលទ្ធភាព សមត្ថភាព និងបំពេញបានតាមគ្រប់បទដ្ឋានដែលបានកំណត់។
សម្ដេចតេជោបានបន្តថា ក្នុងពេលបច្ចុប្បន្នដែលជាសករាជនៃចំណេះដឹងនេះការអប់រំ និងការបណ្ដុះបណ្ដាលនៅតែជាកត្តាដ៏សំខាន់ក្នុងការកំណត់អនាគតរបស់ជាតិនីមួយៗ។ សេចក្ដីសង្ឃឹមរបស់រាជរដ្ឋាភិបាលនៅក្នុងការដណ្ដើមយកឧត្ដមភាពប្រកួតប្រជែងពីកិច្ចការ
សមាហរណកម្មទៅក្នុងតំបន់ទាំងសេដ្ឋកិច្ច និងសង្គម គឺពឹងផ្អែកលើការកសាងធនធានមនុស្ស
ប្រកបដោយគុណភាពខ្ពស់មានទេពកោសល្យ មានឆន្ទៈ និងស្មារតីសុទិដ្ឋិនិយម។ ប្រជាពលរដ្ឋដែលមានលក្ខណសម្បត្តិទាំងអស់នេះនឹងកំណត់បានលទ្ធភាពខ្ពស់ដើម្បីឆ្លើយតបទៅ
នឹងការប្រឈមមុខ និងតម្រូវការថ្មីៗដែលចោទឡើងនៅក្នុងទីផ្សារ និងកម្លាំងប្រកួតប្រជែងដ៏មុតស្រួច។
លោក ឡៅ ឈីវអ៊ាង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា
ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ
ភូមិន្ទភ្នំពេញសរុបទាំងអស់ចំនួន ២០.៤២៦នាក់ ក្នុងនោះគិតទាំងនិស្សិតដែលត្រូវទទួលសញ្ញាប័ត្រនៅថ្ងៃនេះផង។ ហើយបច្ចុប្បន្នសកលវិទ្យាល័យនៅបានកំពុងបណ្ដុះបណ្ដាលនិស្សិតចំនួន១០.៧៤៤នាក់ ដែលក្នុងនោះនារី ៣.៩១១នាក់។
លោកសាកលវិទ្យាធិការបានឲ្យដឹងទៀតថា នៅឆ្នាំ២០០៩-២០១៣ សាកលវិទ្យាល័យនឹងរៀបចំបើកមហាវិទ្យាល័យ
ចំនួន២ទៀត សម្រាប់តែធ្វើការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺមហាវិទ្យាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍។
ជាមួយគ្នានេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលនិស្សិតបរិញ្ញាបត្រផ្នែក
អក្សរសាស្ត្រខ្មែរ ដល់និស្សិតបរទេសបានចំនួន១៥៥នាក់ នារី២១នាក់ និងកំពុងបណ្ដុះបណ្ដាលនិស្សិតវៀតណាម
ឡាវ ចិន កូរ៉េ និងជប៉ុន មានចំនួន១០២នាក់ នារី១៤នាក់ ហើយគិតមកដល់ឆ្នាំ២០០៩នេះដែរ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានទទួលនូវអាហារូបករណ៍ពីសាកលវិទ្យាល័យដៃគូ និងអង្គការអន្តរជាតិនានា
ដែលផ្ដល់ឲ្យសាស្ត្រាចារ្យបានចំនួន១៩៨នាក់ នារី៤៥នាក់ និងនិស្សិតចំនួន១៦៥នាក់ នារី៦៥នាក់។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាមានសកលវិទ្យាល័យរបស់ជាតិចំនួន២៩គ្រឹះស្ថានឧត្ដមសិក្សា
ឯកជនចំនួន៤៤លបច្ចុប្បន្នមាននិស្សិតកំពុងសិក្សានៅឧត្ដមសិក្សាមានការកើនឡើងចំនួនជិតបីដង
បើប្រៀបធៀបទៅចំនួននិស្សិតក្នុងឆ្នាំសិក្សា២០០៣-២០០៤ ដែលមានចំនួន៥៧.៨២៨នាក់៕

ស្ត្រីនាពេលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកដល់ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ

ស្ត្រីនាពេលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកដល់ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ
IMF បានវាយតម្លៃថា កំណើនផលិតផលសរុបពិតរបស់កម្ពុជាក្នុងឆ្នាំ ២០០៩ នេះនឹងធ្លាក់ចុះ ០,៥ ភាគរយ។ នេះក៏ដោយសារតែពាក់ព័ន្ធគ្នាទៅនឹងស្ថានភាពជាសកលនាពេលបច្ចុប្បន្ន។

បើតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិនេះបានឲ្យដឹងថា ធ្លាក់ចុះនេះគឺបណ្ដាលមក
ពីឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ
២០០៩ មានត្រឹម តែ ៤,៥ ភាគរយប៉ុណ្ណោះ ។
បើទោះជាមានការជំទាស់ខ្លះពីអ្នកនយោបាយជាន់ខ្ពស់កម្ពុជាលើការព្យាករណ៍របស់
មូលនិធិរូបិយវត្ថុអន្តរជាតិនេះក៏ដោយ ក៏ប្រជាពលរដ្ឋភាគច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហានេះ។ ដោយហេតុនេះហើយ ទើបពលរដ្ឋទូទៅមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងនៅឯនាយសមុទ្រផងក៏បានកាត់បន្ថយការចំណាយ ឬមានការត្បិតត្បៀត ដោយមិនខ្ជះខ្ជាយប្រាក់កាសរបស់ខ្លួនឡើយ។
ទាក់ទិននឹងការសន្សំសំចៃនេះ ស្ត្រីត្រូវបានគេទទួលស្គាល់ជាទូទៅថា ជាអ្នកឈានមុខបើប្រៀបធៀបជាមួយនឹងបុរស។ យើងពិតជាឯកភាពជាមួយនឹងលោកស្រី តាល់ ណៃអ៊ីម ប្រធានគណៈកម្មាធិការនារី
ធនាគារជាតិនៃកម្ពុជាដែលបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅ
ក្នុងគ្រប់វិស័យ ហើយនៅក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសមីក្រូហិរញ្ញវត្ថុ ស្ត្រីគឺជាអ្នកដែលចាត់ចែងគ្រប់គ្រងការប្រើប្រាស់ឥណទានបានល្អជាងបុរស។
ជាការពិត ស្ត្រីមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល ហើយជាអ្នកចេះសន្សំសំចៃខ្ពស់បំផុត។ សម្រាប់ផ្នត់គំនិតខ្មែរដែលមានតាំងពីបុរាណកាលមក គឺគ្រួសាររុងរឿងក៏ដោយសារតែការរួមចំណែកដ៏ធំធេងរបស់ស្ត្រីជាមេផ្ទះ និងជាមេគ្រួសារ។ ចាស់បុរាណលោកពោលថា "ស្លាប់បា កុំឲ្យស្លាប់មេ..." ពាក្យនេះមានន័យទូលំទូលាយ និងចង់បង្ហាញពីតួនាទីដ៏មានសារសំខាន់របស់ស្ត្រីក្នុងការទទួលខុសត្រូវនៅក្នុងសង្គមគ្រួសារ ក៏ដូចជានៅក្នុងសង្គមទាំងមូលដែរ។
បើនិយាយតាមបែបសាមញ្ញវិញ ស្ត្រីនិងបុរសគឺប្រៀបដូចជាកង់ទាំងពីររបស់រទេះមួយដែរ។ ប្រសិនបើកង់ណាមួយមានបញ្ហា រទេះនោះពិតជាមិនអាចទៅមុខបានដោយស្រួលឡើយ។ មិនខុសអ្វីនៅក្នុងសង្គមមួយនោះទេ គឺថា ប្រសិនបើខ្វះកម្លាំងស្ត្រីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចហើយ សង្គមនោះពិតជារយីករយាក។ នៅត្រង់ចំណុចនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានឯកភាពដែរ។ ថ្លែងនៅក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ដែលបានប្រារព្ធធ្វើនាព្រឹកថ្ងៃទី ៦ ខែមីនាកន្លងទៅនេះនៅសាលសន្និសីទចតុមុខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ការវិនិយោគសម្រាប់ស្ត្រី គឺជាការវិនិយោគសម្រាប់សង្គមទាំងមូល។
ពិតមែនហើយ ការអភិវឌ្ឍសង្គមឲ្យបានរីកចម្រើន សម្បូរណ៌សប្បាយ ថ្កុំថ្កើង រុងរឿងទៅបានទាល់តែវិនិយោគ
សម្រាប់ស្រ្តី ប៉ុន្តែដើម្បីវិនិយោគបែបនេះបាន លុះត្រាតែស្ត្រីត្រូវតែមានចំណេះដឹងព័ត៌មានវិទ្យាដូចបុរសដែរ គឺថាប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាទាំងបុរស និងស្ត្រី ដោយនាំទៅរកការចូលរួម ដោយមានប្រសិទ្ធភាព
ក្នុងការអភិវឌ្ឍសង្គម និងនយោបាយតាមរយៈការផ្ដល់ឱកាស និងមធ្យោបាយដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប
ទាំងបុរស និងស្ត្រី។
នៅក្នុងរាជរដ្ឋាភិបាលជាច្រើនរូបទៀតក៏មានទស្សនៈស្រដៀងៗគ្នាដែរថា ស្នាដៃ និងទេពកោសល្យ
ដ៏ប៉ិនប្រសប់របស់ស្ត្រីខ្មែរពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះបានរួមចំណែកយ៉ាងខ្លាំងក្លា
ក្នុងការធ្វើឲ្យសង្គមជាតិមន្ត្រីរីកចម្រើន ហើយថា ជាក្នុងកាលៈទេសៈលំបាកលំបិនប្រកបដោយឧបសគ្គបែបណាក៏
ដោយ ក៏ស្ត្រីខ្មែរតែងតែបានតស៊ូយ៉ាងស្វិតស្វាញអំណត់អត់ធន់បំពេញភារកិច្ចជាភរិយាល្អមាតាល្អ មេផ្ទះល្អ មន្ត្រីរាជការដ៏មានឧត្ដមគតិ និងជាប្រជាពលរដ្ឋដ៏ថ្លៃថ្នូរពិសេសនៅចំពោះមុខនេះបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារសង្គម។
ដោយមើលឃើញពីសារសំខាន់នៃតួនាទីរបស់ស្ត្រី ដែលថាស្ត្រីគឺជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយក៏ជាកម្លាំងមួយមិនអាចខ្វះបាននៅក្នុងសង្គមជាតិយើងទាំងមូលនោះ ទើបនៅក្នុងអាណត្តិទី ៤ នេះ រាជរដ្ឋាភិបាលកម្ពុជាបានចលនា និងលើកទឹកចិត្តស្ត្រីឲ្យចូលរួមធ្វើជាអ្នកដឹកនាំ គឺថា បច្ចុប្បន្នមានស្ត្រីជា
ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអភិបាល អភិបាលរងខេត្ត-ក្រុង-ស្រុក មេឃុំ ចៅសង្កាត់សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ និងជំនួយការភូមិរាប់ម៉ឺននាក់គឺមានស្មើនឹង ៣០ ភាគរយ។ បើតាមសេចក្ដីរាយការណ៍ព័ត៌មានមួយបានឲ្យដឹងថា ស្ត្រីខ្មែរចំនួន ៦០ ភាគរយបានធ្វើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានធ្វើការងារផ្ទះហើយថា បើសង្កេតមើលតាមទីផ្សារភាគច្រើនជាស្ត្រីមកលក់ទំនិញ និងជាអ្នកទិញគឺច្រើនលើសលុបលើបុរស។
នេះមានន័យថា ស្ត្រីជាអ្នកសេដ្ឋកិច្ច ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងជាអ្នកមើលការខុសត្រូវរ៉ាប់រងរាល់
ការចំណាយជាប្រចាំ។ ការងារនេះមិនមែនជាការងារធម្មតានោះទេ។ ប្រសិនបើមិនមានការគ្រប់គ្រងការ
ចំណាយ និងចំណូលរបស់គ្រួសារពីសំណាក់ស្ត្រីដែលជាមេផ្ទះ ជាមេគ្រួសារ ឲ្យបានហ្មត់ចត់នោះទេ ខណៈដែលបុរសជាដៃគូអភិវឌ្ឍន៍ក្នុងជីវិតមានការខ្ជះខ្ជាយផង នោះសេដ្ឋកិច្ចគ្រួសារនឹងត្រូវធ្លាក់ចុះ ដែលជាហេតុនាំឲ្យអន្តរាយដល់សុភមង្គលក្នុងគ្រួសារ បង្កើនអត្រានៃភាពក្រីក្រ បង្កភាពស្មុគស្មាញ ដល់សង្គម និងជាបន្ទុកដ៏ធ្ងន់របស់ប្រទេសជាតិ។
ហេតុនេះស្ត្រីត្រូវបន្តវប្បធម៌ និងប្រពៃណីដែលមានតាំងពីបុរាណកាលមកដែលថា ស្ត្រីជាកម្លាំងចលករក្នុងការចូលរួមចំណែកជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជីវភាព សុខុមាលភាពរបស់គ្រួសារ និងសង្គម ហើយជំរុញឲ្យបុរសជួយសន្សំសំចៃនាពេលវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកដល់៕